តុលាការសម្រេចឃុំខ្លួន​យុវជន គង់ រៃយ៉ា និង​បន្ត​សាកសួរ​យុវជន កែម ឡីនិយម ម្នាក់​ទៀត

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​យុវជន កែម ឡីនិយម ម្នាក់​ឈ្មោះ គង់ រ៉ៃយ៉ា រឿង បង្ហោះ​ហ្វេសប៊ុក (Facebook) លក់​អាវ​យឺត​មាន​ពាក្យ​បណ្តាំ និង​រូប​របស់​បណ្ឌិត កែម ឡី។ ចំណែក យុវជន កែម ឡីនិយម ម្នាក់​ទៀត​ឈ្មោះ សួង នាគព័ន្ធ ខាង​តុលាការ នឹង​បន្ត​សាកសួរ​ថែម​ទៀត ជុំវិញ​ករណី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​កាន់​ខិត្តប័ណ្ណ​អំពាវនាវ​ឲ្យ​បញ្ឈប់ ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។ មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​ច្បាប់ យល់​ថា ការ​ចាប់​ខ្លួន និង​ការ ចោទ​ប្រកាន់​លើ​យុវជន​ទាំង​ពីរ​នាក់​នេះ មិន​សម​ទំនង​នោះ​ឡើយ ព្រោះ​សកម្មភាព​របស់​ពួក​គេ មិន​មែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ។

ចៅក្រមស៊ើបសួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក ឯក ប៉ូលីហ្វី ចេញ​ដីកា​ឃុំ​ខ្លួន​យុវជន គង់ រ៉ៃយ៉ា បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​ទី១១ ខែ​កក្កដា ក្រោយ​ពី​ទទួល​សំណុំ​រឿង ពី​ព្រះរាជ​អាជ្ញា​រង​នៃ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុភិន។

លោក រៀល សុភិន បាន​ចោទ​ប្រកាន់​យុវជន គង់ រ៉ៃយ៉ា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ តាម​មាត្រា៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​សាកសួរ​យុវជន គង់ រ៉ៃយ៉ា កាល​ពី​រសៀល ថ្ងៃ​ទី១០ និង​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​កក្កដា។

មេធាវី​ការពារ​ក្តី​របស់​លោក គង់ រ៉ៃយ៉ា គឺ​លោក សំ សុគង់ បក​ស្រាយ​ថា ការ​បោះពុម្ព​អាវ​យឺត មាន​ពាក្យ​បណ្តាំ និង​រូប​បណ្ឌិត កែម ឡី ហើយ​ប្រកាស​លក់​នៅ​លើ​ហ្វេសប៊ុក គឺ​គ្រាន់​តែ​ជា ការ​រកស៊ី ដើម្បី​រក​ប្រាក់​ចំណេញ​ចិញ្ចឹម​គ្រួសារ​គាត់​តែ​ប៉ណ្ណោះ។ លោក​មេធាវី​បន្ត​ថា ចំពោះ​ការ​គាំទ្រ គំនិត​របស់​បណ្ឌិត​ កែម ឡី គឺ​ជា​មនោសញ្ចេតនា​ និង​ការ​ស្រលាញ់​ មិន​មែន​ជា​អំពើ​ខុស​ច្បាប់​ទេ​ គ្រាន់​តែ​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ការ​បោះពុម្ព​ផ្សាយ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក គឺ​ជា​រឿង​អយុត្តិធម៌ មិន​អាច​ទទួល​យក​បាន៖ «មិន​អាច​ទទួលយក​បានទេ ​ចំពោះការ​ចោទ​ប្រកាន់ និងការ​ឃុំខ្លួននេះ​ដោយសារ​កូនក្តីរបស់ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូចការ​ចោទប្រកាន់​ទេ ទាក់ទងនឹង​អង្គ ហេតុ​ពាក់ព័ន្ធ​នឹងការ​បោះពុម្ភ​អាវ​យឺត​​ដាក់រូប​បណ្ឌិត​កែម​​ឡី​ក៏ដូច​ជាទស្សនៈ​លោក​កែម ​ឡី ​ដោយ កូនក្តី​មាន​គោលបំណង​ទទួល​បានផល​ប្រយោជន៍គឺ​រក​ប្រាក់​ចំណេញ​ចិញ្ចឹម​គ្រួសារ។ទី២ ​ការគាំទ្រ នៅ​ទស្សនៈនិង​ការពេញ​ចិត្ត​តាម​បែប​អារម្មណ៍រ​បស់កូនក្តី​ និងទី៣​គឺជាការ​ប្រើប្រាស់​សិទ្ធិមួយ​បោះ ពុម្ភផ្សាយ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ​ក៏ដូចជា​ច្បាប់​ផ្សេងៗ​ទៀត»

មេធាវី​ការពារក្តី​បន្ត​ថា លោក​នឹង​ស្នើសុំ​ឲ្យ​តុលាការ​ដោះ​លែង​កូន​ក្ដី​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​វិញ ព្រោះ​កូន​ក្តី គឺ​ជា​មេ​គ្រួសារ និង​ទើប​តែ​មាន​កូន​អាយុ ៧ខែ។

ភរិយារបស់លោក គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច ប្រាប់​អាស៊ីសេរី​ថា ការ​ចាប់​ខ្លួន​ស្វាមី​លោកស្រី​នេះ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​ស្វាមី​លោកស្រី មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ គ្រាន់​តែ​បោះពុម្ព​លក់ អាវ​យឺត​បណ្ឌិត កែម ឡី៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​ប្តី​ខ្ញុំ​វិញ​ទៅ ព្រោះ​គាត់​អត់​មាន​ធ្វើ​អី​ខុស​សោះ​ហ្មង។ រឿង​បោះ ពុម្ភអាវគឺគេបោះពុម្ភគ្រប់​តែ​គ្នា​ហ្នឹង ហើយ​ហេតុ​អី​មក​ចាប់​តែ ប្តី​ខ្ញុំ​ទាំង​គ្មាន​កំហុស​បែប​នេះ។ តុលាការ ចេញ​ដីការ​ចោទ​ប្រកាន់​ប្តី​ខ្ញុំ គឺ​ពិត​ជា​អយុត្តិធម៌បំផុត។ ម្យ៉ាង​វិញ​ទៀត​វា​ប៉ះ​ពាល់​ដល់​គ្រួសារ​ខ្ញុំ​ផង​ដែរ ព្រោះ​គាត់​ជា​មេ​គ្រួសារ ដែល​ទើប​តែ​មាន​កូន​តូច​មួយ​ទៀត»

ប្ដីប្រពន្ធខ្ញុំបានយកអាវរូបលោកបណ្ឌិត កែម ឡី ជាអាវគូស្នេហ៍។ បងប្អូនដែលចង់ពាក់អាវរូបលោកបណ្ឌិត កែម ឡី អាចកម្មង់ខ្ញុំបាន...

Posted by Raiya Kung on Monday, July 8, 2019

កាលពី​ថ្ងៃ​ទី៩ ​ខែ​កក្កដា ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ បាន​ឃាត់​ខ្លួន​លោក​ គង់​ រ៉ៃយ៉ា ​និង​ភរិយា​ ​ព្រម​ទាំង​ប្អូនៗ របស់​លោក ២នាក់​ទៀត ​ដោយចោទ​ប្រកា​ន់ថា ញុះញង់​បង្កចលាចល នៅ​ក្នុងសង្គម​ ដោយសារ​តែ​លោក​បង្ហោះហ្វេសប៊ុក​លក់អាវ​មានរូប ​និង​ពាក្យបណ្តាំ​របស់លោក ​បណ្ឌិត​កែម​ ឡី ​ថា ''បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ​ គង់​តែ​នឹង​រងគ្រោះ​ដែរ គ្រាន់​តែ មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ''។ ប៉ុន្តែ​ភរិយា និង​ប្អូនៗ របស់​លោក ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ កាល​ពី​រសៀល​ថ្ងៃ​ទី១០ ខែ​កក្កដា។

នៅរសៀលថ្ងៃដដែល សមត្ថកិច្ច​ក៏​បាន​បញ្ជូន​យុវជន កែម ឡីនិយម ម្នាក់​ទៀត ឈ្មោះ សួង នាគព័ន្ធ ឡើង​តុលាការ​ដែរ ពាក់ព័ន្ធ​នឹង​ករណី​លោក​ចូល​ទៅ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​មាន​កាន់​ខិត្តប័ណ្ណ​អំពាវនាវ​ឲ្យ​បញ្ឈប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។

លោកមេធាវី សំ សុគង់ ដែល​ទទួល​ការ​ពឹង​ពាក់​ធ្វើ​ជា​មេធាវី​របស់​យុវជន សួង នាគព័ន្ធ​ដែរ​នោះ ឲ្យ​ដឹង​ថា តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ដូច​យុវជន គង់ រ៉ៃយ៉ា ដែរ ប៉ុន្តែ​តុលាការ បាន​បញ្ជូន ទៅ​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន​វិញ ដើម្បី​បន្ត​នីតិវិធី​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែកក្កដា។ ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​យុវជន សួង នាគព័ន្ធ នេះ ក៏​មិន​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែរ ព្រោះគ្មានអង្គហេតុណាដែលបង្ហាញថា កូនក្តីរបស់លោក ពាក់ព័ន្ធនឹងបទញុះញង់​នោះទេ៖ «វា​ជា​ការ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​គាត់​ទាំង​អស់ ដូច្នេះ​មិន​មានអី​ខុស​នោះ​ទេ»

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​លោក សួង នាគព័ន្ធ និង​សកម្មជន​បរិស្ថាន​កូន​ភ្លោះ​ពីរ​នាក់​បង​ប្អូន​ឈ្មោះ ជុំ ហួត ជុំហួរ កាល​ពី​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ក្នុង​ពេល​ចូល​ទៅ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញានក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ កាល់តិច ជិត​ស្តុប​បូកគោ ដែល​ជា​ទីតាំង​ឃាតកម្ម​បណ្ឌិត កែម ឡី កាល​ពី ៣ឆ្នាំ​មុន។ លោក ជុំ ហួត និង លោក ជុំ ហួរ ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ​កាល​ពី​ព្រលប់ ថ្ងៃ​ទី១០ ខែ​កក្កដា ប៉ុន្តែ​អាជ្ញាធរ​បន្ត​ឃុំ​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ សួង នាគព័ន្ធ ដោយ​ចោទ​ប្រកាន់​ថា​យុវជនម្នាក់នេះ ចែក​ខិត​ប័ណ្ណ​ញុះញង់។

សកម្មជន​បរិស្ថាន​លោក ជុំ ហួរ ប្រាប់​អាស៊ី​សេរី​ថា លោក សួង នាគព័ន្ធ គ្រាន់​តែ​កាន់​ខិត្តប័ណ្ណ​នោះ នៅ​ក្នុង​ដៃ ហើយ​មិន​បាន​ចែកចាយ​នោះ​ទេ ប៉ុន្តែ​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​បាន​សុំ​ខិតប័ណ្ណ​នោះ​ទៅ មើល​ជា​បន្ត​បន្ទាប់។

ប្រធាន​ក្រុមអ្នកច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន ទទួល​ស្គាល់​ថា បើ​គ្រាន់​តែ​លក់​អាវ​យឺត ដែល​មាន​ទ្រឹស្តី និង​រូប​របស់​បណ្ឌិត កែម ឡី មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ។ ប៉ុន្តែ​លោក ក៏​មិន​ដឹង​ថា តុលាការ និង​សមត្ថកិច្ច​មាន​ភស្តុតាង​អ្វី​ផ្សេង​ទៀត​នោះ​ទេ៖ «ទស្សនៈ​របស់ខ្ញុំ​គ្រាន់តែ​រឿង​ប៉ុណ្ណឹង ​គ្រាន់​តែ​លក់អាវ ​និង​ដក​ស្រង់ ពាក្យ​សម្តី​របស់​នរណា​ម្នាក់ ​គឺ​មិន​មែន​ជា​បទ​ល្មើសទេ។ និយាយ​រួម​ទៅ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ ល្មើស​ជា​អាទិ៍​ ទាល់​តែ​មាន​ខ្លឹមសារ​ជាក់​ស្តែង​ថា​ញុះញង់​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្តស្អី​មួយ​ ហើយ​អំពើ​នោះ ​ជា​អំពើ​ឧក្រិដ្ឋ ​ទើប​បាន​មាន​ទោស​ពី​បទ​ហ្នឹង »។

លោកមេធាវីចាស់វស្សារូបនេះ បន្តថា ចំពោះ​ករណី​យុវជន សួង នាគព័ន្ធវិញ ប្រសិន​បើ​គ្រាន់​តែ​ដាក់ កម្រង​ផ្កា​បង្ហាញ​ការ​គោរព​ចំពោះ​មនុស្ស ដែល​គាត់​ស្រឡាញ់​នឹក​រលឹក និង​ចែក​ខិត្តប័ណ្ណ​បែប​នេះ ក៏ មិន​ខុស​នឹង​ច្បាប់​ដែរ ព្រោះ​វា​ជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ប៉ុណ្ណោះ៖ « បើ​គ្រាន់​តែ​ជា​ការ​សរសេរ​អក្ស​អីចឹងៗ វា​គ្រាន់​តែ​ជា​​មតិ​ទេ ហើយ​ក្នុង​ករណី​ដែល​គេ​បក​ស្រាយ​ទៅ​ជា​ការ​ញុះញង់​នោះ ​ ខ្ញុំគិតថា ​តុលាការ​ថ្នាក់លើ​គួរ​តែ​មាន​ការ​បក​ស្រាយ​មួយ​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​ប្រសិន​បើជាមតិ​ ហើយ​បែរ​ជា​ស្អីៗ ក៏​ញុះញង់​នោះ​ វា​ក្លាយ​ទៅ​ ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ទៅ​វិញ​ទេ »

រីឯនាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ​លោក​ អំ​ សំអាត​ លើកឡើង​ថា ចំណាត់ការ​លើ​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នេះ មិន​សម​ទំនង​នោះ​ទេ ព្រោះ​ទង្វើ​របស់​ពួក​គេ ពុំ​មាន​ធាតុ​ផ្សុំ​នៃ​បទ​ល្មើស ហើយ​ពុំ​មាន​ការ​ចលាចល​ណា​មួយ​កើត​ពី​អំពើ​របស់​ពួក​គាត់ ដូច​ការ​ចោទ​នោះ​ទេ។ លោក អំ សំអាត យល់​ថា តុលាការ និង​សមត្ថកិច្ច គួរ​តែ​ខិតខំ​ស្វែង​រក​ឃាតក​ពិត និង​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​ផ្តន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​បណ្ឌិត កែម ឡី និង​អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី៖ «វាដូចជា​មិនមាន​ការញុះញ៉ង់​ការបង្ក​ឲ្យមាន​ភាព​ចលាចល​អី សោះ​ ។ចឹង​ខ្ញុំ​គិតថា​ការ​ចោទប្រកាន់​វាមិនមានមូលដ្ឋាន​វាមិនមានភស្តុតាំង​អីគ្រប់​គ្រាន់ទេ​ ។​យើង​ មានការ​សោកស្តាយ​ដែរ​។តែផ្ទុយ​ទៅវិញ ការចោទប្រកាន់នេះ​វាធ្វើឲ្យ​ប៉ពាល់​ទៅដល់សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ » ។​

យុវជន គង់ រ៉ៃយ៉ា និង​យុវជន សួង នាគព័ន្ធ គឺ​ជា​អ្នក កែម ឡីនិយម និង​ជា​អ្នក​មាន​និន្នាការ​គាំទ្រ គណបក្ស​ប្រឆាំង ហើយ​លោក​ទាំង​ពីរ តែង​តែ​បង្ហោះ​សារ​រិះគន់​ភាព​អយត្តិធម៌​សង្គម និង​ភាពអសកម្ម​របស់​របប​ក្រុង​ភ្នំពេញ។ លោក គង់ រ៉ៃយ៉ា ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ រយៈ​ពេល ១ឆ្នាំ​កន្លះ​ម្តង​រួច​មក​ហើយ ក្រោម​បទ​ចោទ​ប្រកាន់​ដូច​គ្នា ករណី​បង្ហោះ​សារ​លើ​បណ្តាញ សង្គម​បង្ហាញ​ពី​បំណង​ធ្វើ​បដិវត្តន៍​ពណ៌ ដោយសារ​មើល​ឃើញ​ភាព​អយុត្តិធម៌កើត​ឡើង​ច្រើន​នៅ​ក្នុង​សង្គម។ លោក​ត្រូវ​បាន​ដោះ​លែង​វិញ កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ២០១៧។ ចំណែក​យុវជន សួង នាគព័ន្ធវិញ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ ឃាត់​ខ្លួន​ពីរ​លើក​រួច​មក​ហើយ ករណី​ពាក់​អាវ​អ្នក​ទោស​តវ៉ា​មុខ រដ្ឋសភា​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្នុង​ឆ្នាំ២០១៥ និង ករណី​រៀបចំ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ក្នុង​ឆ្នាំ២០១៧ ។ ប៉ុន្តែ​លោក​ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​វិញ​ទាំង​ពីរ​លើក។

កាលពី​ថ្ងៃ​ទី១០ ខែ​កក្កដា អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស (CHRAC) បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ​ការ​ចាប់​ខ្លួន ​យុវជន ​គង់ ​រ៉ៃយ៉ា និង​យុវជន សួង នាគព័ន្ធ គឺ​ជា​ការ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ។ សេចក្តី​ថ្លែង​ការណ៍​បន្តថា ​ផ្អែក​តាម​គោល​ការណ៍​សកល​ស្តីពី​សិទ្ធិ​មនុស្ស គឺ​សកម្មភាព​របស់​ពួក​គាត់​ មិន​ខុស​ច្បាប់​អ្វីទេ ​ដូច្នេះ​ការ​ចោទ​ប្រកាន់ ​របស់​អាជ្ញាធរ​ គឺ​មិន​សម​ទំនង​ទាល់​តែ​សោះ និង​ជា​ការ​រំលោភ​សិទ្ធិ បញ្ចេញ​មតិ​ធ្ងន់ធ្ងរ។ អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​ ស្នើ​សុំ​ឲ្យ​ដោះ​លែង​យុវជន ​គង់ រ៉ៃយ៉ា ​និង​លោក សួង នាគព័ន្ធ ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ និង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​បញ្ចេញមតិ​ និង​សិទ្ធិ​ជួប​ជុំ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។