ក្រុមគ្រួសារ និងសកម្មជនបក្សប្រឆាំង ស្នើសុំឲ្យតុលាការក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំនយោបាយ នៅថ្ងៃសវនាការទ្រង់ទ្រាយធំនៅសប្តាហ៍ក្រោយនេះ។ មន្ត្រីសិទ្ធិមនុស្សយល់ថា សកម្មជនបក្សប្រឆាំងទាំងអស់ នឹងរួចផុតពីការចោទប្រកាន់ ប្រសិនបើស្ថានភាពនយោបាយធូរស្រាលឡើងវិញ។
សកម្មជនគណបក្សប្រឆាំងនិងក្រុមគ្រួសារលើកឡើងថា តុលាការ នឹងដោះលែងអ្នកជាប់ឃុំនយោបាយ ព្រមទាំងលើកលែងការចោទលើថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងទាំងអស់ នៅថ្ងៃសវនាការទ្រង់ទ្រាយធំ នៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ ប្រសិនបើតុលាការឯករាជ្យនិងមិនស្ថិតក្រោមឥទ្ធិពលនយោបាយ។
សកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក ភួង ថា ថ្លែងថា តុលាការមិនបានបញ្ចូនដីកាកោះហៅដល់ដៃ ឬកន្លែងស្នាក់នៅរបស់លោកនោះទេ ប៉ុន្តែលោកបានឃើញឈ្មោះរបស់លោក នៅក្នុងដីកាកោះហៅរួមដែលសមត្ថកិច្ចបិទនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ លោកនឹងទៅចូលបំភ្លឺនៅក្នុងសវនាការសំណុំរឿង''រួមគំនិតក្បត់'' និង ''ញុះញង់'' នៅថ្ងៃទី៧ ខែធ្នូ ដើម្បីបង្ហាញពីភាពស្អាតស្អុំរបស់លោក៖ «ខ្ញុំចូលតាមការកោះហៅរបស់តុលាការ ប៉ុន្តែខ្ញុំក៏មិនពេញចិត្តនូវការកោះហៅម្តងជាពីរដងនេះ ដោយសារតែខ្ញុំមើលទៅលើបទចោទប្រកាន់លើពួកខ្ញុំនេះ អត់សក្តិសមជាមួយខ្ញុំជាយុវជនទេ។ ជាក់ស្តែង ពួកខ្ញុំ បញ្ចេញនូវទស្សនៈគ្រាន់តែជាការរិះគន់ដើម្បីស្ថាបនា ដោយអត់មានការជេរប្រមាថលើបុគ្គល និងបក្សណាទេ។ ខ្ញុំសូមស្នើសុំឲ្យតុលាការ ទម្លាក់ចោលនូវរាល់បទចោទមកលើពួកខ្ញុំ ក៏ដូចជាយុវជនដទៃទៀតដែលគ្រាន់តែសម្តែងមតិស្របតាមច្បាប់»។
ចំណែក ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា សង្ឃឹមថា តុលាការ នឹងដោះលែងប្តីលោកស្រីឲ្យមានសេរីភាពឡើងវិញ។លោកស្រីបន្តថា ប្រសិនបើគ្មានការដោះលែងទេ គឺលោកស្រី នឹងបន្តតវ៉ា និងដើរដាក់ញត្តិតាមស្ថានទូតប្រទេសប្រជាធិបតេយ្យ ដើម្បីស្វែងរកយុត្តិធម៌ឲ្យប្តី៖ «ខ្ញុំសង្ឃឹមថា បើតុលាការ មិនធ្វើតាមគំនាបរបស់រដ្ឋាភិបាល និងកាត់ក្តីដោយសុក្រិត្យ ហើយណាមួយទៅ ប្តីពួកខ្ញុំអត់មានកំហុសអីទេ។ ចោទថារួមគំនិតក្បត់ មិនដឹងថា ក្បត់នេះយ៉ាងម៉េច លក់ស្អីខ្លះដែលក្បត់ជាតិនេះ។ អ៊ីចឹងការដែលយកគាត់ទៅឃុំទុកចោលដោយអត់មានកាលកំណត់រយៈពេល ១ឆ្នាំ៦ខែហើយអ្នកខ្លះជិត២ឆ្នាំហើយ ដូច្នេះតុលាការ និងរដ្ឋាភិបាល គួរតែទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ទៅ ដើម្បីឲ្យគាត់បានជួបជុំគ្រួសារនិងធ្វើនយោបាយវិញ»។
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការលើថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងចំនួន ៤២ នាក់នៅថ្ងៃទី៧ ខែធ្នូក្នុងសំណុំរឿង ''រួមគំនិតក្បត់'' និង''ញុះញង់'' ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ ២០១៩។ ក្នុងចំណោមអ្នកដែលត្រូវបានកោះហៅនេះភាគច្រើននៅក្រៅប្រទេស រួមមានទាំងលោក សម រង្ស៊ី អនុប្រធានបក្សលោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ជាដើម។ ក្រុមមេដឹកនាំ និងសកម្មជនដែលកំពុងនៅក្រៅប្រទេស ធ្លាប់អះអាងថា ពួកគាត់មានបំណងចង់វិលចូលកម្ពុជាដើម្បីតតាំងក្តីក្នុងតុលាការ ប៉ុន្តែត្រូវបានរដ្ឋាភិបាល រារាំងពួកគាត់ជាបន្តបន្ទាប់។
មេធាវីការពារក្តីឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ គឺលោក សំ សុគង់ ឲ្យដឹងថា សវនាការ នៅថ្ងៃទី៧ ខែធ្នូ ប្រហែលជាមានកូនក្តីរបស់លោកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ១០នាក់ចូលរួម ក្នុងនោះមានពីរនាក់កំពុងជាប់ឃុំ។ លោកបន្តថា កូនក្តីរបស់លោកទាំងអស់ មិនទទួលបានដីកាកោះហៅត្រឹមត្រូវតាមនីតិវិធីច្បាប់នោះទេ គឺមានតែសេចក្តីជូនដំណឹងដែលសមត្ថកិច្ចបិទនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ព្រមទាំងពុំមានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុកលើកូនក្តីរបស់លោកឡើយ។ លោក សំ សុគង់ ស្នើឲ្យ តុលាការគួរតែលើកលែងការចោទប្រកាន់ទាំងអស់លើកូនក្តីរបស់លោក និងប្រគល់សេរីភាពជូនកូនក្តីរបស់លោកដែលកំពុងជាប់ឃុំឡើងវិញ៖ «បើកាលណាគាត់មិនមានសិទ្ធិតតាំងក្តីទេ ខ្ញុំគិតថា តុលាការគួរតែទម្លាក់ចោលបទចោទទាំងអស់ទៅ ដោយសារគាត់អត់បានចូលរួមមកតតាំងក្តី ហើយមានតែភស្តុតាងម្ខាងហើយភស្តុតាងនេះអត់មានអីជាធំដុំទេ គឺមានតែរូបភាពនិងសារដែលបង្ហោះនៅលើហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងសង្គមប៉ុណ្ណោះ។ ដូច្នេះបើមិនមានចម្លើយឬការតតាំងរបស់ពួកគាត់ទេ គឺមិនអាចយកអ្វីជាមូលដ្ឋានក្នុងការសម្រេចទេ។ ទាក់ទងនឹងអ្នកដែលកំពុងជាប់ឃុំនេះ ខ្ញុំឃើញថា ពួកគាត់ពីរនាក់នេះ ជាប់គុកជិត ២ ឆ្នាំដែរហើយ ដូច្នេះបើសិនសវនាការចេះតែអូសបន្លាយពេលយូរ និងមិនបញ្ចប់ឲ្យបានឆាប់ទេ នឹងប៉ះពាល់សិទ្ធិរបស់គាត់»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេនៅថ្ងៃទី១ ខែធ្នូ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទោះបីជាយ៉ាងណា សង្គមស៊ីវិលស្នើឲ្យតុលាការដោះលែងអ្នកជាប់ឃុំនិងលើកលែងការចោទប្រកាន់។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ករណីទាំងនេះ គឺជារឿងនយោបាយ ដូច្នេះការដោះស្រាយតាមផ្លូវតុលាការ គឺមិនអាចផ្តល់យុត្តិធម៌ត្រឹមត្រូវបានទេ។ លោកជំរុញឲ្យអ្នកនយោបាយ ចរចាគ្នារកដំណោះស្រាយ ជាជាងប្រើប្រាស់ប្រព័ន្ធតុលាការ ដែលនាំឲ្យមានការការរិះគន់បន្តទៀត៖ «យើងចង់ឲ្យមានការបើកលំហរសិទ្ធិសេរីភាពក្នុងការប្រកួតប្រជែងលើផ្នែកនយោបាយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយមិនគួរគប្បីមានការធ្វើទុក្ខបុកម្នេញគ្នាទៅវិញទៅមកទេ ដោយឈរលើគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយនឹងគោរពតាមរដ្ឋធម្មនុញ្ញជាដើម ដើម្បីដំណើការប្រព័ន្ធលទ្ធិប្រជាធិបតេយ្យយើងឲ្យឆ្ពោះទៅមុខ ដូចការចង់បានពីសហគមន៍អន្តរជាតិ ជាពិសេសខាងលោកសេរី គេចង់បានហ្នឹង។ កាលណាលក្ខខណ្ឌទាំងអស់នេះ បានដោះស្រាយភាពរុងរឿងរីកចម្រើនក្នុងប្រទេសកម្ពុជាយើងកាន់តែខ្លាំងឡើងថែមទៀត»។
តុលាការក្រុងភ្នំពេញ ធ្លាប់បានចាប់ផ្តើមបើកសវនាការសំណុំរឿងនេះជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងជាង១៣០នាក់ តាំងពីចុងឆ្នាំ ២០២០។ ប៉ុន្តែតុលាការ បានផ្អាកសវនាការវិញជាបន្តបន្ទាប់ ចាប់តាំងខែកុម្ភៈ ឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងណា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះ មានសកម្មជនច្រើនជាង ២៥នាក់ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ៧ ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿង ''រួមគំនិតក្បត់''។ ប៉ុន្តែសាលក្រមផ្ដន្ទាទោសទាំងនោះត្រូវបានសហគមន៍ជាតិ និងអន្តរជាតិរិះគន់ថា ជារឿងមិនត្រឹមត្រូវ និងធ្វើតាមការចង់បានរបស់គណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។