អតីតអ្នកយកព័ត៌មានអាស៊ីសេរី ចាត់ទុកខួប ៣ ឆ្នាំនៃការចាប់ខ្លួនពីសំណាក់អាជ្ញាធរក្រុងភ្នំពេញដាក់ពន្ធនាគារថា រងភាពអយុត្តិធម៌ និងវេទនាប្រៀបដូចសម័យខ្មែរក្រហម។
ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០ នេះ គឺជាគម្រប់៣ ឆ្នាំនៃការចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។
លោក យាង សុធារិន្ទ ថ្លែងថា រហូតមកដល់ពេលនេះ ថ្វីត្បិតតែលោកស្ថិតនៅក្រៅឃុំ ដោះលែងឲ្យមានសេរីភាពក្ដី ប៉ុន្តែលោកនិងលោក អ៊ួន ឈិន ពុំទាន់ទទួលបានសេរីភាពពិតប្រាកដនៅឡើយទេ។ លោកថា ការនិយាយដូច្នេះ ព្រោះតែការឃុំខ្លួនលោកដែលពុំបានប្រព្រឹត្តកំហុសកន្លងមក ហើយអូសបន្លាយសំណុំរឿងនេះមិនឲ្យដាច់ស្រេច គឺជារឿងអយុត្តិធម៌បំផុតសម្រាប់រូបលោក៖ « ជីវិតរបស់យើងនៅពេលដែលយើងមិនទាន់មានកំហុសផង យកយើងទៅធ្វើបាប ដែលយើងតែងនិយាយថាជាការសងសឹងមកលើយើងខ្ញុំ ដែលយើងមិនដឹងអីសោះ ហើយយកពួកខ្ញុំធ្វើជាចំណាប់ខ្មាំងហើយធ្វើបាបលើផ្លូវកាយ និងផ្លូវចិត្តរបស់ពួកយើងខ្ញុំទាំងពីរ។ នេះជាបទពិសោធន៍ដែលឈឺចាប់និងជារបបខ្មែរក្រហមតែម្ដង។ អ្វីដែលសមត្ថកិច្ចកម្ពុជាបានធ្វើមកលើខ្ញុំ នៅពេលហ្នឹងលើរូបខ្ញុំជាមួយលោក អ៊ួន ឈិន សម្រាប់ខ្ញុំដែលមិនបានឆ្លងកាត់របបខ្មែរក្រហម គឺអ្វីដែលសមត្ថកិច្ចធ្វើចំពោះខ្ញុំគឺជារបបខ្មែរក្រហមសុទ្ធសាធ ដែលខ្ញុំបានឃើញពេលនេះ »។
កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរបានចាប់ខ្លួន ដោយចោទប្រកាន់ពួកលោកថា បង្កើតស្ទូឌីយោថតចម្រៀងដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែក្រោយមកបានប្តូរការចោទប្រកាន់ថា ពួកលោកលួចផ្ញើព័ត៌មានសម្ងាត់ទៅឱ្យបរទេស ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ។ ក្រោយមកទៀត អាជ្ញាធរបានបន្ថែមបទចោទមួយទៀតលើពួកលោក គឺការផលិត និងកាន់កាប់រូបភាពអាសអាភាស។
តុលាការបានឃុំខ្លួនអ្នកទាំងពីរជាង ៩ខែ ទើបដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែបានដាក់អ្នកទាំងពីរឱ្យស្ថិតក្រោមការត្រួតពិនិត្យ ដោយរក្សាទុកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ហើយតម្រូវឱ្យអ្នកទាំងពីរទៅបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសជារៀងរាល់ខែ។
ទាក់ទងនឹងសវនាការវិញ តុលាការក្រុងភ្នំពេញបានជំនុំជម្រះរឿងក្តីនេះពីរដង និងបានពន្យារពេលប្រកាសសាលក្រមម្ដង ប៉ុន្តែចុងក្រោយតុលាការបែរជាសម្រេចឱ្យស៊ើបអង្កេតរឿងក្តីនេះបន្ថែមទៀត បន្ទាប់ពីគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើអ្នកទាំងពីរ។ អ្នកទាំងពីរបានប្ដឹងទាស់ការសម្រេចនេះទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ប៉ុន្តែតុលាការជាន់ខ្ពស់ទាំងពីរ សុទ្ធតែបានតម្កល់ការសម្រេចនោះទុកជាបានការដដែល។ ការដែលត្រូវស៊ើបអង្កេតឡើងវិញនេះ មានន័យថា សំណុំរឿងរបស់អ្នកទាំងពីរត្រូវអូសបន្លាយដោយគ្មានកាលកំណត់ ហើយសិទ្ធិសេរីភាពវិញនៅតែស្ថិតក្រោមការគាបសង្កត់។
ពាក់ព័ន្ធនឹងសំណុំរឿងអតីតអ្នកយកព័ត៌មានអាស៊ីសេរីនេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចងក្រងព័ត៌មានលម្អិតអំពីរឿងនេះ និងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៤ វិច្ឆិកា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ពិនិត្យឃើញថា លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បានទទួលរងនូវការរំលោភបំពានជាច្រើនលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ រួមទាំងការដកហូតសិទ្ធិសេរីភាពផងដែរ។ អង្គការសិទ្ធិមនុស្សដដែលនេះ ចាត់ទុកករណីនេះ គឺជាឧទាហរណ៍មួយនៃការយាយីតាមប្រព័ន្ធតុលាការលើអ្នកសារព័ត៌មាននៅកម្ពុជា ហើយស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការចាត់ទុកសារព័ត៌មានជាអំពើឧក្រិដ្ឋតទៅទៀត។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គូសបញ្ជាក់ទៀតថា ការចោទប្រកាន់ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ គឺជាការគំរាមកំហែងលើសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ហើយបង្កើតបានជារបត់មួយនៃការដាក់ទោសទណ្ឌជាលក្ខណៈសងសឹក និងតាមអំពើចិត្តទៅលើសំឡេងរិះគន់នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។