មន្ត្រីគណបក្សកាន់អំណាច និងរដ្ឋាភិបាលនៅតែអះអាងថា ប្រទេសកម្ពុជាគ្មានការរំលោភសិទ្ធិមនុស្ស និងគ្មានអំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដូចការលើកឡើងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឡើយ។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលយល់ថា របាយការណ៍របស់អាមេរិកឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។
តំណាងគណបក្សកាន់អំណាចខកចិត្តនឹង របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយចាត់ទុកថា នោះជាការមើលឃើញតែមួយជ្រុងតូច ហើយមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជាឡើយ។
នេះជា របាយការណ៍ប្រចាំ ឆ្នាំលើកទី៤៥ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយរកឃើញថា អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅតែបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជាដដែល ខណៈរដ្ឋាភិបាលបន្តរំលោភ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី៣១មីនាថា រដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ចំពោះសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាធំ និងបើកទូលាយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ពលរដ្ឋទៀតផង។បន្ថែមពីនេះ លោកថា ប្រជាពលរដ្ឋភាគច្រើនកំពុងរស់នៅប្រកបដោយសេចក្ដីសុខសប្បាយ។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះ បញ្ជាក់ថា ការចាប់មនុស្សដាក់ពន្ធនាគារជាបន្តបន្ទាប់មកនោះ គឺពុំមែនជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋនោះទេ ប៉ុន្តែលោកថា គឺដោយសារពួកគេបានប្រព្រឹត្តខុសច្បាប់៖ «ខ្ញុំយល់ថា អាការចោទប្រកាន់ហ្នឹងមិនមែនទើបតែមានក្នុងឆ្នាំ២០២១ហ្នឹងទេ ចោទប្រកាន់តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មកម៉្លេះ ពីព្រោះគេមិនពេញនឹងការដឹកនាំកាន់អំណាចរបស់គណបក្សប្រជាជនដែលគេតែងតែចោទថាជាបក្សកុម្មុយនិស្ត អាហ្នឹងរឿងតែប៉ុណ្ណឹងទេ។អីចឹងការចោទប្រកាន់នេះវាលំអៀងទៅតាមនិន្នាការនយោបាយផង ហើយនិន្នាការមនោគមន៍វិជ្ជាលើពិភពលោកផង។ ដូច្នេះ អាហ្នឹងវាអីចឹង ប្រើច្បាប់គេថាយើងយកច្បាប់ដើម្បីធ្វើជាលេសគាបសង្កត់ប្រជាពលរដ្ឋ »។
ដូចគ្នានេះដែរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោកថា បញ្ហាសិទ្ធិមនុស្សនេះ គ្មានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះទេ ដោយសារតែបរិបទខុសគ្នា ហើយលោកថា សូម្បីតែអាមេរិកខ្លួនឯង ក៏មានបញ្ហារំលោភសិទ្ធិមនុស្សដែរ។ លោក ចាត់ទុករបាយការណ៍របស់អាមេរិកនេះថា គ្មានមូលដ្ឋានបច្ចេកទេសសិទ្ធិមនុស្ស ហើយធ្វើឡើង ដើម្បីកេងចំណេញនយោបាយលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលមិនអាចទទួលយកបានឡើយ។
ប្រតិកម្មរបស់មន្ត្រីរបបក្រុងភ្នំពេញនេះ ធ្វើឡើងក្រោយពេលក្រសួងការបរទេសអាមេរិក បានរកឃើញថា ក្នុងឆ្នាំ២០២០ កន្លងទៅ មានករណីរំលោភបំពានសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់នៅកម្ពុជា។ អាជ្ញាធររបបក្រុងភ្នំពេញបានធ្វើទារុណកម្ម ដាក់ទោសទណ្ឌ ការឃុំឃាំងមនុស្សតាមទំនើងចិត្ត និងការប្រព្រឹត្តប្រឆាំងនឹងអ្នកទោសនយោបាយជាដើម។ ក្រសួងការបរទេសអាមេរិករកឃើញទៀតថា កម្ពុជានៅតែគ្មានប្រព័ន្ធតុលាការឯករាជ្យ មានការជ្រៀតជ្រែកតាមទំនើងចិត្តទៅលើជីវិតឯកជនរបស់ពលរដ្ឋ តាមរយៈការឈ្លបយកការណ៍ពីការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឺណិតជាដើម។ រីឯ សិទ្ធិនយោបាយវិញ ក៏ត្រូវរដ្ឋាភិបាលរឹតត្បិតយ៉ាងខ្លាំង ផងដែរ។ ក្រសួងការបរទេសអាមេរិករកឃើញថា រដ្ឋាភិបាលបានកាត់បន្ថយសមត្ថភាពរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ទន្ទឹមនឹងនោះ អំពើពុករលួយក៏កំពុងរីករាលដាល ជាពិសេសក្នុងប្រព័ន្ធតុលាការតែម្ដង។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ឯកភាពចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ។ លោកថា របាយការណ៍នេះបានឆ្លុះបញ្ចាំការពិតនៅកម្ពុជា ហើយក៏ដូចគ្នាទៅនឹងអ្វីដែលអង្គការសង្គមស៊ីវិលក្នុងស្រុកបានចេញរបាយការណ៍ជាបន្តបន្ទាប់នោះផងដែរ។មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា រឿងនេះរដ្ឋាភិបាលគួរតែទទួលយកការរិះគន់របស់អាមេរិក យកមកកែសម្រួលឱ្យដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ ដើម្បីកុំឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មបន្ថែមមកលើកម្ពុជា៖ «ការអនុវត្តរំលោភលើគោលការណ៍សិទ្ធិមនុស្សមួយចំនួនពីសំណាក់រដ្ឋាភិបាល និងស្ថាប័នអ្នកកាន់អំណាចហ្នឹង រដ្ឋាភិបាលតែងតែបដិសេធគ្រប់ពេលវេលា។ រដ្ឋាភិបាលយើងបច្ចុប្បន្ននេះជាទូទៅគាត់តែងនិយាយ ដើម្បីការពារនូវអ្វីដែលជាទង្វើរបស់សមត្ថកិច្ច ក៏ដូចជារបស់អាជ្ញាធររដ្ឋហ្នឹងហើយ។ អីចឹងហើយបានជាយើងចង់និយាយថា អ្វីដែលការនិយាយ ដើម្បីគ្រាន់តែការពារឱ្យមានលក្ខណៈការពារហើយមិនឆ្លុះបញ្ចាំងពីការពិតអាហ្នឹងជារឿងគ្រោះថ្នាក់ដល់សង្គមយើងទៅវិញទេ » ។

ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជានេះ មិនមែនទើបតែត្រូវបានរកឃើញដោយក្រសួងការបរទេសសហរដ្ឋអាមេរិកនោះទេ។ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ហើយនិងសហភាពអឺរ៉ុប សុទ្ធតែបានរកឃើញ និងចេញផ្សាយជាបន្តបន្ទាប់អំពីរបាយការណ៍នៃការរំលោភសិទ្ធិមនុស្សទាំងនោះ។ ដោយសារតែករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធបែបនេះហើយ ទើបសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មជាការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជា និងមានការស្នើឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ចំពោះទង្វើរំលោភសិទ្ធិមនុស្សជ្រុលហួសហេតុរបស់ពួកគេ។
មន្ត្រីសិទ្ធិមនុស្សលោក នី សុខា ជឿថា ការរឹងទទឹងរបស់រដ្ឋាភិបាលខ្មែរនេះ នឹងមិនផ្ដល់ផលប្រយោជន៍អ្វីដល់សង្គមជាតិឡើយ ផ្ទុយទៅវិញ នឹងធ្វើកម្ពុជាកាន់តែមានឈ្មោះអាក្រក់ ហើយសហគមន៍អន្តរជាតិអាចនឹងដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើកម្ពុជាបន្ថែមទៀត រួមទាំងទណ្ឌកម្មជាលក្ខណៈបុគ្គលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។