ពាក់ព័ន្ធនឹងការកាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងហ្វូងនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោសថា ការកាត់ទោសនេះ ជារឿងអយុត្តិធម៌ ដែលគ្មានភស្តុតាងច្បាស់លាស់ ត្រឹមត្រូវ និងជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ ក្នុងគោលបំណងប្រឆាំងគូប្រជែងនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច។
នាយករងនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំអាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែមីនា ថា ការកាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង ឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី៥ឆ្នាំ ដល់១០ឆ្នាំ ពីបទញុះញង់និងរួមគំនិតក្បត់ដោយគ្មានភស្តុតាងនេះ គឺធ្វើឲ្យខូចកិត្តិយសទាំងរដ្ឋាភិបាល និងតុលាការកម្ពុជា។
លោក ហ្វីល រ៉ូបឺតសុន សង្កត់ធ្ងន់ថា រដ្ឋាភិបាលបរទេស អង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយដល់កម្ពុជា គួរតែថ្កោលទោសចំពោះការវាយប្រហារមកលើក្រុមគណបក្សប្រឆាំង និងលទ្ធិប្រជាធិបតេយ្យ ដែលនៅសេសសល់ចុងក្រោយនៅកម្ពុជានេះ។
បន្ថែមពីនេះលោកថា តុលាការកម្ពុជា បានជួយសម្រួលដល់កិច្ចខំប្រឹងប្រែងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបំផ្លាញសិទ្ធិសេរីភាពពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិនយោបាយ។ ដូច្នេះរដ្ឋាភិបាលនៃប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ត្រូវទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលរាល់ការចោទប្រកាន់ និងបញ្ឈប់ការវាយប្រហារទាំងនេះ មកលើពលរដ្ឋកម្ពុជា។
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ជំរុញឲ្យសមាជិកនិងអ្នកសង្កេតការណ៍នៃប្រទេសទាំងអស់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គួរតែថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការកាត់ក្តីនយោបាយទ្រង់ទ្រាយធំ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងសម័យប្រជុំស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ខាងមុខ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។