សង្គម​ស៊ីវិល​ស្នើ​​​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មានការ​រើសអើង​អ្នក​​ជំងឺ​កូវីដ​១៩ ក្រោយ​បង្ហាញ​អត្តសញ្ញាណពួកគេ

0:00 / 0:00

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ ឬ​ណែនាំ​ជា​សាធារណៈ ទៅ​ឲ្យ​ស្ថាប័ន សហគ្រាស និង​ប្រជាពលរដ្ឋ កុំ​ឲ្យ​រើសអើង ឬ​ធ្វើ​ឲ្យ​ខាតបង់​អត្ថប្រយោជន៍​ណាមួយ​ចំពោះ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ពេល​បង្ហាញ​អត្តសញ្ញាណ​របស់​ពួកគេ​។ ការ​អំពាវនាវ​នេះ គឺ​នៅ​ក្រោយ​ពេល​ក្រសួង​សុខាភិបាល​ចាប់ផ្ដើម​បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ជា​សាធារណៈ តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង ឲ្យ​ដឹង​ថា ការ​ប្រកាស​អំពី​អត្ថ​សញ្ញាណ​របស់​អ្នករងគ្រោះ គឺជា​រឿង​ល្អ ក្នុង​ការ​ការពារ និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​បន្ថែម។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ណែនាំ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​ទេ នោះ​នឹង​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ហើយ​រើសអើង​អ្នកជំងឺ រហូត​ឈាន​ដល់​ការខាតបង់​អត្ថប្រយោជន៍​នៅ​កន្លែងធ្វើការ និង​មិន​ហ៊ាន​ទៅ​ធ្វើ​តេស្ត​ជាដើម​។ លោក​បន្ត​ថា ការ​បង្ហាញ​អត្តសញ្ញាណ​គួរតែ​ជា​ជម្រើស និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​បង្ហាញ ឬ​មិន​បង្ហាញ​អត្តសញ្ញាណ​របស់​ពួកគេ​។ លោក​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​គួរ​ចាត់វិធានការ ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​បុគ្គល ឬ​ស្ថាប័ន ដែល​រើសអើង​លើ​អ្នកជំងឺ​កូវីដ​១៩ រហូត​ធ្វើ​ឲ្យ​អ្នកជំងឺ​បាត់បង់​អត្ថប្រយោជន៍។

ការ​ស្នើសុំ​របស់​សង្គម​ស៊ីវិល​បែបនេះ ក្រោយពេល​ក្រសួងសុខាភិបាល​ចាប់ផ្ដើម​បង្ហាញ​អត្តសញ្ញាណ​លម្អិត​របស់​អ្នកជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៥ ធ្នូ តទៅ តាម​បញ្ជា​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ លោក ហ៊ុន សែន បាន​ថ្លែង​សារ​ជា​សំឡេង​កាលពី​យប់​ថ្ងៃ​ទៅ​០៤ ធ្នូ ដោយ​សម្រេច​ឲ្យ​ក្រសួងសុខាភិបាល​បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ រួមមាន ឈ្មោះ រូបថត និង​ទីលំនៅ​ជាដើម ដើម្បី​ងាយស្រួល​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ ដើម្បី​ប្រមូល​សំណាក​ពួកគេ​ទៅ​ពិនិត្យ និង​ធ្វើ​ច​ត្តាឡីស័ក​។ ក្រៅ​ពី​នេះ លោក​បញ្ជា​ឲ្យ​កងកម្លាំង​នគរបាល​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​អ្នក​ដែល​ធ្វើ​ចត្តាឡីស័ក និង​ហាម​មិន​ឲ្យ​មានការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​នោះ​ទេ។

កម្ពុជា​បាន​ចាប់ផ្ដើម​មាន​ករណី​ចម្លង​ក្នុង​សហគមន៍ កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា​។ ចាប់តាំង​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ធ្នូ ក្រសួងសុខាភិបាល​បាន​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២៨ វិច្ឆិកា បាន​ជាង​១​ម៉ឺន​នាក់ (១០.១៤៧) ក្នុង​នោះ​អ្នក​ឆ្លង​កូវីដ​-១៩ មាន​ចំនួន​២៩ នាក់។

ក្រសួងសុខាភិបាល​បាន​អះអាង​ថា ប្រភព​ដើម​នៃ​ការ​ចម្លង​ក្នុង​សហគមន៍​នេះ​អាច​ចេញ​មកពី​អ្នកជំងឺ​២​រូប គឺ​ស្ត្រី​ឈ្មោះ ឆែម សូនីតា អាយុ ៣០​ឆ្នាំ ជា​កូនស្រី​បង្កើត​របស់​លោក ឆែម សាវុធ និង​លោក តាំង សេវិនអាប់ អាយុ ៤២​ឆ្នាំ​។ អ្នក​ទាំងពីរ អាច​ឆ្លង​បន្ត​ពី​ករណី​នាំចូល​ជំងឺ​កូ​វីដ​-១៩ ពី​ក្រៅ​ប្រទេស កាលពី​ខែ​តុលា​។ លោក ឆែម សាវុធ ជា​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ្នកស្រី យក់ សម្បត្តិ តែ​អ្នកស្រី​បញ្ជាក់​ដោយ​ខ្លី​ថា រវល់​ប្រជុំ រួច​ក៏​ចុច​ផ្តាច់​ទូរស័ព្ទ​។ ចំណែក អ្នកនាំពាក្យ​មួយ​រូប​ទៀត​នៃ​ក្រសួង​សុខាភិបាល គឺ​អ្នកស្រី ឱ វ៉ាន់ឌីន មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី​០៥ ធ្នូ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ គួរ​មានការ​លើកទឹកចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន ដោយ​មិន​ត្រូវ​ឲ្យ​ពួកគេ​មានការ​ខាតបង់​អត្ថប្រយោជន៍​នៅ​អំឡុង​ពេល​ព្យាបាល​ជំងឺ ឬ​ធ្វើ​ចត្តាឡីស័ក​នោះ​ទេ​។ លោក​បន្ត​ថា ការ​បង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​បែបនេះ មួយ​ផ្នែក​គឺជា​ការរំលោភ​សិទ្ធិមនុស្ស ប៉ុន្តែ​វា​ក៏​ជា​វិធានការ​មួយ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស និង​ងាយស្រួល​ក្នុង​ការ​ទប់ស្កាត់​ផង​ដែរ។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​ធ្នូ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ៣៤៥​នាក់ ក្នុង​នោះ​អ្នក​បានជា​សះស្បើយ​មាន​ចំនួន ៣០៥​នាក់ និង​អ្នក​កំពុង​នៅ​សម្រាក​ព្យាបាល​មាន​ចំនួន ៤០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។