លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានជាថ្មីម្ដងទៀតទៅដល់បណ្ដាសហគមន៍អន្តរជាតិ និងបរទេសនានា ថាមិនឲ្យយកលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកធ្វើជាឈ្នាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
លោកថ្លែងបែបនេះនៅក្នុងពិធីរំឭកខួបលើកទី៣៨ នៃថ្ងៃ៧ មករា នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន។ លោកនាយករដ្ឋមន្ត្រីអះអាងថា រដ្ឋាភិបាលមិនអាចបណ្ដោយឲ្យមានការជ្រៀតជ្រែកណាមួយ នាំឲ្យកើតមានបញ្ហាដែលជាបំណងមិនល្អរបស់បរទេសបានឡើយ។
ទាក់ទិននឹងការចោទប្រកាន់របស់រដ្ឋាភិបាលពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះ រដ្ឋាភិបាលបានព្រមានបិទមិនឲ្យមានការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែភាគីទាំងពីរ គឺរដ្ឋាភិបាល និងមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី១៩ ធ្នូ បានចុះអនុស្សរណៈនៃការយោគយល់ថ្មីមួយសម្រាប់វិស័យសិទ្ធិមនុស្សក្នុងរយៈពេល ២ឆ្នាំទៀត។
ក្រសួងការបរទេស អះអាងថា វាជាការប្រកាសពីបំណងរបស់ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីសហប្រតិបត្តិការបច្ចេកទេសលើវិស័យសិទ្ធិមនុស្ស និងដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ ដោយឈរលើគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ដែលពុំមានបទបញ្ញត្តិណាមួយនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ អនុញ្ញាតឲ្យអង្គការសហប្រជាជាតិ ចូលជ្រៀតជ្រែកកិច្ចការដែលឋិតក្រោមយុត្តាធិការរបស់ប្រទេសសមាជិកនីមួយៗឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។