អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារឲ្យរបបក្រុងភ្នំពេញបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រព័ន្ធតុលាការ ធ្វើទុកបុកម្នេញលើអតីតអ្នកគាំទ្រ និងសមាជិកបក្សប្រឆាំង។ ចំណែកមន្ត្រីនៃរបបលោក ហ៊ុន សែន មិនឆ្លើយតបនឹងការទាមទារនេះទេ ដោយចាត់ទុកសេចក្ដីថ្លែងការណ៍នេះថា មានចរិតនយោបាយ។
ក្នុងកំឡុងឆ្នាំ២០១៩ នេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា អាជ្ញាធរកម្ពុជា បានចេញដីកោះហៅអតីតក្រុមអ្នកគាំទ្រ និងសមាជិកគណបក្សសង្គ្រោះជាតិ សរុប ១៤៧នាក់ នៅទូទាំងប្រទេស ឲ្យទៅឆ្លើយបំភ្លឺទាំងនៅតុលាការ និងនៅប៉ុស្តិ៍ប៉ូលិសមូលដ្ឋាន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ ចាត់ទុកដីកាកោះហៅទាំងនោះថា ខ្វះមូលដ្ឋានច្បាប់។ ក្នុងដីកាកោះហៅទាំងអស់ គឺមានត្រឹមតែសំអាងហេតុមិនច្បាស់លាស់ ដើម្បីធ្វើការចោទប្រកាន់អតីតសមាជិកបក្សប្រឆាំងថា រំលោភលើសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយគណបក្សប្រឆាំង កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) លើកឡើងថា វាមានរយៈពេលជាង ១ឆ្នាំទៅហើយ គិតចាប់តាំងពីសេចក្ដីសម្រេចរបស់តុលាការកំពូលដែលស្ថិតក្រោមឥទ្ធិពលនយោបាយ បានប្រែក្លាយកម្ពុជាឲ្យទៅជារដ្ឋឯកបក្ស។ បើទោះជាបានរំលាយគណបក្សរបស់ប្រឆាំងជាង ១ឆ្នាំហើយក្តី លោក ប្រ៊ែដ អាដាម (Brad Adams) ថា រដ្ឋាភិបាលនៅតែបន្តតាមធ្វើបាបទៅលើអតីតសមាជិកបក្សប្រឆាំង ដោយប្រើមន្ត្រីនគរបាលនៅមូលដ្ឋានទៅសួរនាំ និងឲ្យតុលាការចេញដីកាកោះហៅពួកគេឲ្យចូលខ្លួនបំភ្លឺតាមអំពើចិត្ត។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីដោយខ្លីថា ភារៈកិច្ចក្នុងរឿងនេះ គឺស្ថិតនៅលើក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ៖ «អាអ្នកទាមទារឆ្កួត ព្រោះមិនមែនរដ្ឋាភិបាលណា ការងាររបស់ក្រសួងយុត្តិធម៌ និងតុលាការតើ។ ទៅសួរខាងក្រសួងយុត្តិធម៌ និងតុលាការ។ ខ្ញុំអត់សរសេររឿងហ្នឹងផង ហើយក៏មិនឆ្លើយជំនួសគេដែរ» ។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព តាមទូរស័ព្ទដោយហៅចូល តែត្រូវលោកចុចបិទវិញ។
ខណៈប្រតិភូសហភាពអឺរ៉ុបបំពេញទស្សនកិច្ចនៅកម្ពុជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើសហភាពអឺរ៉ុប ឱ្យលើកឡើងពីបញ្ហាយាយី និងការបង្ក្រាបទៅលើអតីតក្រុមសមាជិកបក្សប្រឆាំង ពីសំណាក់ស្ថាប័នតុលាការ និងប៉ូលិសនេះ ទៅមន្ត្រីរដ្ឋាភិបាល។
គិតមកដល់ពេលនេះ តុលាការក្រោមរបបក្រុងភ្នំពេញ បានចេញដីកាកោះហៅសមាជិកបក្សប្រឆាំងសរុប ១៤៧នាក់ហើយ។ ក្នុងនោះ នៅខេត្តបាត់ដំបង មាន ៣៦នាក់, ខេត្តកណ្ដាល មាន ៣៦នាក់, ខេត្តកំពង់ធំ មាន ៣៥នាក់, នៅភ្នំពេញ មាន ១៤នាក់, ខេត្តបន្ទាយមានជ័យ មាន ៨នាក់, នៅកំពង់ស្ពឺ មាន ៦នាក់, នៅកំពត មាន ៦នាក់, នៅកំពង់ឆ្នាំង មាន ៤នាក់ ហើយនិង ២នាក់នៅខេត្តពោធិ៍សាត់។
ក្រៅពីនេះ អតីតសមាជិកបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ មាន ៦នាក់។ ក្នុងនោះមាន លោក គង់ ម៉ាស់ ជាសមាជិកក្រុមការងារខេត្តស្វាយរៀង ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីខែមករា។ សមាជិកក្រុមទ្រទ្រង់ខេត្តកណ្ដាល លោក ប៉ាន សុខសុវណ្ណនី ត្រូវចាប់ខ្លួនកាលពីខែកុម្ភៈ។ អនុប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តត្បូងឃ្មុំ លោក ស៊ូ យាន ត្រូវចាប់ខ្លួនកាលពីខែមេសា។ ចំណែក លោក ប៉ុល ទិត្យធានី ជាហេរញ្ញិកខេត្តកំពង់ឆ្នាំង លោក ទួន សំអាត ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិស្រុកវាលវែង ខេត្តពោធិ៍សាត់ និងលោក ចាន់ សុផល ជាសមាជិកគណៈកម្មាធិការប្រតិបត្តិឃុំ អូរសោម ខេត្តពោធិ៍សាត់ ត្រូវអាជ្ញាធរចាប់ខ្លួនក្នុងកំឡុងខែឧសភា។
លោក ប្រ៊ែដ អាដាម (Brad Adams) ចោទជាសំណួរថា តើ នៅមានសមាជិកបក្សប្រឆាំងប៉ុន្មាននាក់ទៀត ដែលត្រូវជាប់ពន្ធនាគារ ឬត្រូវរត់គេចទៅក្រៅប្រទេស មុនពេលសហគមន៍អន្តរជាតិចាត់វិធានការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា?
ក្នុងរឿងនេះ លោក ប្រ៊ែដ អាដាម (Brad Adams) យល់ថា សហភាពអឺរ៉ុប និងប្រទេសផ្ដល់ជំនួយដទៃទៀតដល់កម្ពុជា គួររួមគ្នាទាមទារឲ្យរបបលោក ហ៊ុន សែន ដោះលែងសមាជិកបក្សប្រឆាំងទាំងអស់ដែលកំពុងជាប់ឃុំ ហើយផ្ដល់នីតិសម្បទាពេញលេញដល់គណបក្សសង្គ្រោះជាតិ ឲ្យធ្វើនយោបាយឡើងវិញ។
បន្ថែមលើសនេះ លោក ប្រ៊ែដ អាដាម (Brad Adams) ថា មន្ត្រីសហភាពអឺរ៉ុប ត្រូវលើកឡើងពីការរឹតត្បិតលំហប្រជាធិបតេយ្យ ដោយនិយាយជាមួយថ្នាក់ដឹកនាំរបបក្រុងភ្នំពេញឲ្យបានច្បាស់លាស់ ខណៈពួកគេបំពេញទស្សនកិច្ចនៅកម្ពុជា ដោយពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់ នៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធហៅកាត់ថា EBA និងជំហានបន្ទាប់ដែលត្រូវធ្វើ ចំពោះរដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។