សហភាពអឺរ៉ុបព្រមានពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត ដោយសារតែរដ្ឋាភិបាលកម្ពុជាបន្តធ្វើទុក្ខបុកម្នេញទៅទៅលើសកម្មជនសិទ្ធិមនុស្ស និងនយោបាយជាពិសេសក្រោយពេលតុលាការកាត់ទោសលើសកម្មជនបរិស្ថានទាំង១០រូបក្នុងនោះ ៥រូប កំពុងជាប់ឃុំក្នុងពន្ធនាគារតាមខេត្តផ្សេងៗគ្នា។ អ្នកវិភាគយល់ថាការកាត់ប្រព័ន្ធអនុគ្រោះពន្ធនេះធ្វើឱ្យប៉ះពាល់ទៅលើពលរដ្ឋ ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានោះឡើយ។
អ្នកនាំពាក្យគណៈកម្មការសហភាពអឺរ៉ុបលើកិច្ចការបរទេស និងនយោបាយសន្តិសុខសហភាពអឺរ៉ុបប្រាប់វិទ្យុអាស៊ីសេរី តាមរយៈសារអេឡិចត្រូនិក ឬអ៊ឺម៉ែល (Email) កាលពីថ្ងៃទី៤ ខែកក្កដា ថាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាធ្លាប់បានលើកឡើងម្ដងរួចទៅហើយ ចំពោះការប្រកាសសាលក្រមអយុត្តិធម៌លើសកម្មជនចលនាមាតាធម្មជាតិ។
អ្នកនាំពាក្យគណៈកម្មការសហភាពអឺរ៉ុប ឱ្យដឹងថា សហភាពអឺរ៉ុបក៏សោកស្ដាយដែលរដ្ឋាភិបាលកម្ពុជាបញ្ជូនសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់ឱ្យជាប់ឃុំនៅក្នុងពន្ធនាគារនាខេត្តផ្សេងៗ គ្នា ហើយករណីនេះគឺជាការរារាំងដល់ការសួរសុខទុក្ខរបស់សមាជិកគ្រួសារ មេធាវី និងតំណាងស្របច្បាប់របស់ពួកគាត់។
អ្នកនាំពាក្យគណៈកម្មការសហភាពអឺរ៉ុប បញ្ជាក់ថាសហភាពអឺរ៉ុបនៅតែមានការព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សទូទៅនៅកម្ពុជាហើយសហភាពអឺរ៉ុបនឹងបន្តចូលរួមជាមួយរដ្ឋាភិបាលលើករណីទាំងនេះ និងករណីដែលគួរឲ្យព្រួយបារម្ភផ្សេងទៀត។ នៅគណៈកម្មាធិការចម្រុះសហភាពអឺរ៉ុប-កម្ពុជា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅសហភាពអឺរ៉ុបបានសម្ដែងការព្រួយបារម្ភទាក់ទងនឹងការយាយី និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស សមាជិកបក្សប្រឆាំង និងសកម្មជនសង្គមស៊ីវិលមួយចំនួន ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យពួកគេអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយ។ សហភាពអឺរ៉ុប និងកម្ពុជាមានជំហរខុសគ្នា តែភាគីទាំងពីរបានយល់ព្រមលើកយកបញ្ហានេះមកជជែកដើម្បីធ្វើការដោះស្រាយ។អ្នកនាំពាក្យគណៈកម្មការសហភាពអឺរ៉ុបរំលឹកទៀតថា មូលហេតុដែលសហភាពអឺរ៉ុបបានសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) កាលពីខែសីហា ឆ្នាំ២០២០ ពីកម្ពុជានោះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ។
ជុំវិញរឿងនេះ អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម បណ្ឌិត មាស នី មានប្រសាសន៍ថាជាធម្មតាសហភាពអឺរ៉ុបតែងស្នើឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចច្នេះលោកថាសហភាពអឺរ៉ុបអាចនឹងដកប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត ប្រសិនបើប្រទេសកម្ពុជាមិនគោរពនូវកិច្ចសន្យារបស់ខ្លួន។ បណ្ឌិត មាស នី បន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្តទន់ខ្សោយនៅគ្រប់វិស័យ ហើយកម្មកររោងចក្រនឹងកាន់តែលំបាកខ្លាំងជាងគេ ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះបន្ថែមទៀតនោះ។
បណ្ឌិត មាស នី បន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាគួរកែស្ដារបញ្ហាសិទ្ធិមនុស្សឡើងវិញក្នុងនាមជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងដើម្បីមានទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុបវិញផងដែរ។
បណ្ឌិត មាស នី៖ «ខ្ញុំមិនដឹងថា ថ្នាក់ដឹកនាំគាត់យល់ឃើញយ៉ាងម៉េចនោះទេ ប៉ុន្តែបើយើងមើលពីការប្រជាជនរស់នៅរវាងពីអ្នកវិយោគមិនថាខ្មែរ និងពលរដ្ឋខ្មែរវាខុសគ្នាឆ្ងាយ អាចថាគាត់ហ្នឹងមានគ្រប់គ្រាន់ហើយជាគាត់មិនសូវខ្វល់ ខ្ញុំមិនហ៊ានថា ទេណា»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៤ ខែកក្កដា ដោយហៅចូលតែមានអ្នកចុចបិទទូរស័ព្ទ។
ទោះជាយ៉ាងណា លោក ប៉ែន បូណា បានឆ្លើយតបទៅកាន់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថាអ្នករិះគន់ក្នុងន័យស្ថាបនា ឬបញ្ចេញមតិលើបញ្ហាសង្គម មិនត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់ឡើយ ប៉ុន្តែ លោកថា ចំណាត់ការផ្លូវច្បាប់គឺចំពោះតែអ្នកលោកចោទថា បំពានច្បាប់តែប៉ុណ្ណោះ។ ចំណែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ វិញ លោកថា រាល់ការព្រួយបារម្ភ និងការថ្កោលទោសពីអង្គការសិទ្ធិមនុស្ស និងបណ្ដាប្រទេសប្រជាធិបតេយ្យដែលរិះគន់ទៅលើការចាប់សកម្មជនបរិស្ថាននោះនឹងមិនជួយពួកគេឱ្យរួចពីទោសទណ្ឌនោះទេ ហើយលោកថា គ្មានការស្នើណាមួយពីស្ថាប័នអន្តរជាតិណាមួយអាចមានឥទ្ធិពល ឬដាក់សម្ពាធលើប្រព័ន្ធតុលាការកម្ពុជា ឬអាជ្ញាធរកម្ពុជាផ្សេងទៀតឡើយ។
ទាក់ទងនឹងរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី កត់សម្គាល់ថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធ២០របស់សហភាពអឺរ៉ុបកន្លងមកនេះមិនបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាងាកមកបើកលំហប្រជាធិបតេយ្យឡើងវិញនោះទេ ដោយសារលោកមើលឃើញថា ថ្នាក់នាំកម្ពុជាមិនបានរងផលប៉ះពាល់ពីសម្ពាធនេះ។
លោក សេង វ៉ាន់លី៖ «ដាក់សម្ពាធបន្ថែមទៅលើការរំលោភសិទ្ធិមនុស្ស ហើយហ្នឹងការផ្ដល់ជំនួយបន្ថែមទៅលើសកម្មភាពសង្គមស៊ីវិល ក៏ដូចជាលើកកម្ពស់ផ្នែកនយោបាយ ឬការអប់រំ បណ្ដុះបណ្ដាលពាក់ព័ន្ធនឹងសិទ្ធិមនុស្សអីជាដើមហ្នឹងដើម្បីឱ្យពលរដ្ឋកម្ពុជាមានចំណេះដឹងផ្នែកគ្រប់គ្រងរដ្ឋ ដើម្បីធ្វើមិចឱ្យប្រជាពលរដ្ឋកម្ពុជាមានតួនាទីត្រួតពិនិត្យទៅលើការងាររដ្ឋាភិបាល»។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា បានផ្ដន្ទាទោសសកម្មជនបរិស្ថានចំនួន ១០នាក់ ឱ្យជាប់ពន្ធនាគារ ចន្លោះពី ៦ ទៅ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ក្នុងនោះសកម្មជនចលនាមាតាធម្មជាតិ៥រូបរួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួង កែវរស្មី កញ្ញា ឡុង គន្ធា និងលោក យីម លាងហ៊ី ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតាមបណ្ដាខេត្តផ្សេងៗគ្នា។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដាប្រទេសប្រជាធិបតេយ្យផងបានចាត់ទុកថាកាត់ទោសមកលើសកម្មជនបរិស្ថានចំនួន ១០ នាក់នេះគ្រាន់តែជាការកាត់ទោសបែបនយោបាយដើម្បីបំបិទសំឡេងរិះគន់ប៉ុណ្ណោះ និងជាការបង្ហាញពីគំរូនៃការមិនអត់ឱនចំពោះអ្នកការពារសិទ្ធិមនុស្សដោយគ្រាន់តែចូលរួមក្នុងការងារស្របច្បាប់ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។