ជន​ពិការ​ស្នើសុំ​បណ្ដាញ​ផ្សព្វផ្សាយ​បើក​ទូលាយ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

0:00 / 0:00

ជន​ពិការ និង​អង្គការ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជន​ពិការ​នៅ​កម្ពុជា លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ បាន​បង្កើត​ឡើង​រយៈពេល ៦​ឆ្នាំ​ហើយ ប៉ុន្តែ​ការ​អនុវត្ត​នៅ​មិន​ទាន់​បាន​ទូលាយ​នៅ​ឡើយ។

ជាក់ស្តែង ជន​ពិការ​គ្រប់​ប្រភេទ​នៅ​តែ​មិន​អាច​ទទួល​បាន​ព័ត៌មាន​ពី​បណ្ដាញ​ផ្សព្វផ្សាយ​នានា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទទួល​បាន​ឱកាស​ការងារ និង​មិន​អាច​ចូលរួម​សកម្មភាព​ការងារ​សង្គម​ពេញលេញ និង​ស្មើ​ភាព​គ្នា​ដូច​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​សង្គម។

ទាំង​ជន​ពិការ និង​អង្គការ​ធ្វើ​ការ​ជាមួយ​ជន​ពិការ​លើក​ឡើង​ថា សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ជន​ពិការ​តាម​បណ្ដា​ទូរទស្សន៍​នៅ​កម្ពុជា ហាក់​មិន​ទាន់​បើក​ទូលាយ ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​ភាគ​ច្រើន មិន​ទាន់​បាន​បញ្ចូល​ភាសា​កាយវិការ និង​អក្សរ​ខ្មែរ​ដែល​ពន្យល់​ពី​ក្រោម​រូបភាព ឬ​ឯកសារ​ផ្សេងៗ។

យុវជន​ពិការ​ជើង​ទាំង​សង​ខាង​មក​ពី​វិទ្យាល័យ​សន្ធរ​មុខ លោក មាន វិបុលរតនៈ បាន​និយាយ​ទាំង​មុខ​ស្រងូតស្រងាត់​ថា បើ​យើង​ប្រៀបធៀប​ជន​ពិការ និង​មនុស្ស​ទូទៅ​ឃើញ​ថា ជន​ពិការ​នៅ​តែ​មាន​គម្លាត​ពី​គ្នា និង​នៅ​តែ​មិន​មាន​ភាព​ស្មើ​គ្នា​នៅ​ក្នុង​សង្គម។ លោក​ថា ជន​ពិការ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​គេ​រើសអើង និង​ទុក​ចោល​មួយ​ឡែក ហើយ​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ជន​ពិការ​បាត់​បង់​ឱកាស​ក្នុង​កិច្ចការ​អភិវឌ្ឍ​សង្គម។ យុវជន វិបុលរតនៈ ឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​ជា​យើង​ដឹង​ថា ព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្តី តែ​ផ្ទុយ​ទៅ​វិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​តែ​មើល​រំលង និង​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ​នៅ​ឡើយ។

យុវជន​ពិការ​ជើង​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា បើ​ទោះ​ជា​ជន​ពិការ​មិន​មាន​កាយ​សម្បទា​ដូច​មនុស្ស​ទូទៅ​ក្តី ក៏​មិន​មែន​មាន​ន័យ​ថា ជន​ពិការ​មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​បាន​នោះ​ដែរ។ យុវជន​ពិការ​ជើង​រូប​នេះ ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក យក​ចិត្ត​ទុក​ដាក់​លើ​ជន​ពិការ​នៅ​កម្ពុជា៖ «ខ្ញុំ​ចង់​ឲ្យ​គ្រប់​បណ្ដា​ផ្សព្វផ្សាយ​ទាំងអស់​នៅ​កម្ពុជា ត្រូវ​តែ​គិត​ថា ជន​ពិការ​ក៏​មាន​បេះដូង និង​អារម្មណ៍​ដូច​មនុស្ស​មិន​ពិការ​ដែរ។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ជន​ពិការ»

ស្រប​ពេល​ជាមួយ​គ្នា​នេះ យុវជន​ពិការ​ភ្នែក​ម្នាក់​ទៀត លោក ចាប់ តូ បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​ពិការ​ភ្នែក កន្លង​មក​ការ​ទទួល​ព័ត៌មាន​របស់​លោក​ភាគ​ច្រើន​តាម​ការ​ស្តាប់​សំឡេង​ពី​ទូរទស្សន៍ និង​វិទ្យុ។ លោក​បាន​សម្ដែង​ក្តី​បារម្ភ​លើ​បញ្ហា​កង្វះ​ព័ត៌មាន​របស់​ជន​ពិការ​ថា នៅ​ពេល​ដែល​ជន​ពិការ​មិន​ទទួល​ព័ត៌មាន​បាន​ទូលំទូលាយ វា​នឹង​បង្ក​ឲ្យ​ជន​ពិការ​ដើរ​មិន​ទាន់​ស្ថានការណ៍​សង្គម ពិសេស​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​បាន​ត្រឹមត្រូវ​ក្នុង​កិច្ចការ​បោះ​ឆ្នោត ជ្រើស​រើស​មេ​ដឹក​នាំ​បាន​ត្រឹមត្រូវ ជាដើម៖ «ជន​ពិការ​រស់នៅ​ពិបាក​ណាស់​ទៅ​ហើយ បើ​អត់​ព័ត៌មាន​ទៀត ជន​ពិការ​នឹង​រឹត​តែ​លំបាក ព្រោះ​ព័ត៌មាន​ធ្វើ​ឲ្យ​ជន​ពិការ​អាច​ដើរ​ទាន់​ស្ថានការណ៍​សង្គម និង​ជ្រើស​រើស​មេ​ដឹក​នាំ​ដើម្បី​កិច្ច​អភិវឌ្ឍន៍​ប្រទេស​បាន​ត្រឹមត្រូវ»

មិន​តែ​ប៉ុណ្ណោះ លោក ចាប់ តូ យុវជន​ពិការ​ភ្នែក​រូប​នេះ បាន​រំឭក​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថា ការ​កង្វះ​ព័ត៌មាន​វា​មិន​ត្រឹម​តែ​បង្ក​ការ​លំបាក​ដល់​ជន​ពិការ​ផ្ទាល់​ទេ តែ​បញ្ហា​នេះ​វា​នឹង​ក្លាយ​ជា​អម្រែក​ដ៏​ធ្ងន់​ចំពោះ​សង្គម​មិន​អាច​ឈាន​ទៅ​រក​ការ​រីក​ចម្រើន។ យុវជន ចាប់ តូ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ព័ត៌មាន គួរ​តែ​គិត និង​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដាក់​បញ្ចូល​ភាសា​កាយវិការ និង​អក្សរ​ខ្មែរ ដែល​ពន្យល់​ពី​ក្រោម​រូបភាព ឬ​ឯកសារ​ផ្សេងៗ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ជន​ពិការ​គ្រប់​ប្រភេទ​នៅ​កម្ពុជា៖ «ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ទាំងអស់ មើល​ការ​ខុស​ត្រូវ​ជន​ពិការ​ផង ព្រោះ​ជន​ពិការ គឺ​ធនធាន​មនុស្ស​នៅ​ក្នុង​សង្គម​ដែរ»

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ឃើញ​ថា​មាន​បណ្ដា​ទូរទស្សន៍​ខ្លះ​នៅ​ក្នុង​ស្រុក បាន​គិតគូរ​ដាក់​ភាសា​សញ្ញា​នៅ​នាទី​ព័ត៌មាន​ខ្លះ​ក្តី តែ​លោក​ឃើញ​ថា នៅ​តែ​មាន​កម្រិត និង​តិចតួច​បំផុត។ លោក ងិន សៅរ័ត្ន បញ្ជាក់​ថា គ្រប់​ស្ថាប័ន​ទូរទស្សន៍​ទាំងអស់​នៅ​ក្រោម​ដំបូល​រដ្ឋាភិបាល មាន​កាតព្វកិច្ច​គោរព​ច្បាប់ និង​អនុវត្ត​តាម​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​របស់​ជន​ពិការ។ លោក​ថា បើ​ទោះ​មិន​ទាន់​មាន​របាយការណ៍​ណា​បង្ហាញ​ថា ជន​ពិការ​ប៉ុន្មាន​នាក់​ដែល​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៅ​ឡើយ តែ​ព័ត៌មាន​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម​របស់​ជន​ពិការ ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​រួច​ផុត​ពី​ការ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស៖ «បច្ចុប្បន្ន ទោះ​បី​ជា​អង្គការ​ជន​ពិការ​កម្ពុជា មាន​វិទ្យុ​ជន​ពិការ​ក្តី តែ​នៅ​តែ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ជន​ពិការ​នោះ​ទេ ព្រោះ​ថា ជន​ពិការ​កម្ពុជា មាន​ទាំង​ពិការ​ភ្នែក គ ថ្លង់ តែ​ផ្ទុយ​ទៅ​វិញ តាម​បណ្ដា​ទូរទស្សន៍​នៅ​ក្នុង​ស្រុក​ជាច្រើន មិន​ទាន់​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ»

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជន​ពិការ​រូប​នេះ​អះអាង​ថា ជន​ពិការ​មិន​មែន​ជា​បន្ទុក​សម្រាប់​សង្គម​ទេ បើ​សិន​មាន​ការ​បើក​ឱកាស​ឲ្យ​បាន​ត្រឹមត្រូវ​ណា​មួយ ឬ​ធ្វើ​ការ​សម្រប​សម្រួល និង​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គេ។ លោក​ថា បញ្ហា​នេះ​រដ្ឋាភិបាល ពិសេស​ក្រសួង​ព័ត៌មាន ត្រូវ​តែ​ធានា​ថា សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ជន​ពិការ ត្រូវ​បាន​បើក​ទូលាយ។

ជន​ពិការ​ដោយ​គ​ថ្លង់ និង​អវយវៈ​ផ្សេង​ចូលរួម​សិក្ខាសាលា​ថ្នាក់​ជាតិ នា​រាជធានី​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥។
ជន​ពិការ​ដោយ​គ​ថ្លង់ និង​អវយវៈ​ផ្សេង​ចូលរួម​សិក្ខាសាលា​ថ្នាក់​ជាតិ នា​រាជធានី​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥។ (RFA/Sireymuny)

សន្និសីទ​កាសែត​អបអរ​សាទរ​ខួប ៦​ឆ្នាំ​នៃ​ការ​បង្កើត​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដែល​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា កន្លង​ទៅ ជន​ពិការ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​នោះ ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​លើ​សិទ្ធិ​ទទួល​ព័ត៌មាន​ចំពោះ​ជន​ពិការ ព្រោះ​ថា ជន​ពិការ​មាន​ប្រមាណ​ជាង ១០% ទៅ ១៥% ដែល​ស្មើ​នឹង ១​លាន ៥​សែន​នាក់​នៅ​ក្នុង​ប្រទេស។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដើម្បី​ដឹង​ពី​ចំណាត់​ការ​យ៉ាង​ណា ជុំវិញ​រឿង​កង្វះ​ព័ត៌មាន​របស់​ជន​ពិការ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា។

ប៉ុន្តែ​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ស្វែងរក​អនុសាសន៍ ដើម្បី​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន​របស់​ជន​ពិការ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៤ អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ធ្លាប់​មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​ដែល​បណ្ដាល​ឲ្យ​ជន​ពិការ​មិន​ទាន់​ទទួល​បាន​ទូលាយ ដោយសារ​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​ជា​របស់​ឯកជន ហើយ​មាន​តែ​ស្ថានីយ​ទូរទស្សន៍​ជាតិ និង​បាយ័ន ដែល​បាន​ផ្សាយ​ភ្ជាប់​ជាមួយ​ភាសា​កាយវិការ​សម្រាប់​ជន​ពិការ។ លោក​ឲ្យ​ដឹង​ថា ស្ថានីយ​ឯកជន​មួយ​ចំនួន​អះអាង​ថា ខ្វះ​អ្នក​ដែល​មាន​ជំនាញ​បកប្រែ​ភាសា​កាយវិការ ខណៈ​ស្ថានីយ​ទាំង​នោះ​មិន​ទាន់​បើក​ទូលាយ​ទទួល​យក​ជន​ពិការ​ឲ្យ​ធ្វើ​ការ​នៅ​ឡើយ។

ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព​របស់​រដ្ឋាភិបាល ឆ្នាំ​២០១៤-២០១៨ បង្ហាញ​ថា រដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​១០ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​លើ​ជន​ពិការ រួម​មាន ផ្តល់​សេវា​សុខភាព​ប្រកប​ដោយ​គុណភាព និង​សមភាព ផ្តល់​សេវា​យុត្តិធម៌ ការពារ​ការ​រើសអើង ការ​រំលោភ​បំពាន ការ​ប្រមាថ ការ​កេង​ប្រវ័ញ្ច ការ​អប់រំ ការ​ចូលរួម​ក្នុង​ការ​សម្ដែង​មតិ និង​ការ​ទទួល​បាន​ព័ត៌មាន​របស់​ជន​ពិការ។

នៅ​ក្នុង​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ មាត្រា​៣២ បាន​ចែង​ថា គ្រប់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់ ត្រូវ​តែ​គិតគូរ និង​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ជន​ពិការ និង​ស្រប​ទៅ​តាម​ពិការភាព​គ្រប់​ប្រភេទ។

ទោះ​ជា​យ៉ាង​ណា ជន​ពិការ​នៅ​តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ បើក​ទូលាយ​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ជន​ពិការ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ព្រោះ​ជន​ពិការ​មាន​សិទ្ធិ​ដូច​ជន​មិន​ពិការ​ដែរ និង​មិន​ត្រូវ​ទុក​ជន​ពិការ​ឲ្យ​នៅ​ដាច់​ដោយឡែក​នោះ​ទេ ដើម្បី​ជន​ពិការ​មាន​សកម្មភាព និង​សំឡេង​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម ឲ្យ​ស្រប​ទៅ​តាម​ចំណុច​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។