សង្គមស៊ីវិលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ចង់ឃើញក្រសួងព័ត៌មាន លើកស្ទួយសេរីភាពសារព័ត៌មាន ជាជាងប្រាប់ទៅតំណាងអង្គការយូណេស្កូ (UNESCO) អំពីការប្រឆាំងព័ត៌មានក្លែងក្លាយ។ ពួកគាត់ ស្នើឱ្យក្រសួងងាកមកបើកលំហសេរីភាពសារព័ត៌មានឯករាជ្យ និងលើកទឹកចិត្តការផ្សាយព័ត៌មានពិត។
ការប្រឆាំងព័ត៌មានក្លែងក្លាយបានក្លាយជាប្រធានបទមួយ ដែលក្រសួងព័ត៌មានបានប្រាប់ទៅតំណាងអង្គការយូណេស្កូ ប្រចាំនៅកម្ពុជាថា វាជាកិច្ចការអាទិភាព ក្នុងអាណត្តិនេះ ខណៈមន្ត្រីសង្គមស៊ីវិលធ្វើការក្នុងវិស័យនេះថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាភាគីដែលក្រសួងត្រូវសហការ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានពិត។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត លើកឡើងថា ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មានគួរតែសហការជាមួយសារព័ត៌មានឯករាជ្យ ដែលដើរតួនាទីផ្ដល់ព័ត៌មានពិតដល់អ្នកស្ដាប់។ លោក អ៊ិត សូធឿត កត់សម្គាល់ឃើញថា មួយរយៈពេលខ្លីមកនេះ រដ្ឋាភិបាល ហាក់មិនបានផ្ដល់នូវកិច្ចសហការ ឬផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានឯករាជ្យមួយចំនួនឡើយ ដែលធ្វើឱ្យខ្លឹមសារ នៃសារព័ត៌មាន ខ្វះសម្លេងពីខាងភាគីរដ្ឋាភិបាល។
លោក អ៊ិត សូធឿត៖«នៅថ្ងៃប្រជុំសភា យើងឃើញថា អ្នកសារព័ត៌មានរបស់ វី.អូ.អេ(VOA)មិនត្រូវបានអនុញ្ញាតចូលទៅក្នុងសន្និសិទ្ធិសារព័ត៌មាន របស់អតីតនាយករដ្ឋមន្ត្រី។ អ៊ីចឹងវាហាក់ដូចជា នៅក្នុងដំណើរចាប់ផ្ដើមនេះ ដូចជារាងនៅមានភាពអវិជ្ជមានបន្តិច។ ហើយយើងសង្ឃឹមថា នៅពេលដែលរដ្ឋាភិបាលថ្មី គាត់រៀបចំការងារ បែងចែកការងារច្បាស់លាស់ កាត់នឹងឱ្យតម្លៃផ្ដល់នូវកិច្ចសហប្រតិបត្តិការ ដល់អ្នកសារព័ត៌មានឱ្យកាន់តែប្រសើរ»។
ការលើកឡើងនេះ បន្ទាប់ពី ជំនួបរវាងតំណាងអង្គការយូណេស្កូ (UNESCO) លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) កាលពីថ្ងៃទី៦ កញ្ញា ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ដោយក្រសួងព័ត៌មានលើកឡើងអំពីការប្រឆាំងព័ត៌មានក្លែងក្លាយ នឹងធ្វើឡើងតាមរយៈការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជា។
ក្នុងជំនួបរវាងតំណាងអង្គការយូណេស្កូ នេះ ក្រសួងព័ត៌មានមិនបានបង្ហាញឱ្យលម្អិតអំពីអនុសាសន៍របស់តំណាងអង្គការយូណេស្កូ ចំពោះវិស័យសារព័ត៌មាននៅកម្ពុជានោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៧ កញ្ញា។
ទាក់ទិនរឿងនេះ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចា) លោក ណុប វី យល់ឃើញថា ការបណ្ដុះបណ្ដាលមន្ត្រីផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមួយមុខ នៅមិនទាន់អាចធ្វើឱ្យផែនការរបស់ក្រសួងព័ត៌មានជោគជ័យបាននោះទេ។ លោកបញ្ជាក់ថា លំហសេរីភាពសារព័ត៌មានឯករាជ្យ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ គឺជាផ្នែកមួយសំខាន់ក្នុងកិច្ចការនេះ ដែលតម្រូវឱ្យក្រសួងដាក់ចេញនូវផែនការសកម្មភាពលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកសារព័ត៌មានឱ្យបានទូលំទូលាយដល់ពលរដ្ឋ និងបើកឱ្យពួកគាត់មានឱកាសលើកឡើងពីទុក្ខលំបាកតាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រាប់ទៅរដ្ឋាភិបាលតាមរយៈសារព័ត៌មានពិតនិងឯករាជ្យ។
លោក ណុប វី៖«ខ្ញុំគិតថារឿងទាក់ទងនឹងការផ្សព្វផ្សាយ ការអប់រំបណ្ដាលហ្នឹង គឺគួរតែត្រូវបានចាត់ជាអាទិភាពសំខាន់សម្រាប់ពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ។ កាលណាប្រជាពលរដ្ឋលោកមានការយល់ដឹងច្រើន ទូលំទូលាយ វាអាចនឹងជួយកាត់បន្ថយនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ឬក៏ព័ត៌មានដែលប្រឌិតឡើងហ្នឹងដោយស្វ័យប្រវត្តិ»។
ទោះជាយ៉ាងណាក្ដី មហាជនទូទៅយល់ឃើញថា ស្ថាប័នក្រសួងព័ត៌មាន ដែលគ្រប់គ្រងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ភាគច្រើនផ្ដោតទៅលើព័ត៌មានបែបពិធីការ និងរឿងឯកជនភាពរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួន ជាជាងរឿងអយុត្តិធម៌សង្គមនៅតាមមូលដ្ឋាន។
សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ ចេញផ្សាយក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ឧសភា បានបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងលំដាប់លេខរៀងទី១៤៧ លើ ១៨០ប្រទេស ខណៈកាលពីឆ្នាំ២០២២ កម្ពុជាស្ថិតក្នុងលេខរៀង១៤២។ ចំណាត់ថ្នាក់នេះបង្ហាញថា ក្នុងតំបន់អាស៊ីអាគ្នេយ៍កម្ពុជាឈរនៅលើប្រទេសតែ ៣ប៉ុណ្ណោះ គឺ វៀតណាម (Vietnam) ឡាវ (Lao)និងមីយ៉ាន់ម៉ា (Myanmar)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។