កុមារី​ដែល​ម្ដាយ​ចាក់​ច្រវាក់​បង្ខាំង​ទុក​នៅ​ផ្ទះ​ត្រូវ​មន្ទីរ​សង្គមកិច្ច​យក​ទៅ​ចិញ្ចឹម

អាជ្ញាធរ​ក្នុងខេត្ត​កោះកុង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្សរួម​គ្នា​ជួយសង្រ្គោះ​កុមារី​ម្នាក់​ ដែល​ត្រូវ​ម្តាយចិញ្ចឹម​ចាក់​ច្រវ៉ាក់​ជើង​ មិន​អោយ​ចេញ​ពី​ផ្ទះ។

ក្មេងស្រី​វ័យ ៥ឆ្នាំ ត្រូវ​មន្ទីរ​សង្គម​កិច្ច និង​កិច្ចការនារី​ខេត្ត​ រួម​ជាមួយ​ការិយាល័យប្រឆាំង​ការជួញដូរ​មនុស្ស នាំ​ទៅ​បីបាច់​រក្សា​​នៅ​មន្ទីរ​សង្គមកិច្ច ជំនួស​អោយ​ម្តាយ​ចិញ្ចឹម ​ដែល​តែង​ដាក់​ច្រវ៉ាក់ ជើង​នាង​នៅ​ពេល​ម្តាយ​រូប​នោះ​ចេញ​ទៅ​ស៊ីឈ្នួល​នៅ​ចម្ការ​កៅស៊ូ។

លោក នាង បូរ៉ាទីណូ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​កោះកុង ដែល​តាម​ដាន​រឿង​នោះ​ចាត់​ទុក​ថា​ទង្វើ​នេះ​ការ​រំលោភ​សិទ្ធិសំខាន់​ៗ​របស់​កុមារ​កុមារ ដូចជា សិទ្ធិ​ទទួល​បានការ​អប់រំ សិទ្ធិ​ទទួល​អាហារ​គ្រប់​គ្រាន់ និង​រំលោភ​សន្ធិសញ្ញា​ស្ដីពី​សិទ្ធិ​កុមា

ការជួយ​សង្រ្គោះ​កុមារី​រូប​នេះ​កើត​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិបឹង​ឃុនឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​ផ្ដល់​ព័ត៌មាន​ជូន​មន្ត្រី​សិទ្ធិ​មនុស្ស អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍នៅ​ថ្ងៃ​ទី ៤ កក្កដា។

អ្នក​ជិត​ខាង​បាន​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​ដឹង​ថា ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ពៅ ស៊ីផាត់ អាយុ ៤៣​ឆ្នាំ បាន​សុំ​កូន ​មក​ចិញ្ចឹម​ជាង ២​ឆ្នាំ​មក​ហើយ ដោយ​ស្ត្រី​ជា​ម្ដាយ​តែង​ចាក់​សោរ​​កជើង​ក្មេង​ស្រី​នោះ រាល់​ពេល​គាត់​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ​កៅស៊ូ​ចន្លោះ​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ និង​ពេល​រសៀល ចន្លោះ​ម៉ោង ១​ដល់​ម៉ោង ៥​ល្ងាច ហើយ​ដោះ​លែង​ក្មេង​ស្រី ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​សារ​ក្មេង​ស្រី​រពឹស​ពេក។

បន្ទាប់​ពី​មាន​អន្តរាគមន៍​របស់​អាជ្ញាធរ ​​ស្រ្តី​​ជាម្ដាយ​ត្រូវ​​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​ទង្វើ​បង្ខាំង​មនុស្ស​តទៅទៀត។ អាជ្ញាធរ​បាន​​អនុញ្ញាត​ឲ្យ​ស្រ្តី​ជា​ម្តាយ​អាច​សួរ​សុខ​ទុក្ខ​កូនស្រី​របស់​ខ្លួន​នៅ​ពេល​ត្រូវ​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។