HRW ថា រដ្ឋាភិបាល​ជប៉ុន​គួរ​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​អ្នក​រិះគន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ថា រដ្ឋាភិបាល​ជប៉ុន​គួរ​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​អ្នក​រិះគន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជា​ពិសេស ករណី​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ ដែល​រិះគន់​លើ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ថ្មីៗ នេះ។ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថា កំពុង​តាម​ដាន​យ៉ាង​ដិតដល់​លើ​ការ​ចាប់​ខ្លួន​នេះ និង​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​កាត់​បន្ថយ​កម្ដៅ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ស្នើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​អំពាវនាវ​ជា​សាធារណៈ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បំភិតបំភ័យ​ទៅ​លើ​អ្នករិះគន់​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស និង​ដោះ​លែង​ពលរដ្ឋ​ ដែល​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ ដូច​ជា ករណី​ប្អូន​ប្រុស​របស់​សកម្មជន​នយោបាយ លោក ហៃ វណ្ណា គឺ​លោក ហៃ វណ្ណនិត។ លោក ហៃ វណ្ណនិត ដែល​ធ្លាប់​សិក្សា​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ​ពី​ប្រទេស​អាមេរិក និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ។

កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ​បាន​ចាប់​ខ្លួនលោក ហៃ វណ្ណនិត ដោយ​បង្ខំ និង​មិន​បាន​ផ្ដល់​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ។ របាយការណ៍​ដដែល​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កាល​ពី​ខែកក្កដា​កន្លង​ទៅ បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​សមាជិក​ក្រុម​ប្រឹក្សាភិបាល នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ លោក ហៃ វណ្ណា ដែល​ចូល​ទៅ​បញ្ចេញ​មតិ ឬ​ខម្មិន្ត (Comment) នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន អំពី​ការ​ព្រួយបារម្ភ​រឿង​ដាក់​បញ្ចូល​ខេត្ត​របស់​ខ្មែរ​ចំនួន៤ ដែល​ស្ថិត​នៅ​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​រួមគ្នា​ជា​មួយ​វៀតណាម (Vietname) និង​ឡាវ (Lao)។ លោក ហ៊ុន សែន គំរាម​ថា ទោះ​បី​ជា​លោក ហៃ វណ្ណា កំពុង​រស់​នៅ​ប្រទេស​ជប៉ុន​ក្ដី ក៏​លោក​មាន​ក្រុម​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​ដែរ​ដូច្នេះ​កុំ​ព្រហើន។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បញ្ជា​ឱ្យ​អាជ្ញាធរ​ត្រូវ​ស្វែង​រក​ក្រុម​គ្រួសារ​របស់​លោក ហៃ វណ្ណា និង​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត។

Hay_Vanna_in_demonstration_against_CLV_DTA_on_081124_FB_Hay_Vanna.jpg
(រូបកណ្ឌាល) លោក ហៃ វណ្ណា សមាជិក​ក្រុម​ប្រឹក្សាភិបាល នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ពេល​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​ការ​ដាក់​បញ្ចូល​ខេត្ត​៤ ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ៣ប្រទេស គឺ​កម្ពុជា ឡាវ និង​វៀតណាម ហៅ​កាត់​ថា ស៊ីអិលវី ធីឌីអេ (CLV-DTA)។ រូបពី​ហ្វេសប៊ុក​លោក ហៃ វណ្ណា

រដ្ឋាភិបាល​កម្ពុជា បាន​ឃុំ​ខ្លួន​ពលរដ្ឋ​រហូត​ដល់ ៦០នាក់ ចន្លោះ​ពី​ថ្ងៃ​ទី១៤ ដល់ ១៩ ខែសីហា ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV) នា​ពេល​កន្លង​ទៅ។

បច្ចុប្បន្ន លោក ហៃ វណ្ណនិត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ "ម១" កាល​ពី​ថ្ងៃ​ទី១៩ ខែសីហា ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​អំពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ នេះ បើ​យោង​ទៅ​តាម​ការ​អះអាង​របស់ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សាវនា។

លោក នុត សាវនា៖ «ជា​ការងារ​សម្ងាត់​ដោយ​សារ​ពាក់ព័ន្ធ​ករណី​រួម​គំនិត​ក្បត់ ឬ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ ឬ​បទ​ល្មើស​ឧបឃាត​មាន​ទម្ងន់​ធ្ងន់ធ្ងរ ហើយ​វា​ជា​បទ​ល្មើស​ដែល​តម្រូវ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ដោយ​សម្ងាត់ ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ អ៊ីចឹង​ការ​លើក​ឡើង​ចោទ​ថា​សមត្ថកិច្ច​មិន​យក​ចិត្ត​ទុកដាក់​ ឬ​មាន​ការ​លាក់​បាំង​អី វា​ជា​រឿង​មិន​ពិត​ទេ ខ្ញុំ​សូម​ជម្រាប​ថា ឥឡូវ​នេះ​លោក ហៃ វណ្ណនិត កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី១​បាទ»។

ជុំ​វិញ​រឿង​នេះ ទី​ប្រឹក្សា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា អ្នកនាង មិយូស៊ី អាសាគិ (MIYOSHI Asagi) លើក​ឡើង​ថា រដ្ឋាភិបាល​ជប៉ុន​ដឹង​ថា មាន​ការ​ចាប់​អារម្មណ៍ ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើ​កិច្ច​សហប្រតិបត្តិ​ការ​តំបន់​ត្រីកោណ អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV) និង​ការ​ឆ្លើយ​តប​វិញ​របស់ រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​រឿង​នេះ។ អ្នកនាង​ថា​រដ្ឋាភិបាល​ជប៉ុន​កំពុង​តាម​ដាន​ស្ថានការណ៍​នេះ​យ៉ាង​ដិត​ដល់ រួម​ទាំង​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ផង។ អ្នក​នាង​ថា​រដ្ឋាភិបាល​ជប៉ុន​រំពឹង​ថា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​រក្សា​ភាព​ស្ងប់ស្ងាត់។

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា ប្រទេស​ជប៉ុន​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ជប៉ុន ក៏​ជា​ម្ចាស់​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា កាល​ពី​ឆ្នាំ១៩៩១ ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា ការ​ស្នើ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​ជា​រឿង​ល្អ ហើយ​រដ្ឋាភិបាល​ជប៉ុន​គួរ​តែ​លើក​ឡើង​បញ្ហា​សិទ្ធិមនុស្ស​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ជា​សាធារណៈ។

លោក សេង វណ្ណលី«ប៉ុន្តែ​ការ​ស្នើ​របស់HRWគិត​ថា ជា​រឿង​ដែល​ត្រឹម​ត្រូវ​ដោយ​សារ​ស្ថានភាព​ការ​រំលោភ​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​វា​ហាក់​ដូច​ជា​ធ្ងន់ធ្ងរ​បើ​ប្រៀប​ទៅ​ហ្នឹង​កាល​មុនៗ ជា​ពិសេស ភាព​ធ្ងន់ធ្ងរ​ហ្នឹង​ខ្លះ​ដូច​ជា នៅ​អំឡុង​ពេល និង​ក្រោយ​ពេល ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្នាំ២០១៧ ដូច្នេះ ការ​ស្នើ​សុំ​របស់​អង្គការHRWដើម្បី​ជប៉ុន​ប្រតិកម្ម​នេះ ខ្ញុំ​គិត​ថា ជា​រឿង ដែល​រដ្ឋាភិបាល​ជប៉ុន​គួរ​តែ​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​ដែរ ដោយ​សារ​តែ​ជប៉ុន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​ក៏​ជា​ប្រទេស​ដែល​ផ្ដល់​ជំនួយ​ច្រើន»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែ​សីហា។

ពលរដ្ឋ និង​អ្នក​ឃ្លាំ​មើល​ចាត់​ទុក​ថា ការ​ចាប់ខ្លួន​លើ​ពលរដ្ឋ​ជា​ច្រើន​នាក់​ក្នុង​រយៈ​កាល​ថ្មីៗ នេះ គឺ​ជា ផែនការ បង្ក្រាប​លើ​ពលរដ្ឋ​ដែល​ចង់​ធ្វើ​បាតុកម្ម ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​អះអាង​ថា​អាច​ជា​ឆាក​ល្ខោន​របស់​លោក ហ៊ុន សែន រៀប​ចំ​ឡើង​ដើម្បី​លុប​ព្រឹត្តិការណ៍ និង​ទប់​ស្កាត់​ការ​ងើប​តវ៉ា​របស់​ពលរដ្ឋ​រឿង​បញ្ហា​ទឹកដី រួម​ទាំង​ឆ្លៀត​ឱកាស​នេះ​ឆ្មក់​ចាប់​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ ដើម្បី​កម្ទេច​គណបក្ស​ប្រឆាំង​ និង​អ្នក​រិះគន់​ចេញ​ពី​កម្ពុជា​តាម​ការ​ប្រកាស​កន្លង​មក​របស់​លោក ហ៊ុន សែន កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។