អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជំរុញឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសម្ចាស់ជំនួយ ដាក់ចេញនូវស្តង់ដារជាក់លាក់ និងច្បាស់លាស់មួយនៅក្នុងឆ្នាំ២០២១នេះ ដើម្បីធានាថា រដ្ឋាភិបាលកម្ពុជាគោរពតាមកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនជុំវិញការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ អង្គការនេះ ក៏ចង់ឃើញឲ្យសហគមន៍អន្តរជាតិ ដាក់ចេញនូវវិធានការនានា ដែលរដ្ឋាភិបាលកម្ពុជានឹងត្រូវទទួលរង ប្រសិនបើកម្ពុជា បរាជ័យក្នុងការគោរពតាមគោលការណ៍សិទ្ធិមនុស្សជាអន្តរជាតិ។
សំណើរបស់អង្គការអន្តរជាតិមួយនេះ ធ្វើឡើងនៅក្នុងរបាយការណ៍ស្តីពី ស្ថានភាពនៃការរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោកប្រចាំឆ្នាំ២០២១ ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៣ មករា។
STARTING NOW: Press conference launching our annual World Report, in which we look at the situation around the globe, country by country, and highlight particular emerging themes.
របាយការណ៍រកឃើញថា កាលពីឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតច្បាប់នានាក្នុងគោលដៅរឹតត្បិតសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ យ៉ាងហោចណាស់មានសកម្មជន អ្នកកាសែត និងសមាជិកគណបក្សប្រឆាំងជាង ៦០នាក់ ត្រូវអាជ្ញាធរលោក ហ៊ុន សែន ចាប់ឃុំខ្លួនតាមទំនើងចិត្ត ក្នុងឆ្នាំ២០២០។ អាជ្ញាធរលោក ហ៊ុន សែន បានបន្តរារាំង និងមិនអនុញ្ញាតឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងលោក សម រង្ស៊ី អាចចូលរួមក្នុងសកម្មភាពនយោបាយបាន។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែងក្នុងសន្និសីទសារព័ត៌មានធ្វើឡើងតាមអនឡាញ (Online) ពីទីក្រុងបាងកក (Bangkok) ប្រទេសថៃ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកេងចំណេញពីវិបត្តិរីករាលដាលនៃជំងឺរាតត្បាតសាកលកូវីដ-១៩ ដើម្បីបង្កើនការរឹតត្បិតសិទ្ធិសេរីភាពមកលើក្រុមអ្នករិះគន់ និងសកម្មជន តាមរយៈការបង្កើតច្បាប់នានាដែលមានលក្ខណៈជាការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។ លោក ហ្វីល រ៉ូប៊ើតសុន បានលើកយកករណីជាក់ស្តែងដែលតុលាការកម្ពុជា នឹងបើកសវនាការកាត់ទោសមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ រាប់សិបនាក់នៅថ្ងៃទី១៤ មករា៖ « ការយកមនុស្សទៅកាត់ទោសដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គឺបង្ហាញថា លោក ហ៊ុន សែន ចង់រម្លាយចោលបក្សប្រឆាំងទាំងស្រុងតែម្តង។ វាគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីបោសសម្អាតចោលគណបក្សប្រឆាំងចេញពីកម្ពុជាតែម្តង។ លោក ហ៊ុន សែន កំពុងតែកេងយកចំណេញក្នុងពេលដែលពិភពលោកកំពុងជាប់ដៃនឹងវិបត្តិជំងឺកូវីដ - ១៩ ដើម្បីបោសសម្អាតចោលតែម្តងនូវសំណល់ចុងក្រោយរបស់គណបក្សប្រឆាំង ឬក៏សង្គមស៊ីវិល ដែលប្រឆាំងទៅនឹងការគ្រប់គ្រងបែបផ្តាច់ការរបស់លោក។ លោក ហ៊ុន សែន កំពុងតែប្រើប្រាស់ប្រព័ន្ធតុលាការដែលចាំតែប្រថាប់ត្រាឲ្យគាត់ ហើយដែលគ្មានឯករាជ្យទាល់តែសោះនោះ ដើម្បីកាត់ទោសបទចោទបែបប្រឌិត ទៅលើក្រុមមនុស្សទាំងនេះ។ វាគឺជារឿងរ៉ាវដ៏អាម៉ាស់មួយដែលមិនអាចទទួលយកបានឡើយ។ វាបង្ហាញថា កម្ពុជាកំពុងតែរអិលធ្លាក់ និងដាំក្បាលចុះចូលទៅក្នុងរបបគ្រប់គ្រងបែបផ្ដាច់ការ តាមរបៀបមួយដែលជាការក្បត់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្បត់រាល់កិច្ចសន្យានានារបស់ក្រុមអ្នកនយោបាយនៅកម្ពុជា ដែលធ្លាប់សន្យាថា នឹងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ »។
លោក ហ្វីល រ៉ូប៊ើតសុន សង្កត់ធ្ងន់ថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ ក៏គឺជាការរំលោភបំពានកាតព្វកិច្ចរបស់កម្ពុជាក្រោមកតិកាសញ្ញាអន្តរជាតិនានាអំពីសិទ្ធិមនុស្សដែលប្រទេសនេះបានផ្តល់សច្ចាប័ន។ លោកថា ជារួម រដ្ឋាភិបាលកម្ពុជា កំពុងតែរំលោភរាល់លិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្សទាំងស្រុងតែម្តង។
អាស៊ីសេរី បានព្យាយាមសុំប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ជិន ម៉ាលីន ជុំវិញការរកឃើញចុងក្រោយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ។ ក៏ប៉ុន្តែ ពួកលោកមិនឆ្លើយតបទៅនឹងសារ អាស៊ីសេរី តាមបណ្តាញសង្គម ហ្វេសប៊ុក (Facebook) និង WhatsApp កាលពីល្ងាចថ្ងៃទី១៣ មករា។ យ៉ាងណា កន្លងទៅ មន្ត្រីរដ្ឋាភិបាលទាំងនេះ តែងតែបដិសេធថាពុំមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ ក៏ប៉ុន្តែ គឺជាការអនុវត្តច្បាប់ប្រឆាំងនឹងអ្វីមួយដែលពួកគេហៅថា ជា «ក្រុមមនុស្សរំលោភច្បាប់» តែប៉ុណ្ណោះ។
ជាដំណោះស្រាយទៅនឹងអំពើរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជានេះ លោក ហ្វ៊ីល រ៉ូប៊ើតសុន រិះគន់ក្រុមប្រទេសម្ចាស់ជំនួយ រដ្ឋាភិបាលបរទេស និងសហរដ្ឋអាមេរិក ដែលគ្រាន់តែធ្វើការរិះគន់ពីខាងក្រៅ ហើយនាំគ្នាឈរឱបដៃមើលប្រទេសកម្ពុជាធ្លាក់ផុងកាន់តែជ្រៅទៅក្នុងរបបគ្រប់គ្រងបែបផ្ដាច់ការ។ លោកចង់ឃើញក្រុមប្រទេសទាំងនេះ បង្កើតជាសម្ព័ន្ធមិត្តនៃក្រុមប្រទេសដែលមានផ្នត់គំនិតដូចគ្នា ដើម្បីតម្រូវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតមាននៅកម្ពុជា៖ «នេះគឺជារដ្ឋាភិបាល ដែលមានប្រវត្តិរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាយូរមកហើយ។ មានជង្រុកភស្តុតាងជាច្រើន ដែលយើងបានចងក្រងថាតើបុគ្គលកម្ពុជាណាខ្លះ កំពុងប្រព្រឹត្តិអំពើបែបណាខ្លះ។ ក៏មានផងដែរ នូវអំណះអំណាងដែលចង់ឃើញឲ្យមាននូវការបង្កើនការប្រើប្រាស់ច្បាប់ដាក់ទណ្ឌកម្មជាសាកល (Global Magnitsky Act) ប្រឆាំងនឹងមនុស្សគ្រាក់ៗ មួយចំនួននៅក្នុងជួររដ្ឋាភិបាលកម្ពុជា។ ខ្ញុំចង់មានន័យថា មានមនុស្សមួយចំនួន ត្រូវបានសហរដ្ឋអាមេរិកដាក់ជាគោលដៅនៃទណ្ឌកម្ម។ ក៏ប៉ុន្តែ ឥឡូវនេះ សហភាពអឺរ៉ុប ក៏មាននូវយន្តការដាក់ទណ្ឌកម្មស្រដៀងគ្នានេះដែរ។ រីឯ ប្រទេសអូស្ត្រាលី ក៏កំពុងពិចារណានូវយន្តការបែបនេះដែរ។ ខ្ញុំគិតថា កម្ពុជា គឺជាប្រទេសពាក់ព័ន្ធមួយដែលគួរតែត្រូវពិចារណាអនុវត្តការដាក់ទណ្ឌកម្មទៅលើបុគ្គលទាំងឡាយណា ដែលត្រូវគេកំណត់ថា មានប្រវត្តិនៃការប្រព្រឹត្តិអំពើពុករលួយ និងអំពើរំលោភសិទ្ធិមនុស្សជាយូរមកហើយ»។
ក្នុងរឿងដាច់ដោយឡែក ពាក់ព័ន្ធនឹងដំណើរការសវនាការកាត់ទោសក្រុមមន្ត្រី និងសកម្មជនគណបក្សប្រឆាំង ៦០សិបនាក់វិញ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ផ្សាយកាលពីថ្ងៃទី១៣ មករាថា អ្នកស្រីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នូវរាល់វិធានការផ្លូវច្បាប់ដែលតុលាការកំពុងធ្វើនេះ។ អ្នកស្រីថា ការកាត់ទោសជនជាប់ចោទ ៦០នាក់ រួមគ្នាក្នុងថ្ងៃតែមួយនេះ ធ្វើឲ្យសិទ្ធិក្នុងការទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌របស់ពួកគេ ប្រឈមនឹងហានិភ័យ។ អ្នកស្រី ស្នើយ៉ាងទទូចឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិក្នុងការទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌របស់ជនជាប់ចោទទាំងនេះ។ អ្នកស្រីលើកទឹកចិត្តឲ្យអាជ្ញាធរកម្ពុជាជួយសម្រួលដល់ការវិលត្រលប់ប្រកបដោយសុវត្ថិភាពរបស់បុគ្គលមួយចំនួនដែលត្រូវចូលរួមសវនាការដើម្បីការពារក្តីរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។