សង្គមស៊ីវិលដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅការតាមរករឿងព្យាបាទរបស់រដ្ឋាភិបាល ទៅលើសារព័ត៌មានដែលហ៊ាន រិះគន់រដ្ឋាភិបាល ថា ជាការបំបិទសិទ្ធិសេរីភាព ដោយអនុវត្តច្បាប់ដោយពុំស្មើភាពគ្នា ហើយការតាមរករឿងកាសែតឯករាជ្យបែបនេះ មិនបានផ្ដល់ប្រយោជន៍ដល់រដ្ឋាភិបាល និងសង្គមទេ។
នាយកស្ដីទីមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី យល់ថា លិខិតរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដែលបានចេញបញ្ជាឲ្យប្រព័ន្ធអ៊ីនធឺណិតទាំងអស់បិទកម្មវិធីផ្សាយ (IP address) របស់ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co.Ltd ឬកម្មវិធីផ្សាយលើប្រព័ន្ធអ៊ីនធឺណិតរបស់កាសែត ឌឺ ខេមបូឌា ដេលី (The Cambodia daily) ថា ជាការផ្ទុយពីគោលការណ៍បើកចំហរសេរីភាពសារព័ត៌មាន។ សង្គមស៊ីវិលមើលឃើញថាការដាក់បទបញ្ជានេះ ជាការអនុវត្តច្បាប់មិនស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយដែលហ៊ានរិះគន់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល។ «»
បើទោះជាកាសែត ឌឹ ខេមបូឌា ដេលី បានបង្ខំចិត្តបិទការិយាល័យបោះពុម្ភផ្សាយនៅភ្នំពេញ ជិតកន្លះឆ្នាំមកហើយក្ដី ប៉ុន្ដែរដ្ឋាភិបាលនៅតែបន្ដចាត់វិធានការតឹងរ៉ឹងលើការផ្សាយរបស់កាសែតបរទេសនេះ ដោយចេញបញ្ជាឲ្យក្រុមហ៊ុនអ៊ីនធឺណិតនៅកម្ពុជាទាំងអស់ រាំងខ្ទប់ (Block) កម្មវិធីសុហ្វវ៉ែ (IP address) របស់ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co.Ltd ឬ កម្មវិធីការផ្សាយលើប្រព័ន្ធអ៊ីនធឺណិតរបស់កាសែត ឌឹ ខេមបូឌា ដេលី មិនឲ្យពលរដ្ឋនៅកម្ពុជាបានឃើញព័ត៌មានរបស់កាសែត ឌឹ ខេបូឌា ដេលី។
លិខិតរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៧ ដែលទើបត្រូវបានសារព័ត៌មានទទួលបាននៅថ្ងៃទី៥ កុម្ភៈ បង្ហាញថា រដ្ឋមន្ត្រីស្ដីទី ឈ្មោះ ខាយ ឃុនហេង បានណែនាំឲ្យក្រុមហ៊ុនផ្ដល់អ៊ីនធឺណិតនៅកម្ពុជាទាំងអស់ ត្រូវតែកំណត់នៅក្នុងកម្មវិធីសូហ្វវ៉ែ (Software) និងឧបករណ៍គ្រប់គ្រងអ៊ីនធឺណិត ធ្វើយ៉ាងណារាំងខ្ទប់គេហទំព័រ https://www.cambodiadaily.com | http://www.cambodiadailykhmer.com ដែលប្រតិបត្តិការតាមរយៈកម្មវិធីអ៊ីនធឺណិត កុំឲ្យដំណើរការបាននៅកម្ពុជា។
មិនមែនតែគេហទំព័រនោះទេ សូម្បីទំព័រហ្វេសប៊ុក (Facebook) និង ធ្វីតធ័រ (Twiter) របស់កាសែត ឌឺ ខេមបូឌា ដេលី ក៏ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្គាប់ឲ្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាពបច្ចេកទេស ដើម្បីបញ្ឈប់មិនឲ្យមានដំណើរការនៅក្នុងទឹកដីប្រទេសកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការតាមព្យាបាទបិទកាសែត ឌឺ ខេមបូឌា ដេលី តាមប្រព័ន្ធឌីជីថល មិនទទួលបានជោគជ័យទាំងស្រុងនោះទេ។ រហូតមកទល់ពេលនេះ ទំព័រហ្វេសប៊ុក និងធ្វីទធ័រ (Twitter) របស់កាសែត The Cambodia Daily នៅតែបង្ហាញខ្លួនលើបណ្ដាញសង្គមនៅកម្ពុជា ដដែល។
សេចក្ដីបង្គាប់បញ្ជារបស់ក្រសួងប្រៃសណីយ៍នេះត្រូវបានធ្វើឡើងតាមសំណូមពររបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច ដែលបានស្នើទៅក្រសួងប្រៃសណីយ៍កាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៧ ក្រោយកាសែត ឌឹ ខេមបូឌា ដេលី បង្ខំចិត្តបិទការិយាល័យតាមបញ្ជារបស់ រដ្ឋាភិបាល ២ថ្ងៃ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅសុំការបំភ្លឺពីក្រុមអ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ដើម្បីបញ្ជាក់បន្ថែមលើលិខិតបង្គាប់ឲ្យបិទកម្មវិធី គេហទំព័រសារព័ត៌មាននេះ ប៉ុន្ដែគ្មានអ្នកទទួលទូរស័ព្ទ។ អ្នកនាំពាក្យបញ្ញត្តិករទូរគមនាគមន៍កម្ពុជា លោក អ៊ឹម វុត្ថា ប្រាប់គេហទំព័រវីអូឌី (VOD) ថា ពិតជាមានការបិទពិតមែន។
កាសែត ខេមបូឌា ដេលី ជាសារព័ត៌មានអន្ដរជាតិដែលហ៊ានចុះផ្សាយ ចំណុច អវិជ្ជមានរបស់រដ្ឋាភិបាល។ ជារឿយៗ កាសែតដែលមាន អាយុកាល២៤ឆ្នាំ មួយនេះតែងរងការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការហ៊ានចុះផ្សាយអត្ថបទរិះគន់ ការដឹកនាំរបស់លោក។
កាសែតនេះ បានប្រកាសបិទស្ថាប័នរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយសាររងគំនាបពីរដ្ឋាភិបាល ដោយបានចោទប្រកាន់ថា កាសែតនេះ ជំពាក់ពន្ធរដ្ឋជាង ៦លានដុល្លារអាមេរិក។ នៅចុងខែតុលា ឆ្នាំ២០១៧ កាសែត ឌឹ ខេមបូឌា ដេលី ប្រកាសចាប់ផ្ដើមការផ្សាយរបស់ខ្លួនឡើងវិញ តាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែពុំមានការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។
ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតមួយ ឈ្មោះ ស៊ីណេត ខេអេច (SINET KH) បានប្រាប់អតិថិជន តាមប្រព័ន្ធអ៊ីនធឺណិតថាពិតជាមានការបិទគេហទំព័រមួយនេះមែន ក្រោយពេលទទួលបានបញ្ជាឱ្យរាំងខ្ទប់ការចូលទៅ https://www.cambodiadaily.com | http://www.cambodiadailykhmer.com។
ចំណែក តំណាងក្រុមហ៊ុនផ្ដល់ អ៊ីនធឺណេត ឈ្មោះមេគង្គណេត (Mekong Net) លោក ស្រៀង ប៉ូទី ប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ ថា អាសយដ្ឋានអ៊ីនធឺណិតរបស់កាសែត ឌឺ ខេមបូឌា ដេលី ពិតជាត្រូវបានរារាំងមែន គឺធ្វើតាមបញ្ជារបស់រដ្ឋាភិបាល។ អ្នកជំនាញផ្នែកបច្ចេកវិទ្យា រកឃើញថា គេហទំព័រខេមបូឌា ដេលី ត្រូវបានរារាំងមែន ប៉ុន្តែ សម្រាប់ទំព័រហ្វេសប៊ុក និង Twitter នៅមិនទាន់អាចរារាំងបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។