ប្ដីរបស់អ្នកស្រី ហ៊ូ រុនអេង ព្រួយបារម្ភពីសុខភាពរបស់ប្រពន្ធ បន្ទាប់ពីអ្នកស្រី គ្រូបង្រៀនអនុវិទ្យាល័យរូបនេះ ត្រូវបានចាប់បញ្ជូនទៅឃុំនៅពន្ធនាគារ ពាក់ព័ន្ធ នឹងការបញ្ចេញមតិរបស់អ្នកស្រីលើហ្វេសប៊ុកលោក ហ៊ុន សែន កាលពីខែកញ្ញា ទាក់ទងនឹងជនជាតិវៀតណាម។ ប្ដីរបស់អ្នកស្រី ហ៊ូ រុនអេង អះអាងថា ប្រពន្ធ របស់លោក ដែលមានវ័យចំណាស់ទៅហើយ ធ្លាប់វះកាត់ជំងឺមហារីក ហើយលេប ថ្នាំជាប្រចាំ។
ប្ដីរបស់អ្នកស្រី ហ៊ូ រុនអេង ប្រាប់វិទ្យុអាស៊ីសេរីថា ប្រពន្ធរបស់លោកជាគ្រូបង្រៀនរយៈពេលជាង ៣០ឆ្នាំមកហើយ និងក៏មិនដែលប្រឡូកនឹងរឿងនយោបាយនោះ ទេ។ លោកថា មកដល់ពេលនេះ ប្រពន្ធរបស់លោក នៅមិនទាន់មានមេធាវី ការពារក្ដីនៅឡើយ ខណៈពេលដែលអ្នកស្រី ហ៊ូ រុនអេង ជាប់ពន្ធនាគារជាង ១ខែទៅហើយ។ លោកថា លោកបានត្រឹមតែលើកទឹកចិត្ត ឱ្យតស៊ូរស់បន្តទៀត។
ប្ដីរបស់អ្នកស្រី ហ៊ូ រុនអេង៖ «មួយខែ ឬមួយខែកន្លះខ្ញុំទៅជួបម្ដង កុំមានការមើលផ្លូវអី ហើយកុំមានការតក់សម្លុតអី យើងធ្លាប់រស់ជំនាន់នោះ។ ខ្ញុំនិយាយសារដើមវិញចុះ គាត់ធ្លាប់រស់ជំនាន់ ៣ឆ្នាំ ៨ខែ បរស់បានទាល់ឥឡូវ។ អ៊ីចឹងរស់ប៉ុណ្ណឹង ថ្ងៃណាគេកាត់ទោសកាត់ទៅមិនដឹងធ្វើម៉េចទេ មិនដឹងធ្វើម៉េច តាមដំណើរ»។
លោកបារម្ភពីសុខភាពប្រពន្ធ នៅពេលលោកបានទៅជួបសួរសុខទុក្ខគាត់ នៅពន្ធនាគារបានម្ដងកន្លងមក។ លោក បានរៀបរាប់អំពីស្ថានភាពសុខភាពប្រពន្ធ របស់លោកថា គាត់ប្រើថ្នាំជាប្រចាំ ចាប់តាំងពីវះកាត់ជំងឺមហារីកមក។
ប្ដីរបស់អ្នកស្រី ហ៊ូ រុនអេង៖ «កាលពីមុនគាត់កើតមហារីកស្បូន វះម្ដងហើយពីដើមគេហៅថា ដុំពោះដេកពេទ្យរាប់ខែ ហើយធ្វើការមិនកើតណា»។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា បានចេញដីកាបង្គាប់ឱ្យនាំខ្លួន អ្នកស្រី ហ៊ូ រុនអេង ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបញ្ចេញមតិនៅលើហ្វេសប៊ុកលោក ហ៊ុន សែន ពី បញ្ហាជនជាតិវៀតណាមនៅកម្ពុជា។ អ្នកស្រីត្រូវបានសមត្ថកិច្ចបញ្ជូនឃុំខ្លួន នៅ ពន្ធនាគារព្រៃសរាជធានីភ្នំពេញ។
ការចាប់និងឃុំខ្លួនគ្រូបង្រៀនរូបនេះ ធ្វើឡើងក្រោយពីមានការបញ្ជារបស់ប្រធាន ព្រឹទ្ធសភាលោក ហ៊ុន សែន។ ប្រតិកម្មរបស់លោក ហ៊ុន សែន កាលនោះធ្វើឡើងបន្ទាប់ពីអ្នកស្រី ហ៊ូ រុនអេង បានចូលទៅសរសេរបញ្ចេញមតិលើបណ្ដាញសង្គម ហ្វេសប៊ុករបស់លោក ហ៊ុន សែន ពីបញ្ហាជនជាតិវៀតណាមនៅប្រទេសកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែតុលា ថា រដ្ឋាភិបាលបាន ប្រកាសបញ្ចប់គម្រោងតំបន់ត្រីកោណអភិវឌ្ឍនហើយ ដូច្នេះ គួរដោះលែងអ្នកជាប់ឃុំ ដែលត្រូវបានចោទប្រកាន់និងចាប់ខ្លួនក្នុងសំណុំរឿងនេះ ឱ្យមានសេរីភាពវិញ។
លោក អំ សំអាត៖ «រឿងខ្លះគឺពលរដ្ឋគាត់បារម្ភសម្ដែងការបារម្ភអំពីCLVនេះ ប៉ុន្តែឥឡូវCLVរាជរដ្ឋាភិបាលលោកបានបញ្ចប់គម្រោងនេះទៅហើយ អ៊ីចឹងចំណុចហ្នឹង គួរពិចារណាដោះលែងពួកគាត់ ដែលជាប់ពាក់ព័ន្ធដោយCLV»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី១២ ខែតុលា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ចាប់តាំងពីខែកក្កដាមក មានសកម្មជនសង្គម និងនយោបាយ យ៉ាងហោចណាស់ជិត១០០នាក់(៩៤)ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ពាក់ព័ន្ធ នឹងសកម្មភាពការពារធនធានធម្មជាតិ និងការបញ្ចេញមតិមិនគាំទ្រគម្រោងកិច្ច សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)។
មន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគលើកឡើងថា ការបញ្ចេញមតិរបស់អ្នកស្រី ហ៊ូ រុនអេង នៅលើហ្វេសប៊ុកលោក ហ៊ុន សែន ពីបញ្ហាជនជាតិវៀតណាមនៅកម្ពុជា គឺ ជាការប្រើប្រាស់សិទ្ធិពលរដ្ឋ ដែលមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ។ ពួកគាត់ ថា រដ្ឋាភិបាលកម្ពុជាគួរដោះលែងអ្នកស្រី ហ៊ូ រុនអេង និងអ្នកផ្សេងទៀត ឱ្យមាន សេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។