អ្នកច្បាប់ភ្ញាក់ផ្អើលនឹងប្រតិកម្មរបស់ក្រុមមេធាវីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលចេញសេចក្តីថ្លែងការណ៍ គំរាមកំហែងដល់មេធាវីអន្តរជាតិ ជុំវិញការបញ្ចេញមតិ ក្នុងពេលឃ្លាំមើលភាពមិនប្រក្រតីក្នុងដំណើរការជំនុំជម្រះក្ដីលើករណីកញ្ញា សេង ធារី។ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់លោក ចារិត ហ្គិនស័រ (Jared Genser) ថា បានប្រព្រឹត្តអំពើបំពានច្បាប់នៅកម្ពុជា ដោយសារលោកព្រមានថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងមានបញ្ហា បើហ៊ានឲ្យកញ្ញា សេង ធារី ជាប់ទោស។
មេធាវីជាតិយល់ស្របគ្នាថា ការបញ្ចេញមតិរបស់សាធារណជនទូទៅ ដែលបានតាមដានសវនាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌអ្វីមួយ គឺជាសិទ្ធិបញ្ចេញមតិរបស់ពួកគាត់ ទៅតាមការយល់ឃើញ ព្រោះសវនាការនោះបើកជាសាធារណៈ។ ប៉ុន្តែនៅពេលដែលការបញ្ចេញមតិនេះ រងការគំរាមកំហែងពីក្រុមមេធាវីរដ្ឋាភិបាល ពួកគាត់ថា នេះគឺជារឿងប្លែក ដែលមិនធ្លាប់មាន។
លោកមេធាវី សេក សោភ័ណ នៃការិយាល័យមេធាវី រ៉ៃ&ប៊ីស៊ីនីស (RIGHTS & BUSINESS LAW OFFICE) ថាជាទូទៅ មេធាវីអាចមានមតិយោបល់ តែចំពោះសំណុំរឿងដែលខ្លួនឯងកាន់កាប់តែប៉ុណ្ណោះ។ ប៉ុន្តែលោកថា នៅក្នុងរឿងក្តីរវាងតុលាការ និងកញ្ញា សេង ធារីនោះ អត់មានមេធាវីរដ្ឋាភិបាល មកកាន់សំណុំរឿងហ្នឹងនោះទេ។
ដូច្នេះលោកថា ការបញ្ចេញមតិណាមួយរបស់មេធាវីអន្តរជាតិ នៅក្នុងសំណុំរឿងនេះ គឺគ្រាន់តែជាការយល់ឃើញរបស់មេធាវីបរទេសរូបនោះ ក្នុងនាមជាអ្នកតាមដានសវនាការតែប៉ុណ្ណោះ៖ «ក្នុងរឿងនេះ គាត់គ្រាន់តែមកសង្កេតមើលទេតើ ! សង្កេតមើលហើយ គាត់គ្រាន់តែយល់ឃើញតែប៉ុណ្ណឹង ពីព្រោះសវនាការ ជាសវនាការសាធារណៈ។ ដូច្នេះគេមើលឃើញ គេមានមតិមានយោបល់អ្វី រឿងទទួលយកមិនទទួលយកជារឿងរបស់តុលាការទេតើ។ ប៉ុន្តែសាធារណជនមានសិទ្ធិចូលមើល ហើយមើលឃើញមានសិទ្ធិយល់ មានសិទ្ធិថាទេតើ។ ដូច្នេះវារឿងអ្វីដែលពាក់ព័ន្ធរឿងសំណុំរឿង មានពាក់ព័ន្ធដាក់សម្ពាធអ្វី»។
ដូចគ្នានេះដែរ មេធាវីជាតិមួយរូបទៀត ក៏ភ្ញាក់ផ្អើលនឹងសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរដ្ឋាភិបាលលោក ហ៊ុន សែន ដែរ ព្រោះលោកយល់ថា គ្រាន់តែការបញ្ចេញមតិរបស់មេធាវីអន្តរជាតិមួយរូប ដែលមិនមែនជាមេធាវីនៅក្នុងរឿងក្តីនេះផង ហេតុអ្វីក្រុមមេធាវីរដ្ឋាភិបាល យល់ថា អាចផលប៉ះពាល់ដល់រឿងក្តី។
លោកមេធាវី សុក សំអឿន ដែលជាប្រធានក្រុមអ្នកច្បាប់អមរិន្ទ ថាអ្វីដែលលោកបារម្ភនោះ គឺសម្តីរបស់មេដឹកនាំប្រទេសទៅវិញទេ ដែលនិយាយប៉ះពាល់ដល់ដំណើរការក្តីជាហូរហែរមកហើយនោះ៖ «ចំពោះខ្ញុំគាត់មិនមានឥទ្ធិពលអ្វីទេ គ្រាន់តែជាទស្សនៈមួយរបស់មនុស្ស អ្នកដែលគេសង្កេតការមើលនោះណា ! បើសម្តីអ្នកដែលមានឥទ្ធិពល អ្នកដែលមានអំណាចអីនិយាយទៅកាន់ អាហ្នឹងបានវាមានឥទ្ធិពល។ បើគាត់គ្រាន់តែជាមេធាវីជនបរទេសម្នាក់ ដូចជាគ្មានឥទ្ធិពលអ្វីផង»។
ក្រុមមេធាវីរដ្ឋាភិបាលលោក ហ៊ុន សែន ចាត់ទុកមេធាវីអន្តរជាតិជនជាតិអាមេរិកលោក ចារិតហ្គិនស័រ (Jared Genser) ថាជាមនុស្សមានឥទ្ធិពលខ្លាំង រហូតចេញ សេចក្តីថ្លែងការណ៍ គំរាមកំហែងដល់អ្នកច្បាប់រូបនេះថែមទៀតផង។
ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ៨ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍ ចោទប្រកាន់លោក ចារិត ហ្គិនស័រ (Jared Genser) ថាបានប្រព្រឹត្តអំពើបំពានច្បាប់នៅកម្ពុជា ដោយសារលោកព្រមានថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងមានបញ្ហា បើហ៊ានឲ្យកញ្ញា សេង ធារី ជាប់ទោស។
ក្រុមមេធាវីដដែល បានចោទលោក ចារិត ហ្គិនស័រ ថាតាំងខ្លួនជាមេធាវីអន្តរជាតិ និងធ្វើសកម្មភាពក្នុងដែនយុត្តាធិការ (សមត្ថកិច្ច)កម្ពុជា ដោយគ្មានបំពេញលក្ខខណ្ឌ ដែលតម្រូវដោយច្បាប់កម្ពុជា និងចោទថាការបញ្ចេញមតិនោះ មានចរិតនយោបាយ និងបំពានរដ្ឋអធិបតេយ្យ និងមានគោលដៅគំរាមកំហែងដល់ឯករាជរបស់តុលាការកម្ពុជាជាដើម។
ក្រុមមេធាវីរដ្ឋាភិបាល បន្ថែមថា ពួកគេបានដឹងព័ត៌មាននេះ តាមរយៈសារព័ត៌មានបរទេសមួយ ដែលផ្សព្វផ្សាយជាភាសាខ្មែរ និងចោទសារព័ត៌មាននោះ ថាមានចរិតបំភ្លៃ និងបំផ្លើសផ្ទុយពីការពិតនៅកម្ពុជា។ បើទោះបីជាក្រុមមេធាវីនេះ មិនហៅឈ្មោះសារព័ត៌មាននោះក្តី ក៏អត្ថបទដែលផ្សាយមាន ចំណងជើងនោះ គឺមានចុះផ្សាយតាមវិទ្យុអាស៊ីសេរីជាភាសាខ្មែរ តែប៉ុណ្ណោះ។
មេធាវីអន្តរជាតិលោក ចារិត ហ្គិនស័រ (Jared Genser) ក្រោយធ្វើដំណើរមកដល់ទឹកដីអាមេរិកវិញ កាលពីថ្ងៃទី ១០ ខែធ្នូ បានឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះ ដោយចាត់ទុកថា ជាការចោទប្រកាន់គួរឲ្យអស់សំណើច ខ្វះវិជ្ជាជីវៈ និងគំរាមកំហែងដល់រូបលោក។ លោកថា លោកទៅស្រុកខ្មែរកាលពីសប្តាហ៍មុននោះ គឺទៅដើម្បីផ្តល់កម្លាំងចិត្តដល់កញ្ញា សេង ធារី ដែលជាមិត្តរួមថ្នាក់កាលនៅរៀនសាកលវិទ្យាល័យជាមួយគ្នា និងលោកស្ម័គ្រចិត្តជួយផ្តល់ការប្រឹក្សាផ្នែកច្បាប់ ដោយឥតគិតប្រាក់ ក្នុងនាមជាមេធាវីអន្តរជាតិមួយរូប។ លោកបានបញ្ជាក់ថា លោកមិនមានវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវីក្នុងតុលាការកម្ពុជានោះឡើយ ហើយលោកក៏មិនដែលអះអាង ថាលោកនឹងផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្នុងក្របខណ្ឌច្បាប់កម្ពុជានោះដែរ។ ប៉ុន្តែ លោកមិនយល់ទាល់តែសោះហេតុអ្វីបានក្រុមមេធាវីរដ្ឋាភិបាល រករឿងលោករឿងឋានៈលោកជាមេធាវីអន្តរជាតិនោះ ព្រោះលោកបានការពារកូនក្តីជាច្រើន ដែលជាអ្នកទោសនយោបាយលើឆាកអន្តរជាតិ។
អ្វីដែលលោកមិនយល់មួយទៀតនោះ គឺថាបើក្រុមមេធាវីរបស់រដ្ឋាភិបាល ចោទថាសារព័ត៌មានបរទេស គឺវិទ្យុអាស៊ីសេរី ថាមានចរិតបំភ្លៃ និងបំផ្លើសផ្ទុយពីការពិតនៅកម្ពុជា ចុះហេតុអ្វីក្រុមមេធាវីនេះ យកអត្ថបទដែលចុះផ្សាយលើវិទ្យុអាស៊ីសេរីនោះ ថាជាប្រភពព័ត៌មាន ដែលគួរឲ្យជឿទុកចិត្តទៅវិញ។
រីឯពាក្យដែលលោកថារដ្ឋាភិបាល «នឹងមានបញ្ហា» បើកាត់ក្តីឲ្យកញ្ញា សេង ធារី ជាប់ទោសនោះ គឺសំដៅលើកាតព្វកិច្ចរបស់កម្ពុជា ដែលត្រូវអនុវត្តតាមកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ លោកថាបញ្ហានៅត្រង់ថាកម្ពុជា នឹងបំពានសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខានោះ។ លោកបន្តថា លោកមិនបាននិយាយថា តុលាការ ឬចៅក្រម នឹងមានបញ្ហា បើហ៊ានកាត់ក្តីឲ្យកញ្ញា សេង ធារី ជាប់ទោសនោះឡើយ។ លោកចាត់ទុកថា ជារឿងគួរឲ្យអស់សំណើចមួយទៀត ដែលក្រុមមេធាវីរដ្ឋាភិបាល ចោទលោកថា មានឥទ្ធិពលជ្រៀតជ្រែកតុលាការកម្ពុជា ក្នុងពេលដែលអ្នកទាំងនោះ អះអាងថាតុលាការនេះឯករាជ្យ។ លោកចោទជាសំណួរថាតើមន្រ្តីតុលាការនៅកម្ពុជា ពិតជាកាត់សេចក្តីយោងលើការស្តាប់វិទ្យុអាស៊ីសេរីមែនឬ?៖ «ខ្ញុំគិតថា នេះជាការបរាជ័យមួយរបស់លោក ហ៊ុន សែន និងតុលាការកម្ពុជា។ កម្ពុជាត្រូវផ្លាស់ប្តូរចោលចៅក្រៅចេញទាំងអស់ទើបត្រូវ ព្រោះមានរឿងអ្វីដែលចៅក្រមងាយរងឥទ្ធិពល សូម្បីតែពីមនុស្សម្នាក់ ដែលទើបទៅដល់ស្រុកខ្មែរជាលើកដំបូង និងអត់បាននិយាយស្តីអ្វីជាមួយប្រព័ន្ធផ្សាយផ្សាយក្នុងស្រុកណាមួយដោយផ្ទាល់សោះ ហើយក៏មិនដែលជួបចៅក្រមណាម្នាក់សោះនោះ។ បើប៉ុណ្ណឹងអាចធ្វើឲ្យចៅក្រមខ្មែរ រេតាមការបញ្ចេញមតិរបស់ខ្ញុំ ខ្ញុំថាល្មមដល់ពេលដែលតុលាការត្រូវរៀបចំវគ្គអប់រំមន្រ្តីតុលាការទាំងអស់ឡើងវិញ ព្រោះអីបើតាមខ្ញុំយល់ពួកគាត់ដូចអត់បានឆ្លងកាត់ការបណ្តុះបណ្តាលអ្វីត្រឹមត្រូវនោះទេ។ នេះជាបន្ទុករបស់រដ្ឋាភិបាល ក្នុងការបញ្ចេញកញ្ចប់ថវិកា ដើម្បីជួយតុលាការក្នុងរឿងអប់រំនេះ។ រដ្ឋសភា និងតុលាការកំពូល ក៏មានការទទួលខុសត្រូវក្នុងរឿងនេះដែរ ដើម្បីធ្វើយ៉ាងណាឲ្យចៅក្រម និងព្រះរាជអាជ្ញាទទួលបានការបណ្តុះបណ្តាលនិងអប់រំត្រឹមត្រូវឡើងវិញ ព្រោះបើតាមអ្វីដែលក្រុមមេធាវីរដ្ឋាភិបាលលើកឡើង គឺមន្រ្តីទាំងនេះអត់បានទទួលការអប់រំត្រឹមត្រូវនោះឡើយ»។
ជាមួយគ្នានេះ លោក ចារិត ហ្គិនស័រ ថាក្រុមមេធាវីរដ្ឋាភិបាល មានភាពកំសាក និងខ្វះវិជ្ជាជីវៈ ក្នុងការចេញសេចក្តីថ្លែងការណ៍ ដោយលាក់ព័ត៌មានអំពីលេខទំនាក់ទំនងរបស់ក្រុមមេធាវីនេះ។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីលោក គី តិច ដែលជាប្រធានក្រុមមេធាវីរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃទី១២ ខែធ្នូ ជុំវិញរឿងនេះដែរ ប៉ុន្តែនៅមិនទាន់បានការឆ្លើយតបណាមួយនៅឡើយ។
លោក ចារិត ហ្គិនស័រ កាលពីថ្ងៃទី៨ ខែធ្នូ បានឃ្លាំមើលដំណើរការជំនុំជម្រះក្តីដោយផ្ទាល់នៅកម្ពុជា ក្នុងសំណុំរឿងកញ្ញា សេង ធារី ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ ដោយសារការបញ្ចេញមតិ គាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។ ភ្លាមនោះលោកកត់សម្គាល់ឃើញការបំពាននីតិវិធីយ៉ាងសម្បើម ហៅការកាត់ក្តីនេះ ថាជាសវនាការ «ឆាកល្ខោនយោបាយ»។ លោក បានព្រមានថា បើកម្ពុជាហ៊ានកាត់ឲ្យកញ្ញា សេង ធារី មានទោសដោយសារតែហេតុផលនយោបាយបែបនេះ នោះរដ្ឋាភិបាលកម្ពុជានឹងមានបញ្ហា។
សារនេះហើយ ដែលធ្វើឲ្យក្រុមមេធាវីរដ្ឋាភិបាលលោក ហ៊ុន សែន ទ្រាំមិនបាន រហូតចេញ សេចក្តីថ្លែងការណ៍គំរាមដល់លោក។
នេះជាលើកទីមួយហើយ ដែលក្រុមមេធាវីរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើហាក់ដូចជាយកចិត្តទុកដាក់ខ្លាំងលើសារ ឬការធ្វើអត្ថាធិប្បាយជាសាធារណៈ ដែលក្រុមនេះអះអាង ថាប៉ះពាល់ដល់ឯករាជ្យរបស់តុលការកម្ពុជានោះ។ ប៉ុន្តែ កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារជាសាធារណៈរាប់មិនអស់ ដែលប៉ះពាល់ដល់ដំណើរការក្តី ដូចជាករណីសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងសកម្មជនសង្គម និងនយោបាយជាច្រើនផ្សេងទៀត ប៉ុន្តែមិនដែលមានប្រតិកម្មពីក្រុមមេធាវីរបស់រដ្ឋាភិបាលនេះនោះឡើយ។ កម្ពុជាបន្តជាប់លេខនៅបាតតារាងអន្តរជាតិ ស្ទើរតែរៀងរាល់ឆ្នាំ ថាជាប្រទេសគ្មាននីតិរដ្ឋ ឬពូកែខាងរំលោភច្បាប់ជាងគេនៅលើពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។