លោក ប្រេដ អាដាមស៍ ទម្លាយ​ថា អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​ប្រាប់​លោក​ថា លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​គប់​គ្រាប់បែក​សម្លាប់​បាតុករ​កាល​ពី ២៥ឆ្នាំមុន

0:00 / 0:00

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ជា​សាក្សី​សំខាន់​មួយ​រូប​នៅ​តុលាការ​បារាំង​ក្នុង​សំណុំរឿង​គប់​គ្រាប់​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី២៥ឆ្នាំ​មុន ទម្លាយ​ប្រាប់ វិទ្យុ​អាស៊ី​សេរី​ថា អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​មកពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ប្រាប់​លោក​ដោយ​ផ្ទាល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នក​នៅ​ពី​ក្រោយ​ផែនការ​បញ្ជា​ឱ្យ​គប់​គ្រាប់បែក​សម្លាប់​ក្រុម​បាតុករ​កាលពី​ពេលនោះ។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល​អះអាង​ថា អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​រូប​នោះ បាន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​លោក ហ៊ុន សែន ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង។

សូម​អញ្ជើញ​លោកអ្នក​នាង​ចុច​ស្ដាប់​ភាគ​ទី២ នៃ​បទ​សម្ភាសន៍​រវាង​លោក មាន ឫទ្ធិ ជាមួយ​នាយក​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាមស៍ (Brad Adams) ជុំវិញ​រឿងរ៉ាវ​នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧៖

លោក មាន ឫទ្ធិក្នុងនាម​ជា​សាក្សី​ផ្ទាល់​ភ្នែក​មួយ​រូប​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នោះ សូម​លោក​ជួយ​រៀបរាប់​ត្រួសៗ បន្តិច​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​លោក​សង្កេតឃើញ​នៅ​ពេល​នោះ ?

លោក ប្រេដ អាដាមស៍៖ កាលពី​ព្រឹក​នោះ មាន​មនុស្ស​ប្រមាណ​ជា​ពីរ​ទៅ​បី​រយ​នាក់ ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​នោះ។ លោក សម រង្ស៊ី កាលនោះ បាន​រៀបចំ​បាតុកម្ម​ជាបន្តបន្ទាប់។ ភាគច្រើន​នៃ​សំណើ​ធ្វើ​បាតុកម្ម​របស់​លោក អាជ្ញាធរ​តែងតែ​បដិសេធ។ ក៏ប៉ុន្តែ នៅ​ថ្ងៃ​នោះ បាតុកម្ម​ដែល​លោក​ស្នើ​ឡើង ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ពី​ក្រសួង​មហាផ្ទៃ។ វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែរ។ ពេល​ព្រឹក​នោះ ខ្ញុំ​កំពុង​នៅផ្ទះ ស្រាប់តែ​ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​មក​ប្រាប់​ថា មាន​ការ​បោក​គ្រាប់បែក​នៅមុខ​អគារ​រដ្ឋសភា​ជាតិ ហើយ​គេ​បាន​ប្រាប់​ខ្ញុំ​ឱ្យ​ប្រញាប់​ទៅ​ទី​នោះ។ ខ្ញុំ​ក៏​បាន​ធ្វើដំណើរ​ទៅដល់​ទីនោះ​ប្រមាណ​ជា ១០នាទី ក្រោយ​មក។

នៅ​ពេល​ដែល​ខ្ញុំ​ទៅដល់​ទីនោះ ខ្ញុំ​ឃើញ​មាន​សាកសព​មនុស្ស​ដេក​ស្ដូកស្ដឹង​នៅ​លើ​បរិវេណ​សួនច្បារ​មុខ​អគារ​រដ្ឋសភា។ វា​គឺ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​ស្លុត​រអើម​បំផុត​ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ឃើញ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ បើ​ទោះ​បី​ជា​ក្នុងនាម​ជា​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ខ្ញុំ​ធ្លាប់​បាន​ឃើញ​រឿងរ៉ាវ​ខ្លោច​ផ្សារ​ជាច្រើន​ក៏ដោយ។

ខ្ញុំ​បាន​ឃើញ​ថ្លុក​ឈាម​ស្ទើរតែ​គ្រប់​ទី​កន្លែង ហើយ​មនុស្សម្នា​នាំគ្នា​ស្រែក​ដង្ហើយ​រក​ជំនួយ​សង្គ្រោះ​បន្ទាន់​ដើម្បី​ដឹក​អ្នក​រង​របួស​ទាំងនោះ​ទៅ​មន្ទីរពេទ្យ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ក៏​មិន​ខុស​ពី​អ្វី​ដែល​មនុស្ស​ភាគច្រើន​បាន​ឃើញ​ដែរ គឺថា កងកម្លាំង​សន្តិសុខ​បាន​តម្រូវ​ឱ្យ​មនុស្ស​ចេញ​ឱ្យ​ឆ្ងាយ​ពី​អ្នក​រង​របួស ដោយ​ថែម​ទាំង​គំរាម​ពួក​គេ​ទៀត​ផង។ ពេលនោះ ខ្ញុំ​បាន​ស្រែក​ប្រាប់​ទៅ​ពួក​ប៉ូលិស​ទាំងនោះ ឱ្យ​ប្រញាប់​ដឹក​មនុស្ស​ទៅ​មន្ទីរពេទ្យ ដូច​ជា​ថា ក្នុងនាម​យើង​ជា​មនុស្ស​ដូចគ្នា ត្រូវ​ជួយ​អ្នករងគ្រោះ​ដែល​កំពុង​តែ​ត្រដរ​ខ្យល់​ស្លាប់។ យើង​គួរ​តែ​ធ្វើ​អ្វី​មួយ។ ក៏ប៉ុន្តែ ពួកគេ​ជា​ប៉ូលិស​ទាំង​នាំគ្នា​ឈរ​ទ្រឹង​ធ្វើ​ដូច​ជា​អត់មាន​រឿង​អី​កើតឡើង​នៅ​ទី​នោះ​អ៊ីចឹង។

ពួក​ប៉ូលិស​ខ្លះ ឈរ​រេរា​នៅ​ទី​នោះ​ធ្វើមិនដឹង។ រីឯ ប៉ូលិស​ខ្លះ​ទៀត បែរជា​ទៅ​រារាំង​អ្នកដទៃ​មិន​ឱ្យ​ចូល​ទៅ​ជួយ​ជនរងគ្រោះ​ទៀត​ផង។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ចាប់​ផ្ដើម​គិត​ថា ទំនងជា​អាជ្ញាធរ​អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​បោក​គ្រាប់​បែក​នេះ​ហើយ។ ហេតុអ្វី​បានជា​ពួកគេ​រារាំង​កុំ​ឱ្យ​មនុស្ស​ចូល​ទៅ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដូច្នេះ?

យើង​ក៏​ទទួល​បាន​ដំណឹង​មក​ភ្លាមៗ​ដែរ​ថា នៅ​រវាង​សួនច្បារ និង​តំបន់​ហាមប្រាម​នៃ​ផ្ទះ​របស់​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា មាន​វត្ត​មួយ​នៅ​ខាង​ក្រោយ​សួនច្បារ​នោះ មាន​ផ្ទះ​លោក ហ៊ុន សែន ផ្ទះ​លោក ហេង សំរិន និង​ផ្ទះ​របស់​មេៗ ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ទៀត​នៅ​ទីនោះ​ដែរ។ យើង​ដឹង​ថា កងពល​តូច​លេខ៧០ របស់​កង​អង្គរក្ស​លោក ហ៊ុន សែន ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ខាងក្រោយ​សួនច្បារ​នោះ កាល​ពី​ពេល​នោះ។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន មាន​វត្តមាន​នៅ​ក្នុង​ពេល​មាន​បាតុកម្ម​យ៉ាង​ដូច្នេះ។ គ្មាន​ហេតុផល​អ្វី​ទាល់តែ​សោះ​ដែល​ពួកគេ​ត្រូវតែ​បង្ហាញ​ខ្លួន​នៅ​ទីនោះ នៅ​ថ្ងៃ​នោះ។ លើក​លែង​តែ​ថា មនុស្ស​ដែល​ជា​អ្នក​គប់​គ្រាប់​បែក ហើយ​បាន​រត់​សំដៅទៅ​រក​ក្រុម​កង​អង្គរក្ស​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​បើកផ្លូវ​ឱ្យ​ខ្លួន​អាច​ឆ្លង​កាត់​តំបន់​ខ្សែត្រៀម​ចាំ​ការពារ​ទាំងនោះ ហើយ​អាច​រត់គេច​ខ្លួន​បាន។ មនុស្ស​ដែល​ព្យាយាម​រត់​ដេញ​តាម​អ្នក​គប់​គ្រាប់​បែក​ទាំងនោះ ត្រូវ​បាន​កង​អង្គរក្ស​ទាំងនោះ​បញ្ជា​ឱ្យ​ឈប់​រត់​តាម។ ទាហាន​ទាំងនោះ​ថែម​ទាំង​បាន​ភ្ជង់​កាំភ្លើង​ដាក់​ពួក​គេ​ទៀត​ផង ដោយ​បាន​និយាយ​ថា បើ​ពួក​គេ​នៅតែ​ហ៊ាន​រត់​ដេញ​តាម​ទៀត នោះ​គេ​នឹង​បាញ់​អ្នក​ទាំង​នោះ។ ដូច្នេះ ពួក​ទាហាន​ទាំងនោះ​កំពុង​តែ​ការពារ​ជន​ដែល​គប់​គ្រាប់​បែក​នោះ។ ទាំងអស់​នេះ គឺជា​អ្វី​ដែល​យើង​បាន​ដឹង​ឮ​នៅ​ថ្ងៃ​ទី៣០ ខែមីនា។

ក៏ប៉ុន្តែ ការស៊ើបអង្កេត​របស់​យើង​បន្តបន្ទាប់​មក​ទៀត រក​ឃើញ​ថា នរណា​គឺជា​អ្នកទទួល​ខុសត្រូវ​ក្នុង​សំណុំរឿង​នេះ។ គឺថា មាន​មន្ត្រី​យោធា​ស័ក្តិ៤​ម្នាក់​ដែល​ទទួលខុសត្រូវ​លើ​ក្រុម​កង​អង្គរក្ស​ដែល​មាន​វត្តមាន​នៅ​ទីតាំង​នោះ។ មន្ត្រី​យោធា​រូប​នោះ ក្រោយមក​ត្រូវ​បាន​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) របស់​អាមេរិក សាកសួរ។ ដំបូង​ឡើយ មន្ត្រី​ស័ក្តិ៤ រូប​នោះ​បាន​បដិសេធ​ថា លោក​មិន​បាន​មាន​វត្តមាន​នៅ​ទីនោះ​ទេ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​គំរាមកំហែង​អ្នក​ដែល​បាន​សួរនាំ​លោក កុំ​ឱ្យ​ពួកគេ​នៅតែ​ជជីក​សួរនាំ​លោក​តទៅទៀត។ ប៉ុន្តែ នៅទីបំផុត​ទៅ មន្ត្រី​យោធា​សក្តិ៤​រូប​នោះ​បាន​សារភាព​ថា លោក​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យ​ទៅ​មើល​ការ​ខុសត្រូវ​នៅ​ទី​នោះ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួងការពារជាតិ។ ការណ៍​នេះ​ហើយ​ដែល​ឈាន​ទៅ​ពាក់ព័ន្ធ​ដល់​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​ជា​មនុស្ស​ដែល​បាន​ចេញ​បញ្ជា​ឱ្យ​កង​អង្គរក្ស​ទៅ​ឈរជើង​នៅ​ទីតាំង​នោះ។

លោក មាន ឫទ្ធិលោក​ក៏​បាន​បញ្ជាក់​នៅ​តុលាការ​បារាំង​ដែរ​ថា អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​កាល​ពី​ពេល​នោះ គឺ​លោក ចែម ស្ងួន បាន​បញ្ជាក់​ប្រាប់​លោក​ដោយ​ផ្ទាល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នេះ។ សូម​លោក​ជួយ​ប្រាប់​បន្តិច​មើល​អំពី​ការណ៍​ដែល​លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​យុត្តិធម៌​រូប​នោះ និង​ថា តើ​អ្វី​ខ្លះ​ទៅ​ដែល​លោក​បាន​ពិភាក្សា​ជាមួយ​នឹង​លោក ចែម ស្ងួន កាលពី​ពេលនោះ​បាទ ?

លោក ប្រេដ អាដាមស៍៖ បាទ! ប្រាកដ​ណាស់។ ខ្ញុំបាន​ជួប​ជាមួយ​លោក ចែម ស្ងួន នៅខែ​កក្កដា ឆ្នាំ១៩៩៧ ក្រោយ​អំពើ​រដ្ឋប្រហារ។ ពេល​នោះ ខ្ញុំ​បាន​មក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ៥ឆ្នាំហើយ។ ខ្ញុំ​បាន​ស្គាល់​រដ្ឋមន្ត្រី​រូប​នោះ ដោយសារតែ​ខ្ញុំ​ទទួលបន្ទុក​ជា​ជំនួយការ​ផ្នែក​ច្បាប់ សម្រាប់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ហើយ​យើង​បាន​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​ច្បាប់ ដែល​ហៅថា​ កម្មវិធី​បណ្ដុះបណ្ដាល​គ្រូបង្គោល​យុត្តិធម៌។ យើង​មាន​ក្រុម​មេធាវី និង​ចៅក្រម​ជា​ច្រើន​រូប​ដែល​មាន​បទពិសោធន៍​មកពី​តុលាការ​នៅ​ទូទាំង​ប្រទេស ព្យាយាម​បណ្ដុះបណ្ដាល​ចៅក្រម​ពី​របៀបរបប​ធ្វើ​ការងារ​របស់​ពួកគេ ពីព្រោះ​ថា ចៅក្រម​ជាច្រើន​ពុំបាន​ធ្លាប់​ឆ្លង​កាត់​វគ្គសិក្សា​អប់រំ​ត្រឹមត្រូវ​ផ្នែក​ច្បាប់​នោះ​ទេ។ លោក ចែម ស្ងួន គឺជា​អ្នកគាំទ្រ​ឱ្យ​មាន​កម្មវិធី​នេះ​ឡើង។ ខ្ញុំ​បាន​ទៅ​ជួប​ជម្រាប​លោក និង​អរគុណ​លោក​ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ និង​ជម្រាប​លោក​អំពី​បច្ចុប្បន្នភាព​នៃ​ការងារ​របស់​អង្គការ​សហប្រជាជាតិ លើ​វិស័យ​ច្បាប់​ និង​យុត្តិធម៌​នៅ​កម្ពុជា។ ខ្ញុំ​ក៏បាន​ចាប់​ផ្តើម​ស្គាល់​គាត់​នៅ​រយៈពេល​ចុងក្រោយ​នោះ ក្រោយពី​បាន​ជួប​លោក​ជា​ច្រើន​លើក​មក។

យើង​បាន​ចាប់​ផ្ដើម​និយាយ​ពី​រឿង​រដ្ឋប្រហារ និង​ព្រឹត្តិការណ៍​បោក​គ្រាប់​បែក។ លោក ចែម ស្ងួន បាន​ខឹង​សម្បារ​នឹង​លោក ហ៊ុន សែន ខ្លាំង​មែនទែន​ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​នោះ​ឡើង។ នេះ​ហើយ​ជា​អ្វី​ដែល​យើង​ចាប់​ផ្ដើម​ជជែក​គ្នា​នៅ​ក្នុង​ការសន្ទនា​របស់​យើង។ លោក ចែម ស្ងួន បាន​និយាយ​ប្រាប់​ខ្ញុំ​ថា មនុស្ស​ជា​ច្រើន​ក្នុង​ជួរ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​លោក​ផង បាន​ប្រាប់​លោក ហ៊ុន សែន កុំ​ឱ្យ​ធ្វើ​រដ្ឋប្រហារ ព្រោះថា​កម្ពុជា​ទើបតែ​មាន​អ៊ុនតាក់ ទើប​តែ​មាន​ការបោះឆ្នោត​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ កម្ពុជា​ទើបតែ​ចាប់​ផ្ដើម​ទទួល​បាន​ការ​ទទួល​ស្គាល់​ស្របច្បាប់​ឡើងវិញ​ពី​អន្តរជាតិ និង​កម្ពុជា​កំពុង​បោះ​ជំហាន​ក្នុង​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​តាម​របៀប​មួយ។ ដូច្នេះ លោក ចែម ស្ងួន និយាយ​ថា គ្មាន​ហេតុផល​អ្វី​ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ដូច្នេះ​ទេ។

លោក ចែម ស្ងួន ក៏បាន​បញ្ចេញ​ឈ្មោះ​រដ្ឋមន្ត្រី​ដទៃ​ទៀត មាន​ដូច​ជា លោក ស ខេង លោក ទៀ បាញ់ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ដទៃ​ទៀត ដែល​បាន​យល់ស្រប​ជាមួយ​លោក ហើយ​បាន​និយាយ​ប្រាប់​ទៅ​លោក ហ៊ុន សែន កុំ​ឱ្យ​ធ្វើ​រដ្ឋប្រហារ។ លោក ចែម ស្ងួន ខឹង​មែនទែន​នៅ​ពេល​នោះ ពី​ព្រោះ​ថា​នៅ​ពេល​នោះ គ្រាន់តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​អំពើ​រដ្ឋប្រហារ​នោះ​ភ្លាម ពិភពលោក​ទាំងមូល​បាន​ថ្កោលទោស​ប្រទេស​កម្ពុជា​យ៉ាង​សម្បើម​មែនទែន។ មាន​ការ​ដាក់​ទណ្ឌកម្ម​ជាច្រើន។ លោក ចែម ស្ងួន ក៏​ចោទ​សួរ​ថា តើ​កម្ពុជា​អាច​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ឯកា​ជា​ថ្មី​ម្តង​ទៀត​ឬក៏​យ៉ាង​ណា​នោះ។ លោក​ឆ្អែត​ចិត្ត​មិន​ចង់​ឃើញ​កម្ពុជា​ត្រលប់​ទៅ​រក​សម័យកាល​មុនអ៊ុនតាក់​វិញ​នោះ​ទេ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ឯកា និង​មិន​ត្រូវ​បាន​ក្រុម​ប្រទេស​លោក​ខាង​លិច និង​ពិភព​លោក​រាប់រក​ទាំង​ខាង​សេដ្ឋកិច្ច នយោបាយ និង​ការទូត។ ដូច្នេះ គឺថា លោក ចែម ស្ងួន ខឹង​ខ្លាំង​មែនទែន ហើយ​គាត់​បាន​និយាយ​ចេញ​មក​ច្បាស់ៗ តែ​ម្ដង។ ក៏ប៉ុន្តែ លោក​ស្នើ​ខ្ញុំ​កុំ​ឱ្យ​ប្រាប់​ឱ្យ​អ្នកដទៃ​ដឹង ដែល​ខ្ញុំ​បាន​ធ្វើតាម។ ខ្ញុំ​បាន​ទម្លាយ​រឿង​នេះ តែ​នៅ​ពេល​ដែល​គាត់​បាន​ស្លាប់​ទៅ​ហើយ​ទេ។

បន្ទាប់មក លោក ចែម ស្ងួន បាន​និយាយ​ដល់​អំពើ​វាយ​ប្រហារ​ដោយ​គ្រាប់បែក។ ខ្ញុំ​បាន​សួរនាំ​គាត់​អំពី​រឿង​នោះ ហើយ​លោក​បាន​និយាយ​ថា លោក​ក៏​បាន​ខឹង​សម្បារ​នឹង​លោក ហ៊ុន សែន ដែរ​ដែល​បាន​បញ្ជា​ឱ្យ​ធ្វើ​យ៉ាង​ដូច្នេះ។ វា​ពិត​ជា​មិន​ចាំបាច់​ទាល់តែសោះ​ដែល​ត្រូវ​ធ្វើ​ដូច្នេះ។ លោក ចែម ស្ងួន ក៏​មិន​ចូលចិត្ត​លោក សម រង្ស៊ី ដែរ។ លោក​បាន​និយាយ​យ៉ាង​ច្បាស់​ពី​រឿង​នេះ។ លោក ក៏​មិន​ចូលចិត្ត​ព្រះអង្គម្ចាស់ រណឫទ្ធិ ដែរ។

ខ្ញុំ​ច្បាស់​ណាស់​ថា លោក ចែម ស្ងួន គិត​ថា ការ​បោក​គ្រាប់​បែក​នេះ គឺ​ខុស ទាំង​ផ្នែក​សីលធម៌ និង​ផ្លូវច្បាប់ ហើយ​លោក​ក៏​គិត​ថា វា​មិន​មែន​ជា​រឿងរ៉ាវ​ឆ្លាតវៃ​ទាល់តែសោះ​ក្នុង​ការ​ធ្វើ​ដូច្នេះ ហើយ​វា​នឹង​រឹតតែ​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មានឈ្មោះ​កាន់តែ​អាក្រក់​ខ្លាំង​ឡើង។ គាត់​បាន​ប្រាប់​ខ្ញុំថា លោក ហ៊ុន សែន ជា​អ្នក​ចេញ​បញ្ជា​ឱ្យ​ធ្វើ​ដូច្នេះ។ លោក ចែម ស្ងួន ថា លោក​ពិតជា​សោកស្ដាយ​មែនទែន។ ខ្ញុំ​គិត​ថា លោក ចែម ស្ងួន ប្រហែលជា​មិន​យល់​ទាស់​ទេ ប្រសិនបើ​គេ​បញ្ជា​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី កាលពី​ពេលនោះ ជុំវិញ​រឿងរ៉ាវ​ដូចជា​ថា​លោក សម រង្ស៊ី បាន​ដឹកនាំ​រៀបចំ​បាតុកម្ម​ដោយ​ខុសច្បាប់ ជាដើម។ លោក ចែម ស្ងួន មិនមែន​ជា​មនុស្ស​សេរីនិយម​អី​នោះ​ទេ។ ប៉ុន្តែ​លោក​រាង​សេរី​ជាង​បើ​ប្រៀបធៀប​នឹង​លោក ហ៊ុន សែន។ លោក​គ្រាន់តែ​ជា​មេដឹកនាំ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មួយ​រូប​របស់​គណបក្ស​មួយ ​ដែល​មិន​ជឿ​លើ​លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំ​បាន​សួរ​គាត់​ថា តើ​គាត់​ដឹង​ថា​ លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​គប់​គ្រាប់​បែក​នោះ​ដោយ​របៀបណា។ ក៏ប៉ុន្តែ លោក​មិនបាន​ប្រាប់​ខ្ញុំ​ទេ៕