អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំកាយ បន្ត​ការ​តវ៉ា​ឱ្យ​ក្រសួង​អប់រំ​បកស្រាយ​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ ដើម្បី​បង្ហាញ​តម្លាភាព

អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ បន្ត​ការ​តវ៉ា​ឱ្យ​ក្រសួង​អប់រំ​បក​ស្រាយ​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ ដើម្បី​បង្ហាញ​តម្លាភាព​ក្នុង​ដំណើរ​ការ​ជ្រើសរើស​គ្រូ​កីឡា។

អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ បាន​ឈរ​នៅ​ខាង​មុខ​អគារ​ក្រសួង​អប់រំ​យុវជន និងកីឡា ដោយ​មាន​កាន់​បដា​ទាមទារ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ឱ្យ​បកស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី ក្នុង​ការ​លុប​ឈ្មោះ​របស់​លោក និង​គរុសិស្ស ១១នាក់​ទៀត ដោយ​អយុត្តិធម៌។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​គូស​ខ្វែង​ឡូហ្គោ ក្រសួង​អប់រំ​យុវជន និង​កីឡា​នៅ​លើ​បដា ដែល​លោក​កាន់​ផង។

លោក កែវ សុវណ្ណឫទ្ធិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ ខែកញ្ញា​ថា លោក​នៅ​តែ​បន្ត​ទាមទារ​រក​យុត្តិធម៌​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​រៀងរាល់​ព្រឹក​ថ្ងៃចន្ទ រហូត​ដល់​មាន​ការ​បកស្រាយ​សមស្រប​ពី​ក្រសួង​អប់រំ ចំពោះ​ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​វិទ្យា​ស្ថាប័ន​ជាតិ​អប់រំ​កាយ និង​កីឡា។

វិទ្យុ​អាស៊ី​សេរី​នៅ​តែ​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុវាចា បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ ខែកញ្ញា។

លោក កែវ សុវណ្ណឫទ្ធិ លើក​ឡើង​ថា ប្រសិនបើ​ក្រសួង​អប់រំ​នៅតែ​មិន​បង្ហាញ​ពី​តម្លាភាព​ជុំវិញ​ការ​លុប​ឈ្មោះ​របស់​លោក​នោះ​ទេ លោក​នឹង​ដើរ​កាន់​បដា​ចម្ងាយ​ប្រមាណ ១០គីឡូ​ម៉ែត្រ នៅ​ថ្ងៃចន្ទ ទី២៥ ខែកញ្ញា​ខាង​មុខ ដោយ​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ខាង​មុខ​ក្រសួង​អប់រំ​យុវជន និង​កីឡា យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មុខងារ​សាធារណៈ​ឱ្យ​ជួយ​ដោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។