អាជ្ញាធរឃាត់ខ្លួនយុវជន ៤រូប និង​បិទ​​ទីស្នាក់ការ​សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ

0:00 / 0:00

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៨ ខែសីហា បញ្ជា​ឱ្យ​សមត្ថកិច្ច​បិទ​ទីស្នាក់ការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ឃាត់​ខ្លួន​សមាជិក ៤នាក់ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។ ការ​ឃាត់​ខ្លួន​នេះ គឺ​ស្រប​ពេល​រដ្ឋាភិបាល​របស់​ត្រកូល ''ហ៊ុន'' កំពុង​ដាក់​ពង្រាយ​កងកម្លាំង​នៅ​ទូទាំង​ប្រទេស​ត្រៀម​បង្ក្រាប​អ្នក​ដែល​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA រួម​ទាំង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ ដែល​រិះគន់​លើ​បណ្ដាញ​សង្គម​ថា រដ្ឋាភិបាល​អាច​ធ្វើ​ឱ្យ​បាត់​ទឹក​ដី​ទៅ​ឱ្យ​ប្រទេស​វៀតណាម ជុំវិញ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិ​តំបន់​ត្រីកោណ​អភិវឌ្ឍ​ជាមួយ​ប្រទេស​វៀតណាម។

សមាជិក​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​៤នាក់រួម​មាន ប្រធាន​ស្ដីទី​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន អគ្គលេខាធិការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា និង​យុវជន ២រូប​ទៀត គឺ​កញ្ញា នឿន ស្រីណែត និង​កញ្ញា កាត់ ស៊ីណាត ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ឃាត់​ខ្លួន ព្រម​ទាំង​បិទ​ទីស្នាក់ការ​សមាគម​ក្នុង​សង្កត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ។

មុន​ឃាត់​ខ្លួន​យុវជន​ចំនួន ៤នាក់​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ដោយ​បន្សល់​កំណត់ហេតុ​សរសេរ​ដោយ​ដៃ​មួយ​សន្លឹក​បិទ​ជាប់​នៅ​មាត់​ទ្វារ​ដែល​មាន​ស្នាមមេដៃ កញ្ញា រៀម ស្រីពេជ្ររតនា ដែល​បញ្ជាក់​ថា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បញ្ជា​ឱ្យ​បិទ​ទីស្នាក់ការ​សមាគម។

សមាជិក​សកម្ម​នៃ​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ កញ្ញា សើន ស្រីម៉ៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៨ ខែសីហា ថា កញ្ញា និង​យុវជន​ទាំង ៤រូប​នោះ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​តាម​ឃ្លាំ​មើល និង​ថត​រូប​ពួក​គាត់ ក្នុង​អំឡុង​ពេល​ពួក​គាត់​បាន​រើ​អីវ៉ាន់ ដើម្បី​ផ្លាស់​ប្ដូរ​ទីតាំង​ទី​ស្នាក់​ការ​សមាគម​ពី​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក មក​សង្កត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ​វិញ។ កញ្ញា​សង្ស័យ​ថា ការ​ចាប់​ខ្លួន​យុវជន ៤រូប​នេះ គឺ​ដោយសារ​ពួកគាត់​បាន​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA។

កញ្ញា សើន ស្រីម៉ៃ៖«បច្ចុប្បន្នភាព ចំពោះ​ខ្លួនឯង​ផ្ទាល់ ក៏​មាន​អារម្មណ៍​មិន​សូវ​ជា​មាន​សុវត្ថិភាព​ដែរ ហើយ​អ្វី​ដែល​បារម្ភ​ជាង​គេ គឺ​បងប្អូន​ខ្លួន​ឯង​ចំនួន ៤នាក់ ដែល​បាត់​ដំណឹង​ឈឹង​ហើយ។ មក​ទល់​ឥឡូវ​មិន​ដឹង​ថា ពួក​គាត់​បាន​បាយ​ទឹក​ហូប​ហើយ ឬ​នៅ ពីព្រោះ​អត់​ដឹង​គេ​នាំ​ពួកគាត់​ទៅ​ណា»។

ក្រោយ​ចាប់​ខ្លួន​មួយ​ថ្ងៃ យុវជន ២នាក់ ក្នុង​ចំណោម​យុវជន ៤នាក់ គឺ​ជា​សមាជិក​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ គឺ​លោក ធី ថន និង​កញ្ញា រៀម ស្រីពេជ្ររតនា បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ភាព​អយុត្តិធម៌​ដែល​ពេល​ថ្មីៗ នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​យុវជន​ជា​ច្រើន​នាក់ ដោយ​គ្រាន់តែ​ពួកគាត់​មិន​គាំទ្រ​គម្រោង​កិច្ច​សហប្រតិបត្តិការ CLV។ កាលពីថ្ងៃទី១៧ ខែ​សីហា កញ្ញា រៀម ស្រីពេជ្ររតនា បាន​ចែក​រំលែក​ការ​ឃាត់​ខ្លួន​យុវជន​ម្នាក់​ដែល​អាជ្ញាធរ​ចោទ​គាត់​ថា ញុះញង់​ឱ្យ​មាន​ការ​ចូលរួម​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​ដោយ​កញ្ញា​បាន​សរសេរ​ថា ចូលរួម​រំលែក​ទុក្ខ​កម្ពុជា។ ដោយឡែក លោក ធី ថន បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ធម្មជាតិ​របស់​ជន​ផ្ដាច់ការ គឺ​ខ្លាច​ញញើត​នឹង​កម្លាំង​ពលរដ្ឋ​ក្រោក​ប្រឆាំង​តវ៉ា។

អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ទាក់ទង ទៅ​សមត្ថកិច្ច​ដោយ​ផ្ទាល់។ វិទ្យុ​អាស៊ី​សេរី​ក៏​មិន​អាច​ទាក់ទង ចៅ​សង្កត់​អូរ​បែក​ក្អម លោក ឃឹម រ័ត្ន និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែសីហា។

យុវជន​ចំនួន ៤នាក់​នោះ គឺ​សុទ្ធតែ​ជា​យុវជន​សកម្ម​តែងតែ​ចូលរួម​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម និង​ធ្វើ​យុទ្ធនា​ការ​លើ​បណ្ដាញ​សង្គម​ស្នើ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​សង្គម​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ជាពិសេស គឺ​ការ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ចោទ​ប្រកាន់​ទាំងអស់​លើ លោក កើត សារ៉ាយ។

ជុំវិញ​រឿង​នេះ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី យល់ឃើញ​ថា កម្ពុជា​មិន​ទាន់​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន​នោះ​ទេ ដូច្នេះ ការណ៍​ដែល​រដ្ឋាភិបាល​ចាប់​យុវជន​ដែល​បញ្ចេញមតិ​ពី​បញ្ហា​ដី​ទឹក​គឺជា​ការ​បារម្ភ​ហួសហេតុ និង​សម​ហេតុផល។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​យុវជន​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក យិន ម៉េងលី៖«យើង​គាំទ្រ​បញ្ហា​សុវត្ថិភាព ប៉ុន្តែ យើង​សុំ​កុំ​ធ្វើ​យ៉ាង​ម៉េច កុំ​ឱ្យ​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចេញ​បញ្ចេញ​មតិ ក៏​ដូចជា ធ្វើ​ដំណើរ​ទៅ​មក ដែល​ការ​ការពារ​សុវត្ថិភាព​គឺជា​រឿង​ចាំចាច់។ ប៉ុន្តែ ធ្វើ​ម៉េច​ប្រទេស​យើង​មិន​ទាន់​មាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​អត់​មាន​ការ​ណែនាំ​អ្វី​ទេ។ អ៊ីចឹង កុំ​ឱ្យ​មាន​អ្វី ដែល​រំលោភ​លើ​សិទ្ធិ ពីព្រោះ​ការ​រំលោភ​ឬ​ក៏​បំពាន​សិទ្ធិ​ហ្នឹង​បាន លុះត្រាតែ​មាន​ច្បាប់​យក​មក​អនុវត្ត ទើប​យើង​ដក​ហូត ហើយ​ការ​ដក​ហូត​សិទ្ធិ​ហ្នឹង គឺ​ត្រូវ​មាន​រយៈ​ពេល​ណា​មួយ​កំណត់​ដោយ​ច្បាប់»។

ក្រៅពី​សមត្ថកិច្ច​ចាប់​ខ្លួន​សមាជិក​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត ៤នាក់​ហើយ​នោះ នៅ​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​ក៏​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ចំនួន ៣នាក់​បន្ថែម​ទៀត នៅ​ខេត្ត​បៃលិន រួមមាន លោក ស៊ុន ពិសិដ្ឋ លោក ឡោ ធន់ និង​លោក មាស កុល ដោយ​មិន​បញ្ជាក់​អំពី​មូលហេតុ។ ដោយ​ឡែក​ក្រុម​យុវជន​ចំនួន ១៧នាក់ ដែល​ឡើង​មក​ពី​ខេត្ត​ផ្សេងៗ គ្នា កាល​ពី​យប់​ថ្ងៃ​ទី១៧ ខែសីហា ក្នុង​គោល​បំណង​ចូលរួម​កម្មវិធី​សិក្ខាសាលា នៅ​ថ្ងៃ​ទី១៨ ខែសីហា ជាមួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ហៅ​កាត់​ថា YRDP ក៏​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ឃាត់​ខ្លួន​សួរ​នាំ​ពី​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី១៨ ខែសីហា ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​ដោះលែង​ពួក​គាត់​វិញ ដោយ​បង្ខំ​ឱ្យ​ពួក​គាត់​ធ្វើ​កិច្ចសន្យា។

ការ​បង្កើន​ការ​ចាប់​ខ្លួន​ក្រុម​យុវជន និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នេះ គឺ​ស្រប​ពេល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គំរាម​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ហ៊ាន​តវ៉ា​មិន​គាំទ្រ​គម្រោង​កិច្ចប្រតិបត្តិការ​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ CLV។

ទន្ទឹម​គ្នា​នេះ​ដែរ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​ដោះលែង​សកម្មជន​ព្រៃឡង់ ២នាក់ រួមមាន កញ្ញា ឆេន លក្ខិណា កញ្ញា ឆោម ស្រីផា និង​ឪពុក​ចុង​របស់​កញ្ញា ឆេន លក្ខិណា លោក ម៉ៅ ញ៉ក់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​ពី​អាជ្ញាធរ​បង្ខំ​ឱ្យ​ពួក​គាត់​ធ្វើ​កិច្ច​សន្យា​ឈប់​បង្ហោះ​សារ​មិន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍។

ម្ដាយ​កញ្ញា ឆេន លក្ខិណា លោកស្រី អេង សុផល ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​ដោះលែង​កូនស្រី និង​ប្ដី​លោកស្រី​ឱ្យ​មាន​សេរីភាព​ឡើង​ក្រោម​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង។ លោកស្រី​បន្ត​ថា សមត្ថកិច្ច​បាន​ព្រមាន​ក្រុម​គ្រួសារ​លោកស្រី​មិន​ឱ្យ​ជជែក ឬ​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​មិន​គាំទ្រ​គម្រោងCLVបន្ត​ទៀត​នោះ​ទេ ​បើ​មិន​ដូច្នេះ កូនស្រី និង​ប្ដី​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១០ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់។

លោកស្រី អេង សុផល៖«គេ​ឱ្យ​យើង​សុំ​ទោស​សម្ដេច​រដ្ឋាភិបាល ឱ្យ​យើង​សុំទោស​គេ ហើយ​កុំ​ឱ្យ​កូន​ខ្ញុំ​មាន​ជា​លើក​ទី២។ បើ​មាន​លើក​ទី២ ហ្នឹង ទៀត(like share)និយាយ​ទៅ​គេ​យើង​ក្បត់​ជាតិ។ គេ​ថា លើក​នេះ ទោស​កូន​ខ្ញុំ​ពី ៥ឆ្នាំ ទៅ​ដល់ ១០ឆ្នាំ រួច​ផុត​ពី​ហ្នឹង​មាន​លើកទី២​ទៀត​គេ​គុណ​ជា២ គុណ​ជា៣ គេ​និយាយ​អ៊ីចឹង»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាប់​ខ្លួន​ក្រុម​យុវជន ហើយ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ពីព្រោះ​ការ​បញ្ចេញមតិ​ពី​បញ្ហា​បូរណភាព​ទឹកដី​មិនមែន​ជា​រឿង​ខុស​ច្បាប់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។