ក្រុមអង្គការ សមាគម និងបណ្ដាញពលរដ្ឋនៅសប្ដាហ៍ទី៣ នេះ នាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បន្តទាមទារឲ្យសមត្ថកិច្ចដោះលែងសកម្មជនបរិស្ថានចំនួន ៦នាក់ឲ្យមានសេរីភាព។ ក្រុមសង្គមស៊ីវិលបារម្ភថា ប្រសិនបើតុលាការផ្ដន្ទាទោសយុវជនទាំង ៦នាក់ នោះនឹងប៉ះពាល់ដល់សិទ្ធិសេរីភាព និងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។
នៅសប្ដាហ៍ទី៣ នេះ ក្រុមសង្គមស៊ីវិលបានបន្តលើកឡើងពីការចាប់ខ្លួនយុវជនចលនាមាតាធម្មជាតិចំនួន ៦នាក់ ក្នុងបទចោទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ បទ រួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ។ សកម្មជនបរិស្ថានទាំង ៦នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា។
ក្រុមអង្គការសមាគម ដូចជា អង្គការលីកាដូ (LICADHO) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក (ADHOC) និងបណ្ដាញយុវជន អ្នកស្រឡាញ់បរិស្ថានជាច្រើននាក់ ទៀត អះអាងថា យុវជនទាំង៦នាក់នេះតែងឈរជួរមុខក្នុងការបង្ហាញជាសាធារណៈ អំពីបញ្ហាសំរាម ការបំពុលបរិស្ថានដោយការបង្ហូរទឹកកខ្វក់ចូលក្នុងទន្លេ ឬចូលក្នុងសមុទ្រ។ ពួកគាត់ក៏ជាអ្នកហ៊ានចេញមុខអំពាវនាវជាសាធារណៈឱ្យពលរដ្ឋចូលរួមការពារធនធានធម្មជាតិនៅកោះកុងក្រៅផងដែរ។
បច្ចុប្បន្នអ្នកទាំង ៦នាក់ កំពុងជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារ។ ក្នុងនោះ សកម្មជន៣នាក់ គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ជាប់ពន្ធនាគារជាងមួយឆ្នាំហើយ។ ឯ លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា ជាប់ពន្ធនាគារជាង ២ខែ។
ក្រុមអង្គការសង្គមស៊ីវិលលើកជាសំណួរថា ប្រសិនបើតុលាការផ្ដន្ទាទោសយុវជនទាំង ៦នាក់ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគាត់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេសយើង? ក្រុមអង្គការសង្គមស៊ីវិល ក៏ស្នើសុំឲ្យពលរដ្ឋគាំទ្រ លើកទឹកចិត្ត និងជួយចែករំលែកសកម្មភាពរបស់យុវជនទាំង ៦នាក់ ដើម្បីជាប្រយោជន៍ដល់សង្គមផងដែរ។
នាយករងអង្គការលីកាដូ ទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត ឲ្យដឹងបន្ថែមថា យុទ្ធនាការ ៣សប្ដាហ៍មកនេះ ទទួលបានការគាំទ្រច្រើន ទាំងសហគមន៍ជាតិ និងអន្តរជាតិ។ លោក បន្តថាជំហានដំបូង គឺជាការទាមទារឲ្យដោះលែងយុវជនបរិស្ថាន៦នាក់ សកម្មជនសង្គម ៧នាក់ និងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ហើយទៅមុខទៀតក្រុមអង្គការសមាគម នឹងទាមទារឲ្យដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត។ លោកអះអាងថា យុទ្ធនាការនេះ គឺជាការតស៊ូមតិ និងគ្មានគោលបំណងដាក់សម្ពាធដល់ស្ថាប័នណាឡើយ៖ « ព្រោះអានេះ បើយើងមើលទៅវាជាការមួយ ដែលសង្គមលទ្ធិប្រជាធិបតេយ្យគេតែងតែធ្វើនៅលើពិភពលោកនេះ កាលណាបើគេយល់ឃើញថាអ្វីដែលជាចំណុចមួយវាមិនសមហេតុផលអ៊ីចឹង គេតែងតែធ្វើការតស៊ូមតិទៅលើរឿងហ្នឹង»។
ក្រុមអង្គការសង្គមស៊ីវិល ធ្លាប់បានទាមទារឲ្យដោះលែងសកម្មជនបរិស្ថានទាំង ៦នាក់ម្ដងហើយ កាលពីសប្ដាហ៍ទី១។ ឯកាលពីសប្ដាហ៍ទី២ ក្រុមអង្គការសមាគមបានទាមទារឲ្យដោះលែង លោក រ៉ុង ឈុន និងសកម្មជនសង្គមចំនួន ៧នាក់ នៃក្រុមខ្មែរថាវរៈ និងសមាជិករបស់សមាគមនិស្សិតបញ្ញវន្តខ្មែរ។ យុទ្ធនាការនេះ នឹងធ្វើឡើងរាល់សប្ដាហ៍រហូតដល់ថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សថ្ងៃទី១០ ធ្នូ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីខាងភាគីរដ្ឋាភិបាល និងខាងតុលាការបានទេ នៅថ្ងៃទី២៣ សីហា។ តែយ៉ាងណា សមាជិក និងជាអ្នកនាំពាក្យនៃគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា យុទ្ធនាការដែលជាសិទ្ធិរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ នឹងគ្មានប្រសិទ្ធភាពទេ ព្រោះសំណុំរឿងកំពុងដំណើរការក្នុងនីតិវិធីរបស់តុលាការ។
ទោះជាយ៉ាងនេះក្ដី សកម្មជនខ្លះនៅតែគាំទ្រចំពោះយុទ្ធនាការតស៊ូមតិនេះ។ សកម្មជនការពារព្រៃឈើ កញ្ញា ឈាង លី យល់ថា ទោះជាយុទ្ធនាការទាមទារនេះ គ្មាន ឬមានឥទ្ធិពល ក៏វាជាយន្តការល្អក្នុងការសម្ដែងមតិ ដើម្បីទាមទារសេរីភាពរបស់សកម្មជនបរិស្ថានមកវិញដែរ។ បន្ថែមពីនេះ កញ្ញាជំរុញឲ្យរដ្ឋាភិបាល និងតុលាការទម្លាក់បទចោទលើសកម្មជនបរិស្ថានទាំង៦នាក់ និងដោះលែងពួកគេឲ្យមានសេរីភាពវិញ ទើបជាប្រយោជន៍ដល់សង្គម៖ « មិនឲ្យគេរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនការពារបរិស្ថានហ្នឹង ហើយទី២ ហ្នឹង សុំឲ្យរាជរដ្ឋាភិបាលហ្នឹង គាត់បើកចិត្តឲ្យទូលាយកុំហាមឃាត់ ហើយកុំទប់ស្កាត់អ្នកដែលការពារអ្វីអ៊ីចឹងណា»។
ចាប់តាំងពីឆ្នាំ២០២០ មក របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សង្គម សិទ្ធិមនុស្ស បរិស្ថាន គ្រូបង្រៀន និងអ្នកបញ្ចេញមតិរិះគន់ សរុបជាង ៨០នាក់ហើយ ដាក់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិផង ហៅការចាប់ខ្លួនទាំងនោះថា ជាសកម្មភាពបង្ក្រាបលើសំឡេងរិះគន់។ ពួកគេទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងសកម្មជនទាំងអស់ឲ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ ហើយត្រូវបញ្ឈប់អំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។