អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ស្នើ​ឱ្យ​បញ្ឈប់​ការ​រើសអើង​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន

0:00 / 0:00

សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន​ខក​ចិត្ត​ចំពោះ​ការ​រើស​អើង​មិន អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ចូល​យក​ព័ត៌មាន។ ពួកគេ​ទាមទារ​រដ្ឋាភិបាល​បក​ស្រាយ​មូល​ហេតុ និង​កែ​លម្អ​ស្ថានភាព​រើសអើង​ឡើង​វិញ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ហាមប្រាម​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ក្នុង​សន្និសីទ​សារ​ព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៣ ខែវិច្ឆិកា។

ក្រុម​អ្នក​សារ​ព័ត៌មាន មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព និង​លុប​បំបាត់​ការ​រើសអើង​លើ​អ្នក​យក​ព័ត៌មាន ពី​ព្រោះ​ការ​រើស​អើង​នេះ​តែងតែ​កើត​ឡើង​ជា​ញឹក​ញយ សម្រាប់​អ្នក​យក​ព័ត៌មាន​នៃ​ស្ថាប័ន​ឯករាជ្យ​នៅ​កម្ពុជា។

អ្នក​សារ​ព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) លោក ស៊ុន ណារិន ដែល​រង​ការ​រារាំង​មិន​ឱ្យ​ចូល​យក​ព័ត៌មាន​នៅ​វិមាន​សន្តិភាព កាល​ពីថ្ងៃទី១៣ ខែវិច្ឆិកា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មន្ត្រី​ថ្នាក់​ក្រោម​របស់​ក្រសួង​ព័ត៌មាន​បាន​ហាម​ឃាត់​អ្នក​សារ​ព័ត៌មាន​វីអូអេ (VOA) និង​វីអូឌី (VOD) ដោយ​ប្រាប់​ហេតុផល​ថា ពួកគេ​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​មិន​ផ្តល់​កាត​ឱ្យ​ចូល​យក​ព័ត៌មាន​បាន​ទេ។ លោក​ថា ករណី​នេះ​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​សារ​ព័ត៌​មាន និង​ការរើសអើង​លើ​អ្នក​សារ​ព័ត៌មាន ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល និង​រាយ​ការណ៍​ព័ត៌មាន​ពិត​ជូន​ពល​រដ្ឋ។

«ក្នុង​ករណី​នេះ​មិន​គួរ​ឡើង​មាន​ការ​រើស​អើង ដោយ​ផាត់ចោល​អ្នក​កាសែត​​នេះ​បាន​ឱ្យ​ចូល អ្នក​កាសែត​នោះ​មិន​ឱ្យ​ចូល ដែល​វា​បង្ហាញ​ពី​សេរីភាព​សារ​ព័ត៌មាន​នៅ​មាន​កម្រិត ការ​រើសអើង​លើ​អ្នក​សារ​ព័ត៌មាន ដែល​រិះគន់​រដ្ឋាភិបាល​ហ្នឹង គឺ​វា​នៅតែ​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា។ សម្រាប់​ខ្ញុំ​ជំរុញ​ធ្វើ​យ៉ាង​មិច​ឱ្យ​មាន​ការ​បើ​ចំហ លុបបំបាត់​ការ​រើសអើង​ហ្នឹង​ទៅ ហើយ​កម្មវិធី​លើក​ក្រោយៗ​របស់​នាយក​រដ្ឋមន្ត្រី​បើក​ឱ្យ​ចូល​យក​ព័ត៌មាន​ដូច​អ្នកកាសែត​ផ្សេង​ទៀត»។

ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ហាមប្រាម​អ្នក​សារព័ត៌មាន​ឯករាជ្យ​ចំនួន​ពីរ​ស្ថាប័ន​ ដូច​ជា ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) មិន​ឱ្យ​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា។

ស្ថាប័ន​សារ​ព័ត៌មាន​រួម​មាន មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (CamboJa) និង​ក្លឹប​អ្នក​សារ​ព័ត៌មាន​បរទេស​នៃ​កម្ពុជា (OPCC) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយនៅថ្ងៃទី១៤ ខែវិច្ឆិកា ដោយ​ពួកគេ​ស្នើ​ដល់​ក្រសួង​ព័ត៌មាន​បំភ្លឺ​អំពី​មូលហេតុ ដែល​បដិសេធ​មិន​ឱ្យ​អ្នក​សារ​ព័ត៌មាន​វីអូអេ (VOA) និង​វីអូឌី (VOD) ចូល​សន្និសីទ​សារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ស្រប​ពេល​អ្នក​សារ​ព័ត៌មាន ដែល​មាន​ទំនោរ​ទៅ​រដ្ឋាភិបាល​រាប់​សិប​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន​បាន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា។

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បញ្ជាក់​ថា​ការ​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​នៅ​វិមាន​សន្តិភាព​បាន អ្នក​សារព័ត៌មាន​ត្រូវ​បង្ហាញ​ប័ណ្ណ​ចេញ​ដោយ​ក្រសួង​ព័ត៌មាន និង​ចុះ​ឈ្មោះ​យក​ប័ណ្ណ​ពី​មន្ត្រី​នៅ​ទីនោះ​ជា​មុន​សិន។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ​ថា លោក​មិន​ដឹង​អំពី​មូលហេតុ​នៃ​ការ​រារាំង​​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក្ដី សេចក្ដី​ថ្លែង​ការណ៍​ដដែលបញ្ជាក់​ថា​ កាល​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា អ្នក​សារ​ព័ត៌មាន វីអូអេ (VOA) និង​វីអូឌី (VOD) បាន​ចុះ​ឈ្មោះ​ដើម្បី​យក​ព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​វិមាន​សន្តិភាព និង​មាន​ប័ណ្ណ​សារព័ត៌មាន​ចេញ​ដោយ​ក្រសួងព័ត៌មាន​ផង​ដែរ។ ទន្ទឹម​នឹង​នេះ ពួក​គេ​ក៏​បាន​ទាក់ទង​ទៅ​មន្ត្រី​ជាន់​ខ្ពស់​​របស់​ក្រសួង​ព័ត៌មាន​មួយ​រូប​​ដែរ ប៉ុន្តែ​ពួកគេ​មិន​ទទួល​បាន​ចម្លើយ​នោះ​ទេ។

ស្ថាប័ន​សារ​ព័ត៌មាន អំពាវនាវ​ដល់​ក្រសួង​ព័ត៌មាន​ឱ្យ​ពន្យល់​អំពី​ករណី​រើសអើង ដែល​កើត​ឡើង​ជាក់ស្ដែង​ចំពោះ​អ្នក​សារ​ព័ត៌មាន ពីព្រោះ​ពួកគេ​យល់​ថា គ្មាន​ហេតុផល​សម​ស្រប​ណា​មួយ​បដិសេធ​ចោល​អ្នក​សារ​ព័ត៌មាន​អាជីព​ចូលរួម​ទៅ​រាយ​ការណ៍​ព័ត៌មាន ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​នោះ​ទេ។ លិខិត​នោះ​លើក​ឡើង​ថា​ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​នូវ​សំណូម​ពរ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពួកគេ​ចង់​ដឹង​ថា​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​សារ​ព័ត៌មាន​វីអូអេ (VOA) និង​វីអូឌី (VOD) មិន​ត្រូវ​បាន​ស្វាគមន៍​ក្នុង​ការ​សួរ​សំនួរ​ទៅ​វិញ។

នាយក​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់ CCIM លោក អ៊ិត សូធឿត ថ្លែង​ថា ​អ្នក​សារ​ព័ត៌មាន​មាន​សិទ្ធិ​ស្មើភាព​គ្នា ប៉ុន្តែ​លោក​មើល​ឃើញ​ថា អ្នក​ព័ត៌មាន​ឯករាជ្យ​ដោយ​ឈរ​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ត្រឹម​ត្រូវ និង​រាយការណ៍​អំពីភាព​អសកម្ម និង​រឿង​រ៉ាវ​រសើប​នោះ រដ្ឋាភិបាល​មិន​ចង់​ឃើញ​នោះ​ទេ។ លោក អ៊ិត សូធឿត ចាត់​ទុក​ការ​រារាំង​នោះ គឺ​ជា​ការ​ជា​រើសអើង និង​រំលោភ​បំពាន​លើ​សេរីភាព​សារ​ព័ត៌មាន​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន។

«វាជា​ការ​រំលោភ​បំពាន​លើ​សេរីភាព​សារ​ព័ត៌មាន ឬ​ក៏​រំលោភ​លើ​សិទ្ធិ​អ្នក​សារ​ព័ត៌មាន​ទាំង​ហ្នឹង​ដែល​គាត់​មាន​សិទ្ធិ​ស្មើ​គ្នា​ដូច​ទៅ​នឹង​អ្នកសារព័ត៌មាន​ផ្សេងទៀត​ដែល​ធានា​ដោយ​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន និង​រដ្ឋ​ធម្មនុញ្ញ»។

Ith_Sothoeurth_in_Joint_Statement_Release_on_Access_to_Information_Law_092820.jpg
(រូបឯកសារ) លោក អ៊ិត សូធឿត ក្នុងសន្និសីទកាសែត​ចេញសេចក្ដីថ្លែងការណ៍​រួម​លើ​ច្បាប់ស្ដីពី​សិទ្ធិទទួលបាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ខេមបូចា

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់ ខេមបូចា (CamboJa) ណុប វី លើក​ឡើង​ថា​កម្ពុជា​ទើប​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​មិន​គួរ​កើត​ឡើង​នូវ​ការ​រើសអើង​ចំពោះ​អ្នក​សារ​ព័ត៌មាន​បែប​នេះ​ទេ។ លោក​បន្ត​ថា ឥរិយាបថ​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល និង​សារ​ព័ត៌មាន​ឯករាជ្យ និង​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ពលរដ្ឋ​ខ្មែរ។

«នេះ គឺ​បង្ហាញ​ការ​រើសអើង​ចំពោះ​កិច្ច​ការងារ​របស់​អ្នក​សារព័ត៌មាន ជាពិសេស អ្នក​សារ​ព័ត៌មាន​ដែល​មាន​ស្ថាប័ន​ទទួល​ស្គាល់​ដោយ​ក្រសួង​ព័ត៌មាន​ទៅ​ទៀត ហើយ​ការ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល នៅ​ពេល​អ្នក​សារ​ព័ត៌មាន​រាប់​រយ​នាក់​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល គឺ​បង្ហាញ​ពី​ការ​រើស​អើង​តែ​ម្ដង​បាទ»។

របាយ​ការណ៍​របស់​អង្គការ CIVICUS ផ្សាយ​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២២ រក​ឃើញ​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​បន្ត​រឹតត្បិត ខណៈ​អ្នក​សារព័ត៌មាន​រង​វិធាន​ការ​ច្បាប់​ជា​បន្ត​បន្ទាប់។ របាយការណ៍​ដដែល​បាន វាយ​តម្លៃ​ជា​អវិជ្ជមាន​លើ​ស្ថានភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ជាពិសេស​គឺ សារ​ព័ត៌មាន​ឯករាជ្យ​ដែល​នៅ​បន្ត​ស្ថិត​ក្រោម​វាយ​ប្រហារ ដែល​ធ្វើ​ឱ្យ​អ្នក​កាសែត​បាន​ប្រឈមមុខ​នឹង​ការ​យាយី​ជា​ច្រើន​ទម្រង់។

មក​ដល់​ពេល​នេះ តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ឱ្យ​ដឹង​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី១៤៤ ក្នុង​ចំណោម ១៨០ប្រទេស នៃ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​សកល​ឆ្នាំ២០២១។ ប៉ុន្តែ​សម្រាប់​ឆ្នាំ២០២២ នេះ អង្គការ​នេះ​ឱ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី១៤២ ក្នុង​ចំណោម ១៨០ប្រទេស។ ចំណាត់ថ្នាក់​នេះ​បន្ត​បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។