សង្គម​ស៊ីវិល​ថា លោក នី ណាក់ សារភាព​កំហុស និង​ចង់​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​រដ្ឋាភិបាល ជា​សិទ្ធិ​សម្រេច​របស់​បុគ្គល

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល ​ហៅ​ការ​សារភាព​កំហុស និង​ការ​ចង់​ចូល​រួម​ជីវភាព នយោបាយ​របស់​លោក នី ណាក់ ថា ជា​សិទ្ធិ​សម្រេច​របស់​បុគ្គល​ម្នាក់ៗ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រពន្ធ​របស់​លោក នី ណាក់ នៅ​ថ្ងៃ​នេះ និយាយ​ថា ប្ដី​របស់​គាត់​បាន​ទទួល​ស្គាល់​កំហុស និង​ស្នើ​សុំ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បើក​ឱកាស ដើម្បី​បាន​សុំទោស​និង​មាន​ឱកាស​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

សង្គម​ស៊ីវិល ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា អ្នក​ជំនាញ​កសិកម្ម ដែល​កំពុង​ជាប់​ឃុំ​លោក នី ណាក់ ដែល​ប្រពន្ធ​របស់​លោក​ អះអាង​ថា បាន​សារភាព​កំហុស និង​ចង់​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​រដ្ឋាភិបាល គឺ​ជា​សិទ្ធិ​សម្រេច​របស់​បុគ្គល​ម្នាក់ៗ កុំ​ឱ្យ​តែ​មាន​ការ​ដាក់​សម្ពាធ ឬ​បង្ខំ​ណា​មួយ។

លោកស្រី សុខ ស៊ីណែត ប្រពន្ធ​របស់​លោក នី ណាក់ នៅ​ថ្ងៃ​ទី៨ មករា បាន​ចេញ​វីដេអូ​ឃ្លីប​ជាង ១នាទី លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ នី ណាក់ (Nak Ny) បន្ទាប់​បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​នៅ​ថ្ងៃនេះ។

លោកស្រី​ រៀប​រាប់​ថា ​ប្ដី​របស់​លោកស្រី មាន​ការ​សោកស្ដាយ និង​ដឹង​នូវ​កំហុស​របស់​ខ្លួន ដោយ​ការ​ផុស​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​កន្លង​ទៅ ​ដោយសារ​ខ្លួន​ យក​ព័ត៌មាន​ពី​សារ​ព័ត៌មាន​ក្រៅ​ស្រុក ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ​និង​មិន​បាន ​ស្រាវ​ជាវ​ជា​មុន។

លោកស្រី​ស្នើសុំ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍ និង​បើក​ផ្លូវ​ឱ្យ​ប្ដី​របស់​ខ្លួន​សុំទោស ​ដើម្បី​មាន​ឱកាស​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​រដ្ឋាភិបាល។

លោកស្រី​ សុខ ស៊ីណែត៖ «គាត់​ពិត​ជា​មាន​ការ​សោក​ស្ដាយ និង​ដឹង​នូវ​កំហុស នាង​ខ្ញុំ​សូម​ឱ្យ​សម្ដេច​ពុក និង​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត ជួយ​ឱ្យ​ប្ដី​នាង​ខ្ញុំ​បាន​ចេញ​សារ​សុំទោស ហើយ​នឹង​ជួយ​ឱ្យ​ប្ដី​នាង​ខ្ញុំ​មាន​សេរី​ភាព​ឡើង​វិញ ដើម្បី​ចូល​រួម​ជីវភាព​នយោបាយ​ជា​រាជ​រដ្ឋាភិបាល​ផ្នែក​កសិកម្ម​ផង»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រពន្ធ​របស់​លោក នី ណាក់ គឺ​លោកស្រី សុខ ស៊ីណែត បាន​ទេ នៅ​ថ្ងៃ​ទី ៨ ​មករា ។

លោក នី ណាក់ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី៦ ខែមករា​ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី៥ មករា។

តុលាការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​ចោទ​ថា មិន​រាង​ចាល​ក្នុង​បទមជ្ឈិម បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៨ មករា​ថា ការ​សារ​កំហុស ការ​សុំទោស និង​ការ​ចូល​រួម​ជីវភាព​នយោបាយ​នេះ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ បើ​សិន​ជា​ការ​សម្រេច​នោះ​ដោយ​ស្ម័គ្រចិត្ត ​កុំ​ឱ្យ​តែ​មាន​សម្ពាធ ​ឬ​ចាប់​បង្ខំ​ណា​មួយ។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ និង​តុលាការ​ពិនិត្យ​ពិចារណា​ឱ្យ​បាន​ដិត​ដល់​ថា អ្វី​ជា​សេរីភាព​បញ្ចេញ​មតិ អ្វី​ជា​បទ​ល្មើស ពីព្រោះ​ដូច​ករណី​លោក នី ណាក់ កន្លង​មក ជា​សកម្មជន​សង្គម​មួយ​រូប ដែល​បញ្ចេញ​មតិ​យ៉ាង​សកម្ម ទាក់ទង​នឹង​វិស័យ​កសិកម្ម និង​បញ្ហា​សង្គម​ផ្សេងៗ រហូត​ដល់​ជាប់​ពន្ធនាគារ ហើយ​ពេល​ចេញ​វិញ ក៏​លោក​នៅ​តែ​បន្ត​បញ្ចេញ​មតិ​ដដែល រហូត​ឈាន​ដល់​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ឱ្យ​រង​របួស​ធ្ងន់​ ថែម​ទៀត។

លោក អំ សំអាត បន្ថែម​ថា កន្លង​មក រឿង​បញ្ចេញ​មតិ​នេះ មាន​ការ​បកស្រាយ​ចម្រូងចម្រាស ប៉ុន្តែ​អ្វី​ដែល​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​ជាតិ និង​អន្តរ​ជាតិ​លើក​ឡើង គឺ​ពឹង​ផ្អែក​លើ​បទដ្ឋាន​អន្តរ​ជាតិ។ ដូច្នេះ លោក​ថា ប្រសិន​ជា​គ្មាន​ការ​ថ្លឹងថ្លែង​ឱ្យ​បាន​ច្បាស់​ទេ គឺ​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​នៅ​ក្នុង​បញ្ចេញ​មតិ។

លោក អំ សំអាត៖ «អ៊ីចឹង​យើង​មើល​ឃើញ​ថា សកម្ម​ភាព​ទាំងអស់​ហ្នឹង ទិដ្ឋភាព​ទាំងអស់ វា​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​មិន​ល្អ ជា​ការ​បំភិត​បំភ័យ​ជា​ការ​គំរាមកំហែង​សម្រាប់​អ្នក​បញ្ចេញ​មតិ ព្រោះ​អ្នក​ដែល​លួច​វាយ​គាត់ មិន​ត្រូវ​បាន​រក​ឃើញ ហើយ​យក​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់។ ចុង​ក្រោយ​នេះ គាត់​មាន​ការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចាប់ និង​ចោទ​ប្រកាន់​ទៅ​ទៀត»។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា បើ​តាម​ច្បាប់​អន្តរ​ជាតិ​ការ​លើក​ឡើង​របស់​លោក នី ណាក់ លើ​បណ្ដាញ​សង្គម គឺ​ជា​ការ​បញ្ចេញ​មតិ។

លោក រស់ សុដ្ឋា៖ «សម្ពាធ​ដែល​យើង​មើល​ឃើញ ​សម្ពាធ​ទី១ គឺ​សម្ពាធ​រង​ទុក្ខ​វេទនា​ផ្លូវ​កាយ​ ដែល​មិន​ទាន់​ទទួល​បាន​ យុត្តិធម៌​ សម្ពាធ​ទី​ ២ គឺ​ជា​សម្ពាធ​ដែល​គាត់​ត្រូវ​ជាប់​ពន្ធនាគារ ​ពី​បទ​បរិហាកេរ្តិ៍ ​ហ្នឹង​ទៀត»។

កាលពី​ខែកញ្ញា ឆ្នាំ២០២៣ ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ៨នាក់ បាន​ជិះ​ម៉ូតូ​បុក​ម៉ូតូ​លោក នី ណាក់ ឱ្យ​ដួល និង​ចុះ​ព្រួត​គ្នា​វាយ​លោក​ឱ្យ​បែក​ក្បាល​របួស​ធ្ងន់ នៅ​ពេល​លោក និង​ប្រពន្ធ​របស់​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ។ មក​ទល់​នឹង​ពេល​នេះ អាជ្ញាធរ​នៅ​មិនទាន់​ចាប់ខ្លួន​ជន​បង្ក​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ។

លោក នី ណាក់ ក៏​ធ្លាប់​ត្រូវ​បាន​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វ៉េង សាខុន ប្ដឹង​ពី​បទ​ញុះញង់ ដាក់​ពន្ធនាគារ ១៨ខែ កាល​ពី​ពេល​កន្លង​ទៅ រឿង​លោក​សរសេរ​រិះគន់​យុទ្ធនាការ​របស់​ក្រសួង​កសិកម្ម និង​ឌឺដង​រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​កម្ពុជា និង​ពិភពលោក ផ្ទុះ​ជំងឺ​កូវីដ១៩ កាលពី​ចុង​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។