មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​នឹង​ជំរុញ​អាំងទែរប៉ូល ឱ្យ​ចេញ​និវេទន៍​ក្រហម​ចាប់​ខ្លួន​មេកង​អង្គរក្ស​លោក ហ៊ុន សែន តាម​ដីកា​តុលាការ​បារាំង

0:00 / 0:00

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ថា នឹង​ជំរុញ​ឱ្យ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ ឬ អាំងទែរប៉ូល (Interpol) ចេញ​និវេទន៍​ក្រហម​តាម​ចាប់​ខ្លួន​មេកង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​ដីកា​របស់​តុលាការ​បារាំង​ក្នុង​សំណុំរឿង​គប់​គ្រាប់បែក​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ឆ្នាំ១៩៩៧។ មន្ត្រី​រូប​នោះ​បន្ថែម​ថា ដីកា​នេះ​នឹង​ធ្វើ​ឱ្យ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ព្រមទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ផង អាច​ប្រឈម​នឹង​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​អញ្ជើញ​លោក​អ្នក​នាង​ស្ដាប់ ភាគ​ទី ១ នៃ​បទ​សម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​នាយក​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាមស៍ (Brad Adams) ជុំវិញ​ករណី​តុលាការ​បារាំង​ចេញដីកា​ចាប់ខ្លួន​មេកង​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​សំណុំរឿង​គប់​គ្រាប់​បែក​លើ​ក្រុម​បាតុករ​កាល​ពី​ឆ្នាំ១៩៩៧ ដូច​ត​ទៅ៖

លោក មាន ឫទ្ធិ៖ តើ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ​បារាំង​នេះ មានន័យ​យ៉ាង​ដូច​ម្ដេច​ដែរ​សម្រាប់​មេកង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ នោះ ? ហើយ​តើ​វា​មាន​ន័យ​យ៉ាង​ម៉េច​ដែរ​សម្រាប់​លោក ហ៊ុន សែន ខ្លួន​ឯង​វិញ ?

លោក ប្រេដ អាដាមស៍៖ បាទ! ខ្ញុំ​គិត​ថា​សម្រាប់​បុគ្គល​ទាំង​ពីរ​រូប គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ពួក​គេ​នឹង​មិន​អាច​ធ្វើដំណើរ​មកកាន់​អឺរ៉ុប និង​នៅ​ទ្វីប​អាមេរិក​ខាងជើង​បាន​ទៀត​ឡើយ។ គួរ​តែ​មាន​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ពួកគេ​តាមរយៈ​នីតិវិធី​រួម​របស់​សហភាព​អឺរ៉ុប។ គួរ​តែ​មាន​និវេទន៍​ក្រហម​តាម​ចាប់​ខ្លួន​ពួក​គេ ចេញ​ដោយ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ ឬ អាំងទែរប៉ូល ដែល​មានន័យ​ថា ពួកគេ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​លើ​ពិភពលោក ក្រៅ​តែ​ពី​ប្រទេស​កម្ពុជា។

តាម​ពិត​ទៅ បុគ្គល​ទាំង​ពីរ​រូប​នេះ​គួរតែ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ យើង​ដឹង​ហើយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ការ​ចាប់​ខ្លួន​ពួកគេ។ ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ​បារាំង​នេះ ក៏​អាច​បើកផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​មក​លើ​ពួក​គេ​ដែរ។ លោក ហ៊ីង ប៊ុនហៀង ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​រួច​មក​ហើយ​ កាល​ពី​ពេល​កន្លងទៅ។ ខ្ញុំ​រំពឹង​ថា ពួកគេ​ទាំងពីរ​រូប នេះ​ នឹង​ប្រឈម​នូវ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​មក​លើ​ពួកគេ ដែល​អាច​នឹង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ ដែល​ពួកគេ​មាន​នៅ​បរទេស ឬក៏​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ណាមួយ​ដែល​ពួកគេ​ពាក់ព័ន្ធ​ជាមួយ។ ដូចដែល​យើង​ដឹង​ហើយ​ថា លោក ហ៊ីង ប៊ុនហៀង គឺជា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​មែនទែន។ ដូច្នេះ លោក​នឹង​ប្រឈម​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ទាន់​ពេលវេលា។ វា​នឹង​ក្លាយ​ជា​អំពើ​ខុស​ច្បាប់​ក្នុង​ការ​រកស៊ី ឬ​ធ្វើ​ជំនួញ​ជាមួយ​ពួកគេ ប្រសិន​បើ​អ្នក​ជា​ក្រុមហ៊ុន​បរទេស អាស្រ័យ​ទៅតាម​យុត្តាធិការ​ជាក់លាក់​មួយ​ចំនួន។

ដោយឡែក សម្រាប់​លោក ហ៊ុន សែន វិញ ដីកា​របស់​តុលាការ​បារាំង​បាន​គូស​បញ្ជាក់​ច្បាស់​ណាស់​ថា បើកុំតែ​លោក​មាន​អភ័យឯកសិទ្ធិ​ទេ កុំអី​លោក ហ៊ុន សែន ខ្លួនឯង ​ក៏​ត្រូវ​ប្រឈម​នឹង​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ដែរ។ ដូច្នេះ ថាតើ​លោក ហ៊ុន សែន នឹង​ត្រូវ​ចាប់ខ្លួន​ដែរ ឬ​ទេ? ចម្លើយ គឺ​ទេ។ មិនមែន​នៅ​ពេល​ឥឡូវ​នេះ​ទេ លុះ​ត្រា​ណា​តែ​អភ័យឯកសិទ្ធិ​របស់​គាត់​ត្រូវ​បាន​ដកហូត ដោយ​តុលាការ​បារាំង ឬ​តុលាការ​ដទៃ​ទៀត។ ក៏​ប៉ុន្តែ ខ្ញុំ​គិត​ថា វា​នឹង​ពិបាក​ខ្លាំង​សម្រាប់​សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ដទៃ​ទៀត ក្នុង​ការ​អញ្ជើញ​គាត់​ឱ្យ​មក​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី ឬ​កិច្ច​ប្រជុំ​ពហុភាគី​ផ្សេង​ទៀត ដោយសារ​តែ​យើង​មាន​តុលាការ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស ​ដែល​មាន​ប្រជាធិបតេយ្យ​រឹងមាំ ដែល​បាន​សន្និដ្ឋាន​ថា មាន​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​ថា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ បាន​រៀបចំ និង​បាន​បញ្ជា​ឱ្យ​វាយប្រហារ​ដោយ​គ្រាប់បែក​ទៅលើ​ក្រុម​បាតុករ និង​ថា មាន​តែ​បុគ្គល​មួយ​រូប​ទេ ដែល​អាច​អនុញ្ញាត​ឱ្យ​ពួក​គេ​ធ្វើ​ដូច្នេះ​បាន ហើយ​បុគ្គល​នោះ​គឺ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នុង​ឯង។

លោក មាន ឫទ្ធិ៖ តើ​លោក​គិត​ថា អាច​ទៅ​រួច​ទេ​ដែល​តុលាការ​បារាំង​​នឹង​ឈាន​ទៅ​ជំរុញ​ឱ្យ​ប៉ូលិស​អន្តរជាតិ​ចេញនិវេទន៍​ក្រហម​តាម​ចាប់ខ្លួន​បុគ្គល​ទាំង​នេះ​ដែរ ឬ​ទេ នា​ពេល​អនាគត​នោះ ?

លោក ប្រេដ អាដាមស៍៖ របៀបរបប​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​បារាំង គឺ​វា​អាស្រ័យ​ទៅលើ​រដ្ឋអាជ្ញា​ជា​អ្នក​ធ្វើ​សំណើ​នេះ។ ប៉ុន្តែ រដ្ឋអាជ្ញា​គួរតែ​ស្នើ​ឡើង​ដូច្នេះ។ តែ​បញ្ហា​គឺ​ថា មិន​មាន​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​នោះ​ទេ។ ដូច្នេះ យើង​ទាំងអស់​គ្នា រួម​ទាំង​លោក​ជា​អ្នកកាសែត​ផង ចាំបាច់​ត្រូវ​ពិនិត្យ​មើល​លើ​រឿង​នេះ​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ចង់​ដឹង​ថា តើ​នៅ​ពេល​ណា​ដែល​រដ្ឋអាជ្ញា​បារាំង​អាច​នឹង​ធ្វើ​សំណើ​នេះ​ឡើង។ រដ្ឋអាជ្ញា​បារាំង​ពុំ​មាន​កាតព្វកិច្ច​​ធ្វើ​សំណើ​នេះ​ជា​សាធារណៈ​ទេ។ ពួក​គេ​អាច​ធ្វើ​ដូច្នេះ​បាន តែ​ពួកគេ​មិន​ចាំបាច់​ត្រូវតែ​ធ្វើ​នោះ​ទេ។ ដូច្នេះ យើង​មិន​ដឹង​ថា ការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ពេលណា​នោះ​ឡើយ។ ប៉ុន្តែ ខ្ញុំ​មិន​អាច​មិន​ជឿ​ថា វា​នឹង​មិន​កើតឡើង​នោះ​ទេ ពីព្រោះ​ថា​ នេះ​ជា​សំណុំរឿង​ធ្ងន់ធ្ងរ​ណាស់ គឺ​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើឃាត និង​ការ​សម្លាប់​មនុស្ស។ នេះ​បើ​ផ្អែក​តាម​តុលាការ​បារាំង។ ពោល​គឺ ប៉ុនប៉ង​ធ្វើឃាត​លោក សម រង្ស៊ី និង​បាន​សម្លាប់​មនុស្ស​ដល់ទៅ ១៦នាក់​ឯ​ណោះ។ ដូច្នេះ ប្រាកដ​ណាស់ នេះ​គឺ​ជា​បទឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​មែនទែន។

លោក មាន ឫទ្ធិ៖ ដូច្នេះ តើ​អង្គការ​របស់​លោក​នឹង​ជំរុញ​ឱ្យ​ប៉ូលិស​អន្តរជាតិ​ចេញ​និវេទន៍​ក្រហម​តាម​ចាប់ខ្លួន​បុគ្គល​ទាំងនេះ​ដែរ​ឬ​ទេ ?

លោក ប្រេដ អាដាមស៍៖ បាទ! ប្រាកដ​ណាស់ យើង​នឹង​ជំរុញ​រឿង​នេះ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។ ប៉ុន្តែ ទីបំផុត​ទៅ អ្វីៗ​ គឺ​អាស្រ័យ​ទៅ​លើ​អាជ្ញាធរ​បារាំង​ជា​អ្នក​ធ្វើ​ដូច្នេះ។ ខ្ញុំ​អាច​និយាយ​បាន​ថា អាជ្ញាធរ​បារាំង​ធ្លាប់​បាន​បញ្ជូន​ការ​ទាមទារ និង​ដីកា​បង្គាប់​ឱ្យ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ មក​បង្ហាញខ្លួន​នៅ​មុខ​តុលាការ​បារាំង ដែល​ចេញ​ដោយ​ចៅក្រម​បារាំង​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​យុត្តិធម៌​បារាំង និង​ទៅ​ក្រសួង​ការបរទេស​បារាំង។ រួចហើយ​បញ្ជូន​ទៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ភ្នំពេញ ដើម្បី​បញ្ជូន​បន្ត​ទៅ​ដល់​ដៃ​រដ្ឋាភិបាល​កម្ពុជា។ ដូច្នេះ ប្រព័ន្ធ​យុត្តិធម៌​នៅ​បារាំង​ដំណើរ​ទៅ​បាន​យ៉ាង​ប្រសើរ​ក្នុង​ការ​ចាត់ការ​សំណុំ​រឿង​នេះ...។ ក៏ប៉ុន្តែ​សំណើ​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​ឱ្យ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ចូលរួម​ការ​សួរ​ដេញដោល ឬ​បង្ហាញ​ខ្លួន​ឡើយ។ នេះ​ហើយ​ គឺ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​ឈាន​ទៅដល់​ការ​ចេញ​ដីកា​ចាប់​ខ្លួន។ ពោល​គឺ​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​នេះ ​ដោយសារ​តែ​បុគ្គល​ទាំង​ពីរ​រូប​នេះ​ខកខាន ​មិនបាន​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​បារាំង​ដូច​តាម​ការ​ស្នើ​ឡើង។

លោក មាន ឫទ្ធិ៖ តើ​ពួក​គេ​អាច​ប្ដឹង​ទាស់​នឹង​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​នេះ​ទៅ​តុលាការ​កំពូល​របស់​បារាំង​បាន​ដែរ​ឬ​ទេ ?

លោក ប្រេដ អាដាមស៍៖ ទេ! ពួក​គេ​មិន​អាច​ប្ដឹង​ទាស់​ប្រឆាំង​នឹង​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​នេះ​ទៅ​តុលាការ​កំពូល​បាន​ទេ​ក្នុង​ពេល​នេះ។ សំណុំរឿង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សវនាការ​លើ​អង្គ​សេចក្ដី​ ក្នុង​តុលាការ​ជាន់​ទាប​សិនដែល​អាច​នឹង​ធ្វើឡើង​នៅ​ពេល​ណាមួយ​នៅ​ឆ្នាំ​ក្រោយ។ នៅ​ពេល​នោះ តុលាការ​នឹង​លើក​យក​ភស្តុតាង​មក​ពិចារណា ហើយ​សាក្សី​ដូចជា​រូប​ខ្ញុំ​ជា​ដើម ក៏​នឹង​ត្រូវ​អញ្ជើញ​ឱ្យ​ទៅ​ផ្តល់​សក្ខីកម្ម​ដែរ។ តុលាការ​ក៏​នឹង​តម្រូវ​ឱ្យ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ មាន​វត្តមាន និង​ផ្តល់​សក្ខីកម្ម​ដែរ​ ប្រសិន​បើ​ពួក​គេ​ជ្រើសរើស​ធ្វើ​ដូច្នេះ។ ពេល​នោះ តុលាការ​នឹង​ចេញ​សេចក្ដី​សម្រេច​ថា តើ​មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ផ្ដន្ទាទោស​ពួក​គេ​ដែរ​ឬ​យ៉ាង​ណា​នោះ។

លោក មាន ឫទ្ធិ៖ អញ្ចឹង ប្រសិនបើ​តុលាការ​បារាំង​ផ្ដន្ទាទោស​ពួកគេ​ក្នុង​សវនាការ​លើ​អង្គ​សេចក្តី​នា​ពេល​ខាងមុខនេះ តើ​ទោស​ទណ្ឌ​របស់​ពួកគេ​នឹង​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ដែរ ?

លោក ប្រេដ អាដាមស៍៖ ខ្ញុំ​មិន​អាច​អត្ថាធិប្បាយ​បាន​ ថា​យ៉ាងណា​នោះ​ទេ។ តែ​ខ្ញុំ​រំពឹង​ថា សំណុំរឿង​ដែល​មាន​មនុស្ស​ស្លាប់ និង​របួស​ដល់​ជាង​មួយ​រយ​នាក់​បែប​នេះ... នឹង​មាន​ការ​ផ្ដន្ទាទោស​ដាក់​គុក​ច្រើន​ឆ្នាំ​មែនទែន...។ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​ផ្ដន្ទាទោស​មែន​នោះ នោះ​មានន័យ​ថា តុលាការ​ជឿជាក់​ថា ពួក​គេ​ពិត​ជា​បាន​រៀបចំ និង​មាន​ផែនការ​សម្លាប់​មនុស្ស​ប្រាកដ​មែន។ ដូច្នេះ វា​នឹង​ក្លាយ​ជា​បទចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​មួយ...។ ពុំ​ទាន់​មាន​ការកំណត់​ពេលវេលា​ជាក់លាក់​នៅ​ឡើយ​ទេ ជុំវិញ​កាល​បរិច្ឆេទ​សវនាការ​លើ​អង្គ​សេចក្ដី។ តែ​មេធាវី​ក្នុង​សំណុំរឿង​នេះ បាន​ប្រាប់​ខ្ញុំ​ថា អាច​ត្រូវ​ការ​ពេល​ពី​ ១២ខែ ទៅ ១៨ខែ ក្រោយពី​ចៅក្រម​ស៊ើបអង្កេត​ចេញដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន៕

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់ ភាគ​ទី ២ នៃ​បទសម្ភាសន៍​នេះ​ដែល​លោក ប្រេដ អាដាមស៍ នឹង​រៀបរាប់​លម្អិត​លើ​ហេតុការណ៍​ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​កាល​ពី ២៥ឆ្នាំ​មុន​នោះ។ សូម​អរគុណ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។