មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ថា ការចោទប្រកាន់ពីសំណាក់មន្ត្រីរដ្ឋាភិបាល ដែលថា អង្គការរបស់លោកប្រឆាំងទៅនឹងការអភិវឌ្ឍនៅកម្ពុជា គឺជាការប្រមាថ។ មន្ត្រីរូបនោះ គូសបញ្ជាក់ថា អ្វីដែលអង្គការរបស់លោកចង់ឃើញនៅមុនការអភិវឌ្ឍគម្រោងណាមួយនោះ គឺការពិគ្រោះយោបល់ឱ្យបានពេញលេញជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីបញ្ចៀសនូវផលប៉ះពាល់នានាបណ្តាលមកពីគម្រោងនោះ។ មន្ត្រីដដែលពន្យល់ថា ទំនប់វារីអគ្គិសនីមិនមែនជាដំណោះស្រាយបៃតងចំពោះបរិស្ថាននោះទេ។
ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងលោក ចន ស៊ីហ្វថុន (John Sifton) នាយកផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ ជុំវិញរបាយការណ៍ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សបណ្តាលមកពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដូចតទៅ៖
លោក មាន ឫទ្ធិ៖ ថ្មីៗនេះ អង្គការរបស់លោកទើបបានចេញផ្សាយរបាយការណ៍មួយស្តីពីផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិននៅកម្ពុជា ដោយយកករណីទំនប់វារីអគ្គិសនីសេសានក្រោម ២ ធ្វើជាករណីសិក្សា។ អង្គការរបស់លោកបានវាយតម្លៃថា មានអំពើរំលោភសិទ្ធិមនុស្សជាច្រើន ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌។ សូមលោកជួយពន្យល់ត្រួសៗប្រាប់អ្នកស្តាប់របស់យើងបន្តិចមើល ជុំវិញការរកឃើញទាំងនេះ?
លោក ចន ស៊ីហ្វថុន៖ របាយការណ៍នេះពិនិត្យមើលយ៉ាងលម្អិតទៅលើការណ៍ដែលគម្រោងនេះប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន និងជនជាតិដើមភាគតិចដែលបានបាត់បង់ទីជម្រកដោយសារការសាងសង់ទំនប់នេះ ព្រមទាំងការប៉ះពាល់ដល់សហគមន៍នៅផ្នែកខាងលើ និងខាងក្រោមទំនប់នេះ ផងដែរ។ ជាក់ស្តែង ចំណូលរបស់ពួកគេបានមកពីការនេសាទត្រី បានធ្លាក់ចុះដោយសារតែទំនប់នេះប៉ះពាល់ដល់បន្លាស់ទី និងការបង្កកំណើតរបស់ពូជត្រីសំខាន់ៗជាច្រើន។ វាក៏កំពុងប៉ះពាល់ដល់ទន្លេមេគង្គទាំងមូលផងដែរ។ យើងរកឃើញថា គ្មានឡើយការផ្តល់សំណងសមរម្យចំពោះផលខូចខាតទាំងអស់នេះទេ។ ពលរដ្ឋដែលរស់នៅក្រៅតំបន់ដែលរងការបន្លាស់ទី ពុំទទួលបានសំណងទេ។ រីឯ ពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលរងការបន្លាស់ទី ទទួលបានសំណងមិនសមរម្យ។ ទោះបីជាពួកគេទាំងនោះ ទទួលបានផ្ទះនៅឯភូមិថ្មីក៏ដោយ ក៏ប៉ុន្តែ ភូមិថ្មីនោះស្ថិតនៅតំបន់រីងស្ងួតឆ្ងាយពីទន្លេ ដែលពួកគេពិបាកនឹងធ្វើស្រែចម្កាចិញ្ចឹមជីវិត។
ចំណុចសំខាន់នោះគឺស្ថិតនៅត្រង់ថា ពលរដ្ឋរាប់ពាន់នាក់ ធ្លាក់ក្នុងជីវភាពកាន់តែអាក្រក់ និងលំបាកលំបិនសព្វថ្ងៃនេះដោយសារតែទំនប់វារីអគ្គិសនីនេះឯង។ ប្រសិនបើអ្នកប្រៀបធៀបទៅនឹងអត្ថប្រយោជន៍នៃអគ្គិសនីដែលទទួលបានមកពីការសាងសង់ទំនប់នេះ មានសំណួរច្រើនណាស់ដែលគេអាចសួរនាំអំពីថាតើគេគួរតែសាងសង់ទំនប់នេះដែរឬទេ? ពីព្រោះយើងកំពុងនិយាយពីទឹកប្រាក់រាប់សិបលានដុល្លារដែលបាត់បង់ទៅដោយសារផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។ តើទំនប់នេះមានតម្លៃសមនឹងសាងសង់ដែរឬទេ? អ្វីទៅជាអត្ថប្រយោជន៍នៃទំនប់នេះ? បើតាមដែលយើងដឹង រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិនដែលបានសាងសង់ទំនប់នេះ មិនបានពិគ្រោះយោបល់ពីការវិភាគផ្នែកសេដ្ឋកិច្ច ដើម្បីពិនិត្យមើលថាតើទំនប់នេះសមនឹងតម្លៃនៃការសាងសង់នោះដែរឬទេ។
លោក មាន ឫទ្ធិ៖ បាទ! កម្ពុជាបានបដិសេធពីរឿងរំលោភសិទ្ធិមនុស្សពាក់ព័ន្ធនឹងការសាងសង់ទំនប់នេះ។ ខ្ញុំបានសាកសួរទៅមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ហើយលោកបានហៅរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់លោកថា មានចេតនាបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយជាក់លាក់ ក្នុងគោលដៅដើម្បីធ្វើវិទង្សនាដល់ការអភិវឌ្ឍនៅកម្ពុជា។ តើលោកឆ្លើយតបបែបណាដែរចំពោះការលើកឡើងនេះ? ម្យ៉ាងវិញទៀត មន្ត្រីដដែលនេះបានផ្តល់អំណះអំណាងថា ក្រៅពីការណ៍ដែលទំនប់នេះផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាជារួម ទំនប់នេះក៏ជួយធានាថា កម្ពុជាសម្រេចបាននូវគោលដៅសន្តិសុខថាមពលតាមរយៈថាមពលកកើតឡើងវិញ ដែលកម្ពុជាគួរតែទទួលបានការសរសើរជាជាងការរិះគន់។ មន្ត្រីដដែលចោទសួរថាតើអង្គការឃ្លាំមើលសិទ្ធិមនុស្សចង់ឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅដោយប្រើចង្កៀងប្រេងកាត ដូចកាលពីក្នុងអំឡុងសម័យទសវត្សរ៍ ១៩៨០ ឬយ៉ាងណា។ តើលោកបកស្រាយបែបណាដែរចំពោះអំណះអំណាងទាំងនេះ?
លោក ចន ស៊ីហ្វថុន៖ មន្ត្រីរូបនោះ គួរតែចេះខ្មាស់អៀនខ្លួនឯងក្នុងការនិយាយអះអាងតាមបែបក្មេងបៀមដៃ និងមិនសមទំនងយ៉ាងដូច្នេះ អំពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ របស់យើង។ យើងគឺជាអង្គការសិទ្ធិមនុស្ស ដែលមិនប្រកាន់និន្នាការនយោបាយ ឬបក្សសម្ព័ន្ធ ហើយបំពេញការងារនៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក ដែលមានប្រព័ន្ធនយោបាយផ្សេងៗគ្នា មានប្រព័ន្ធរដ្ឋាភិបាលផ្សេងៗគ្នា រាប់ចាប់តាំងពីនៅប្រទេសអាហ្វហ្កានីស្ថាន (Afganistan) រហូតដល់ប្រទេសប៉េរូ (Peru) ពីប្រទេសស៊ីរី (Syria) រហូតដល់ប្រទេសអាព្រិកខាងត្បូង (South Africa) ជាដើម។ យើងពុំមានរបៀបវារៈនយោបាយអ្វីឡើយ ហើយវារិតតែគ្មានទៅទៀតកុំថាឡើយដល់របៀបវារៈភូមិសាស្ត្រនយោបាយ ក្រៅតែពីធ្វើការដើម្បីលើកកម្ពស់វិស័យសិទ្ធិមនុស្ស និងជាពិសេសគឺពាក់ព័ន្ធនឹងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីនេះឯង។
យើងមិនមែនថា កម្ពុជាមិនគួរអភិវឌ្ឍន៍សមត្ថភាពផលិតអគ្គិសនីដោយខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ ថែមទាំងបានឈានដល់ទៅស្នើថា មនុស្សគ្រប់រូបមានសិទ្ធិក្នុងការទទួលបានអគ្គិសនីប្រើប្រាស់ រួមទាំងជំរុញឱ្យមនុស្សទូទៅទទួលបាននូវសិទ្ធិជាច្រើនកាន់តែឆាប់រហ័សទៀតផង។ ឥឡូវនេះអគ្គិសនីបានក្លាយជាតម្រូវការប្រើប្រាស់ចាំបាច់ដូចជាទឹកអញ្ចឹងដែរ ដែលចាំបាច់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ សំណួរគឺនៅត្រង់ថា តើយើងត្រូវផលិតអគ្គិសនីបានដោយរបៀបណា? តើយើងត្រូវទទួលបានអគ្គិសនីពីណាមក? ហើយថាតើមានផលប៉ះពាល់អ្វីខ្លះដែលនឹងកើតមានឡើងនៅពេលដែលអ្នកសម្រេចចិត្តធ្វើដូច្នោះ។ ជាឧទាហរណ៍ យើងមិនគិតថា ចាំបាច់ត្រូវសាងសង់រោងចក្រផលិតអគ្គិសនីដោយការដុតធ្យូងនោះទេ។ យើងក៏មិនជឿថា ទំនប់វារីអគ្គិសនីនេះ គួរតែត្រូវបានសាងសង់នោះទេ។ ប្រហែលជាអាចថា ទំនប់វារីអគ្គិសនីអាចសាងសង់នៅកន្លែងផ្សេង ឬក៏កាត់ទន្លេដែលមានផ្ទៃអាងទប់ទឹកតូចជាងនេះ ហើយមានឧបករណ៍ទ្វារទឹកអាចឲ្យត្រីហែលឆ្លងកាត់បាន ជាដើម។ ខ្ញុំចង់មានន័យថា យើងមានបំណងចង់ពិភាក្សាអំពីជម្រើសផ្សេងទៀត។ ក៏ប៉ុន្តែការណ៍ដែលនិយាយថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ បែរជាប្រឆាំងនឹងការអភិវឌ្ឍនៅកម្ពុជាទៅវិញនោះ គឺជាការប្រមាថដល់បុគ្គលិករបស់យើងដែលបានធ្វើការងារអស់ជាច្រើនទសវត្សមកហើយ ដើម្បីចងក្រងអំពីអំពើឃោឃៅរបស់ក្រុមខ្មែរក្រហម ចងក្រងអំពើរំលោភបំពានសិទ្ធិមនុស្សនានាក្នុងបរិបទនៃការបោះឆ្នោត ក្នុងបរិបទពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិដើមភាគតិច អស់ជាច្រើនទសវត្សមកហើយ គិតចាប់តាំងពីទសវត្សទី៨០មក។
លោក មាន ឫទ្ធិ៖ បើលោកជាមន្ត្រីកម្ពុជាវិញ អញ្ចឹង តើលោកធ្វើដូចម៉េចដើម្បីធានាឱ្យកម្ពុជាមានសន្តិសុខថាមពល ខណៈរក្សានូវតុល្យភាពផ្នែកសិទ្ធិមនុស្ស ដោយពុំមានការរំលោភសិទ្ធិណាមួយនោះ?
លោក ចន ស៊ីហ្វថុន៖ បាទ! នោះហើយគឺជាអ្វីដែលយើងចាំបាច់ត្រូវតែពិគ្រោះយោបល់ម្តងហើយម្តងទៀត។ អ្នកត្រូវតែពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញផ្នែកថាមពល ក្រុមអ្នកជំនាញផ្នែកបរិស្ថាន និងពលរដ្ឋរងផលប៉ះពាល់ ជាពិសេសជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីគម្រោង។ គឺតាមរយៈការពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធនេះហើយ ដែលអនុញ្ញាតឱ្យអ្នកអាចធ្វើសេចក្តីសន្និដ្ឋានអំពីវិធីសាស្ត្រដ៏ល្អបំផុតក្នុងការផលិតអគ្គិសនីតាមតម្រូវការចាំបាច់។ ដូចជាថា មានតម្រូវការអគ្គិសនីនៅតំបន់ប្រជុំជន ដែលចាំបាច់ត្រូវតែផលិតក្នុងទ្រង់ទ្រាយធំ។ ក៏ប៉ុន្តែ ក៏មានតម្រូវការអគ្គិសនីនៅតាមទីជនបទ ដែលអាចដោះស្រាយបានតាមរយៈផលិតកម្មទ្រង់ទ្រាយតូចដោយប្រើផ្ទាំងសូឡាស្រូបយកពន្លឺពីព្រះអាទិត្យនៅតាមផ្ទះនីមួយៗ និងដោយរោងចក្រផលិតអគ្គិសនីជាដើម។ អ្វីដែលយើងដឹងអំពីទំនាក់ទំនងរវាងបរិស្ថាន និងផលិតកម្មថាមពល បញ្ជាក់ថា ដំណោះស្រាយតែងតែស្មុគស្មាញ។ ដំណោះស្រាយទាំងនោះមានជាច្រើនទម្រង់ផ្សេងៗគ្នា។ វាជាដំណោះស្រាយដែលពេលខ្លះទៅ អ្នកប្រើប្រាស់វិធីសាស្ត្រសាងសង់ទំនប់វារីអគ្គិសនី ហើយពេលខ្លះទៀត អ្នកប្រើប្រាស់ផ្ទាំងសូឡាស្រូបពន្លឺពីព្រះអាទិត្យខ្លះទៅ។ ហើយក៏ផ្តោតជាសំខាន់លើប្រសិទ្ធភាព ។ល។ និង ។ល។ ខ្ញុំចង់មានន័យថា មិនមានដំណោះស្រាយមួយជាក់លាក់នោះទេ។ ការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ មិនអាចដោះស្រាយបញ្ហាអគ្គិសនី ឬថាមពលបាននោះទេ។ អ្នកចាំបាច់ត្រូវអនុវត្តតាមជំហានជាក់លាក់ ដើម្បីសម្រេចបាននូវគោលដៅដែលអ្នកចង់បាន។ ក៏ប៉ុន្តែ កម្ពុជាពុំបានចាត់វិធានការទាំងអស់នេះទេ។ ដូចគ្នាអញ្ចឹងដែរ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ក៏មិនបានចាត់វិធានការដូច្នេះដែរ។ ពួកគេគ្រាន់តែសម្រេចចិត្តលើគម្រោងធំមួយ ហើយពួកគេមិនបានស្តាប់ការតវ៉ា ឬកង្វល់នានាឡើយ។ ក៏ប៉ុន្តែ សូមកុំច្រឡំឱ្យសោះថា ដោយមិនខ្វល់ពីកង្វល់នានារបស់ជនជាតិដើមភាគតិច ដោយមិនខ្វល់ខ្វាយពីកង្វល់របស់ពួកគេ និងបង្ខំឱ្យពួកគេទទួលយកសំណងដែលមិនសមរម្យ រដ្ឋាភិបាលនិងក្រុមហ៊ុនសាងសង់ កំពុងតែរំលោភបំពានសិទ្ធិមនុស្សហើយ។ នេះមិនមែនជាសេចក្តីសម្រេចចិត្តផ្នែកគោលនយោបាយទេ។ តែវាជាបញ្ហាផ្លូវច្បាប់។
លោក មាន ឫទ្ធិ៖ និយាយពីរឿងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនវិញ យើងដឹងថា ក្នុងអំឡុងឆ្នាំ២០១៩ ក្រុមមេដឹកនាំចិនបានបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីរបស់ពួកគេថា ពួកគេនឹងប្រយ័ត្នប្រយែងជាងមុនដោយធានាថា រាល់គម្រោងនានាពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ នឹងគោរពបរិស្ថាន មានតម្លាភាព និងការទទួលខុសត្រូវឱ្យបានប្រសើរជាងមុនជាដើម។ ដោយយកករណីសិក្សានៃទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ធ្វើជាឧទាហរណ៍ តើលោកគិតថាចិនបានកែប្រែឥរិយាបថរបស់ខ្លួន ហើយងាកមកធ្វើតាមការប្តេជ្ញាចិត្តដូច្នេះដែរឬទេនាពេលនេះ? តើវាមានន័យយ៉ាងដូចម្តេចដែរចំពោះគម្រោងនានារបស់ចិននៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ ជារួមនោះ?
លោក ចន ស៊ីហ្វថុន៖ បាទ! ចិននៅមិនទាន់ធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួននេះនៅឡើយទេ។ យើងត្រូវទាមទារឱ្យចិនធ្វើតាមអ្វីដែលពួកគេបានសន្យាអះអាងនេះ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេចង់ធ្វើឱ្យបានត្រឹមត្រូវ ពួកគេចាំបាច់ត្រូវតែស្វែងរកជំនួយ។ ពួកគេចាំបាច់ត្រូវស្នើសុំជំនួយពីអង្គការសង្គមស៊ីវិល និងពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាដូចជាធនាគារពិភពលោក (World Bank) ជាដើម ដែលជាអ្នកបានយល់ច្បាស់អំពីវិធីសាស្ត្រនានាដែលត្រូវធ្វើចំពោះរឿងរ៉ាវទាំងអស់នេះឱ្យកាន់តែប្រសើរឡើង ជាជាងអ្វីដែលចិនកំពុងធ្វើនាពេលនេះក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ពួកគេ។ មែនទែនទៅ គឺធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដឹងអំពីរបៀបនៃការពិគ្រោះយោបល់។ កម្រិតធនាគារពិភពលោកនេះ ក៏នៅមានបញ្ហាមួយចំនួននៅឡើយដែរ។ តែយ៉ាងហោចណាស់ពួកគេមានយន្តការតវ៉ាច្បាស់លាស់។ យ៉ាងហោចណាស់ ពួកគេមានគោលនយោបាយ និងរបៀបរបបក្នុងការបញ្ចៀសនូវការតវ៉ាណាមួយ។ តាមការពិតទៅ ធនាគារពិភពលោក បានណែនាំមិនឱ្យសាងសង់ទំនប់វារីអគ្គិសនីប្រភេទនេះទេ ដែលវាមានន័យគ្រប់គ្រាន់ណាស់ទៅហើយឱ្យយើងដឹងពីផលខូចខាតជាច្រើននោះ។ អ្នកដឹងទេ វារីអគ្គិសនីនេះ មានសមត្ថភាពផលិតអគ្គិសនីបានត្រឹមតែ ៤០០ មេហ្កាវ៉ាត់ ប្រៀបធៀបទៅនឹងទំហំនៃការបាត់បង់ទីជម្រក និងបរិមាណបម្រុងទឹកទុក ដែលវាបង្កើតបាន គឺខុសគ្នាឆ្ងាយ។ ទាំងនេះ យើងនៅមិនទាន់និយាយដល់រឿងធ្វើឱ្យប្រែប្រួលអាកាសធាតុនៅឡើយផង។ ខ្ញុំសូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ដ៏សម្បើម ដោយសារតែសារធាតុផុយស្រួយនៃរុក្ខជាតិនានា នៅពេលដែលត្រូវលិចលង់ដោយសារទំនប់នេះ។ ដូច្នេះ អ្នកដឹងហើយថា វាមិនមែនជាគម្រោងបៃតងស្អីគេនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។