អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថ្លែង​ថា អ្នក​ដែល​គណៈកម្មការ​អឺរ៉ុប​គួរ​ប្រញាប់​ដាក់​ទណ្ឌកម្ម​មុន​គេ គឺ​ឧត្ដមសេនីយ៍​បាត​ដៃ​កង្វក់​ទាំង ១២នាក់

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ(Human Rights Watch) ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​បង្ក្រាប​សំឡេង​ប្រឆាំង​យ៉ាង​ចាស់​ដៃ និង​មានៈ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ។

ដោយសារ​តែ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កាន់​តែ​អាក្រក់​នៅ​កម្ពុជា អង្គការ​នេះ នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ជំរុញ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ចាត់​វិធានការ​កាន់​តែ​ក្តៅ​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្លែង​ថា វិធានការ​កាន់​តែ​ក្ដៅ​នេះ គឺ​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ដែល​ជា​មន្ត្រី​គ្រាក់ៗ និង​មាន​បាត​ដៃ​កង្វក់ ជា​ពិសេស ឧត្ដមសេនីយ៍​ទាំង ១២រូប ដែល​អង្គការ​នេះ​ថា បាន​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

នាយ​ឧត្ដមសេនីយ៍​១២​ រូប ដែល​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន រួម​មាន នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ចំនួន​៧​នាក់ គឺ​លោក ប៉ុល សារឿន លោក គន់ គីម លោក សៅ សុខា លោក នេត សារឿន លោក សុខ ផល លោក ម៉ក់ ជីតូ លោក ជួន សុវណ្ណ និង​នាយ​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ ចំនួន​៥​នាក់ គឺ លោក ជា ម៉ន លោក ប៊ុន សេង លោក ជឿន សុវណ្ណថា លោក ចាប ភក្ដី និង​លោក រ័ត្ន ស្រ៊ាង។

ជាង​នេះ​ទៅ​ទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​មន្ត្រី​គ្រាក់ៗ ទាំង​នេះ ដែល​អាច​បាន​មក​ពី​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ និង​កិបកេង​ទ្រព្យ​ជាតិ។

: as Hun Sen's repression intensifies, so should the EU's response.<br/> <br/>Targeted sanctions against him and his "dirty dozen", the abusive generals forming the backbone of a now de facto one-party dictatorship, long overdue:

សារ​របស់​អង្គការ​អន្តរជាតិ​នេះ ធ្វើ​ឡើង​ស្រប​គ្នា​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប ដែល​កាល​ពី​ថ្ងៃ​ទី១១ ខែមីនា បាន​មូល​មាត់​គ្នា ស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ អង្គការ​នេះ​ស្នើ​សមាជិក​សភា​សហភាព​អឺរ៉ុប ឲ្យ​ដាក់​ទណ្ឌកម្ម​ជា​ទម្រង់ នៃ​ការ​បិទ​ទិដ្ឋាការ មិន​ឲ្យ​អ្នក​ទាំង​នោះ​ជាន់​ដី​សហភាព​អឺរ៉ុប និង​បង្កក​ទ្រព្យ​សម្បត្តិ និង​ផ្ដាច់​ចរន្ត​សេដ្ឋកិច្ច​នៃ​មន្ត្រី​ទាំង​នោះ ព្រម​ទាំង​ក្រុម​គ្រួសារ​ពួក​គាត់ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។

កាល​ពី​ខែសីហា ឆ្នាំ២០២០ គណកម្មការ​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ដក​ការ​អនុគ្រោះ​ពន្ធ​ទូទៅ EBA ២០%។ ទណ្ឌកម្ម​នោះ គឺ​ជា​ការ​ព្រមាន ចំពោះ​ការ​មិនព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ពេល​នេះ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក ឈឹម ផលវរុណ ថ្មីៗនេះ​ បាន​ចំអក​ឲ្យ​សភា​សហភាព​អឺរ៉ុប​ថា សព្វថ្ងៃ​នេះ​ការ​ដាក់ទណ្ឌកម្ម​លែង​មានប្រសិទ្ធភាព​ហើយ​។ លោក​ឲ្យ​មើល​គំរូ​នៅ​ប្រទេស​ភូមា ដែល​លោក​អះអាង​ថា ទណ្ឌកម្ម​គ្មាន​ធ្វើ​អ្វី​របប​សឹក​ភូមា​បាន។

ផ្ទុយ​ពី​ការ​យល់​ឃើញ​មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ តាម​បទ​ពិសោធន៍ ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ ដូច​ជា ការ​បង្កក​ទ្រព្យ​សម្បត្តិ​ពួក​គាត់​បែប​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​វា​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​អ្នក​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។