សាច់ញាតិកញ្ញា សូ មេត្តា ព្រួយបារម្ភពីសុខភាពរបស់សកម្មជននៅពន្ធនាគារ។ កញ្ញា សូ មេត្តា បញ្ជាក់ប្រាប់ប្អូនស្រីរបស់ខ្លួនថា របួសជើងរបស់កញ្ញា ដែលដួលក្នុងបន្ទប់ទឹកកន្លងមក កំពុងវិវត្តន៍ទៅជាស្វិត ដោយសារការព្យាបាលមិនបានដិតដល់។ មន្ត្រីសិទ្ធិមនុស្សយល់ថា មន្ត្រីពន្ធនាគារគួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាងនេះបន្ថែមទៀតចំពោះស្ថានភាពជំងឺរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ និងអនុវត្តឱ្យស្មើភាពគ្នាចំពោះអ្នកជាប់ឃុំទាំងអស់។
ប្អូនស្រី យុវជនខ្មែរថាវរៈ កញ្ញា សូ មេត្តា គឺ កញ្ញា អេង វណ្ណឌី រៀបរាប់ថា ស្ថានភាពសុខភាពរបស់កញ្ញា សូ មេត្តា ទ្រុឌទ្រោមជាងមុន ហើយជើងបងស្រីកញ្ញាដែលរបួសដោយសារការដួលក្នុងបន្ទប់ទឹកកន្លងមកនោះ ប្រែទៅជារួមស្វិតបន្តិចម្តងៗ និងឈឺចាប់គ្រប់ពេលកម្រើកម្តងៗ។ កញ្ញា សូ មេត្តា ប្រាប់ប្អូនស្រីបន្តថា ក្រៅពីអាការៈជើងដែលពិបាកកម្រើកនេះ បញ្ហាជំងឺអាឡាក់ស៊ី និងជំងឺស្ត្រេសរបស់កញ្ញា ក៏មិនបានស្បើយដែរ ហើយមន្ត្រីក្នុងពន្ធនាគារមិនអើពើ និងព្យាបាលមិនបានដិតដល់នោះទេ។
កញ្ញា អេង វណ្ណឌី ឱ្យដឹងទៀតថា មន្ត្រីពន្ធនាគារបានផ្លាស់បន្ទប់បងស្រីរបស់ខ្លួន ទៅបន្ទប់ផ្សេងមួយទៀត ដែលមានអ្នកទោសចង្អៀតណែន និងកន្លែងគេងតូចជាងមុន។ កញ្ញាព្រួយបារម្ភថា ស្ថានភាពជើងរបស់កញ្ញា សូ មេត្តា អាចនឹងវិវត្តន៍ទៅជាពិការ ប្រសិនបើនៅតែបន្តឃុំខ្លួននៅក្នុងពន្ធនាគារបែបនេះ។ កញ្ញាស្នើឱ្យមន្ត្រីពន្ធនាគារ បញ្ជូនបងស្រីរបស់ខ្លួន មកព្យាបាលនៅមន្ទីរពេទ្យ និងស្នើឱ្យតុលាការអនុញ្ញាតឱ្យបងស្រីរបស់ខ្លួនបាននៅក្រៅឃុំ ដើម្បីព្យាបាលជំងឺ៖ « ខ្ញុំចង់ស្នើសុំខាងមន្ត្រីពន្ធនាគារ ហើយនឹងអាជ្ញាធរសុំឱ្យសង្កេតមើលពីសុវត្ថិភាពគាត់ និងសុខភាពគាត់ ហើយឱ្យគាត់មានភាពស្វាហាប់ក្នុងការមើលបងស្រីខ្ញុំ ព្រោះអីជំងឺគាត់ មិនមែនតែមួយមុខទេបង គឺធ្ងន់ធ្ងរមែនទែន ជើងផងអីផង ហើយក៏ខ្ញុំចង់សុំឱ្យគាត់នៅក្រៅឃុំ មើលថែសុខភាពគាត់អ៊ីចឹងណាបង»។
កញ្ញា សូ មេត្តា បានរអិលដួលនៅក្នុងបន្ទប់ទឹកពន្ធនាគារ ប៉ះទង្គិចជើង បណ្ដាលឱ្យរបួសជ្រៅដល់ឆ្អឹង រហូតបង្កជាមានខ្ទុះ ឈឺចាប់ និងធ្វើឱ្យកញ្ញា សូ មេត្តា ដើរពុំរួច។ រយៈពេលជិត២ខែមកហើយ ទោះជាមុខរបួសបានសះ ប៉ុន្តែ របួសនោះនៅតែបង្កការឈឺចាប់ និងដើរពុំរួចដដែល។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ដើម្បីឆ្លើយតបនឹងការលើកឡើងនេះ នៅថ្ងៃទី១៤ មករា នេះ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
កន្លងមក សកម្មជន ប្រជាពលរដ្ឋ និងអង្គការផ្នែកសិទ្ធិមនុស្សមួយចំនួន ធ្លាប់បានរិះគន់អាជ្ញាធររបបក្រុងភ្នំពេញជុំវិញការអនុវត្តស្តង់ដារពីរចំពោះអ្នកជាប់ឃុំដែលក្រីក្រ និងអ្នកមានលុយមានអំណាច។ អ្នកជាប់ឃុំក្រីក្រ និងអ្នកទោសមនសិការ មិនងាយទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅឡើយ ទោះជាពួកគេមានជំងឺធ្ងន់ធ្ងរ ឬក៏ស្នើសុំច្រើនដងបែបណាក្តី។ ផ្ទុយទៅវិញ អ្នកជាប់ឃុំខ្លះដែលជាឧក្រិដ្ឋជន តែមានលុយ ឬមានអំណាច អាចទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលរយៈពេលវែងនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា មន្ត្រីពន្ធនាគារគួរយកចិត្តទុកដាក់បន្ថែមអំពីស្ថានភាពជំងឺរបស់កញ្ញា សូ មេត្តា ហើយគួរបញ្ជូនកញ្ញាមកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីកុំឱ្យស្ថានភាពជំងឺនេះកាន់តែវិវត្តន៍ទៅធ្ងន់ធ្ងរជាងនេះ។ លោកបន្តថា មន្ត្រីពន្ធនាគារមិនគួរដាក់កញ្ញា សូ មេត្តា ក្នុងបន្ទប់ដែលមានអ្នកទោសចង្អៀតណែន ក្នុងស្ថានភាពដែលកញ្ញាកំពុងមានជំងឺបែបនេះទេ។ លោកបន្ថែមថា តុលាការគួរតែពិចារណាឡើងវិញអំពីការដោះលែងសង្គមទាំងអស់ឱ្យមានសេរីភាពឡើងវិញ។ លោកបង្ហាញការខកចិត្តចំពោះតុលាការក្រុងភ្នំពេញដែលបដិសេធចំពោះសំណើសុំនៅក្រៅឃុំរបស់ក្រុមយុវជនខ្មែរថាវរៈទាំងនេះ។ លោកចាត់ទុកការចាប់ខ្លួនក្រុមយុវជន សកម្មជនបរិស្ថាន និងសកម្មជនសង្គមមួយចំនួនទៀត ជារឿងអយុត្តិធម៌បំផុត៖ «ខ្ញុំគិតថា នេះជារឿងមួយដែលវាមានភាពមួយដែលមិនសមរម្យទេ ចំពោះការយកពួកគាត់ទៅធ្វើការឃុំខ្លួនអ៊ីចឹង ហើយថែមទាំងគាត់មានជំងឺថែមទៅទៀត។ ខ្ញុំគិតថា តុលាការគួរតែរូតរះ គួរតែធ្វើយ៉ាងណាប្រញាប់ប្រញាល់នៅក្នុងការអនុវត្តនូវនីតិវិធីធ្វើយ៉ាងណាដោះលែងគាត់ឱ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្នអីសិនទៅ ដើម្បីយើងបន្តនីតិវិធីទៅទៀត ជៀសវាងយើងពិបាកក្នុងកាលមើល នៅពេលដែលអ្នកជាប់ពន្ធនាគារ ដោយសារតែការតស៊ូខាងមនសិការ ហើយបែរជាជាប់ពន្ធនាគារ។ ហើយនៅពេលដែលយកគាត់មកតុលាការ ឃើញគាត់មានការគ្រាដោយឆ្មាំពន្ធនាគារអីហ្នឹង ខ្ញុំគិតថា វាជារឿងមួយដែលមិនសមទំនង ហើយវាជារឿងមួយដែលមហាជនគេមើលមកវាអត់ៗមានជាលក្ខណៈអីសមរម្យទាល់តែសោះ»។
ទាក់ទងនឹងក្រុមយុវជនខ្មែរថាវរៈវិញ នៅថ្ងៃទី១៤ មករានេះ តុលាការកំពូលបានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជន២រូប គឺលោកស្រី ឈឿន ដារ៉ាវី និង លោក ហ៊ុន វណ្ណៈ។ នៅក្នុងដំណើរការក្តីនេះ តុលាការមិនបានបញ្ជូនកញ្ញា ឈឿន ដារ៉ាវី មកចូលរួមក្នុងសវនាការនេះទេ។
ព្រះរាជអាជ្ញានៃអង្គជំនុំជម្រះតុលាការកំពូល លោក ជុំ សំបាន ស្នើតុលាការតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល ដោយលើកឡើងថា ដើម្បីការពារជនជាប់ចោទមិនឱ្យប្រព្រឹត្តបទល្មើសជាថ្មី និងការពារសណ្ដាប់ធ្នាប់សាធារណៈ។
មេធាវីការពារក្តីឱ្យក្រុមយុវជនខ្មែរថាវរៈលោក សំ ចំរើន លើកឡើងថា សាលដីការបស់សាលាឧទ្ធរណ៍ គឺមានភាពមិនចាំបាច់ និងមិនសមស្របតាមនីតិវិធី និងរំលោភលើសច្ចធារនៃសេរីភាព។ លោកស្នើឱ្យតុលាការកំពូល ដោះលែងកូនក្តីរបស់លោក ឱ្យបាននៅក្រៅឃុំ។
តុលាការកំពូលនឹងប្រកាសសាលដីកានេះ នៅថ្ងៃទី២១ មករា ខាងមុខនេះ។
ម្ដាយសកម្មជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ គឺ លោកស្រី ទី ម៉ារី ដែលចូលរួមឃ្លាំមើលក្នុងសវនាការនេះ ថ្លែងថា កូនប្រុសរបស់លោកស្រីបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ និងពុំមានកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកស្រីស្នើឱ្យតុលាការដោះលែងកូនប្រុសលោកស្រីឱ្យមានសេរីភាពឡើងវិញ៖ «រាជរដ្ឋាភិបាលបានប្រកាសថា យុវជនម្នាក់ត្រូវមានសិទ្ធសេរីភាពបញ្ចេញមតិ ដល់កូនខ្ញុំបញ្ចេញមតិគេចាប់អ៊ីចឹង វាអយុត្តិធម៌សម្រាប់ខ្ញុំជាប្រជាជនកម្ពុជាមួយដូចអត់មានសិទ្ធិសេរីភាពបញ្ចេញមតិអ៊ីចឹង»។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនយុវជនខ្មែរថាវរៈជាច្រើននាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ក្រោយពេលពួកគេចេញមុខតវ៉ាទាមទារឱ្យតុលាការដោះលែង មេដឹកនាំសហជីពលោក រ៉ុង ឈុន ។ ចាប់តាំងពីអំឡុងឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១នេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជន អ្នកការពារសិទ្ធិមនុស្ស និងយុវជនដាក់ពន្ធនាគារយ៉ាងហោចជាង ៦០នាក់ ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់មិនឱ្យយោធិនស្ដាប់បញ្ជា និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលជាដើម។ ចំណែក ក្រុមសកម្មជន អ្នកនយោបាយមិនមែនបក្សសង្គ្រោះជាតិ និងយុវជនវិញ រងការចោទប្រកាន់ពីបទញុះញង់។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទាំងនោះវិញ ព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ក្រៅពីនេះ សហគមន៍ជាតិ និងអន្តរជាតិទទូចឱ្យរបបក្រុងភ្នំពេញ បើកលំហសេរីភាព និងគោរពសិទ្ធិពលរដ្ឋ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។