អតីត​បុគ្គលិក​អាស៊ី​សេរី​ស្នើសុំ​តុលាការ​ឱ្យ​លើក​ពេល​សវនាការ​សំណុំ​រឿង​វីដេអូ​អាស​អាភាស​ទៅ​ថ្ងៃ​ក្រោយ

0:00 / 0:00

អតីតបុគ្គលិក​អាស៊ីសេរីដែល​រង​ការ​ចោទប្រកាន់ក្នុង​សំណុំ​រឿងពីរ​​ផ្សេង​គ្នា​នោះ ស្នើ​ឱ្យ​តុលាការ​ក្រុង​​ភ្នំពេញ​​កំណត់​ថ្ងៃជំនុំ​ជម្រះសំណុំ​រឿង​ទាំងពីរ​ដោយ​ឡែក​​ពីគ្នា ដើម្បី​​ឱ្យ​​សវនាការសំណុំ​រឿង​នីមួយៗ​មាន​​​ភាព​យុត្តិធម៌។​ អ្នក​ការពារសិទ្ធិមនុស្ស​យល់​ថា តុលាការ​មិន​គួរ​ដាក់​សំណុំ​​រឿង​ទាំងពីរ​​ជម្រះក្នុង​ថ្ងៃតែមួយ​នោះឡើយ ព្រោះ​អាច​បាត់​​ប្រយោជន៍​​របស់​​ជនជាប់​ចោទ។

មេធាវីការពារក្តីឱ្យ​អតីត​បុគ្គលិក​អាស៊ី​សេរី​លោក សំ ចំរើន ថ្លែង​នៅ​ថ្ងៃ​ទី៨ កក្កដា​ថា សវនាការ​រឿង​ក្តី​ពីរ​ក្នុង​​ថ្ងៃ​តែមួយ​​ដោយ​ប្រើ​ពេល​​មួយ​ព្រឹក​​ គឺ​ជា​រឿង​មួយ​ដ៏​​ប្រថុចញ៉ុច ដែល​អាច​ប៉ះពាល់​ដល់​យុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក។ លោក​​បន្ថែម​ថា សវនាការ​បែបនេះ​ហាក់​ដូច​ជា​ការ​ដាក់​បន្ទុក​​កូន​ក្តី​របស់​លោក​វិញ ជាជាង​ដំណើរ​ការ​រក​យុត្តិធម៌​​ពិត​ប្រាកដ។ លោក​​បញ្ជាក់​ថា លោក​នឹង​ដាក់​លិខិត​ស្នើសុំ​ឱ្យ​ចៅក្រម​​ជំនុំ​ជម្រះ​​លើក​ពេល​​សវនាការ​សំណុំ​រឿង​ទីពីរ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​អាស​អាភាស​នោះ ទៅ​ថ្ងៃក្រោយ​​វិញ ដើម្បី​ឱ្យ​​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ដេញ​​ដោល​បទ​ចោទ​រឿង​ចារកម្ម«យើង​យល់​ថា ធ្វើ​បែប​ហ្នឹង​ វា​ដូច​ជា​​រក​​យុត្តិធម៌​ដោយ​ប្រញិបប្រញាប់​ពេក​​ អ៊ីចឹង​មិន​ល្អ​ប៉ុន្មាន​ទេ។ អ៊ីចឹង​យើង​សុខ​​ចិត្ត​ថា ឱ្យ​​តុលាការ​លើក​ទៅ​ពីរ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ថ្ងៃ​ហ្នឹង ឬក៏​មួយ​ខែ ក៏​យើង​យល់​ថា មិន​ជា​យូរ​ណាស់​ណា​ដែរ»

សាលាដំបូង​រាជធានីភ្នំពេញនឹង​លើក​យក​សំណុំ​រឿង​អតី​បុគ្គលិក​អាស៊ីសេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ​ ទៅ​ជំនុំ​ជម្រះនៅព្រឹក​​ថ្ងៃទី២៦ កក្កដា ខាងមុខ។ សមាសភាព​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ មាន​ដូច​ជា​ ចៅក្រម​ អ៊ឹម វណ្ណៈ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ អម​ដោយ​ចៅក្រម​ពីរ​រូប​ផ្សេង​ទៀត តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក សេង ហៀង និង​ក្រឡាបញ្ជីសវនាការលោក វុន សុជាតិ។

តុលាការ​គ្រោង​​ជំនុំ​ជម្រះ​សំណុំ​រឿង​ទាំងពីរ​ដែល​បាន​ចោទប្រកាន់​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​តែ​មួយ​តែ​ម្តង នោះ​គឺ​​សំណុំ​រឿង​ធ្វើ​ចារកម្ម និង​ការ​ផលិត​វីដេអូ​អាស​អាភាស​។

អាស៊ី​សេរី​មិន​​អាច​ទាក់ទង​ចៅក្រម​ អ៊ឹម វណ្ណៈ ដើម្បី​សាកសួរ​អំពី​រឿងនេះ​បាន​ទេនៅថ្ងៃទី៨ កក្កដា ដោយ​លោក​​មិន​លើក​ទូរស័ព្ទ។

អតីត​បុគ្គលិក​អាស៊ីសេរី​លោក យាង សុធារិន ថ្លែង​ថា លោក​​ចង់​ឱ្យ​​តុលាការ​ជំនុំ​ជម្រះ​រឿង​ក្តី​ទាំងពីរ​​ឱ្យ​បាន​ឆាប់ ក៏​​ប៉ុន្តែ​មិន​មែន​​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​​ដូច​ការ​កំណត់​របស់​តុលាការ​បែប​នេះ​ឡើយ។ លោក​​បារម្ភ​ថា ការ​ប្រើ​​ពេល​មួយ​ព្រឹក​​ដើម្បី​ជម្រះ​​រឿង​ក្តី​ពីរ​បែប​នេះ តុលាការ​អា​ច​នឹង​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ដេញ​ដោល​ភាគី​​ពាក់ព័ន្ធ​ ដូច្នេះ​ជម្រើស​ល្អ​បំផុត​ គឺ​ការ​លើក​ពេល​​សំណុំ​​រឿង​ទីពីរ​ទៅ​ថ្ងៃ​ក្រោយ​វិញ«ការដែល​យើង​​ស្នើ​ឱ្យ​លើក​សំណុំ​រឿង​ទាក់ទង​នឹង​អាសអាភាស​ទៅ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត​ហ្នឹង មិន​មែន​មានន័យ​ថា យើង​ខ្ញុំ​​គេចវេះ​មិន​ចង់​ឱ្យ​តុលាការ​លើក​​រឿង​ហ្នឹង​មក​ជំនុំ​ជម្រះ​នោះ​ទេ។ ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង បើ​យើង​អត់​មាន​ពេល​វេលា​គ្រប់គ្រាន់ ហើយ​យើង​ធ្វើ​ដោយ​ប្រថុចញ៉ុច អា​ហ្នឹង​វា​មិន​មែន​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ច្បាស់លាស់។ វា​មិន​មែន​ជា​រឿង​មួយ​ល្អ អ៊ីចឹង​ហើយ​បាន​ជា​យើង​ចង់​ឱ្យ​តុលាការ​ផ្ដល់​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​សំណុំ​រឿង​ទាំង​ពីរ»

អតីតបុគ្គលិក​អាស៊ីសេរីពីររូប គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​របបក្រុង​ភ្នំពេញចាប់​ខ្លួន​​ កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិ​កា ឆ្នាំ ២០១៧ កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ស្ទូឌីយូថតចម្រៀង​ដោយ​គ្មាន​​ការ​អនុញ្ញាត។​ ក៏​ប៉ុន្តែ​ក្រោយ​មក​ អាជ្ញាធរបែរ​ជា​​ចោទ​អ្នក​ទាំង២ ពី​បទ " ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន​ជាអាទិ៍​ដែលនាំឱ្យអន្តរាយដល់ការ​ការពារជាតិ " ទៅវិញ ​ដែលបទ​ចោទនេះ​​​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ឱ្យ​ពួក​លោក​មាន​ទោសមែន​នោះ។

ក្រៅពី​ចោទរឿង​ធ្វើ​ចារកម្ម​នេះហើយ តុលាការ​​បាន​បន្ថែម​បទចោទ​ថ្មី​មួយ​ទៀតលើ​អ្នក​ទាំងពីរ គឺ​ការ​ផលិតវីដេអូ​អាសអាភាស បន្ទាប់​ពី​អាជ្ញាធរ​អះអាងថា ពួក​គេ​បាន​រក​ឃើញ​ភស្តុតាង​មួយ​ចំនួនពាក់ព័ន្ធ​នឹង​បទល្មើស​នេះ នៅក្នុង​កុំព្យួទ័រ​របស់លោក អ៊ូន ឈិន។ សំណុំ​រឿង​ទីពីរនេះ មាន​ប្រព័ន្ធឃោសនាស្និទ្ធនឹង​របបក្រុង​ភ្នំពេញជា​អ្នកបញ្ចេញ​ព័ត៌មាន និង​ផ្សាយ​ ដែល​អ្នក​សង្កេត​ការណ៍​​ចាត់​ទុក​ថា ជា​ការ​ដាក់បន្ទុក​លើ​អ្នក​ទាំងពីរ ដែល​​ផ្ទុយ​ទៅ​នឹង​គោលការណ៍​រក្សា​ការ​សម្ងាត់​នៃ​សំណុំ​រឿង។ បទ​ចោទ​ទីពីរ​នេះ មាន​កម្រិត​ទោស​អតិបរមារយៈពេល ១ឆ្នាំ ក្នុង​ពន្ធនាគារ។

នាយក​រង​ទទួល​​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា តុលាការ​ក្រុង​ភ្នំពេញ​គួរ​តែ​ផ្តោត​អាទិភាព​លើ​​សំណុំ​រឿង​ធ្វើ​ចារកម្ម​មុន​ ពីព្រោះនេះ​ជារឿង​ធំដែល​មជ្ឈដ្ឋាន​​ជាតិ និង​​អន្តរជាតិ​កំពុង​តាម​​ដាន។ ចំណែក​សំណុំ​រឿង​ទីពីរវិញ លោក​ថា តុលាការ​អាច​លើក​​យក​ទៅ​ជំនុំ​ជម្រះនៅពេល​ក្រោយ​​វិញក៏​បាន ដើម្បី​ទុក​​ពេល​សួរ​ដេញដោល​សំណុំ​រឿង​ទីមួយ​​ឱ្យ​​បាន​គ្រប់គ្រាន់«បើ​យើង​មើល​ទៅលើ​អង្គហេតុ និង​បទ​ចោទ​​ គឺ​អ្នក​​ទាំងពីរ​មិន​អាច​នឹង​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំងពីរ​បទល្មើស​ហ្នឹង​តែ​ម្តង។ មិន​មាន​ភស្តុតាង​ណាមួយ​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់ ហើយ​និង​ដាក់​បន្ទុក​ទេ អ៊ីចឹង​ក្នុង​រឿង​នេះ​ គេ​មើល​ឃើញ​ថា មនុស្ស​​ទាំងពីរ​ត្រូវ​តែ​​រួច​ផុត​អំពី​បទ​ចោទ​ហ្នឹង ហើយ​មាន​សេរីភាព​ពេញលេញ​វិញ»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាងថា លោក លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ គឺ​​ជា​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​​ឥតស្រាកស្រាន្ត​របស់​លោក ហ៊ុន សែន ទៅលើស្ថាប័ន​ព័ត៌មាន​ ដែល​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ ​ទាម​ទារ​ឱ្យ​របបក្រុង​ភ្នំពេញ​ ទម្លាក់​ចោល​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ីសេរីនេះ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ស្ថាប័នព័ត៌មាន និង​អ្នក​កាសែត​បន្ត​ទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។