អ្នក​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​​ក្រុមហ៊ុន​មេតា មាន​វិធានការ​លើ​ហ្វេសប៊ុក​​លោក ហ៊ុន សែន ឡើង​វិញ

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ស្នើ​ក្រុម​ប្រឹក្សា​ត្រួតពិនិត្យ ខ្លឹមសារ (Oversight Board) នៃ​ក្រុមហ៊ុន​មេតា (Meta) មាន​វិធានការ​ទៅលើ​ទំព័រ​ហ្វេសប៊ុក​ផេក​លោក ហ៊ុន សែន បន្ទាប់​ពី​ទំព័រ​ផ្លូវការ​របស់​លោក ត្រូវ​បាន​បើក​ដំណើរ​ឡើង​វិញ។

នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson)ស្នើ​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ នៃ​ក្រុមហ៊ុន​មេតា ស៊ើបអង្កេត និង​មាន​វិធានការ​ជា​ចាំបាច់ ចំពោះ​ការ​បើក​ដំណើរការ​ហ្វេសប៊ុក​ផេក​របស់​លោក ហ៊ុន សែន ឡើង​វិញ​នេះ។ លោក ហ្វីល រ៉ូប៉ឺតសុន បាន​ចោទ​សួរ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ត្រួតពិនិត្យ នៃ​ក្រុមហ៊ុន​មេតា នៅ​លើ​គណនី​ធ្វីតធ័រ (Twitter) របស់​លោក កាល​ពី​ថ្ងៃ​ទី២០ ខែ​កក្កដា ថា តើ​យ៉ាងណា​ហើយ​រឿង​លោក ហ៊ុន សែន ដែល​គេ​ស្នើ​ឱ្យ​ផ្អាក​គណនី​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន រយៈពេល​៦ខែ ដោយសារ​តែ​លោក​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ? ឥឡូវនេះ លោក​ចាប់ផ្ដើម​ប្រើ​ទំព័រ​ហ្វេសប៊ុក​ឡើងវិញ​ហើយ ដូច្នេះ​រឿង​នេះ​ចាំបាច់​ត្រូវតែ​ស៊ើបអង្កេត និង​ចាត់​វិធានការ​ឱ្យ​បាន​សមស្រប​ណាមួយ។

Speaking to Radio Free Asia's Khmer service about 's attempt to return to and why the recommendation should be enforced against him. Hun Sen incited violence against opponents using Facebook & must pay the price!

កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុមហ៊ុន​មេតា ឬហ្វេសប៊ុក បាន​ពិនិត្យ និង​ស្នើ​ដល់​ក្រុមហ៊ុន​នេះ​ឱ្យ​បិទ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល​៦​ខែ ដោយសារ​តែ​លោក ហ៊ុន សែន បាន​យក​បណ្ដាញ​សង្គម​មួយ​នេះ ធ្វើ​ការ​គំរាម​កំហែង ប្រើ​ប្រាស់​សម្ដី​បែប​ហិង្សា ទៅ​លើ​ដៃគូ​ប្រកួត​ប្រជែង ដែល​នេះ​គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

លោក ហ៊ុន សែន បាន​បិទ​គណនី​ហ្វេសប៊ុក​ភ្លាមៗ ហើយ​លោក​ក៏​បាន​គំរាម​បិទ​ខ្ទប់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទូទាំង​ប្រទេស​ទៀត​ផង ដោយ​លោក​ចោទ​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​ប្រឆាំង​បន្ត​ឌឺដង​ជុំវិញ​រឿងរ៉ាវ​បិទ​ហ្វេសប៊ុក​របស់​លោក។ ប៉ុន្តែ​ដោយសារ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​មហាជន លោក ហ៊ុន សែន បាន​ក្រឡាស់​ចិត្ត ហើយ​ថ្លែងសារ​ទាំង​កណ្ដាល​យប់​ថ្ងៃ​ទី៣០ ខែ​មិថុនា ដោយ​បញ្ជាក់​ថា លោក​នឹង​មិន​បិទ​ខ្ទប់​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ឡើយ ដោយ​លោក​អះអាង​ថា លោក​មិន​មែន​ជា​មនុស្ស​ភ្លើ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី៣០ ខែ​មិថុនា​ដដែល​នោះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បណ្ដេញ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ចេញ​ពី​កម្ពុជា ដោយ​អះអាង​ទាំង​គ្មាន​ភស្តុតាង​ថា ក្រុមហ៊ុន​មេតា​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​នយោបាយ។

លើស​ពី​នេះ ក្រសួង​ការបរទេស​កម្ពុជា​តាម​រយៈ សេចក្ដី​ប្រកាស​មួយ​នៅ​ល្ងាច​ថ្ងៃទី៤ ខែ​កក្កដា បាន​ចាត់​ទុក​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​មេតា ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សរុប​ចំនួន ២២នាក់ គឺជា​បុគ្គល​ដែល​មិន​អាច​ទទួល​យក​បាន និង​បណ្ដេញ​ពួកគេ​ឱ្យ​ចាកចេញ​ពី​ទឹក​ដី​កម្ពុជា ក្នុង​រយៈពេល ៤៨ម៉ោង គិត​ចាប់​ត្រឹម​ពី​ម៉ោង ៤ល្ងាច ថ្ងៃទី៤ ខែកក្កដា។ ក្រសួង​ការបរទេស​លើក​ឡើង​ថា អនុសាសន៍​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន​មេតា ដែល​ស្នើ​ឱ្យ​បិទ​បណ្ដោះអាសន្ន​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន គឺ​មាន​លក្ខណៈ​នយោបាយ និង​មាន​ចេតនា​រារាំង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពី​ថ្នាក់​ដឹកនាំ​ប្រទេស។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​នៅ​ក្នុង​កម្មវិធី​វិទ្យុ​អាស៊ីសេរី កាលថ្ងៃទី២០ ខែ​កក្ដដា ថា លោក ហ៊ុន សែន បើក​ដំណើរការ​ហ្វេសប៊ុកផេក​ឡើង​វិញ គឺជា​សិទ្ធិ​របស់​លោក។ ទោះ​ជា​យ៉ាងណា លោក សុខ ឥសាន មិន​បាន​លើក​ឡើង​ពី​មូលហេតុ​ដែល​លោក ហ៊ុន សែន សម្រេច​បើក និង​ប្រើប្រាស់​ហ្វេសប៊ុកផេក​របស់​លោក​វិញ​នោះ​ទេ។

លោក សុខ ឥសាន៖ «សេរីភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ចង់​ប្រើ​ហ្វេសប៊ុក​ក៏​បាន ចង់​ប្រើ​តេឡេក្រាម​ក៏​បាន ចង់​ប្រើ​វ៉ាយបើ(Viber)ក៏​បាន ចង់​ប្រើ​អ៊ីន​ស្តា​ក្រាម(Instagram)ក៏បាន អា​ហ្នឹង​ជា​សិទ្ធិ​ប្រជាពលរដ្ឋ​ទូទៅ ដូច​ខ្ញុំ​អ៊ីចឹង ចង់​ប្រើ​ហ្វេសប៊ុក​ប្រើ​ខ្ញុំ​ចង់​ប្រើ បើ​មិន​ប្រើ​ខ្ញុំ​មិន​ប្រើ​ទៅ រាល់​ថ្ងៃ​នេះ​ខ្ញុំ​មិន​មាន​ប្រើ​ហ្វេសប៊ុក​ឯណា»។

ទោះ​ជា​បែប​នេះ​ក្ដី មន្ត្រី​អង្គការ​អន្តរជាតិ​លើក​ឡើង​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ប្រញាប់​ប្រញាល់​បើក​ដំណើរ​ការ​ហ្វេសប៊ុក​ផេក​មក​វិញ គឺ​ដោយសារ​តែ លោក​មិន​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រជាពលរដ្ឋ​បាន​ច្រើន​នោះ​ឡើយ តាម​រយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ រួម​មាន​ដូចជា Tik Tok Twitter និង Telegram ខណៈ​រដូវ​ការ​ឃោសនា​បោះឆ្នោត​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា។ ជាក់​ស្ដែង គ្រាន់​តែ​ចាប់​ដំណើរការ​ហ្វេសប៊ុក​ផេក​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី២០ ខែកក្កដា អ្នក​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​លោក ហ៊ុន សែន បាន​ផ្សព្វផ្សាយ​ពី​ការ​ដង្ហែ​ឃោសនា​គណបក្ស​កាន់​អំណាច​ទ្រង់​ទ្រាយ​ធំ​ពី​គ្រប់​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ។

ជុំវិញ​រឿង​នេះ សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន ដែល​ធ្លាប់​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ជាមួយ​ក្រុមហ៊ុន​មេតា ឬ​ហ្វេសប៊ុក គឺ​លោក សាន ម៉ាឡា យល់​ឃើញ​ថា ការ​បើក​ដំណើរការ​ហ្វេសប៊ុក​ផេក របស់​លោក ហ៊ុន សែន អាច​មក​ពី​អ្នក​គ្រប់គ្រង​ផេក បាន​យល់​ព្រម​លុប​អត្ថន័យ​ដែល​ល្មើស​ពី​គោលការណ៍​ហ្វេសប៊ុក។ ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា ហ្វេសប៊ុក​ផេក​លោក ហ៊ុន សែន នៅ​តែ​ប្រឈម​នឹង​ការ​បិទ​បណ្ដោះអាសន្ន​៦ខែ ប្រសិន​បើ​ក្រុមហ៊ុន​មេតា ឬ​ហ្វេសប៊ុក យល់​ព្រម​តាម​សំណើ​របស់​ក្រុម​ប្រឹក្សា​ត្រួតពិនិត្យ នោះ។

លោក សាន ម៉ាឡា៖ «គ្រប់​បុគ្គល​ទាំង​ឡាយ​ដែល​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ រូប​ភាព​មិន​សមរម្យ ឬ​ក៏​សម្ដីសំដៅ​ត្រង់​ណា​មិន​សមរម្យ ហ្វេសប៊ុក​តែងតែ​ចាត់​វិធានការ​ដោយ​មិន​មាន​ការ​លើកលែង នេះ​វា​ជា​គោលការណ៍​មួយ​ដែល​ធានា​ឱ្យ​បាន​ថា វេទិកា ឬ​ក៏​បណ្ដាញ​ទំនាក់​ទំនង​សង្គម របស់​ក្រុមហ៊ុន​មេតា​ហ្នឹង គឺ​ជួយ​ការពារ​មិន​ឱ្យ​មាន​ការ​ប្រមាថ​កាតទាន ការ​គំរាមកំហែង ឬ​ក៏​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន»។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​បើក​ដំណើរការ​ហ្វេសប៊ុក​ផេក​ផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន សែន នេះ គឺជា​ភាព​អាម៉ាស​របស់​លោក ព្រោះ​កាល​ពី​ពេល​កន្លង​ទៅ​លោក​បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជ្រៀតជ្រែក​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា និង​មិន​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់ តែ​ពេល​នេះ​លោក​បែរជា​ក្រឡាស់​ចិត្ត​ប្រើប្រាស់​ហ្វេសប៊ុក​វិញ។ ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​អះអាង​ថា ហ្វេសប៊ុកផេក​លោក ហ៊ុន សែន នៅ​តែ​ប្រឈម​នឹង​ការ​បិទ​គ្រប់​ពេលវេលា បើសិន​លោក ហ៊ុន សែន នៅ​តែ​បន្ត​ប្រើប្រាស់​ពាក្យ​សម្ដី​ហិង្សា គំរាម​កំហែង ដទៃ​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។