គិតត្រឹមថ្ងៃទី២០ ខែសីហា យុវជននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន ៥នាក់និងយុវជនម្នាក់នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះខាងក្រុមគ្រួសាររបស់ពួកគាត់នៅតែមិនទាន់ទទួលបានដំណឹងនៅឡើយ។ពួកគាត់ចាត់ទុកការចាប់ខ្លួនក្រុមយុវជនទាំងនេះថាគឺជាការរំលោភសិទ្ធិនិងមានចេតនាលាក់បាំងព័ត៌មាន។
យុវជន និងសាច់ញាតិលើកឡើងថារយៈពេល ២ថ្ងៃមកនេះ អាជ្ញាធរនៅមិនទាន់ផ្ដល់ដំណឹងអំពីការចាប់ខ្លួនក្រុមយុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ៥នាក់ និងបុគ្គលិកម្នាក់នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ថា YRDP នៅឡើយទេដែលបញ្ហានេះ ធ្វើឱ្យសាច់ញាតិបារម្ភថា សមត្ថកិច្ចនឹងដាក់បន្ទុកទៅលើពួកគាត់បន្ថែមទៀត។
គូដណ្ដឹងរបស់កញ្ញា រៀម ស្រីពេជ្ររតនា គឺ លោក ហ៊ន លីហ្សា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែសីហា ថា លោកមិនទាន់ទទួលបានដំណឹងថា អាជ្ញាធរយកកញ្ញា រៀម ស្រីពេជ្ររតនា ទៅឃុំខ្លួន នៅកន្លែងណានៅឡើយទេ។ លោកយល់ថា ការណ៍ ដែលអាជ្ញាធរលាក់បាំងព័ត៌មានមិនឱ្យសាច់ញាតិដឹងបែបនេះ គឺជាការរំលោភសិទ្ធិ និងគំរាមកំហែងដល់កញ្ញា រៀម ស្រីពេជ្ររតនា។
ទន្ទឹមគ្នានេះដែរ ម្ដាយរបស់អ្នកស្រី សាក់ កន្និការ គឺលោកស្រី ភិន សុវណ្ណនី បានបង្ហោះសារនៅលើ គណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២០ ខែសីហា ថា លោកស្រីបាត់កូនស្រី តាំងពីយប់ថ្ងៃទី១៨ ខែសីហា បន្ទាប់ពីកូនស្រីលោកស្រីចេញពីធ្វើការងារស្ម័គ្រចិត្តរហូតមកទល់ពេលនេះ នៅមិនទាន់ដឹងដំណឹងពីកូនស្រីនៅឡើយទេ។
ទោះជាយ៉ាងណាក្ដី ក្រុមការងារនិងមិត្តភ័ក្ដិរបស់អ្នកស្រី សាក់ កន្និការ ឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកស្រីនិងបានបញ្ជូនអ្នកស្រីទៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ ប៉ុន្តែ មិនទាន់បានដឹងអំពីការឃាត់ខ្លួននេះ ក្នុងមូលហេតុអ្វីឡើយ។
ដោយឡែក កាលពីថ្ងៃទី១៨ ខែសីហា អាជ្ញាធរក្រុងភ្នំពេញបានចុះទៅបិទផ្ទះ ដែលជាទីស្នាក់ការរបស់សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងចាប់ខ្លួនយុវជនចំនួន ៤នាក់។ បន្ទាប់មកទៀត នៅថ្ងៃទី១៩ ខែសីហា អាជ្ញាធរបានចាប់ខ្លួនយុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន ២នាក់បន្ថែមទៀត។ ប៉ុន្តែ យុវជនម្នាក់ គឺកញ្ញា ឡាច ធីណា ត្រូវបានសមត្ថកិច្ចដោះលែងវិញ ក្រោយពេលកញ្ញាយល់ព្រមថតវីដេអូតាមការបង្ខំរបស់សមត្ថកិច្ច ដោយអានលិខិតសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត និងនិយាយទម្លាក់កំហុសទៅលើមេបក្សប្រឆាំង រួមទាំងមេដឹកនាំ និងយុវជននៃអង្គការមាតាធម្មជាតិថា ជាអ្នកញុះញង់ឱ្យកញ្ញាចូលរួមបាតុកម្មទម្លាក់រដ្ឋាភិបាល។ ចំណែកយុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន ៥នាក់ទៀត ដែលមិនព្រមធ្វើតាមសមត្ថកិច្ចបង្ខំនោះ រួមមាន កញ្ញា រៀម ស្រីពេជ្ររតនា កញ្ញា សើន ស្រីម៉ៃ កញ្ញា កាត់ ស៊ីណាត លោក ធី ថន និងកញ្ញា នឿន ស្រីណែត។ ប្រភពមួយចំនួនបញ្ជាក់ថា សមត្ថកិច្ចបាននាំយុវជនទាំង ៥នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ។ ការចាប់ខ្លួនក្រុមយុវជនទាំងនេះ គឺក្រោយពេលពួកគាត់ បង្ហោះសារនៅលើបណ្ដាញសង្គមអំពីរឿងអយុត្តិធម៌សង្គម និងបង្ហាញការឈឺចាប់ ដែលយុវជនសង្គមផ្សេងទៀត ដែលជាមិត្តភ័ក្ដិរបស់ពួកគាត់ ត្រូវបានចាប់ខ្លួនទាំងអយុត្តិធម៌។ ពួកគាត់មិនបង្ហាញអំពីគម្រោងចូលរួមធ្វើបាតុកម្ម ដើម្បីផ្ដួលរំលំរដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងCLV-DTA នោះឡើយ។
ទោះជាយ៉ាងណាក្ដីការឃាត់ខ្លួនក្រុមយុវជនជាបន្តបន្ទាប់នេះគឺស្របពេលដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យដាក់ពង្រាយកម្លាំងនៅទូទាំងប្រទេស ត្រៀមបង្ក្រាបអ្នក ដែលហ៊ានចេញធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)។
ព្រះតេជព្រះគុណ ធូ វ៉ាឃីម ដែលទើបតែត្រូវបានសមត្ថកិច្ច បង្ខំឱ្យចុះកិច្ចសន្យា ២លើកបញ្ឈប់ចូលរួម និងនិយាយពីបញ្ហាសង្គមជាតិនោះ មានថេរដីកាថា ការចាប់ក្រុមយុវជនដោយមិនបញ្ជាក់អំពីមូលហេតុឱ្យសាធារណជនបានដឹង គឺជាទង្វើខុសពីនីតិវិធីច្បាប់ ពីព្រោះក្នុងរយៈពេល ៤៨ម៉ោង ក្រុមគ្រួសារគួរតែបានទទួលដំណឹងពីការចាប់ខ្លួនក្រុមយុវជនទាំងនោះ។ ព្រះអង្គចាត់ទុកការចាប់យុវជន ដែលឈឺឆ្អាលអំពីបញ្ហាសង្គមយកទៅឃុំ គឺជាទង្វើអមនុស្សធម៌ និងឃោរឃៅនៅក្នុងសង្គមប្រជាធិបតេយ្យ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២០ ខែសីហា។ ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា ឱ្យវិទ្យុអាស៊ីសេរីដឹងថា លោកមិនទាន់ទទួលដំណឹងអំពីការបញ្ជូនខ្លួនក្រុមយុវជនទៅឃុំនៅកន្លែងណានៅឡើយទេ ហើយលោកគ្មានពេលតាមដានរឿងយុវជនទាំងនេះទេ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី ធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា សមត្ថកិច្ចពាក់ព័ន្ធគួរតែបញ្ជាក់អំពីទីកន្លែងឃុំខ្លួន និងមូលហេតុនៃការចាប់ខ្លួនឱ្យក្រុមគ្រួសារបានដឹង ពីព្រោះការលាក់បាំងព័ត៌មាននេះគឺជាការរំលោភលើសិទ្ធិបុគ្គល។ លោកបន្តថា ការលាក់បាំងព័ត៌មាននៃការចាប់ខ្លួនក្រុមយុវជននេះ នឹងធ្វើឱ្យពលរដ្ឋលែងមានជំនឿលើអាជ្ញាធរ ពីព្រោះតែការអនុវត្តច្បាប់ខ្វះតម្លាភាព។
អ្នកឃ្លាំមើលយល់ថា ការចាប់ខ្លួនយុវជនសង្គមទាំងនេះ គឺជាល្បិចរបស់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដើម្បីដាក់សម្ពាធឱ្យយុវជនទាំងនោះនិយាយវាយប្រហារ និងទម្លាក់កំហុសមេដឹកនាំបក្សប្រឆាំងថា ជាអ្នកញុះញង់ឱ្យពួកគាត់ចេញធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលជាដើម។
សាច់ញាតិ និងយុវជនទាមទារឱ្យសមត្ថកិច្ចដោះលែងក្រុមយុវជនសង្គមទាំងអស់ឱ្យមានសេរីភាពឡើងវិញ ពីព្រោះសកម្មភាពរបស់ក្រុមយុវជនទាំងនោះពុំបានប្រព្រឹត្តកំហុសអ្វីនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។