ក្រុមប្រឹក្សាអឺរ៉ុបអនុម័តជាផ្លូវការនូវសេចក្ដីសម្រេច និងបញ្ញត្តិ ដែលបើកផ្លូវទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងទង្វើរំលោភសិទ្ធិមនុស្សនៅលើពិភពលោក។ ក្របខ័ណ្ឌថ្មីរបស់សហភាពអឺរ៉ុបនេះ ស្រដៀងគ្នាទៅនឹងច្បាប់ Global Magnitsky Act របស់សហរដ្ឋអាមេរិកដែរ គឺប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមេដឹកនាំ ឬអ្នកដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅប្រទេសដទៃ។ សង្គមស៊ីវិលជឿថា រដ្ឋាភិបាលកម្ពុជាអាចនឹងរងទណ្ឌកម្មបន្ថែមទៀតពីសហភាពអឺរ៉ុប ប្រសិនបើស្ថានការណ៍សិទ្ធិមនុស្សនៅតែយ៉ាប់យ៉ឺនដូចពេលបច្ចុប្បន្ន។
សហភាពអឺរ៉ុបអះអាងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៧ ធ្នូថា នេះជាលើកដំបូងហើយសម្រាប់សហភាពអឺរ៉ុបដែលមានក្របខ័ណ្ឌផ្ទាល់ខ្លួន អនុញ្ញាតឱ្យកំណត់គោលដៅបុគ្គល អង្គភាព និងស្ថាប័ន ទាំងរដ្ឋ និងមិនមែនរដ្ឋ ដែលទទួលខុសត្រូវ ជាប់ពាក់ព័ន្ធ ឬក៏មានការទាក់ទងនឹងទង្វើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅទូទាំងពិភពលោក។
វិធានការទណ្ឌកម្មរបស់សហភាពអឺរ៉ុបនេះ នឹងត្រូវអនុវត្តប្រឆាំងនឹងសកម្មភាពរំលោភសិទ្ធិមនុស្សច្រើនយ៉ាង មានជាអាទិ៍ អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត ក្នុងនោះរួមមាន ទារុណកម្ម ទាសភាព ការសម្លាប់ក្រៅច្បាប់ ការចាប់ខ្លួន ឬឃុំឃាំងតាមទំនើងចិត្ត ជាដើម។ ការបំពារបំពាន ឬរំលោភសិទ្ធិមនុស្ស ដែលរីករាលដាល មានលក្ខណៈជាប្រព័ន្ធ ឬបង្កជាក្តីបារម្ភខ្លាំង ដូចដែលមានចែងក្នុងគោលនយោបាយសន្តិសុខ និងការបរទេសរបស់អឺរ៉ុប ក៏ត្រូវរងទណ្ឌកម្មក្រោមក្របខ័ណ្ឌថ្មីរបស់សហភាពអឺរ៉ុបនេះដែរ។
តាមរយៈសេចក្ដីសម្រេចថ្មីនេះ សហភាពអឺរ៉ុបអាចដាក់ចេញនូវវិធានការទណ្ឌកម្មមួយចំនួន រួមមាន បម្រាមលើការធ្វើដំណើរចំពោះបុគ្គល និងការបង្កកទ្រព្យសម្បត្តិទាំង ចំពោះបុគ្គល និងអង្គភាព។ ជាងនេះទៅទៀត ពលរដ្ឋ និងអង្គភាពនានា នៅទូទាំងសហភាពអឺរ៉ុប នឹងត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធរឿងលុយកាក់ជាមួយនឹងជន ឬអង្គភាពទាំងឡាយណា ដែលមានឈ្មោះក្នុងបញ្ជីទណ្ឌកម្មនោះឡើយ មិនថាដោយផ្ទាល់ ឬដោយប្រយោលនោះទេ។
ក្រុមប្រឹក្សាអឺរ៉ុប គឺជាអ្នករៀបចំ ត្រួតពិនិត្យ និងកែប្រែបញ្ជីដាក់ទណ្ឌកម្ម ស្របតាមសំណើពីរដ្ឋសមាជិកអឺរ៉ុប ឬពីតំណាងជាន់ខ្ពស់ផ្នែកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុបសង្កត់ធ្ងន់ថា សេចក្ដីសម្រេចថ្មីនេះបញ្ជាក់ច្បាស់ថា ការលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅតែជាគ្រឹះ និងអាទិភាពនៃសកម្មភាពការបរទេសរបស់សហភាពអឺរ៉ុប ហើយនិងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការឆ្លើយតបទៅនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា សាទរចំពោះសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុប ព្រោះនេះបង្ហាញថា សហភាពអឺរ៉ុបឱ្យតម្លៃខ្ពស់ដល់ការគោរពសិទ្ធិមនុស្ស ហើយចង់ឱ្យប្រទេសទាំងឡាយ ដែលនិយមការរំលោភសិទ្ធិមនុស្ស ឱ្យបញ្ឈប់ទង្វើទាំងនេះ។
ទោះជាយ៉ាងណា លោក មឿន តុលា ថ្លែងថា បញ្ញត្តិថ្មីនេះក៏បង្កជាក្ដីបារម្ភសម្រាប់កម្ពុជាដែរ ពីព្រោះកម្ពុជាកំពុងជាប់ឈ្មោះក្នុងបញ្ជីនៃប្រទេសដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ ហើយចំណុចទាំងនេះមានបញ្ជាក់ច្បាស់នៅក្នុងរបាយការណ៍របស់សហភាពអឺរ៉ុប និងអ្នកជំនាញអង្គការសហប្រជាជាតិ៖ « មែនទែន បើកម្ពុជាត្រូវបានអឺរ៉ុបដាក់ទណ្ឌកម្មណាមួយផ្អែកលើបទបញ្ញត្តិថ្មីនេះ វាមិនមែនតែរឿងកម្ពុជាមានបញ្ហាជាមួយទីផ្សារអឺរ៉ុបនោះទេ កេរ្តិ៍ឈ្មោះរបស់កម្ពុជាហ្នឹង វាអាចត្រូវបានបំផ្លាញទូទាំងសាកលតែម្ដងលើទីផ្សារផ្សេងៗ ទៀត ជាពិសេស គឺសម្ពន្ធមិត្តរបស់ប៉ូលសេរីហ្នឹងឯង។ នេះដែលខ្ញុំគិតថា កម្ពុជាគួរតែប្រញាប់ដោះស្រាយបញ្ហាសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យហ្នឹង ដោយប្រុងប្រយ័ត្នបំផុត ហើយឱ្យមានប្រសិទ្ធភាព ហើយឱ្យគេអាចជឿជាក់បានថា យើងពិតជាដើរលើគន្លងកិច្ចព្រមព្រៀងក្រុងប៉ារីស និងគន្លងរដ្ឋធម្មនុញ្ញ ដែលយើងបានចែងយ៉ាងរឹងមាំអំពីការគោរពសិទ្ធិមនុស្ស គោរពប្រជាធិបតេយ្យនោះ » ។
ប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនធ្វើអត្ថាធិប្បាយរឿងនេះទេ ដោយលោកថា មិនទាន់បានឃើញសេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប។ លោកបង្វែរសំណួរទាក់ទងនឹងរឿងនេះទៅក្រសួងការបរទេស ឬគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវិញ។
អាស៊ីសេរីបានទាក់ទងទៅអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប៉ុន្តែពួកលោកមិនលើកទូរស័ព្ទទេ នៅថ្ងៃទី៨ ធ្នូ។
ទោះជាយ៉ាងណា របបលោក ហ៊ុន សែន និងមន្ត្រីរបបនេះ បានទទួលរងទណ្ឌកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាបន្តបន្ទាប់រួចមកហើយ ដោយសារតែទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។ ជាឧទាហរណ៍ សហភាពអឺរ៉ុបបានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% និងត្រៀមបញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃប្រទេសលាងលុយកខ្វក់ជាផ្លូវការ។
ចំណែកសហរដ្ឋអាមេរិកវិញ បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតមួយចំនួនរបស់លោក ហ៊ុន សែន រួមមាន លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម និងសមាជិកគ្រួសារ ព្រមទាំងលោក ទ្រី ភាព និងក្រុមហ៊ុនរបស់គាត់។ រីឯ ក្រុមហ៊ុនចិនយូឌីជី (UDG) ដែលពាក់ព័ន្ធនឹងវិវាទដីធ្លីនៅខេត្តកោះកុងនោះ ក៏ត្រូវរងទណ្ឌកម្មក្រោមច្បាប់ គ្លូបល មែគនីតស្គីអ៊ែក (Global Magnitsky Act) របស់សហរដ្ឋអាមេរិកដែរ។ ទណ្ឌកម្មទាំងនេះ ធ្វើឡើងដោយសារតែសហរដ្ឋអាមេរិករកឃើញថា មន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតរបស់លោក ហ៊ុន សែន ព្រមទាំងក្រុមហ៊ុនចិននោះ មានជាប់ពាក់ព័ន្ធនឹងទង្វើរំលោភសិទ្ធិមនុស្ស ការរំលោភអំណាច និងការប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា។
អង្គការសង្គមស៊ីវិលទទូចដល់របបលោក ហ៊ុន សែន កែប្រែស្ថានភាពសិទ្ធិមនុស្សឱ្យល្អប្រសើរឡើងវិញ ដើម្បីបញ្ចៀសទណ្ឌកម្មបន្ថែមទៀតពីសហភាពអឺរ៉ុប។ សង្គមស៊ីវិលអះអាងថា ការកែលម្អស្ថានភាពសិទ្ធិមនុស្សនេះមិនប៉ះពាល់ដល់អធិបតេយ្យជាតិ ដូចការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលនោះទេ តែជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលកម្ពុជាបានទទួលស្គាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។