សកម្មជន​បក្ស​ប្រឆាំង​នៅ​​ម៉ាឡេស៊ី​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពួកគេ​ទទួល​រង​ការ​គំរាមកំហែង

0:00 / 0:00

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពួកគេ​ទទួល​រង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ពួកគេ​យល់​ថា ទង្វើ​បែប​នេះ គឺជា​សញ្ញា​គ្រោះថ្នាក់​បន្ថែម​ទៀត​ដល់​ជនភៀសខ្លួន​នយោបាយ​ដែល​កំពុង​តស៊ូ​នៅ​ក្រៅ​ប្រទេស ដើម្បី​យុត្តិធម៌ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ចាត់ទុក​អ្នកគាំទ្រ​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សកម្មភាព​ខុសច្បាប់​ដែល​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​មិន​ខ្វល់​ពួកគេ​ទទួល​ឋានៈ​ជា​ជនភៀសខ្លួន​ឡើយ។

សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​កំពុង​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយសារ​ពួក​ព្រួយបារម្ភ​ពី​សុវត្ថិភាព ជាពិសេស​ប្រឈម​នឹង​ការ​ចាប់​បញ្ជូន​ទៅ​កម្ពុជា​វិញ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ភៀសខ្លួន នៅ​ប្រទេស​ម៉ាឡេស៊ី បារម្ភ​អំពី​សុវត្ថិភាព ក្រោយ​ពេល​លោក និង​សកម្មជន​ផ្សេងទៀត​ទទួល​បានការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ពី​សំណាក់​មន្ត្រី​ស្ថានទូត​ខ្មែរ ដោយ​បញ្ជា​ឱ្យ​ជន​ដៃដល់ ឬ​ក្រុម​ជើងកាង​ស្វែងរក​កន្លែង​ស្នាក់នៅ​របស់​សកម្មជន​គណបក្ស​ប្រឆាំង។ លោក សាដាត សាម៉ាតធី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សកម្មភាព​នេះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​តាម​កម្ទេច​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ប្រទេស​ដែល​ស្មោះត្រង់ និង​បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ការគោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ឱ្យ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ជួយ​តាម​ដាន និង​ធានា​អំពី​សុវត្ថិភាព​ចំពោះ​ជនភៀសខ្លួន​ផង​ដែរ៖ «គេ​កំពុង​ឱ្យដៃ​ជើង ឬ​ជើងកាង​របស់​ស្ថានទូត​ឱ្យ​ស្វែងរក​ទីតាំង​ដែល​ខ្ញុំ​ស្នាក់នៅ សព្វថ្ងៃ​នេះ​ខ្ញុំ​បាន​ប្តូរ​ទីកន្លែង​ដើម្បី​សុវត្ថិភាព ខ្ញុំ​បារម្ភ​បំផុត​ចំពោះ​ជនភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​ពួក​ជន​ងងឹត​នេះ​អាច​រុញ​បញ្ចូល​ឡាន​ដូច​ក្នុង​ប្រទេស​ថៃ​អ៊ីចឹង ហើយ​បញ្ជូន​ទៅ​តាម​ផ្លូវ​ក្រោម ដូច​រូប​ខ្ញុំ​ផ្ទាល់​ក៏​មាន​ដីកា​ហៅ​នៅ​ខេត្ត​ក្រចេះ​ដែរ»។

ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​ពួកគាត់​តែងតែ​ទទួល​ការ​គំរាមកំហែង​ពី​សំណាក់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ពួកគាត់​បន្ត​គាំទ្រ​សកម្មភាព​គណបក្ស​ប្រឆាំង ដូចជា​ការ​ការ​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ដោយ​រិះគន់​អំពើ​អយុត្តិធម៌ និង​បញ្ចេញ​មតិ​នានា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាពិសេស​សកម្មភាព​ចែក​ស្បៀងអាហារ​ដែល​បាន​មក​ពី​ប័ណ្ណ​លក់​នាឡិកា​របស់​លោក សម រង្ស៊ី​។ សកម្មភាព​ទាំងនេះ បាន​ទទួលរង​ការ​តាមដាន និង​ការ​ព្រមាន​ចាត់វិធានការ​ជា​ហូរហែ បើសិន​ពួកគាត់​បន្ត​សកម្មភាព​ទាំងនេះ​តទៅ​ទៀត។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ឱ្យ​ដឹង​ថា​កន្លងមក​រូបលោក​បាន​គេច ពី​ការ​តាម​ចាប់​បញ្ជូន​ក្រោម​កិច្ច​សហការ​រវាង​អាជ្ញាធរ​ថៃ និង​កម្ពុជា។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន​លោក​បាន​ទទួល​ឋានៈ​ជា​ជនភៀសខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ ប៉ុន្តែ​ក្រោយ​ពេល​លោក ហ៊ុន សែន ថ្លែង​សារ​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​ឃ្លាំ​មើល ដែល​ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​បានសម្រេច​ផ្លាស់ប្ដូរ​កន្លែង​ស្នាក់​នៅ​ភ្លាមៗ ។ លោក​យល់​ថា ការដែល​រដ្ឋាភិបាល​កម្ពុជា​ប៉ុនប៉ង​ចាប់ខ្លួន និង​គំរាម​កំហែង​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ពេល​នេះ ដើម្បី​រក​មធ្យោបាយ​បញ្ចប់​សកម្មភាព​ងើប​តវ៉ា និង​បញ្ចេញមតិ ដោយសារ​ពួកគេ​មិន​បោះបង់​ការ​ការ​តស៊ូ ហើយ​រក្សា​ឆន្ទៈ​សង្គ្រោះជាតិ។ លោក​ថា បញ្ជាក់​ថា ជនភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ព្រួយបារម្ភ​ដោយ​ខ្លាច​អាជ្ញាធរ​ម៉ាឡេស៊ី និង​កម្ពុជា​សហការ​គ្នា​ចាប់​បញ្ជូន​អ្នក​នយោបាយ​ទៅវិញ ដោយ​កន្លងទៅ​ម៉ាឡេស៊ី​ក៏​ធ្លាប់​បញ្ជូន​ជនភៀសខ្លួន​ម្តង​មក​ហើយ៖ «អំពី​សុវត្ថិភាព យើងខ្ញុំ​ស្នើ​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​យកចិត្តទុកដាក់​លើ​ជនភៀសខ្លួន​នយោបាយ ក៏ដូចជា​ពួក​យើង​ខ្ញុំ​នេះ អន្តរាគមន៍​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​យើង​ខ្ញុំ​រស់នៅ​បាន​សេចក្តី​សុខ និង​គេច​ផុត​ពី​ការប៉ុនប៉ង​ការ​ចាប់​ខ្លួន»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​០៤ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល​។ ចំណែក​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ប្រាប់​ថា លោក​រវល់​ហូបបាយ ហើយ​ចុច​ផ្តាច់​ទូរស័ព្ទ។

ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ថ្លែង​ថា រដ្ឋាភិបាល​ចាត់ទុក​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សកម្មភាព​ខុសច្បាប់ ដោយ​មិនមែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នោះ​ទេ។ លោក​បន្ត​ថា ស្ថិត​ក្នុង​វិសាលភាព​របស់​អាជ្ញាធរ​កម្ពុជា បើ​ទោះបី​ពួកគេ​ស្ថិត​នៅ​កន្លែង​ណាក៏ដោយ រដ្ឋាភិបាល​ត្រូវតែ​ចាត់​វិធានការ។ លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​មិន​ខ្វល់​ចំពោះ​សកម្មជន​នយោបាយ​ទាំងនោះ​ទទួល​បាន​សិទ្ធិ​ជា​ជនភៀសខ្លួន​នោះ​ឡើយ ព្រោះ​ពួកគេ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ៖ «យើង​មិនដឹង​នរណា​ភៀសខ្លួន​មិន​ភៀសខ្លួន​នោះ​ទេ ប៉ុន្តែ​បើ​ធ្វើ​ខុសច្បាប់​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឯករាជ្យភាព អធិបតេយ្យភាព​ជាតិ នៅ​ណាក៏ដោយ​ក្រោម​វិសាលភាព​លទ្ធភាព វិធានការ​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល គឺ​ចាំបាច់​ត្រូវតែ​ធ្វើ»។

ឆ្លើយតប​នឹង​ការ​លើកឡើង​របស់ លោក សុខ ឥសាន​នេះ ប្រធាន​គណៈកម្មការ​សម្របសម្រួល​ជនភៀសខ្លួន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោក អៈម៉ាត់ ចាមាល ថ្កោលទោស​ចំពោះ​វិធានការ និង​ទង្វើ​គំរាម​កំហែង​របស់​រដ្ឋាភិបាល​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ក្រៅប្រទេស​ដោយ​មិនអាច​ទទួល​យក​បាន​ឡើយ។ លោក​អះអាង​ថា សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​សិទ្ធិ​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ពីព្រោះ​ពួកគាត់​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​ពី​សំណាក់​រដ្ឋាភិបាល។ លោក​ឱ្យ​ដឹង​ថា លោក​បាន​ជូនដំណឹង​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​រួច​ហើយ ហើយ​លោក​កំពុង​រៀបចំ​លិខិត​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជួយ​តាមដាន​ករណី​នេះ​ដែរ៖ «ខាងគេ​ឱ្យ​តាមដាន​សកម្មភាព​ពួក​យើងខ្ញុំ ចែក​អំណោយ​ក៏​គេ​តាមដាន សកម្មភាព​ពួក​យើង​ខ្ញុំ​ទាំងអស់​គាត់​តាម​ដាន​រហូតដល់​សព្វ​ថ្ងៃនេះ ហើយ​នេះ​គឺជា​ការ​បំពាន​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ឬក៏​ជនភៀសខ្លួន»។

អង្គការ​សង្គម​ស៊ីវិល​ក៏​ព្រួយបារម្ភ​ពី​ការ​ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង ជា​ជនភៀសខ្លួន​មក​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​ផង​ដែរ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា​រូបភាព​នៃ​ការ​ចាប់​បញ្ជូន និង​ការ​គំរាមកំហែង​លើ​ជនភៀសខ្លួន​នយោបាយ ដែល​ទទួលស្គាល់​ដោយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ (UNHCR) ម្តង​ហើយ​ម្តង​ទៀត បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ និង​បង្កើន​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ​យ៉ាង​ខ្លាំង។ លោក​យល់​ថា​ប្រទេស​ដែល​មាន​ជនភៀសខ្លួន ត្រូវ​យកចិត្តទុកដាក់ និង​ធានា​សុវត្ថិភាព​ដល់​ពួកគាត់។ លើស​ពី​នេះ លោក​ទទូច​ដល់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី គួរ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​អនុវត្ត​ផ្ទុយ​ពី​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ភៀសខ្លួន ដើម្បី​ធានា​ដល់​សិទ្ធិ​ពលរដ្ឋ​គ្រប់រូប៖ «ប្រទេស​ទាំងអស់​ដែល​ទទួលស្គាល់ សមាជិក ហត្ថលេខី​លើ​អនុសញ្ញា​ជនភៀសខ្លួន ត្រូវតែ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ដល់​សិទ្ធិ​ជនភៀសខ្លួន​ទាំងអស់​ហ្នឹង ពី​ព្រោះ​ថា ជា​កាយវិការ​មនុស្សធម៌​របស់​ប្រទេសជិតខាង​ដែល​ត្រូវតែ​យកចិត្ត​ទុក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដល់​ជនភៀសខ្លួន​ដែល​គ្នា​រត់គេច​ចេញពី​ប្រទេស​សាមី​ដែល​ធ្វើទុក្ខបុកម្នេញ ធ្វើបាប​ខាង​ផ្លូវ​នយោបាយ និង​សិទ្ធិមនុស្ស»។

ចាប់តាំង​ពី​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧ សកម្មជន​គណបក្ស​នេះ​ជាង ១​រយ​នាក់​បាន​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ហ្វីលីពីន ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​។ កន្លង​ទៅ​អាជ្ញាធរ​កម្ពុជា​ក៏​ធ្លាប់​សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​បញ្ជូន​អតីត​ស្នងការ​ក្រុងភ្នំពេញ​លោក ហេង ពៅ ក្នុង​ពេល​លោក​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ (Finland)។

កាលពី​ថ្មីៗ​នេះ អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៤​នាក់ គឺ​លោក វឿង សំណាង លោក វឿន វាសនា ហៅ​គ្រញូងព្រៃឡង់ និង​អ្នកស្រី ឡាញ់ ថាវរី លោក ម៉ិច ហ៊ាង បញ្ជូន​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់ ហើយ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។