សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលការចោទប្រកាន់និងប្រគល់សេរីភាពជូនប្រធានសហជីពក្រុមហ៊ុនណាហ្គា វើលដ៍ (Naga World ) កញ្ញា ឈឹម ស៊ីថរ ឡើងវិញ។ អ្នកនាំពាក្យបក្សកាន់អំណាច ថា ករណីនេះ គឺជាការអនុវត្តច្បាប់ដោយតុលាការ មិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលឡើយ។ ប៉ុន្តែមន្ត្រីសមាគមផ្នែកសិទ្ធិការងារ លើកឡើងថា ស្ថាប័នសហជីពអន្តរជាតិមួយនេះ មានឥទ្ធិពលនៅលើឆាកអន្តរជាតិ ដូច្នេះរដ្ឋាភិបាលកម្ពុជា គួរតែពិចារណាដោះលែងកញ្ញា ឈឹម ស៊ីថរ ដើម្បីបញ្ចៀសការដាក់សម្ពាធផ្សេងៗ។
ការទាមទារយុត្តិធម៌និងសេរីភាពសម្រាប់មេដឹកនាំសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងបន្តផុសផុលជាបន្តបន្ទាប់ ដោយមានការចូលពីអង្គការសមាគម សហជីពក្នុងស្រុក និងប្រទេសប្រជាធិបតេយ្យធំៗ ព្រមទាំងស្ថាប័នអន្តរជាតិដែលមានឥទ្ធិពលផ្សេងទៀត។
សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ ហៅកាត់ថា អាយ.ធី.យូ.ស៊ី ( ITUC ) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវជួយអន្តរាគមន៍ដើម្បីធានាសុវត្ថិភាពកញ្ញា ឈឹម ស៊ីថរ ហើយទម្លាក់ចោលរាល់ការចោទប្រកាន់និងត្រូវដោះលែងគាត់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ដែលវិទ្យុអាស៊ីសេរីទើបទទួលបាននៅថ្ងៃទី១ ធ្នូ ថា ស្ថាប័នរបស់ខ្លួន ព្រួយបារម្ភជាខ្លាំងចំពោះការចាប់ឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីនាងវិលទៅកម្ពុជាវិញ ក្រោយចូលរួមសមាជពិភពលោកទី៥ របស់សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ ដែលបានរៀបចំធ្វើនៅទីក្រុងម៉ែលប៊ន (Melbourne ) ប្រទេសអូស្ត្រាលី (Australia)។ សហជីពអន្តរជាតិមួយនេះ បន្តថា បច្ចុប្បន្ននេះ ស៊ីថរ កំពុងត្រូវបានអាជ្ញាធរឃុំខ្លួនក្នុងពន្ធនាគារព្រៃសម២ ដែលធ្វើឲ្យមានក្តីព្រួយបារម្ភធំធេងអំពីលក្ខខណ្ឌនៃការឃុំខ្លួនរបស់នាង និងព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជា កំពុងសងសឹកប្រឆាំងរូបនាងដោយសារភាពជាតំណាងនៃការការពារផលប្រយោជន៍កម្មករកម្ពុជានៅឯក្នុងសមាជសហជីពអន្តរជាតិកន្លងមក។
សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ ពិនិត្យឃើញថា ការចោទប្រកាន់ស្ត្រីមេដឹកនាំ សហជីពណាហ្គា វើលដ៍ តាំងពីដំបូងពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសហជីព រហូតមកដល់ការចាប់ខ្លួនឡើងវិញក្រោមហេតុផលថា នាងបំពានបំរាមតុលាការដែលហាមចេញក្រៅប្រទេសនោះ គឺបង្ហាញថា រដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តផ្ទុយពីកាតព្វកិច្ចរដ្ឋធម្មនុញ្ញ ដែលត្រូវគោរពគោលការណ៍ជាមូលដ្ឋាននៃសេរីភាពបង្កើតសមាគម និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាលេខ៨៧របស់អង្គការអន្តរជាតិខាងការងារ(ILO) ស្ដីពីសេរីភាពនៃសមាគម និងការការពារសិទ្ធិនៃការបង្កើតសមាគម ដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័នកាលពីឆ្នាំ១៩៩៩។
សហជីពអន្តរជាតិមួយនេះ រួមជាមួយនឹងសហជីពអន្តរជាតិខាងចំណីអាហារ ហៅកាត់ថា អាយ.យូ.អេហ្វ(IUF) ក៏បានបញ្ជូនការវិវត្តន៍នៃករណីកញ្ញា ឈឹម ស៊ីថរ នេះទៅគណៈកម្មការសេរីភាពនៃសមាគមដែរ ។ សហជីពអន្តរជាតិដដែល ក៏រំលឹក ឡើងវិញថា សហជីព និង ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមសកម្មភាពសហជីពនៅក្រៅប្រទេស ហើយផ្អែកតាមសេចក្តីប្រកាសស្ដីពីសិទ្ធិមនុស្សជាសកល ចែងថា មនុស្សគ្រប់រូប មានសិទ្ធិចាកចេញ និងវិលត្រឡប់ចូលទៅប្រទេសខ្លួនវិញដោយគ្មានការរារាំង។
សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ គឺជាស្ថាប័នដែលមានឥទ្ធិពលនៅលើឆាកអន្តរជាតិ ដែលមានសមាជិកសហជីពប្រមាណ ៣០០ស្ថាប័នមកពីជាង១២០ប្រទេសទូទាំងពិភពលោក ហើយជាស្ថាប័នដែលមានដៃគូជាមួយអង្គការអន្តរជាតិសំខាន់ៗ ជាច្រើនទៀត។
ឆ្លើយតបករណីនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងការពារចំណាត់ការរបស់តុលាការថា រឿងនេះជាការអនុវត្តច្បាប់ ហើយគ្មានប្រទេស ឬស្ថាប័នណាមួយ ដាក់សម្ពាធលើរដ្ឋាភិបាល ឲ្យលូកដៃជ្រៀតជ្រែកកិច្ចការតុលាការបានឡើយ។
លោក សុខ ឥសាន៖ « ដូចខ្ញុំជម្រាបអ៊ីចឹងថា វាអត់មានពាក់ព័ន្ធជាមួយរដ្ឋាភិបាលទេ ដូច្នេះហើយវាគ្មានហេតុផលអីដែលត្រូវបរទេសមួយចំនួនប្រើឥទ្ធិពល គាប់សង្កត់លើរាជរដ្ឋាភិបាលកម្ពុជាទេ ព្រោះរឿងនេះជារឿងសាមីជន ប្រព្រឹត្តល្មើសច្បាប់ ល្មើសដីការបស់តុលាការ ដូច្នេះជារឿងតុលាការជាមួយសាមីជនមិនមែនរឿងរបស់រដ្ឋាភិបាលជាមួយសាមីជនទេ»។
ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិល ចាត់ទុកថា គ្រប់ករណីទាំងអស់គឺមន្ត្រីរដ្ឋាភិបាល និងអ្នកនាំពាក្យបក្សកាន់អំណាច តែងបកស្រាយថាជារឿងអនុវត្តច្បាប់ដដែលៗ ប៉ុន្តែជាក់ស្តែងកន្លងមក រដ្ឋាភិបាល បានបង្ហាញឥតលាក់លៀមពីការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទសំឡេងរិះគន់។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថ្លែងថា ការទាមទាររបស់សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ គឺបង្ហាញពីភាពសាមគ្គីរវាងសហជីពកម្ពុជា និងសហជីពពិភពលោក ព្រមទាំងបង្ហាញថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ គឺជារឿងមិនត្រឹមត្រូវ និងជារឿងរំលោភលើសេរីភាពសហជីព ជាពិសេសអនុសញ្ញារបស់អង្គការILO លេខ៨៧ និង៩៨ស្ដីពីសេរីភាព សហជីព សិទ្ធិចរចា និងសិទ្ធិធ្វើកូដកម្មដោយសន្តិវិធី។ លោកយល់ថា រដ្ឋាភិបាល គួរតែពិចារណាជួយអន្តរាគមន៍ទៅតាមសំណើសហជីពអន្តរជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យ។
លោក វន់ ពៅ៖ «បើយើងធ្វើអ៊ីចឹងមុខមាត់យើងនៅលើឆាកអន្តរជាតិវាអាប់ឱន ដោយសារយើងមិនអនុវត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ទី១យើងបារម្ភ។ ទី២យើងបារម្ភផងដែរ ការអនុគ្រោះពន្ធ GSP ក្តី ការអនុគ្រោះពន្ធ EBA ក្តី បើសិនស្ថានភាពនៅតែបែបនេះទៀតយើងព្រួយបារម្ភ ខ្លាចអាមេរិកព្យួរការអនុគ្រោះពន្ធទាំងស្រុងទៅ ថាតើអ្នកណាជាអ្នករងគ្រោះគឺប្រជាពលរដ្ឋខ្មែរ។ ចំណុចទី២នេះគឺយើងព្រួយបារម្ភ មែនទែនទាក់ទងនឹងសេដ្ឋកិច្ចពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ចំណុចទី៣ យើងបារម្ភពីការអនុវត្តសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យជាពិសេសសិទ្ធិរបស់កម្មករក្នុងការបំពេញកាតព្វកិច្ចជាសហជីព ការពារប្រយោជន៍កម្មករ»។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាលើកទី២ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អាជ្ញាធរ ក៏បានរំលោភលើសិទ្ធិរបស់នាងក្នុងការទទួលបានមេធាវី ឬតំណាងផ្នែកច្បាប់រយៈពេល៤៨ ម៉ោងដែរ ដោយសារអាជ្ញាធរ និងតុលាការ បានបញ្ជូននាងទៅឃុំខ្លួនភ្លាមៗ ក្រោយពេលចាប់ខ្លួននៅព្រលានយន្តហោះតែរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ចាប់ពីតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១មក កញ្ញា ឈឹម ស៊ីថរ បានដឹកនាំការធ្វើកូដកម្មអហិង្សាដើម្បីប្រឆាំងនឹងការបញ្ឈប់បុគ្គលិកជាង១ពាន់៣រយ(១.៣០០)នាក់ និងការរំលាយសហជីពដោយអ្នកគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍។ បន្ទាប់មក ស៊ីថរ ត្រូវបានចាប់ខ្លួនលើកទី១ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ រួមជាជាមួយនឹងថ្នាក់ដឹកនាំ និងសកម្មជនសហជីព១៣នាក់ផ្សេងទៀតពីបទញុះញង់ និងល្មើសច្បាប់កូវីដ-១៩។ ពួកគាត់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ នៅថ្ងៃទី១៤ ខែមីនា។ ចំណែកបុគ្គលិកណាហ្គាវើលដ៍ផ្សេងទៀត នៅតែបន្តធ្វើកូដកម្មនៅខាងក្រៅក្រុមហ៊ុន ហើយតែងទទួលរងការវាយដំ ការបៀតបៀន ការគំរាមកំហែង និងការដាក់ទោសទណ្ឌផ្សេងៗដោយអាជ្ញាធរ។
ចំពោះការចាប់ឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទី២នេះ ក្រសួងបរទេសសហរដ្ឋអាមេរិក និងស្ថានទូតប្រទេសអូស្ត្រាលី ក៏ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងរូបនាង និងសហជីពកម្មករ ដែលកំពុងជាប់ឃុំទាំងអស់ដោយសារប្រើសិទ្ធិសេរីភាពបង្កើតសមាគមនិងការជួបប្រជុំដោយសន្តិវិធី ហើយលុបចោលរាល់ការចោទប្រកាន់លើពួកគេ និងឈានទៅដោះស្រាយវិវាទការងារប្រកបដោយការស្ថាបនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។