កូដករក្រុមហ៊ុនដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស ត្រេនស្ព័ត (Giant Ibis Transport) ប្រមាណ១០នាក់ ទាមទារឱ្យថៅកែដោះស្រាយវិវាទការងារដែលអូសបន្លាយជាង៣ឆ្នាំ។ សហភាពការងារកម្ពុជាថា វិវាទការងារនេះបង្ហាញពីភាពកម្សោយរបស់ក្រសួងការងារ ដែលមិនអាចបង្ខំឱ្យភាគីក្រុមហ៊ុនមកគោរពច្បាប់ការងារ។
កូដករក្រុមហ៊ុនចាយអ៊ិន អាយប៊ីស ត្រេនស្ព័ត (Giant Ibis Transport) ឈរនៅកណ្ដាលថ្ងៃត្រង់ លើកបដា និងស្រែកតវ៉ាជាច្រើនថ្ងៃមកហើយ ដើម្បីទាមទារឱ្យក្រុមហ៊ុននេះទូទាត់សំណងដល់ពួកគាត់។
ក្រុមកូដករស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ទៅភាគីក្រុមហ៊ុនឱ្យផ្ដល់សំណងតាមច្បាប់ការងារ និងសំណងជំងឺចិត្តដល់ពួកគាត់ ដោយសារតែក្រុមកូដករពុំអាចស្វែងរកដំណោះស្រាយពីក្រុមហ៊ុន និងក្រសួង។
ប្រធានសហជីពមូលដ្ឋាននៃក្រុមហ៊ុនដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស លោក សៀម ម៉ូរ៉ាឌី លើកឡើងថា បុគ្គលិកដែលបានបាត់បង់ការងារដោយសារតែបង្កើតក្រុមសហជីពដើម្បីការពារសិទ្ធិរបស់បុគ្គលិកត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារអស់រយៈជាងបីឆ្នាំមក។ លោកថា មូលហេតុដែលកូដករបន្តទាមទារប្រមូលផ្ដុំតវ៉ា គឺដើម្បីឱ្យក្រុមហ៊ុនគោរពច្បាប់ការងារដោយឱ្យបុគ្គលិកដែលជាសហជីពចូលធ្វើការវិញ បញ្ឈប់ការរើសអើងសហជីព និងផ្ដល់សំណងប្រាក់អតីតភាពការងារដល់បុគ្គលិក។
លោក សៀម ម៉ូរ៉ាឌី ឱ្យដឹងទៀតថា មូលហេតុដែលកម្មករមិនអាចទទួលបានដំណោះស្រាយ ដោយសារតែភាគហ៊ុនខ្លះនៃក្រុមហ៊ុនដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស គឺជារបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) ដែលមាន លោក គិត ម៉េង ជាប្រធានក្រុមហ៊ុន។
លោក សៀម ម៉ូរ៉ាឌី៖«ការប្រឈមមុខយើងឃើញហើយ មានការរារាំងពីអាជ្ញាធរហើយហាមមិនឱ្យយើងលើកទេ តែយើងលើកនេះអត់មានអ្វីដែលខុសច្បាប់ទេ គឺយើងធ្វើទៅតាមនីតិវិធី គឺយើងតស៊ូមតិនៅកន្លែង គឺយើងមិនបានទៅធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ឬក្រុមហ៊ុននោះទេ នេះគឺជាជម្រើសចុងក្រោយរបស់យើងហើយ ពួកយើងបានទៅរកហើយក្រសួងការងារ ទៅរកទាំងអាជ្ញាធរមកដោះស្រាយ ឃើញថាមិនដោះស្រាយឱ្យពួកយើងទេ»។
ក្រុមហ៊ុនដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស មានបុគ្គលិកសរុបជាង១០០នាក់ ហើយថៅកែក្រុមហ៊ុនបានព្យួរការងារពួកគេទាំងអស់គ្នា កាលពីខែមេសា ឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្នមានបុគ្គលិកមួយចំនួនចូលធ្វើការងារវិញ ប៉ុន្តែបុគ្គលិកជាង ៥០នាក់ទៀតត្រូវបានគេព្យួរការងារបន្ត ដោយសារពួកគេភាគច្រើនជាសមាជិកសហជីព។
អតីតអ្នកសម្របសម្រួលបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស លោក រ៉ាន់ ប្រសើរ បានឱ្យដឹងថា រយៈពេលជាង៣ឆ្នាំមកហើយ ដែលលោកបាត់បង់ការងារ និងមិនមានលទ្ធភាពផ្គត់ផ្គង់កូនៗរបស់លោកដូចពីមុនទៀតទេ។ លោក រ៉ាន់ ប្រសើរ ទទូចដល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជួយដោះស្រាយដល់វិវាទការងាររ៉ាំរ៉ៃមួយនេះដល់ពួកគាត់ផង។
លោក រ៉ាន់ ប្រសើរ៖«ជាថ្មីម្ដងទៀតសុំឱ្យតំណាងក្រុមហ៊ុនចូលខ្លួនមកចរចាដោះស្រាយ ដើម្បីបញ្ចប់ជម្លោះ មួយទៀតខ្ញុំស្នើសុំដល់រដ្ឋាភិបាល ដែលមានរដ្ឋាភិបាលថ្មីដែលមានឯកឧត្ដម ហ៊ុន ម៉ាណែត ដែលថ្មីៗនេះលោកបានជាប់ឆ្នោត សូមលោកជួយមើលកម្មករទូទាំងប្រទេសដែលរងទុក្ខលំបាក ដោយសារក្រុមហ៊ុនរំលោភបំពានទៅលើកម្មករនិយោជិកផងដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងថៅកែក្រុមហ៊ុន ចាយអ៊ិន អាយប៊ីស លោក ឡាយ សុធារិទ្ធ និង អគ្គលេខាធិការរងនៃគណៈកម្មាធិការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៃក្រសួងការងារ លោក ទេស រុក្ខាផល ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែកញ្ញា។
ជុំវិញរឿងនេះប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ លើកឡើងថា ក្រុមហ៊ុនដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស មានភាគហ៊ុនធំជារបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) ដែលមាន លោក គិត ម៉េង ជាប្រធានក្រុមហ៊ុន ទើបក្រសួងការងារគ្មានយន្តការច្បាប់ណាមួយអាចបង្ខំឱ្យក្រុមហ៊ុនគោរពច្បាប់។
លោក អាត់ ធន់៖«យើងគិតមើលទៅដូចជាអត់មានយន្តការអីដោះស្រាយ ដើម្បីជំរុញឱ្យក្រុមហ៊ុនមកទទួលខុសត្រូវ ឬដោះស្រាយឱ្យកម្មករបានល្អទេ នេះអាចជាភាពកម្សោយរបស់ខាងក្រសួងការងារដែរ បើទោះបីជាក្រុមហ៊ុនរំលោភច្បាប់ ក្រុមហ៊ុនមិនបង់លុយ ក្រុមហ៊ុនចុះកិច្ចព្រមព្រាងហើយក៏ដោយ ក្រុមហ៊ុនឯកភាពបង់ក៏ដោយក៏នៅតែសម្របសម្រួលដូចគ្មានយន្តការដែលធ្វើឱ្យកម្មករទុកចិត្តហើយដោះស្រាយទៅមានប្រសិទ្ធិភាពទេ»។
កន្លងមកក្រុមកូដករអះអាងថា ពួកគាត់ធ្លាប់ចរចាជាមួយភាគីក្រុមហ៊ុននៅក្រសួងការងារ ជាច្រើនលើកច្រើនសា ប៉ុន្តែមិនទទួលបានដំណោះស្រាយឡើយ។ ពួកគេយល់ឃើញថា ក្រសួងការងារធ្វើការគ្មានតម្លាភាព និងលំអៀងទៅរកភាគីក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។