ពលរដ្ឋ​សហគមន៍​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ការពារ​សុវត្ថិភាព​ព្រៃ​ឈើ និង​រក​ដំណោះស្រាយ​រឿង​ដីធ្លី

0:00 / 0:00

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្ត​ព្រះវិហារ​បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ធ្នូ ចំនួន ២១ទីតាំង​ផ្សេងៗ គ្នា ទូទាំង​ខេត្ត​នេះ ក្រោម​ប្រធាន​បទ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ការពារ​សុវត្ថិភាព​ព្រៃឈើ។ រីឯ​នៅ​ខេត្ត​កោះ​កុង​វិញ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជា​ច្រើន​គ្រួសារ ក៏​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​ដដែលៗ នេះ​ដែរ។ ការ​ប្រារព្ធ​ទិវា​នេះ ពួកគេ​មិនបាន​ហែ​ក្បូន​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំមុន​ៗ​នោះ​ទេ​ ដោយសារ​តែ​ជំងឺកូវីដ-១៩។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១០ ធ្នូ​ថា ទិសដៅ​សំខាន់​ដែល​ពួកគេ​ប្រារព្ធ​ទិវា​នេះ ដើម្បី​ពញ្ញាក់​ស្មារតី​ឱ្យ​រដ្ឋាភិបាល​ការពារ​សុវត្ថិភាព​ព្រៃឈើ និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​ពេញលេញ។ ក្នុង​ទីតាំង​នីមួយៗ មាន​ពលរដ្ឋ​ជួប​ជុំ​គ្នា​ពី១៥ ទៅ ២០នាក់ ដោយ​កាន់​បដា និង​ពាក់​ម៉ាស ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​អនុវត្ត​ច្បាប់​ព្រៃ​ឈើ និង​គោរព​សិទ្ធិមនុស្ស​មូលដ្ឋាន។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ លោកស្រី ទេព ទឹម ថ្លែង​ថា អាជ្ញាធរ​មិន​បាន​រារាំង​ពួក​លោកស្រី​នោះ​ទេ គ្រាន់តែ​ផ្ដល់​ដំណឹង​ឱ្យ​ពលរដ្ឋ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​មិន​ឱ្យ​ជួបជុំ​មនុស្ស​ច្រើន និង​ត្រូវ​ពាក់​ម៉ា​ស​ការពារ​ជំងឺ​កូវីដ១៩។ អ្នកស្រី​បញ្ជាក់​ថា ព្រៃឈើ គឺជា​អាយុជីវិត​ពលរដ្ឋ និង​ជា​ប្រភព​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​សង្គ្រោះ និង​អភិ​រក្ស​ឱ្យ​បាន​គង់វង្ស៖ « ព្រៃ​ឈើ​មាន​សារៈ​ប្រយោជន៍​សម្រាប់​មនុស្ស​សត្វ ព្រៃ​ឈើ​អាច​ទាក់ទាញ​ទឹក​ភ្លៀង ព្រៃ​ឈើ​អាច​បង្ក​ឱ្យ​មិន​មាន​ព្យុះ ព្រៃ​ឈើ​វា។ កាល​ណា​មាន​ព្រៃ​ឈើ​មាន​ជីវិត កាល​ណា​មាន​ព្រៃ​ឈើ​មាន​មុខរបរ ចិញ្ចឹមជីវិត។ ពួក​ខ្ញុំ​រស់​នៅ​តំបន់​ព្រៃ​ភ្នំ ការពារ​ព្រៃ​ឈើ​ដូច​ការពារ​សិទ្ធិមនុស្ស​ដែរ »។

ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ​លោក ស៊ុត សាវ៉ន សង្កេត​ឃើញ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ឱ្យ​គ្រប់ជ្រុងជ្រោយ​នោះ​ទេ គឺ​នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុម​ឈ្មួញ និង​អ្នក​កាប់​ឈើ​ចូលព្រៃ​ព្រះ​រកា អារ​ឈើ​លក់​ដោយ​ងាយ។ លោក​ថា​ប្រការ​នេះ ជនជាតិ​ដើម​ភាគតិច​កំពុង​ដេក​ភ័យ​ខ្លាចក្រែង​ដើមឈើ​ដែល​សល់​តិចតួច​នឹង​រលាយ​ហិនហោច​ទាំងស្រុង៖ «ព្រៃ​ឈើ​ហ្នឹង​នៅ​តែ​មាន​ការ​កាប់​បំផ្លាញ​ជា​រៀង​រាល់​ថ្ងៃ​អ៊ីចឹង​ទៅ តាម​ដែល​ខ្ញុំ​បាន​ឃើញ​ជាក់​ស្ដែង រដ្ឋាភិបាល​មិន​ទាន់​មាន​សមត្ថភាព​ពេញលេញ ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ។ ដូច​ថា ក្រុម​ឈ្មួញ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​អ៊ីចឹង​ទៅ ក្រុម​ឈ្មួញ​នៅ​តែ​កាប់​បាន​រហូត ក្រុម​មន្ត្រី​បរិស្ថាន​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ មិន​បាន ១០០ភាគ​រយ​ទេ »។

ទាក់ទង​នឹង​ការ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ​នេះ ​មេឃុំ​ប្រមេរ លោក ធាន ហេង ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​មិន​បាន​រារាំង​ពលរដ្ឋ​នោះ​ទេ តែ​សូម​ឱ្យ​ប្រជា​សហគមន៍​អនុវត្ត​គោលការណ៍​ណែនាំ​របស់​​​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ជំងឺ​កូវីដ១៩។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​បញ្ជូន​មន្ត្រី​ឃុំ​ចូល​រួម​ជាមួយ​ក្រុម​ពលរដ្ឋ​ប្រារព្ធ​ទិវា​នេះ​ដែរ និង​បាន​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩៖ «មិន​មាន​អ្វី​ទេ​បង ! ការ​គោរព​សិទ្ធិមនុស្ស​ទូទាំង​ពិភព​លោក គាត់​ត្រូវ​តែ​ធ្វើ គាត់​ធ្វើ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ដែរ​ទេ »។

រី​ឯនាយ​ក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​ ​លោក ប៉ឹក សោភ័ណ យល់​ថា ព្រៃ​ឈើ និង​បរិស្ថាន គឺជា​គន្លឹះ​សំខាន់​ ​ដើម្បី​គាំទ្រ​ជីវភាពរស់នៅ​របស់​អ្នកភូមិ​ច្រើន​ជំនាន់​មក​ហើយ ហេតុ​នេះ ការ​ទាមទារ​របស់​ប្រជា​សហគមន៍​ក្នុង​ទិវា​សិទ្ធិមនុស្ស ១០ធ្នូ គឺជា​ប្រ​ការសំខាន់ ដែល​រដ្ឋាភិបាល​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ឱ្យ​ប្រសើរ​ឡើង​វិញ៖ «សហគមន៍​ដែល​នៅ​ជុំវិញ​ព្រៃ​ព្រះ​រកា​ទាំង​អស់ គាត់​បាន​ប្រារព្ធ​ធ្វើ​ទិវា​សិទ្ធិមនុស្ស ១០ធ្នូ ក្នុង​ការ​ធ្វើ​យុទ្ធនាការ ឱ្យ​មាន​ការ​កិច្ច​ខិតខំ​ប្រឹងប្រែង ការពារ និង​ថែ​រក្សា និង​ផ្តល់​សុវត្ថិភាព​ព្រៃ​ឈើ »។

ចំណែក​នៅ​ឯ​ខេត្ត​កោះ​កុង​ ​ឯនោះ​វិញ​ ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​ក៏​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ក្នុង​សហគមន៍​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី១០ ធ្នូ​ដែរ ខណៈ​ក្រុម​ពលរដ្ឋ​ខ្លះ​បាន​ប្រារព្ធ​ទិវា​នេះ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី៩ ធ្នូ។ ប៉ុន្តែ កម្មវិធី​របស់​ក្រុម​​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​នេះ ធ្វើ​ឡើង​ក្រោម​ការ​ឃ្លាំមើល និង​រឹតត្បិត​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន។

តំណាង​សហគមន៍ ១៧៥គ្រួសារ លោកស្រី ផាវ ញើង អះអាង​ថា អធិការ​ស្រុកស្រែ​អំបិល លោក ហួត ណុន បាន​ប្រើ​ពាក្យ​គំរោះគំរើយ និង​ចង្អុល​មុខ​លោកស្រី​ពី​ក្នុង​រថយន្ត​បំណង​គំរាមកំហែង​ពលរដ្ឋ​ក្នុងពេលដែល​ប្រារព្ធ​ទិវា​​​នេះ។ លោកស្រី​បន្ត​ថា​ ​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់ បាន​ដាក់​ពង្រាយ​គ្រប់​តំបន់ ដើម្បី​តាមដាន​ ​និង​ឃ្លាំមើល​ប្រជា​សហគមន៍ ប៉ុន្តែ​មិន​មាន​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​នោះ​ទេ។ អ្នកស្រី​បន្ថែម​ថា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ឆ្នាំ​នេះ ក្រុម​ប្រជាពលរដ្ឋ​ទាមទារ​ឱ្យ រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​បញ្ឈប់​គាបសង្កត់​ពលរដ្ឋ​ក្រីក្រ និង​គំរាមកំហែង​ប្រជាពលរដ្ឋ​ដែល​ស្រែក​តវ៉ា​រក​យុត្តិធម៌​ក្នុង​រឿង​ជម្លោះ​ដីធ្លី៖ «ដំបូង​ខ្ញុំ​គិត​ថា សមត្ថកិច្ច​មក​ឃ្លាំមើល ដល់​ពេល​លោក ហូត ណុន មក​ចង្អុល​មុខ និង​ស្តី​បន្ទោស​ខ្ញុំ​ដោយ​ហិង្សា​ខ្ញុំ​គិត​ថា មិន​មែន​ជា​ការ​មក​ឃ្លាំមើល​ទេ គឺ​ជា​ការ​បំភិតបំភ័យ គំរាម​កំហែង​ខ្ញុំ។ ដំបូង​យើង​ខ្ញុំ​គ្រោង​រៀប​ក្បូន​ដង្ហែ ៨០០រយ​នាក់ ប៉ុន្តែ​យើង​បាន រំសាយ​ការងារ​ហ្នឹង ហើយ​ពួក​យើង​គ្រាន់​តែ​រៀបចំ​ថត ១៥នាក់ ពាក់​មួក​ស្លឹក​ត្នោត »។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អធិការ​ស្រុកស្រែ​អំបិល លោក ហួត ណុន និង​អភិបាល​ខេត្ត​កោះ​កុង អ្នកស្រី មិថុនា ភូថង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១០ ធ្នូ។

ជម្លោះដីធ្លី​នៅ​​​ខេត្ត​កោះកុង បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ ធ្លាក់ខ្លួន​ក្រីក្រ ព្រោះ​បាត់បង់​ដីធ្លី ដើម្បី​បង្កបង្កើន​ផល។ ពលរដ្ឋ​ខ្លះ​អះអាង​ថា ពួកគាត់​បាន​ជំពាក់​បំណុល​ធនាគារ រហូត​ដល់​គ្មាន​លទ្ធភាព​សង ហើយ​​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ទីក្រុង និង​ប្រទេស​ថៃ ខណៈ​ក្មេងៗ ក្នុង​សហគមន៍​​​ភាគ​ច្រើន​ បោះបង់​ការសិក្សា​ ដើម្បី​ចេញ​តវ៉ា​ទាមទារ​ដីធ្លី ជាមួយ​ឪពុក​ម្ដាយ ជាដើម​។ ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ខេត្ត​កោះកុង ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការ​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់ ​ឱ្យ​​ទទួល​បាន​ដី​ធ្លី​វិញ ដើម្បី​យក​ទៅ​ធ្វើ​ស្រែចម្ការ ចិញ្ចឹម​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។