ក្រុមគ្រួសារយុវជនខ្មែរថាវរៈ ព្រួយបារម្ភពី ស្ថានភាពសុខភាព កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែលកំពុងជាប់ឃុំឃាំង ក្នុងពន្ធនាគារព្រៃស។ មន្ត្រីសង្គមស៊ីវិលបន្តអំពាវនាវឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់បទចោទប្រកាន់លើ កញ្ញា អេង ម៉ាឡៃ និងអ្នកទោសមនសិការទាំងអស់ ដោយដោះលែងឱ្យពួកគាត់មានសេរីភាពចួបជុំក្រុមគ្រួសារវិញ។
ប្អូនស្រីបង្កើតកញ្ញា អេង ម៉ាឡៃ គឺកញ្ញា អេង វ៉ាន់ឌី រន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលប្រទះឃើញ ស្ថានភាពបងស្រីរបស់ខ្លួន ញ័រដៃជើង ស្គមរីងរៃ ស្មារតីមិននឹងហ្ន និងកើតជំងឺអាឡាក់ស៊ីស្បែកពេញប្រាណ មិនទាន់ធូរស្បើយនៅឡើយទេ។
កញ្ញា អេង វ៉ាន់ឌី ដែលបានទៅសួរសុខទុក្ខបងស្រីរបស់ខ្លួន កាលពីថ្ងៃទី៥ ខែតុលា រៀបរាប់ថា កញ្ញា អេង ម៉ាឡៃ កំពុងជួបការលំបាកផ្នែកសុខភាពរាងកាយ និងសតិអារម្មណ៍ធ្ងន់ធ្ងរ ព្រោះបន្ទប់ឃុំឃាំងកាន់តែតូចចង្អៀតណែនតាន់តាប់ ការហូបចុកមិនគ្រប់គ្រាន់ ហើយត្រូវទទួលទណ្ឌកម្មពីមន្ត្រីពន្ធនាគារ ដោយប្រើគាត់ឱ្យកាយលូទឹកស្អុយ ក្នុងពន្ធនាគារទៀតផង។
កញ្ញាបញ្ជាក់ថា មន្ត្រីពន្ធនាគារបានតម្រូវឱ្យអ្នកទោសមនសិការ ផ្តល់ថវិកា ម្នាក់ៗ ១ម៉ឺនរៀល ដើម្បីចំណាយថ្លៃបូមលូទឹកស្អុយចេញពីពន្ធនាគារ តែបើគ្មានប្រាក់បង់ឱ្យគេទេ នឹងត្រូវទទួលទណ្ឌកម្ម កាយលូដោយខ្លួនឯង។ កញ្ញាថា ស្ថានភាពរាងកាយបងស្រីរបស់ខ្លួន កាន់តែយ៉ាប់យឺនខ្លាំង កន្លែងស្នាក់នៅគ្មានអនាម័យ និងដេកគងជើងគ្នាចាក់ស្រែះដូចម្រាមដៃ ក្នុងបន្ទប់តូចចង្អៀត។
កញ្ញាអះអាងទៀតថា របួសជើងរបស់បងស្រីគាត់ ដែលដួលក្នុងបន្ទប់ទឹកកន្លងមក អាចនឹងរើឡើងវិញ ស្របពេលដែលគាត់នៅតែបន្តជាប់ឃុំខ្លួនកាន់តែយូរ ស្ថានភាពជំងឺនឹងកាន់តែធ្ងន់ធ្ងរ។ កញ្ញា អំពាវនាវជាថ្មីទៀតស្នើឱ្យតុលាការអនុញ្ញាតឱ្យបងស្រីរបស់ខ្លួនបាននៅក្រៅឃុំ ដើម្បីព្យាបាលជំងឺឱ្យជាសះស្បើយ។
កញ្ញា អេង វ៉ាន់ឌី បន្ថែមថា ក្រុមគ្រួសារកញ្ញាខកខានមិនបានទៅសួរសុខទុក្ខ កញ្ញា អេង ម៉ាឡៃ ជិត កន្លះឆ្នាំមកហើយ ដោយសារជំងឺកូវីដ១៩ ហើយនៅរដូវបុណ្យភ្ជុំបិណ្ឌមន្ត្រីពន្ធនាគារបានអនុញ្ញាតឱ្យកញ្ញាចូលសួរសុខទុក្ខបងស្រី រយៈពេល ៤ថ្ងៃ ប៉ុណ្ណោះ។
កញ្ញា អេង ម៉ាឡៃ ធ្លាប់បានរអិលដួលនៅក្នុងបន្ទប់ទឹកពន្ធនាគារ ប៉ះទង្គិចជើង បណ្ដាលឱ្យរបួសជ្រៅដល់ឆ្អឹង ដើរពុំរួច ហើយមកទល់ពេលនេះ ស្ថានភាពជំងឺនេះបានវិវត្តន៍ទៅជាស្វិត ដោយសារខ្វះការយកចិត្តទុកដាក់ព្យាបាល។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ថ្លែងថា លោកមិនទាន់ទទួលព័ត៌មានថា កញ្ញា អេង ម៉ាឡៃ មានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ។ តែយ៉ាងណា ប្រសិនបើ គាត់ពិតជាមានជំងឺធ្ងន់ធ្ងរ មន្ត្រីពន្ធនាគារនឹងបញ្ជូនគាត់ទៅព្យាបាលនៅក្រៅពន្ធនាគារ។ ចំពោះសំណួរថា ប្រសិនបើកញ្ញា អេង ម៉ាឡៃ មានបញ្ហាអ្វីកើតឡើង ដល់អាយុជីវិត តើមន្ត្រីពន្ធនាគារ ទទួលខុសត្រូវបែបណា? អ្នកនាំពាក្យរូបនេះ ឆ្លើយតបថា មន្ត្រីពន្ធនាគារមានកាតព្វកិច្ចទទួលខុសត្រូវផ្អែកតាម អនុក្រឹត្យរបស់រដ្ឋាភិបាល ដោយត្រូវឆ្លើយតប រាល់បញ្ហានានា ជាមួយស្ថាប័នពាក់ព័ន្ធ ផ្នែកសិទ្ធិមនុស្ស និងក្រុមគ្រួសារជនជាប់ឃុំផងដែរ។ «»
ប្រធានសមាគមអាដហុក (Adhoc) លោក នី សុខា ពន្យល់ថា អ្នកជាប់ឃុំគ្រប់រូប មានសិទ្ធិពេញលេញ ទទួលបានការថែទាំសុខភាព ស្របតាមគោលការណ៍សិទ្ធិមនុស្ស។ ហេតុនេះ មន្ត្រីពន្ធនាគារ គួរតែបញ្ជូនកញ្ញា អេង ម៉ាឡៃ ទៅព្យាបាលដោយក្រុមគ្រួពេទ្យក្នុងពន្ធនាគារ ប៉ុន្តែបើពេទ្យនៅទីនោះគ្មានលទ្ធភាពព្យាបាលទេ គួរតែបញ្ជូនគាត់ទៅព្យាបាលនៅខាងក្រៅពន្ធនាគារវិញ។ លោកទទូចជាថ្មីទៀត ស្នើឱ្យតុលាការ មេត្តាដោះលែង និងទម្លាប់បទចោទ លើយុវជនសង្គមរូបនេះ និងអ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាពវិញ ឬក៏អនុញ្ញាតឱ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្ន ដោយរង់ចាំសវនាការ អង្គសេចក្តីឱ្យបានត្រឹមត្រូវជាមុនសិន។ «»
កញ្ញា អេង ម៉ាឡៃ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០២០ នៅខណ្ឌច្បារអំពៅ ហើយបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ ក្រោយពេលកញ្ញា សូ មេត្តា និងយុវជនដទៃទៀត ព្យាយាមប្រមូលផ្ដុំគ្នាតវ៉ាសម្ដែងមតិ នៅទីលានប្រជាធិបតេយ្យថ្មី ក្នុងខណ្ឌឫស្សីកែវ។ ប៉ុន្តែគម្រោងនេះបានបរាជ័យ ដោយសារការរារាំងពីអាជ្ញាធរ។ រហូតមកទល់ពេលនេះ កញ្ញាបានជាប់ឃុំខ្លួន ក្នុងពន្ធនាគារព្រៃស (ម២) ជាង ១ ឆ្នាំមកហើយ។
សំណុំរឿងនេះមានជនជាប់ចោទសរុប ១៥នាក់ ក្នុងនោះមួយចំនួនជាក្រុមយុវជនខ្មែរថាវរៈ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ សកម្មជនគណបក្សប្រឆាំង និងម្នាក់ទៀតជាអតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម។ តុលាការក្រុងភ្នំពេញបានបញ្ចប់សវនាការសួរដេញដោលកាលពីចុងខែសីហា និងគ្រោងប្រកាសសាលក្រមនៅចុងខែកញ្ញា។ ក៏ប៉ុន្តែនៅចុងខែកញ្ញានោះ តុលាការបែរជាបានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយវិញ។ តុលាការមិនបានបញ្ជាក់អំពីមូលហេតុនៃការលើកពេលប្រកាសសាលក្រមរឿងនេះទេ។
ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសកម្មជនសង្គម ដាក់ពន្ធនាគារជិត ៩០នាក់ហើយ។ ភាគច្រើនអាជ្ញាធរចោទប្រកាន់អ្នកទាំងនោះពីបទរួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ប៉ុន្តែអាជ្ញាធរបានបរាជ័យក្នុងការបង្ហាញភស្តុតាងរឹងមាំ ដើម្បីបញ្ជាក់ពីទោសកំហុសរបស់ពួកគាត់។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេស ទីភ្នាក់ងារអង្គការសហប្រជាជាតិបន្តទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទាំងនោះវិញ ព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។