លោក ហ៊ុន សែន លុបចោល​ទំព័រ​ហ្វេសប៊ុក​ ក្រោយ​ក្រុមហ៊ុន​នេះ​ត្រៀម​ព្យួរ​គណនី​របស់​លោក ៦ខែ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​យ៉ាង​តក់ក្រហល់​បញ្ជា​ឱ្យ​មន្ត្រី​របស់​លោក​លុបចោល​ទំព័រ​ហ្វេសប៊ុក (Facebook) ​ផ្លូវការ​របស់​លោក ដែល​មាន​អ្នកតាមដាន​ជាង១៤លាន​នាក់​ជាស្ថាពរ។ ការប្រកាស​ឈប់​ប្រើ​ហ្វេសប៊ុក​នេះ ទំនងជា​ដើម្បី​បញ្ចៀស​ការអាម៉ាស់ ក្រោយ​លោក​ចាញ់ក្ដី​ហើយ​ត្រូវ​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ​អនឡាញ (Oversight Board) ​របស់​ក្រុមហ៊ុនមេតា (Meta) សម្រេច​ឱ្យ​ក្រុមហ៊ុន​នេះ​ពិចារណា​ព្យួរ​គណនី​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​ (Instagram) របស់​លោក ហ៊ុន សែន រយៈពេល ៦ខែ ជាបន្ទាន់។

បុរសខ្លាំង​ខាង​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ល្បីថា​ជា​«អធិរាជ»​ហ្វេសប៊ុក​នៅ​កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីពេល​នេះតទៅ​លែង​មានមុខ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នេះទៀត​ហើយ។

លោក​ធ្វើ​ដូច្នេះ​ដោយ​មិនក្លាហាន​ទទួលយក​ការពិត និង​ទំនងជា​ដើម្បី​បញ្ចៀស​ទុក​ជា​មុន​នូវ​ភាពអាម៉ាស់​ដែល​លោក​ចាញ់ក្តី​ ដោយ​គណនី​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​របស់​លោក​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ (Oversight Board) របស់​ក្រុមហ៊ុន មេតា បញ្ជា​ឱ្យ​ក្រុមហ៊ុន​នេះ​ពិចារណា​ព្យួរ​រយៈពេល ៦ខែ ជាបន្ទាន់ និង​លុបចោល​វីដេអូ​បង្កប់​ទៅដោយ​អំពើ​ហិង្សា​នយោបាយ​របស់​លោក​ចេញ។

លោក ហ៊ុន សែន បាន​ប្រកាស​យ៉ាង​តក់ក្រហល់​នៅលើ​បណ្តាញ​សង្គម​តេឡេក្រាម (Telegram) ​របស់​លោក​ថា លោក​សម្រេច​បញ្ឈប់​ជា​ស្ថាពរ​ពី​ការប្រើប្រាស់​ ហ្វេសប៊ុក ដែល​មាន​អ្នកចូលរួម​ជាង ១៤លាននាក់។ លោក​ស្នើឱ្យ​ជំនួយការ​លោក​លុបចោល​គណនី​ហ្វេសប៊ុក​របស់​លោកភ្លាម និង​ប្រាប់​ទៅ​ក្រុមហ៊ុន ហ្វេសប៊ុក ឱ្យ​លុបឈ្មោះ​លោក​ចេញ​ពី​បញ្ជី​របស់​ក្រុមហ៊ុន​នេះ។ លោក​ផ្តល់​អំណះអំណាង​ថា​លោក​ធ្វើដូច្នេះ ដោយសារ​កន្លងមក​មាន​«ការក្លែងបន្លំ»​គណនី​ហ្វេសប៊ុក​របស់​លោក​រហូត​ដល់ទៅ​ជាង ២០ ដែល​ធ្វើ​ឱ្យ​មាន​«ការភាន់ច្រឡំ»​ពី​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ដូចគ្នា។

ទោះយ៉ាងណា អំណះអំណាង​របស់​លោក ហ៊ុន សែន បែបនេះ ទំនង​ជា​លោក​ចង់លួង​ចិត្ត​ខ្លួនឯង​និង​ពិបាក​ឱ្យ​គេជឿ ខណៈ​រឿង​ពិត​នៅ​ពីក្រោយ​នេះ គឺ​គណនី​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​របស់​លោក​កំពុង​ប្រឈម​នឹង​ការព្យួរ​ពី​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ គឺ​ក្រុមហ៊ុន មេតា រយៈពេល​៦ខែ ដោយសារ​តែ​មេដឹកនាំ​រូបនេះ​ពូកែ និង​មិន​ញញើត​ខាង​បញ្ចេញ​សារ​បង្កប់​ដោយ​អំពើហិង្សា​ផ្នែក​នយោបាយ ដូចជា​«ស្តាយ​មិនបាន​សម្លាប់»​ពលរដ្ឋខ្មែរ​គ្នាឯង​ជាដើម។

យោងតាម​ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ​អនឡាញ​របស់​ក្រុមហ៊ុន Metaដែល​វិទ្យុអាស៊ីសេរី ទទួលបាន​នៅ​ថ្ងៃទី២៩ ខែមិថុនា ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ​អនឡាញនេះ​បាន​សម្រេច​បិទ​ផ្លូវ​តវ៉ា​ទាត់ចោល​សេចក្តីសម្រេច​ពី​មុន​របស់​ក្រុមហ៊ុន Meta ដែល​បាន​រក្សាទុក​វីដេអូ​ដែល​លោក ហ៊ុន សែន គំរាមកំហែង​ដោយ​ហិង្សា​ទៅលើ​ដៃគូ​នយោបាយ​របស់​លោក។ ក្រុមប្រឹក្សា​នេះ​ផ្តល់​អំណះអំណាង​ថា ដោយ​ពិចារណា​ទៅលើ​ភាព​ធ្ងន់ធ្ងរ​នៃ​ការរំលោភ​បំពាន ប្រវត្តិ​របស់​លោក ហ៊ុន សែន ធ្លាប់​ប្រព្រឹត្ត​ការរំលោភ​បំពាន​សិទ្ធិមនុស្ស និង​ការបំភិត​បំភ័យ​គូប្រជែង​នយោបាយ ព្រមទាំង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​យុទ្ធសាស្ត្រ​ដើម្បី​ផ្សព្វផ្សាយ​ការគំរាម​កំហែង​បែប​នេះ ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ​អនឡាញ​របស់​ក្រុមហ៊ុន​ មេតា ​អំពាវនាវ​ដល់​ក្រុមហ៊ុន​នេះ​ឱ្យ​ផ្អាក​ជបន្ទាន់​នូវ​ទំព័រ​ហ្វេប៊ុក និង​គណនី​អ៊ីនស្តាក្រាម​របស់​លោក ហ៊ុន សែន រយៈពេល ៦ខែ។

The Oversight Board has overturned Meta's decision to leave up a video in which Cambodian PM Hun Sen threatens political opponents with violence.<br/> <br/>Due to the severity of the violation, the Board recommends that Meta suspend Hun Sen's FB page and IG account for 6 months.

គិតត្រឹម​ម៉ោង​ជាង ១០​យប់​ថ្ងៃទី២៩ មិថុនា គណនី និង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន លែង​​មាន​វត្តមាន​នៅលើ​ហ្វេសប៊ុក​ទៀតហើយ។ ជំនួយ​ការផ្ទាល់​របស់​លោក ហ៊ុន សែន ដែល​គេដឹងថា​ជាអ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ដួង តារា បញ្ជាក់​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា លោក ហ៊ុន សែន ឈប់​ប្រើប្រាស់​ហ្វេសប៊ុក​របស់​លោក​ទៀតហើយ។ ក៏ប៉ុន្តែ លោក​ងាក​ទៅប្រើ​តេឡេក្រាម តិកតុក (TikTok) យូធូប (YouTube)អ៊ីនស្តាក្រាម (Instagram) ទ្វីតធ័រ (Twitter) និង​បណ្តាញ​សង្គម​ដទៃទៀត។ ទោះយ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថាតើ​លោក ហ៊ុន សែន នឹង​ឈប់​ប្រើ​ហ្វេសប៊ុក​ជា​រៀងរហូត ឬយ៉ាងណា​នោះទេ។

វិទ្យុអាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​រឿងនេះ​បាន​នៅឡើយទេ គិតត្រឹម​ម៉ោង​ផ្សាយ​នេះ។

វិទ្យុអាស៊ីសេរី​កំពុង​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន Meta ដើម្បី​សុំការ​បញ្ជាក់​ថាតើ​ក្រុមហ៊ុន​នេះ​នឹង​អនុវត្ត​បម្រាម​មិនឱ្យ​លោក ហ៊ុន សែន ប្រើប្រាស់​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម ចាប់ពី​ពេលណា។ ក៏ប៉ុន្តែ យោងតាម​ការចុះ​ផ្សាយ​របស់​កាសែត​អាមេរិក ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ (The Washington Post)នៅ​ថ្ងៃទី២៩ ខែមិថុនា ការសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ​របស់​ក្រុមហ៊ុនMeta ឱ្យ​ដាក់​បម្រាម​មិនឱ្យ​លោក ហ៊ុន សែន ប្រើ​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​រយៈពេល ៦ខែ​នេះ គឺ​មិន​ចង​កាតព្វកិច្ច​ឡើយ។ ទោះ​យ៉ាងណា ក្រុមហ៊ុន​នេះ​ត្រូវតែ​លុបចោល​នូវ​វីដេអូ​របស់​លោក ហ៊ុន សែន ដែល​មាន​បង្កប់​សារ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ដែល​ជាប់​ក្នុង​បណ្ដឹង​កាលពី​ពេល​មុន​ ចេញ​ពី​ទំព័រ​ហ្វេសប៊ុក។ កាសែត​ដដែល​នេះ ថា ក្រុមហ៊ុន Meta មាន​ពេល ៦០ ថ្ងៃ ដើម្បី​អនុវត្ត​សេចក្ដីសម្រេច​នេះ និង​ត្រូវ​ចេញ​ផ្សាយ​នូវ​ការឆ្លើយ​តប​ជា​សាធារណៈ​មួយ​ក្នុង​រយៈពេល​ដូចគ្នា​នេះ។

នៅមុន​ការសម្រេច​ឈប់​ប្រើ និង​លុប​គណនី​ហ្វេសប៊ុក​នេះ លោក ហ៊ុន សែន នៅ​ថ្ងៃទី២៩ មិថុនា បាន​ជូនដំណឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកអំពី​ការ​ចាប់ផ្តើម​ប្រើ TikTok របស់​ចិន​ជាផ្លូវការ​កាលពី​ថ្ងៃទី២៨ ខែមិថុនា។ លោក ហ៊ុន សែន ក៏បាន​ប្រកាស​នៅលើ​តេឡេក្រាម​របស់​លោក​ដែរ​ថា ចាប់ពី​ពេល​នេះ​តទៅ​លោក​ផ្អាក​ប្រើ​ Facebook រាប់​ទាំងការផ្សាយ​ផ្ទាល់​ផង ដើម្បី​ឱ្យ​អ្នកធ្លាប់ទទួលព័ត៌មាន​ពី​លោក​មក​ទទួល​ព័ត៌មាន​តាម តេឡេក្រាម យូធូប និង​អ៊ីនស្តាក្រាម​វិញ។ លោក​អះអាង​ថា បណ្តាញ​តេឡេក្រាម​របស់​លោក​មាន​«ប្រសិទ្ធភាព»​ជាង Facebook ខណៈ​មាន​អ្នកគាំទ្រ​ជាង ៨៥ម៉ឺននាក់។ លោកអះអាង​ថា​លោក​ធ្វើដូច្នេះ​ដើម្បី​«ងាយស្រួល​ទាក់ទង»​ជាមួយ​ប្រជាជន​នៅ​ប្រទេស​មួយ​ចំនួន​ដែល​មិន​អនុញ្ញាត​ឱ្យ​ប្រើ ហ្វេសប៊ុក។

មុនពេល​លុបចោល ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន មាន​អ្នកគាំទ្រ​ជាង ១៤លាននាក់។ រីឯ ទំព័រ​អ៊ីនស្តាក្រាម​របស់​លោក​វិញ មានអ្នកតាមដាន​ជាង ១សែន៦ម៉ឺន​នាក់។

ការសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ​អនឡាញ​របស់​ក្រុមហ៊ុន Meta នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​បន្តឹង​មួយ​ កាលពី​ចុងខែ​មីនា​របស់​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ, International Commission of Jurists)ដែល​មាន​មូលដ្ឋាន​នៅ​ក្រុងហ្សឺណែវ (Geneva) ប្រទេសស្វ៊ីស (Switzerland)។ អង្គការ​នេះ​ស្នើឱ្យ​ក្រុមហ៊ុន Meta ហាមប្រាម​មិនឱ្យ​មាន​ការផ្សព្វផ្សាយ​ខ្លឹមសារ​ញុះញង់​ឱ្យមាន​អំពើ​ហិង្សា រើសអើង ឬបង្ក​ភាពជា​សត្រូវ​នៅលើ​បណ្តាញ​សង្គម។ អង្គការ​ដដែល​នេះ​ស្នើ​ឲ្យ​ត្រួត​ពិនិត្យ​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​គំរាម​កំហែង​អ្នក​នយោបាយ​ប្រឆាំង ប្រើ​ពាក្យ​អសុរោះ មាន​លក្ខណៈ​ហិង្សា និង​ជេរ​ប្រមាថ ដែល​បាន​ព្រមាន​ទៅក្រុម​អ្នកប្រឆាំង​កាលពី​ថ្ងៃទី៩ ខែមករា កន្លងទៅ។ កាលនោះ​លោក​ព្រមាន​ថា​លោកនឹង​ឆ្លើយតប​ទៅនឹង​ការចោទ​ប្រកាន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​លួច​បន្លំ​សន្លឹកឆ្នោត ដោយ​អំពាវនាវ​ឱ្យ​ដៃគូ​ប្រជែង​របស់​លោក​ជ្រើសរើស​រវាង​ «ប្រព័ន្ធ​​ផ្លូវច្បាប់» និង​ «ដំបង»។ លោក​បន្តថា លោកនឹង​«ប្រមូល​ផ្តុំ​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​តវ៉ា និង​វាយ​ទាត់ធាក់​អ្នក​ទាំង​នោះ» ព្រមទាំង​បញ្ជូន «ក្មេងទំនើង​ទៅ​ផ្ទះ​»​របស់​ពួកគេ​ផង។

លោក ហ៊ុន សែន នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ទីមួយ​នៅក្នុង​តំបន់​អាស៊ាន (ASEAN) ​ដែល​ត្រូវបាន​ក្រុមហ៊ុន មេតា ហាមប្រាម​មិនឱ្យ​ប្រើហ្វេសប៊ុក និង​អ៊ីនស្តាក្រាម ប្រសិនបើ​ក្រុមហ៊ុន Meta សម្រេច​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ​អនឡាញ​របស់​ក្រុមហ៊ុន​នេះ។

នាយករង​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​ នាយករដ្ឋមន្ត្រី​កម្ពុជា​នៅទី​បំផុត​ទៅ​ត្រូវបាន​រិះគន់​ជា​សាធារណៈ​ដោយសារតែ​លោកបាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើហិង្សា​ប្រឆាំងនឹង​ដៃគូ​ប្រជែង​របស់​លោក។ លោកថា នេះគឺជា​រឿងពិត​នៅពី​ក្រោយ​មូលហេតុ​ដែល​លោក​ ហ៊ុន សែន សម្រេច​ឈប់ប្រើ​ហ្វេសប៊ុក ដែល​ហ៊ាន​តម្រូវឱ្យ​លោក​ ហ៊ុន សែន ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​បទដ្ឋាន​នៃ​ការប្រើប្រាស់​របស់​ហ្វេសប៊ុក ហើយ​លោក ហ៊ុន សែន ត្រូវ​ងាក​ទៅ​ប្រើ​បណ្តាញ​សង្គម​តេឡេក្រាម ដែល​ពេញ​និយម​ក្នុងចំណោម​ជ្តាច់ការ​ដូចជា​នៅ​រុស្ស៊ី (Russia) និង​មីយ៉ាន់ម៉ា(Myanmar) ឬភូមា វិញ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។