សាច់ញាតិ​អ្នក​ទោស​មនសិការ​ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះលែង​គ្រួសារ​ក្នុង​ឱកាស​ទិវា​សិទ្ធិមនុស្ស

0:00 / 0:00

សាច់ញាតិ​អ្នកទោស​មនសិការ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​ប្តី និង​បងប្អូន​របស់​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ​។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា រដ្ឋាភិបាល​គួរ​បន្ធូរបន្ថយ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។

សាច់ញាតិ​របស់​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ជាដើម​នោះ បាន​នាំគ្នា​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ចំ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ ដោយ​មាន​កាន់​រូបថត និង​ថ្លែង​សារ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​ក្រុម​គ្រួសារ​របស់​ពួកគេ​វិញ​។​ប្អូនស្រី​សកម្មជន​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា គឺ​កញ្ញា ឡុង សុខលីន រៀប​រាប់ទាំង​ទឹក​សំឡេង​យំ​ខ្សឹកខ្សួល​ថា កញ្ញា​នឹករលឹក​បងស្រី​ជា​ខ្លាំង បន្ទាប់ពី​បងស្រី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​។ កញ្ញា​បន្ត​ថា កញ្ញា​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សុខភាព​របស់​បងស្រី​ដែល​រស់នៅ​យ៉ាង​លំបាក​ក្នុង​ពន្ធនាគារ​។ កញ្ញា​លើកឡើង​ថា កញ្ញា​អស់សង្ឃឹម និង​គ្មាន​ជំនឿ​លើ​តុលាការ​ក្រុង​ភ្នំពេញ​ថា នឹង​អាច​រក​យុត្តិធម៌​ឱ្យ​បងស្រី​កញ្ញា​បាន​ឡើយ។

ចំណែក ប្រពន្ធ​សកម្មជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ឲ្យ​ដឹង​ថា ប្តី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ ដោយ​ប្តី​លោកស្រី​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន និង​ជា​សកម្មជន​ស្នេហា​ជាតិ​ប៉ុណ្ណោះ​។ លោកស្រី​បន្ត​ថា លោកស្រី​ជួប​ការ​លំបាក​ជាខ្លាំង ដោយសារ​បាត់បង់​បង្គោល​គ្រួសារ ខណៈ​លោកស្រី​ពុំ​មាន​ការងារ​ធ្វើ និង​មាន​កូន​តូច​ដែល​ជា​បន្ទុក​ត្រូវ​ច​ញ្ចឹ​ម​មួយទៀត​។ លោកស្រី​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​ប្តី​លោកស្រី​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បាន​ជួបជុំ​គ្រួសារ។

ដោយឡែក ម្ដាយ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ ព្រះតេជព្រះគុណ កើត សារាយ គឺ​លោកស្រី ចាប យែ​ម ថ្លែង​ថា លោកស្រី​មាន​ការ​ឈឺចាប់ និង​នឹករលឹក​កូនប្រុស​ជា​ខ្លាំង បន្ទាប់ពី​កូនប្រុស​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ទៅ​បាត់​។ លោកស្រី​បន្ត​ថា លោកស្រី​មាន​ជំងឺ​ប្រចាំ​កាយ ខ្វះខាត​ក្នុង​ជីវភាព ពុំ​មាន​ថវិកា​សម្រាប់​ទិញ​ថ្នាំសង្កូវ​ទេ និង​មិន​អាច​សូម្បី​ទៅ​សួរសុខទុក្ខ​កូន​ក្នុង​ពន្ធនាគារ​។ លោកស្រី​លើក​ឡើង​ថា កូនប្រុស​លោកស្រី គ្រាន់តែ​ជា​ព្រះសង្ឃ​ដែល​ចូលចិត្ត​ជួយ​កិច្ចការ​សង្គម ពុំបាន​ប្រព្រឹត្ត​ទង្វើ​ខុសឆ្គង​នោះ​ទេ ហើយ​អាជ្ញាធរ​គួរ​ដោះលែង​កូនលោក​ស្រី​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។

រីឯ ម្តាយ​សកម្មជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ គឺ​លោកស្រី ទី ម៉ារី និង ប្អូនស្រី​កញ្ញា សូ មេត្តា គឺ កញ្ញា អេង វណ្ណឌី ក៏បាន​លើកឡើង​ដូចៗ​គ្នា​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ដែរ​ថា ពួកគាត់​ឈឺចាប់​ដែល​អាជ្ញាធរ​ចាប់ខ្លួន​កូនប្រុស​និង​បងស្រី​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ និង​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ពួកគេ​វិញ​ក្នុង​ឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ។

ក្រុម​សកម្មជន​មាតា​ធម្មជាតិ និង​យុវជន​ខ្មែរ​ថាវរៈ​ជាច្រើន​នាក់ ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់ បន្ទាប់​ពី​ពួកគេ​ធ្វើ​សកម្មភាព​បរិស្ថាន និង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ គឺ​មិន​អាច​ធ្វើ​បាន​ទេ ដោយ​លោក​លើកឡើង​ថា នេះ​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា មាន​ប្រសាសន៍ថា រដ្ឋាភិបាល​គួរ​ពិចារណា​ទម្លាក់​ចោលការ​ចោទប្រកាន់ ឬ​ដោះលែង​អ្នកទោស​មនសិការ​ដែល​គ្រាន់តែ​បញ្ចេញមតិ ឬ​ប្រើប្រាស់​សេរីភាព​ជួបជុំ ដែល​មាន​ធានា​ដោយ​ច្បាប់​ទាំងនោះ​។ លោក​បន្ត​ថា តុលាការ​មិនបាន​គោរព ឬ​អនុវត្ត​ច្បាប់​ពេញលេញ​នោះ​ទេ តែ​ជា​ការ​អនុវត្ត​តាម​អ្នកនយោបាយ​ច្រើនជាង​។ លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​គួរ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។ «»

សហគមន៍​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា កម្ពុជា​មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ កើតឡើង​ឥត​ឈប់ឈរ​។ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើន​ទសវត្សរ៍​មក​នេះ អ្នក​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស មេដឹកនាំ​សហជីព អ្នកការពារ​បរិស្ថាន អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ដែល​មិន​គាំទ្រ​ការដឹកនាំ​របស់​លោក បាន​ទទួល​រង​ការ​វាយ​បង្ក្រាប ការ​គាបសង្កត់ បំបិទ​សិទ្ធិ​សេរីភាព ជាពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​ការ​ចាប់​ដាក់​គុក៕