អតីត​គរុសិស្ស នៃ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ បន្ត​ទាមទារ​រក​យុត្តិធម៌ នៅ​មុខ​ក្រសួង​អប់រំ

0:00 / 0:00

អតីត​គរុសិស្ស​មួយ​រូប​នៅតែ​បន្ត​ទាមទារ​រក​យុត្តិធម៌​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ទោះបី​មាន​បញ្ហា​សុខភាព និង​ក្រោម​ភ្លៀង​ធ្លាក់ បន្ទាប់ពី​ការ​តវ៉ា​អស់​រយៈពេល​ជិត ៣ខែ​មកនេះ នៅតែ​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​សម្រាប់​រូប​គាត់។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​អប់រំ ពន្លឿន​ការ​ដោះស្រាយបញ្ហា​នេះ ប្រកបដោយ​ភាព​ទំនួលខុសត្រូវ ដើម្បី​ផ្ដល់​យុត្តិធម៌​ឱ្យ​យុវជន​រូប​នេះ។

បើ​ទោះបីជា​ទទួលរង​ភាព​អយុត្តិធម៌​ផ្ទួនៗ ដោយ​ការ​លុបឈ្មោះ​ចេញពី​សាលា​ក្រោម​ហេតុផល​មិន​សមរម្យ និង​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ដោយ​ប្រើប្រាស់​អំពើ​ហិង្សា​ជាច្រើនលើក​ទៅ​ហើយ​ក្ដី ក៏​អតីត​គរុសិស្ស​វិទ្យាស្ថាន​អប់រំកាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ មិនបាន​បោះ​ការ​ទាមទារ​រក​យុត្តិធម៌​ពី​ក្រសួង​អប់រំ​ឡើយ។

អតីត​គរុសិស្ស លោក កែវ សុវណ្ណឫទ្ធិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៣ តុលា​នេះ​ថា លោក​នឹង​មិន​ចុះចាញ់​នោះ​ឡើយ ដរាបណា​លោក​នៅ​មិនទាន់​បាន​ដំណោះស្រាយ​សមស្រប​ពី​ក្រសួង​អប់រំ។ លោក​សង្ឃឹម​ថា ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ នឹង​បាន​ឃើញ​អត្ថន័យ​សារ​នៅ​លើ​ស្លាក​ក្រដាស ហើយ​ងាក​មក​ដោះស្រាយ​រឿង​អយុត្តិធម៌ ដែល​កើតមាន​នៅ​ក្នុង​ស្ថាប័ន​អប់រំ​ឡើងវិញ។

លោក កែវ សុវណ្ណឫទ្ធិ៖«ជាចុងក្រោយ​ខ្ញុំ​សូម​សំណូមពរ​ទៅដល់(កង​កម្លាំង)សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ សូម​គាត់​អនុវត្ត​នីតិវិធី​ផ្លូវ​ច្បាប់​ឱ្យ​មាន​ភាព​ត្រឹមត្រូវ ហើយ​មួយ​ទៀត ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រសួង​អប់រំ សូម​មេត្តា​ឆ្លើយតប កុំ​ឱ្យ​ថា ខ្ញុំ​នេះ ធ្វើ​ការ​លើក​បដា ហើយ​នៅ​សុខៗ ឧទាហរណ៍​ថា ខ្ញុំ​ឡើង​ទៅ​ប្ដឹង​គាត់ វា​ជា​បញ្ហា​មួយ ដែល​ក្មេង​ទៅ​ប្ដឹង​ចាស់ ទៅ​គំរាមកំហែង​ចាស់ វា​ខុស​នីតិវិធី​នៃ​ការ​គោរព»។

នៅ​ក្រោម​ដំណក់​ទឹកភ្លៀង អតីត​គរុសិស្ស លោក កែវ សុវណ្ណឫទ្ធិ ឈរ​ចំ​ពី​មុខ​ឈ្មោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា លើកស្លា​ក​ក្រដាស ដែល​សរសេរ​ចំណងជើង​ពណ៌ក្រហម​ថា “សប្ដាហ៍​ទី១១” និង​រំលេច​ខ្លឹមសារ​ដោយ​អក្សរ​ពណ៌​ខៀវ​ថា «បង្កើត​ច្បាប់​មិន​អនុវត្ត យុវជន​ចេះដឹង មិនបាច់​សិក្សា​អប់រំ រីឯ​បណ្ឌិត​គេច​ពី​ការពិត ចំណែក​ឯ​អ្នកមាន សំអាង​ទ្រព្យសម្បត្តិ​ជា​អំណាច»។

Protest_102323_3.jpg
លោក កែវ សុវណ្ណឫទ្ធិ អតីត​គរុសិស្ស​បន្ត​ទាមទារ​រក​យុត្តិធម៌​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ​ក្រោម​ទឹក​ភ្លៀង​ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

ចំពោះ​ខ្លឹមសារ​ចាក់ដោត​នេះ លោក កែវ សុវណ្ណឫទ្ធិ សំដៅ​ទៅលើ​ភាព​អយុត្តិធម៌ ដែល​កើតឡើង​ចំពោះ​លោក​ជាក់ស្ដែង តែ​គ្មាន​អ្នក​ចេញមុខ​មក​ដោះស្រាយ និង​ភាព​លម្អៀង​របស់​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា ដែល​លុបឈ្មោះ​លោក​ចេញពី​សាលា ដោយ​អះអាង​ថា ខុស​លក្ខន្តិកៈ​ខ្វះ​កម្ពស់ ​ប៉ុន្តែ​ក្រសួង​បែរជា​អនុញ្ញាត​ឱ្យ​គរុសិស្ស ដែល​ខុស​លក្ខន្តិកៈ លើស​អាយុ និង​មាន​គ្រួសារ អាច​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ទៅ​វិញ។ ស្រប​ពេល​ដែល​យុត្តិធម៌​នៅ​មិនទាន់​មាន អតីត​គរុសិស្ស កែវ សុវណ្ណ​ឫទ្ធិ បែរ​ជា​ត្រូវ​ទទួលរង​អំពើ​ហិង្សា បណ្ដាល​ឱ្យ​មាន​បញ្ហា​ត្រចៀក និង​ត្រូវ​បាត់បង់​ការងារ​នៅកន្លែង​ឯកជន​មួយ​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ដើម្បី​សុំ​ការ​បកស្រាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៣ តុលា។

កាល​ពី​ថ្ងៃ​ទី ២ ខែ​កញ្ញា ថ្នាក់​ដឹកនាំ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា​បាន​ហៅ​លោក កែវ សុវណ្ណឬទ្ធិ ទៅ​ជួប ដើម្បី​ចរចា ដោយ​ផ្ដល់​ឱ្យ​យុវជន​រូប​នេះ​ទទួល​យក​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​រយ:​ពេល ៤ឆ្នាំ ដោយ​ឥត​គិត​ថ្លៃ ជា​ថ្នូរ​នឹង​ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​គរុ​និស្សិត និង​បញ្ឈប់​សកម្មភាព​ឈរ​តវ៉ា។ ប៉ុន្តែ​លោក កែវ សុវណ្ណឬទ្ធិ មិន​ទទួល​យក​សំណើ​នេះ​ទេ ដោយ​លោក​អះអាង​ថា ដំណោះស្រាយ​នេះ មិនមែន​ជា​ភាព​យុត្តិធម៌ និង​ការ​ទទួល​ខុស​ត្រូវ​របស់​​​ក្រសួង​អប់រំ ដែល​លោក​ចង់​បាន​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី លើក​ឡើង​ថា ការ​ព្រងើយ​កន្តើយ​របស់​​​ក្រសួង​អប់រំ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​រក​យុត្តិធម៌​នេះ នឹង​ធ្វើ​ឱ្យ​សាធារណជន​យល់​ឃើញ​អំពី​ភាព​អយុត្តិធម៌ និង​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​ក្រសួង​អប់រំ ដែល​ជា​កន្លែង​ផលិត​ធនធានមនុស្ស។ អ្នកស្រី​បន្ត​ថា យុវជន កែវ សុវណ្ណ​ឫទ្ធ គួរតែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ព្រោះ​រូបគេ​បាន​បង្ហាញ​អំពី​ឆន្ទៈ​ស្រឡាញ់​វិស័យ​អប់រំ​កាយ មាន​ភាព​ក្លាហាន និង​អត់ធ្មត់​តស៊ូ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖«ក្រសួង​អប់រំ ជា​ស្ថាប័ន​មួយ​ដែល​បញ្ជាក់​ពី​ការពិត ហើយ​គឺជា​ក្រសួង​ដែល​ធ្វើ​ឱ្យ​មហាជន ក៏ដូចជា​ប្រទេសជាតិ​ហ្នឹង​ប្រសើរ​ឡើង ក៏ដោយសារតែ​ការចេះដឹង​ហ្នឹង ថា​ការចូលរួម​រប​ស​ក្រសួង​ហ្នឹង​អាចម​ក​ដោះស្រាយ​(បញ្ហា)​របស់​យុវជន​ម្នាក់​ហ្នឹង​បាន មិន​គួរ​ណា​ទុក​ឱ្យ​គាត់​បណ្ដែតបណ្ដោយ​រាប់​ខែ​អ៊ីចឹង​ទេ គួរតែ​ដោះស្រាយ​ឱ្យ​ឆាប់ៗ​ទៅ ដើម្បី​មុខមាត់​ប្រទេសជាតិ​ទាំងមូល​ផង»។

កាលពី​ថ្ងៃ​ទី៩ ខែ​តុលា អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ក្នុង​ឯក​សណ្ឋាន​ស៊ីវិល​បាន​ចាប់​ទាញ រុញច្រាន លោក កែវ សុវណ្ណឫទ្ធិ បញ្ចូល​ទៅ​ក្នុង​រថយន្ត ក្នុង​ពេល​លោក​កំពុង​ឈរ​ស្រែក​តវ៉ា​នៅ​ពី​មុខ​ក្រសួង​អប់រំ ខណៈ​ការ​ប្រទាញប្រទង់​គ្នា​នៅ​ពេល​នោះ អាជ្ញាធរ​បាន​ទះ​លោក កែវ សុវណ្ណឫទ្ធិ ចំ​គុម្ព​ត្រចៀក​បណ្ដាល​ឱ្យ​លោក​ដួល​សន្លប់​ទៅ​លើ​ដី។

ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​លើ​រូបលោក​ជាថ្មី​នេះ លោក កែវ សុវណ្ណឫទ្ធិ កាល​ពី​ថ្ងៃ​ទី១២ តុលា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រសួង​មហាផ្ទៃ និង​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ប្ដឹង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ។ ទោះជា​យ៉ាង​ណា​ក្ដី ស្ថាប័ន​ទាំង​ពីរ​នេះ បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក មិន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​លោក កែវ សុវណ្ណឫទ្ធិ នោះ​ទេ។ ក្រោយ​ការ​ស្វះស្វែង​ដាក់​ពាក្យ​បណ្ដឹង​មិន​រាថយ នៅ​ទីបំផុត អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ ក៏​ព្រម​ទទួល​យក​ពាក្យ​បណ្ដឹង​នោះ។

លោក កែវ សុវណ្ណឫទ្ធិ អះអាង​ថា ប្រសិនបើ​ក្រសួង​មហាផ្ទៃ​មិន​មាន​ដំណោះស្រាយ​រក​យុត្តិធម៌​ឱ្យ​លោក​ទេ​នោះ លោក​គ្រោង​នឹង​បន្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ទៀត។

ក្នុងពេលជាមួយគ្នា អតីត​គរុ​និស្សិត​អប់រំកាយ និង​កីឡា​រូប​នេះ លើក​ឡើង​ថា ប្រសិនបើ​ក្រសួង​អប់រំ​នៅតែ​មិន​ចេញមុខ​បកស្រាយ​ចំពោះ​ភាព​អយុត្តិធម៌​មក​លើ​រូប​លោក​ទេ​នោះ លោក​នឹង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា នៅ​សប្ដាហ៍​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។