CPJ ទាមទារ​ឲ្យ​ដោះលែង​អ្នក​សារព័ត៌មាន​លោក យួន ឈីវ ដោយ​គ្មាន​លក្ខខណ្ឌ

គណៈកម្មាធិការ​ការពារ​អ្នកកាសែត (CPJ) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​សារព័ត៌មាន​អនឡាញ (Online) កោះកុង​ទាន់​ហេតុការណ៍ ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​គ្មាន​លក្ខខណ្ឌ និង​បញ្ឈប់​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ដល់​អ្នកកាសែត។

ការ​ទាមទារ​ឲ្យ​ដោះលែង​នេះ ធ្វើឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍ របស់​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត (CPJ) កាលពី​ថ្ងៃទី​១ ខែ​តុលា បន្ទាប់​ពី​តុលាការ​ខេត្ត​កោះកុង បាន​បើក​សវនាការ​យ៉ាង​ប្រញាប់ប្រញ៉ាល់ ដើម្បី​កាត់ទោស​ឲ្យ​លោក យួន ឈីវ ជាប់​ពន្ធនាគារ​មួយឆ្នាំ និង​ផាកពិន័យ​ជា​ប្រាក់​១​លាន​រៀន ឬ​ស្មើ​៥​០០​ដុល្លារ ពី​បទ​ញុះញង់ ក្រោយ​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្តឹង​អ្នកសារព័ត៌មាន​អនឡាញ​រូប​នេះ។

លោក យួន ឈីវ កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា បាន​បង្ហោះ​ព័ត៌មាន​ជុំវិញ​រឿង​វិវាទ​ដីធ្លី នៅ​ស្រុក​បុទុមសាគរ រវាង​អភិបាលរង​ខេត្ត​កោះកុង លោក សុខ សុទ្ធី ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​។ លោក យួន ឈីវ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី មុន​ចាប់ខ្លួន​ថា ព័ត៌មាន​ដែល​ចុះផ្សាយ​នេះ​គឺជា​រឿង​ពិត​។ ទោះជា​យ៉ាងនេះ​ក្ដី លោក​បាន​ធ្វើ​លិខិត​សុំ​អភ័យទោស និង​បាន​លុបចោល​អត្ថបទ​និង​វីដេអូ ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថែម​ទៀត។

តំណាង​គណៈកម្មាធិការ​ការពារ​អ្នកកាសែត នៅ​តំបន់​អាស៊ី​អាគ្នេយ៍ លោក ស៉ន គ្រីសពីន (Shawn Crispin) បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ការ​ផ្តន្ទាទោស​លោក យួន ឈីវ ពី​បទ​ញុះញង់​នេះ គឺជា​ការរំលោភ​លើ​សិទ្ធិ​សេរីភាព របស់​អ្នក​សារព័ត៌មាន​។ រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ឈប់​ការរារាំង និង​ការ​ផ្ដន្ទាទោស​ដល់​អ្នក​កាសែត​ឯករាជ្យ ដែល​រាយការណ៍​និង​ចុះផ្សាយ​អត្ថបទ​នានា។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​របប​ក្រុងភ្នំពេញ កំពុង​ប្រើប្រាស់​បទ​ចោទ​ព្រហ្មទណ្ឌ ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ដើម្បី​ធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​ឯករាជ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។