សាច់ញាតិ ទាមទារតុលាការឲ្យដោះលែងសកម្មជនបរិស្ថានចំនួន៣នាក់គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី វិញ ក្រោយការចាប់ឃុំខ្លួនពួកគេ រយៈពេល១ឆ្នាំមកនេះ។ សង្គមស៊ីវិលព្រួយបារម្ភថា រដ្ឋាភិបាលនឹងរងការរិះគន់បន្ថែមទៀត ប្រសិនបើនៅតែជម្នះឃុំខ្លួនសកម្មជនបរិស្ថានទាំង៣នាក់នេះ ដោយអយុត្តិធម៌បន្តទៀត។
មួយឆ្នាំមកនេះ រដ្ឋាភិបាលមិនទទួលបានការកោតសរសើរអ្វីទេ ពីការចាប់ឃុំខ្លួនយុវជនទាំង៣នាក់។ ផ្ទុយទៅវិញ មានតែការរិះគន់ និងថ្កោលទោសជាបន្តបន្ទាប់ពីពលរដ្ឋ និងសហគមន៍អន្តរជាតិ ចំពោះករណីរំលោភសិទ្ធិមនុស្សមួយនេះ។
បងប្រុសរបស់ កញ្ញា ភួន កែវរស្មី គឺ លោក ភួន ពុទ្ធារិទ្ធិ ឲ្យដឹងថា រយៈពេល១ឆ្នាំនេះ ក្រុមគ្រួសារលោកឈឺចាប់ខ្លាំងណាស់ ដោយសារតែការឃុំខ្លួនប្អូនស្រី ដោយអយុត្តិធម៌។ លោកបន្តថាបើទោះបីជាចៅក្រម បានកាត់ក្ដីឲ្យប្អូនស្រីរបស់លោកមានទោស ប៉ុន្តែខាងគ្រួសារ ពលរដ្ឋ និងស្ថានទូតនានា មិនគាំទ្រសាលក្រមនេះទេ។ លោកនៅតែគាំទ្រសកម្មភាពប្អូនស្រី និងសកម្មជនបរិស្ថានផ្សេងទៀត ដែលកំពុងជាប់ឃុំ និងទទូចឲ្យតុលាការដោះលែងពួកគេ ឲ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៖ «វាអយុត្តិធម៌ណាស់។ ក្រុមគ្រួសារមិនដែលទទួលយកទេ ហើយទាំងយុវជន ទាំងអ្វី តែងតែគោរពកោតសរសើរនូវសកម្មភាពរបស់ពួកគាត់ ដែលគាត់ចេញមុខក្លាហានក្នុងនាមជាយុវជនធ្វើការងារទាំងអស់ហ្នឹង។ អ៊ីចឹង គេមានតែលើកទឹកចិត្ត គេមានតែគាំទ្រ គេមានតែអំពាវនាវទៅរដ្ឋាភិបាល តុលាការហ្នឹង ឲ្យដោះលែងពួកគាត់មកវិញមក ហើយលើកទឹកចិត្តឲ្យយុវជនទាំងអស់ហ្នឹង ធ្វើការហ្នឹងបន្ថែមទៀត»។
នគរបាលរាជធានីភ្នំពេញ បានចាប់សកម្មជនបរិស្ថានទាំង៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីកញ្ញា ឡុង គន្ធា ប្រកាសពីគម្រោងស្លៀកពាក់ស ដើរពីវត្តភ្នំទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំកុំឲ្យលុបបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលនៅជាយក្រុងភ្នំពេញ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានសម្រេចផ្ដន្ទាទោស លោក ថុន រដ្ឋា ឲ្យជាប់ពន្ធនាគារ២០ខែ ពិន័យប្រាក់បួនលាន (៤លាន)រៀល។ ឯកញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវផ្ដន្ទាទោសពន្ធនាគារ១៨ខែ និងពិន័យប្រាក់ម្នាក់ ពីរលាន(២លាន)រៀល ក្នុងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ក្នុងសំណុំរឿងដដែលនេះ ចៅក្រម លោក លិ សុខា ក៏បានកាត់ក្ដីកំបាំងមុខលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ២នាក់ទៀតដែរ គឺ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ជនជាតិអេស្បាញ ឲ្យជាប់ពន្ធនាគារ២០ខែ និងកញ្ញា ជា គន្ធីន ជាយុវជននៃក្រុមខ្មែរថាវរៈ ឲ្យជាប់ពន្ធនាគារ១៨ខែ និងពិន័យប្រាក់បួនលាន (៤លាន)រៀលដូចគ្នា។
ក្រោយមកនៅខែកក្កដា ឆ្នាំ២០២១ តុលាការបានបន្ថែមបទចោទប្រកាន់លើសកម្មជនទាំងបីនាក់មួយបទល្មើសទៀត គឺបទ«រួមគំនិតក្បត់»។ បទចោទនេះ គឺពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជនមាតាធម្មជាតិបួននាក់ផ្សេងទៀត កាលពីខែមិថុនា ឆ្នាំ២០២១ រួមមាន លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុធ និងលោក អាឡិច។ អ្នកទាំងបួនត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ក្នុងនោះពួកគេភាគច្រើនជាប់ចោទមួយករណីទៀត គឺបទ«ប្រមាថព្រះមហាក្សត្រ»។ លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងយុវជន លី ចាន់ដារ៉ាវុធ កំពុងជាប់ឃុំក្នុងពន្ធនាគារ រីឯលោក អាឡិច កំពុងរស់នៅក្រៅប្រទេស។
ទោះជាយ៉ាងណា ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានហៅការកាត់ក្ដី និងការឃុំខ្លួនសកម្មជនបរិស្ថានទាំងអស់ ថា ជាការបង្ក្រាបលើសំឡេងដែលហ៊ានតវ៉ា។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង សង្កេតឃើញថា សកម្មភាពរបស់យុវជនបរិស្ថានទាំង៣នាក់ គឺជាសកម្មភាពត្រឹមត្រូវ ដែលធានាដោយច្បាប់។ មិនតែប៉ុណ្ណោះ ការទាមទារទាំងឡាយរបស់យុវជនទាំង៣នាក់ គឺជាផលប្រយោជន៍ផ្នែកបរិស្ថាន។
លោកមើលឃើញថា រដ្ឋាភិបាលមិនបានទទួលការចំណេញពីការចាប់ឃុំខ្លួនសកម្មជនទាំង៣នាក់នេះទេ។ អ្នកឃ្លាំមើលសិទ្ធិយុវជនរូបនេះ លើកទឹកចិត្តឲ្យសមត្ថកិច្ចដោះលែងយុវជនទាំង៣នាក់វិញ ដើម្បីឲ្យពួកគាត់អាចធ្វើសកម្មភាពស្របតាមច្បាប់បន្តទៀត ដោយគ្មានការធ្វើទុក្ខបុកម្នេញ៖ «យើងឃើញថា មានការចាប់អារម្មណ៍ពីសំណាក់សហគមន៍អន្តរជាតិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ហើយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានគេចាត់ទុកថាបានធ្វើសកម្មភាពរំលោភសិទ្ធិដល់សកម្មជន និងរំលោភដល់សិទ្ធិមនុស្ស»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីភាគីតុលាការ និងរដ្ឋាភិបាល បានទេ នៅថ្ងៃទី៤ កញ្ញា។ តែយ៉ាងណា ក្រុមមន្ត្រីរដ្ឋាភិបាលតែងតែប្រើហេតុផលថារឿងក្ដីទាំងឡាយ ជាការសម្រេចរបស់តុលាការ ទាំងដែលគេមើលឃើញថា ប្រព័ន្ធតុលាការស្ថិតក្រោមបង្គាប់របស់របបក្រុងភ្នំពេញ។
ជុំវិញករណីសកម្មជនបរិស្ថានទាំង៣នាក់នេះដែរ ក្រុមអង្គការសង្គមស៊ីវិល ក៏កំពុងធ្វើយុទ្ធនាការទាមទារឲ្យដោះលែងសកម្មជន និងអ្នកការពារសិទ្ធិដទៃទៀតដែរ ព្រោះចាប់តាំងពីឆ្នាំ២០២០មក របបក្រុងភ្នំពេញបានចាប់ឃុំខ្លួនសកម្មជននយោបាយ សង្គម ព្រំដែន បរិស្ថាន ដីធ្លី គ្រូបង្រៀន ព្រះសង្ឃ យុវជន និងអនីតិជនក្រោម១៨ឆ្នាំ សរុបជិតកៅសិប(៩០)នាក់ហើយ។
ពួកគាត់ភាគច្រើន រងការចោទប្រកាន់បទញុះញង់ និងចូលរួមគំនិតក្បត់។ ប៉ុន្តែក្រុមអ្នកសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ហៅការចោទប្រកាន់ទាំងនោះថា ជាចេតនាបង្ក្រាបលើសំឡេងរិះគន់។ ពួកគេទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងសកម្មជនទាំងនោះវិញ និងគោរពសិទ្ធិពលរដ្ឋដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។