អង្គការការពារសិទ្ធិមនុស្សលីកាដូ ស្នើសុំឲ្យរដ្ឋាភិបាលកែលម្អជាបន្ទាន់នូវបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលមានស្ថានភាពលំបាក និងចង្អៀតណែនខ្លាំង។ មន្ត្រីពន្ធនាគារទទួលស្គាល់អំពីការខ្វះខាតធនធាន នៅក្នុងពន្ធនាគារ និងស្វាគមន៍កិច្ចសហការពីអង្គការដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ចេញផ្សាយអត្ថបទមួយស្ដីពីរឿងរ៉ាវរបស់ស្ត្រី និងក្មេងស្រីនៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) ឬហៅថា ពន្ធនាគារព្រៃសផ្នែកស្ត្រី។
អង្គការលីកាដូ បញ្ជាក់ថា កាលពីខែមុន ស្ត្រី ៩នាក់ បានចែករំលែករឿងរ៉ាវរបស់របស់ពួកគេដល់អង្គការលីកាដូអំពីជីវិតនៅក្នុងពន្ធនាគារ។ ស្ត្រីទាំង ៩នាក់នោះ ក៏មានយុវជនខ្មែរថាវរៈ និងយុវជនមាតាធម្មជាតិ រួមមានលោកស្រី ឈឿន ដារ៉ាវ កញ្ញា អេង ម៉ាឡៃ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដោយសារការទាមទារសិទ្ធិសេរីភាពជូនលោក រ៉ុង ឈុន និងធ្វើសកម្មភាពការពារបរិស្ថាន។
អង្គការលីកាដូ អះអាងថា ស្ត្រីទាំងអស់នេះ កំពុងប្រឈមនឹងស្ថានភាពលំបាកជាច្រើននៅក្នុងពន្ធនាគារ ដូចជាបញ្ហាចង្អៀតណែន គ្មានអនាម័យ មិនមានទឹកភ្លើង និងសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ម្ហូបអាហារគ្មានជីវជាតិ ហើយការអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានតិចតួច ជាដើម។ អង្គការការពារសិទ្ធិមនុស្សមួយនេះ សង្កត់ធ្ងន់ថា ការរំលោភបំពានសិទ្ធិនៅក្នុងពន្ធនាគារ មិនគួរត្រូវបានមើលរំលងឡើយ ហើយនេះជាទំនួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិនេះឱ្យបានឆាប់ ដោយការអនុវត្តដ៏ល្អផ្អែកតាមបទប្បញ្ញត្តិ និងច្បាប់ជាតិនិងអន្តរជាតិ។ ក្រៅពីនេះ អង្គការលីកាដូ ស្នើសុំឲ្យអាជ្ញាធរដោះលែងអ្នកជាប់ឃុំទាំងឡាយណា ដែលត្រូវបានឃុំខ្លួនដោយគ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ក្នុងនោះមានសកម្មជនសង្គម និងសកម្មជននយោបាយ។
ប្អូនស្រីរបស់កញ្ញា អេង ម៉ាឡៃ គឺកញ្ញា អេង វ៉ាន់ឌី រៀបរាប់ថា បងស្រីរបស់ខ្លួនកំពុងប្រឈមនឹងបញ្ហាប្រចាំថ្ងៃជាច្រើននៅក្នុងពន្ធនាគារដូចជា ជំងឺ របួស និងភាពតានតឹងផ្លូវចិត្ត៖ « គាត់ទ្រុឌទ្រោមមែនទែន គាត់ខ្សោយខ្លាំងណាស់ មានជំងឺអាលែកហ្ស៊ី (Allergy) ផង ស្ត្រេស (Stress) ផង ជំងឺជើងគាត់ផង ហើយឥឡូវចង់ចូលជំងឺបេះដូង ទៀត ព្រោះគាត់ថា ពិបាកដកដង្ហើមពេលគេងម្តងៗ បេះដូងលោតញាប់។ គាត់ប្រាប់ថា ការគេង ការហូបចុក គឺពិបាកខ្លាំង ព្រោះចង្អៀត បន្ទប់តូចដាក់មនុស្សច្រើន » ។
ករណីមួយទៀតដែលបានលើកឡើងក្នុងរបាយការណ៍អង្គការលីកាដូ គឺស្ត្រីម្នាក់ឈ្មោះ សុភារី ។ នាង ទើបតែត្រូវបានដោះលែង ក្រោយជាប់ពន្ធនាគារ ៥ឆ្នាំដោយសារការជួញដូរគ្រឿងញៀនយកលុយដោះបំណុល បន្ទាប់ពីប្ដីស្លាប់ចោល។ សុភារី រៀបរាប់ថា រយៈពេល ៥ឆ្នាំ ដែលនាងបានចំណាយពេលនៅក្នុងពន្ធនាគារ គឺជាពេលដែលលំបាកបំផុតក្នុងឆាកជីវិតរបស់នាង ព្រោះសូម្បីតែសំឡីអនាម័យក៏នាងគ្មានប្រើដែរ។
អង្គការលីកាដូ រកឃើញថា ស្ត្រីនៅក្នុងពន្ធនាគារត្រូវចំណាយប្រាក់លើរឿងគ្រប់យ៉ាង រួមមានអាហារដែលមានជីវជាតិ ទឹកស្អាតគ្រប់គ្រាន់ សេវាថែទាំសុខភាពគ្រប់គ្រាន់ អគ្គិសនីប្រើប្រាស់ ការសួរសុខទុក្ខរបស់ក្រុមគ្រួសារ ការចំណាយពេលនៅក្រៅបន្ទប់ឃុំឃាំង និងទំហំកន្លែងសម្រាកនៅលើឥដ្ឋជាដើម។ អ្នកដែលគ្មានលទ្ធភាព ជារឿយៗ មិនទទួលបានសេវាទាំងនេះទេ។ ការកម្រិតលទ្ធភាពនៃការប្រើប្រាស់ទឹកស្អាត និងសាប៊ូ អាចនាំឱ្យមានផលប៉ះពាល់មិនសមស្រប ចំពោះស្ត្រីដែលមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ឬស្ត្រីដែលមករដូវ ហើយសម្ភារៈប្រើប្រាស់អំឡុងពេលមករដូវមិនត្រូវបានផ្ដល់ដោយពន្ធនាគារនោះទេ ដែលទាំងនេះជាការអនុវត្តផ្ទុយពីវិធានការច្បាប់ជាតិនិង អន្តរជាតិ។
ឆ្លើយតបចំពោះករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ថ្លែងថា ពន្ធនាគារផ្នែកស្ត្រី ម២ និងនៅខេត្តសៀមរាប ពិតជាមានភាពចង្អៀតណែន ប៉ុន្តែនៅតែមានស្ថានភាពល្អប្រសើរជាងពន្ធនាគារផ្នែកបុរស។ ជាមួយគ្នានេះ លោក ច្រានចោលចំពោះការលើកឡើងថា ពន្ធនាគារមិនបានគិតគូរអំពីអនាម័យ។ លោក អះអាងថា ពន្ធនាគារ បានផ្តល់សម្ភារៈអនាម័យដល់ជនជាប់ឃុំ ជាស្ត្រីជាហូរហែ ប៉ុន្តែលោក ក៏ទទួលស្គាល់ដែរចំពោះបញ្ហាខ្វះខាតធនធានមួយចំនួន ដូចជាធនធានសម្រាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម៖ « ការងារបណ្ដុះបណ្ដាលរបស់យើងវាអត់ទាន់មានដំណើរការពេញលេញទេ ព្រោះបញ្ហាទី១ ហេដ្ឋារចនាសម្ព័ន្ធ ដែលអំណោយផលដូចជា ថ្នាក់រៀន ដូចជា កន្លែងអនុវត្តផ្ទាល់ យើងក៏មិនសូវសម្បូរដែរ។ ដូច្នេះឱកាសផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគាត់ ក៏មិនបានពេញលេញដែរ។ ប៉ុន្តែបើលីកាដូ គាត់ឃើញ ចន្លោះប្រហោង ដូចថា យើងខ្វះគ្រូបណ្ដុះបណ្ដាល យើងខ្វះឧបករណ៍សម្ភារៈយកមកបណ្ដុះបណ្ដាលឲ្យបានពេញដៃពេញជើង គឺអាហ្នឹងគាត់អាចសហការជាមួយយើង » ។
គិតត្រឹមដើមឆ្នាំនេះ ជិតមួយភាគបីនៃស្ត្រី និងក្មេងស្រី ជាប់ឃុំក្នុងពន្ធនាគារ ដែលអង្គការលីកាដូបានឃ្លាំមើល គឺស្ថិតក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។ អង្គការលីកាដូ ស្នើសុំដល់អាជ្ញាធរ គួរតែប្រើប្រាស់ការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការជាជម្រើសចុងក្រោយ ស្របតាមគោលការណ៍សន្មតថាគ្មានទោស និងការពិចារណាឱ្យបានត្រឹមត្រូវចំពោះអ្នកជាប់ឃុំដែលប្រឈមនឹងហានិភ័យខ្ពស់ដូចជា ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចនៅជាមួយ និងអ្នកជាប់ឃុំជាអនីតិជនជាដើម។
លោក នុត សាវនា គាំទ្រចំពោះអនុសាសន៍ដែលចង់ឲ្យមានការអនុវត្តទោសនៅក្រៅឃុំ ចំពោះបទល្មើសកម្រិតស្រាលនេះ ប៉ុន្តែលោកយល់ថា តុលាការ អាចនឹងពិបាកអនុវត្តតាមព្រោះកន្លងទៅ ប្រជាពលរដ្ឋ តែងរិះគន់ថា តុលាការស៊ីសំណូកពីជនសង្ស័យ ទើបគ្មានការឃុំខ្លួនជាដើម៖ « តែដល់អ៊ីចឹងតុលាការ គាត់ទទួលរងការនិន្ទាពីសហគមន៍អ៊ីចឹង តើគាត់ចេញសាលក្រមហ្នឹងយ៉ាងម៉េចកើត គឺគាត់ធ្វើអត់កើតទេ ខ្លាចចោទថា គាត់ស៊ីសំណូក ដូច្នេះករណីនេះទាមទារឲ្យមានការយោគយល់ពីសហគមន៍ខាងក្រៅដែរ ។ការអនុវត្តទោសនៅក្រៅឃុំនេះ វាប្រសើរណាស់ ហើយតាមពិតបើនៅប្រទេសគេជឿនលឿនគេសុខចិត្តឲ្យអនុវត្តទោសនៅក្រៅឃុំឲ្យបានច្រើនជាងនៅក្នុងពន្ធនាគារ » ។
គិតត្រឹមចុងឆ្នាំ២០២០ ពន្ធនាគារចំនួន១៧ ក្នុងចំណោមពន្ធនាគារទាំង១៨ ដែលអង្គការលីកាដូបានឃ្លាំមើល បានផ្ទុកមនុស្សលើសពី ១០០% នៃទំហំផ្ទុករបស់ពន្ធនាគារនីមួយៗ។ មណ្ឌលអប់រំកែប្រែទី២ សម្រាប់ឃុំខ្លួនស្ត្រី គឺបានផ្ទុកមនុស្សលើសចំណុះជិត ៤០០%។ អង្គការលីកាដូ ពិនិត្យឃើញថា ភាពចង្អៀតណែនដ៏លំបាកនេះ បានបង្កើតឱ្យមានស្ថានភាពកាន់តែអាក្រក់ ដូចជា អសុវត្ថិភាព គ្មានអនាម័យ និងអមនុស្សធម៌។ ស្ថានភាពទាំងនេះ បានអនុវត្តផ្ទុយពីស្តង់ដាររបស់អង្គការសហប្រជាជាតិសម្រាប់អ្នកជាប់ឃុំ និងរំលោភវិធានការជាក់លាក់នៃវិធានការមិនឃុំខ្លួនសម្រាប់ជនល្មើសជាស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។