សម្ព័ន្ធ​សហជីព​សាកល (CIVICUS) អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​លោក រ៉ុង ឈុន ជា​បន្ទាន់

0:00 / 0:00

សម្ព័ន្ធ​សហជីព​សាកល (global civil society alliance CIVICUS ) អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា សកម្មជន​បរិស្ថាន និង​សកម្មជន​ព្រំដែន​ជា​បន្ទាន់។

ការ​ចេញ​សេចក្ដីថ្លែងការណ៍​ចេញ​កាល​ពី​ថ្ងៃ​ទី២ កុម្ភៈ បាន​អំពាវនាវ​ឲ្យ​ដោះ​លែង លោក រ៉ុង ឈុន នេះ នៅ​មុន​មួយ​ថ្ងៃ ដែល​តុលាការ​នឹង​នាំ​យក​លោក រ៉ុង ឈុន មក​ជំនុំជម្រះ​ទៀត នៅ​ថ្ងៃ​ពុធ ទី៣ ស្អែកនេះ។

សម្ព័ន្ធ​សហជីព​សាកល ចាត់​ទុក​ការ​ចោទ​ប្រកាន់​លោក រ៉ុង ឈុន និង​មនុស្ស​មួយ​ចំនួន​ទៀត ជា​ហេតុផល​នយោបាយ ដោយ​អំពាវនាវ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​វិញ​ដោយ​ឥត​លក្ខខ័ណ្ឌ។ សម្ព័ន្ធ​សហជីព​ដដែល​នេះ បាន​ហៅ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន និង​សកម្មជន​នេះ​ថា ជា​ការ​ប៉ុនប៉ង​ដើម្បី​គំរាម​កំហែង បំភិតបំភ័យ និង​បំបិទ​មាត់ តាម​ទម្រង់​នានា ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

សម្ព័ន្ធ​សហជីព​សាកល​នេះ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​តែ​រួម​គ្នា​ទាមទារ​អាជ្ញាធរ​កម្ពុជា ឱ្យ​បញ្ឈប់​យុទ្ធនាការ​ជា​ប្រព័ន្ធ ដើម្បី​បំបិទ​សំឡេង​រិះគន់​នេះ។ សម្ព័ន្ធ​សហជីព​សាកល បាន​ស្រាវជ្រាវ​ឃើញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន ប្រើប្រាស់​ច្បាប់​នានា ចោទ​ប្រកាន់ ចាប់​ខ្លួន សកម្មជន និង​ការ​រឹតត្បិត​អង្គការ​សង្គម​ការ​សង្គម​ស៊ីវិល គឺ​ជា​ការ​ដាក់​ទោស​ទណ្ឌ ឬ​ទណ្ឌកម្ម ចំពោះ​ការ​អនុវត្ត​សិទ្ធិ​បុគ្គល​ម្នាក់។ ក្រៅ​ពី​នេះ​ទៀត សម្ព័ន្ធ​នេះ​ក៏​រក​ឃើញ​ដែរ​ថា របប​លោក ហ៊ុន សែន កំពុង​តែ​រឹតត្បិត និង​យាយី​អ្នក​សារ​ព័ត៌មាន ដោយ​ប្រើ​វិធានការ​ច្បាប់​បែប​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។