ក្រុមអង្គការសិទ្ធិមនុស្សក្នុងតំបន់ និងអន្តរជាតិ ជាង ៣០ស្ថាប័ន អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យលុបចោលអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិ។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះ រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) គណៈកម្មាធិការការពារអ្នកកាសែត (CPJ) និងអង្គការមួយចំនួនទៀត។
ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះលើកឡើងថា ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាអនុម័តអនុក្រឹត្យនេះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មក រដ្ឋាភិបាលនៅពុំទាន់បានឆ្លើយតបនឹងកង្វល់នានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលក្រុមអង្គការសង្គមស៊ីវិល និងក្រុមហ៊ុនបច្ចេកវិទ្យាបានលើកឡើងទាក់ទងនឹងការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិនេះនៅឡើយទេ។ ទន្ទឹមគ្នានេះ ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះ គូសបញ្ជាក់ថា រដ្ឋាភិបាលក៏ពុំបានបង្ហាញតម្លាភាពទាំងស្រុងចំពោះការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្ត ការផ្តល់ហិរញ្ញប្បទាន និងក្រុមហ៊ុនសហប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិនេះនៅឡើយទេ។
អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិ បើកផ្លូវឱ្យរដ្ឋាភិបាលបង្កើតនូវច្រកទ្វារឌីជីថលមួយដើម្បីគ្រប់គ្រងនូវរាល់ចរាចរណ៍អ៊ីនធឹណិតទាំងអស់ ដែលចេញ និងចូលមកក្នុងប្រទេសកម្ពុជា។ អនុក្រឹត្យនេះ អនុញ្ញាតឱ្យក្រុមហ៊ុនប្រតិបត្តិករច្រកទ្វារអ៊ីនធឺណិតជាតិដែលតែងតាំងដោយរដ្ឋាភិបាល ឱ្យអាចរាំងខ្ទប់ ឬផ្តាច់ការតភ្ជាប់អនឡាញណាមួយ អាចរក្សាទុកទិន្នន័យចរាចរណ៍អ៊ីនធឺណិតរយៈពេល១ឆ្នាំ អាចផ្តល់ព័ត៌មានជាក់លាក់អំពីបណ្ដាញព្រមទាំងដាក់ចេញនូវការពិន័យដ៏ទូលំទូលាយចំពោះក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណាដែលមិនព្រមគោរពតាម។
កាលពីខែមេសា ឆ្នាំ២០២១ ក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងពីក្តីបារម្ភថា អនុក្រឹត្យនេះបង្កនូវហានិភ័យដល់សេរីភាពជាមូលដ្ឋានរបស់បុគ្គល ដូចជា សេរីភាពនៃការសម្ដែង និងបញ្ចេញមតិ សិទ្ធិឯកជនភាព ដែលផ្ទុយទៅនឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់របស់កម្ពុជា។ ក្រុមអ្នកជំនាញទាំងនោះព្រមានថា ការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិ នឹងបង្កើតឱ្យមាននូវផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សេរីភាពអ៊ីនធឺណិត ប៉ះពាល់ដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលក្នុងស្រុក ព្រមទាំងធ្វើឱ្យកាន់តែរួមតូចបន្ថែមទៀតនូវលំហសង្គមស៊ីវិលដែលកំពុងទទួលរងនូវការរឹតត្បិតស្រាប់នៅក្នុងប្រទេសកម្ពុជា។
នៅពេលដែលអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិត្រូវចូលជាធរមានកាលពីពាក់កណ្តាលខែកុម្ភៈ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា រដ្ឋាភិបាលពន្យារពេលអនុវត្តអនុក្រឹត្យនេះដោយសារតែជំងឺរាតត្បាតសាកលកូវីដ១៩ និងបញ្ហាបច្ចេកទេសក្នុងការអនុវត្តអនុក្រឹត្យនេះ។
ក្រុមអង្គការសិទ្ធិមនុស្សក្នុងតំបន់ និងអន្តរជាតិជាង ៣០ស្ថាប័ន សង្កត់ធ្ងន់ថា ការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិនេះ នឹងបណ្តាលឱ្យមានការរឹតត្បិតខ្លាំងនូវរំហូរព័ត៌មានរវាងកម្ពុជា និងពិភពលោក ព្រមទាំងបង្កើតឱ្យមាននូវប្រព័ន្ធមួយ ដែលរដ្ឋអាចឈ្លបយកការណ៍លើសកម្មភាពអនឡាញរបស់ពលរដ្ឋនៅទូទាំងប្រទេស។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនេះ ផ្តល់អនុសាសន៍ថា រដ្ឋាភិបាលបរទេស ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ក្រុមធុរកិច្ច ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ គួររួមគ្នាទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការប៉ុនប៉ង ដើម្បីគ្រប់គ្រងព័ត៌មានទាំងស្រុងនៅកម្ពុជានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។