អ្នក​សារព័ត៌មាន​ខ្លះ បារម្ភ​អំពី​ការ​ចុះ​យក​ព័ត៌មាន នៅ​ដែន​សមត្ថកិច្ច​របស់​ប៉ូលិស ក្រោយ​ពី​អាជ្ញាធរ​តម្រូវ​ឲ្យ​ស្នើសុំ​ជា​មុន

0:00 / 0:00

អ្នក​សារព័ត៌មាន​ខ្លះ ព្រួយ​បារម្ភ​ថា នឹង​ជួប​ការ​លំបាក​ក្នុង​ការ​រាយការណ៍​ព័ត៌មាន ហើយ​អាច​ប្រឈម​ទោស​ទណ្ឌ​នានា ដោយសារ​​ក្រសួង​ព័ត៌មាន និង​នគរបាល​ចេញ​បម្រាម មិន​ច្បាស់​លាស់ អំពី​ការ​តម្រូវ​ឲ្យ​ស្នើសុំ​អាជ្ញាធរ​ជា​មុន។ អ្នក​ជំនាញ​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចែង​ឲ្យ​ច្បាស់ អំពី​ការ​ហាមប្រាម​នេះ។

អាជ្ញាធរ​នៅ​តែ​មិន​ទាន់​បក​ស្រាយ​ឱ្យ​ច្បាស់លាស់ ពី​ការ​ហាមឃាត់​សកម្មភាព​ចុះ​យក​ព័ត៌មាន និង​ការ​ចេញ​ផ្សាយ​ព័ត៌មាន ក្នុង​ដែន​ហាមឃាត់​របស់​នគរបាល​នៅ​ឡើយ​ទេ។ ការណ៍​នេះ បណ្ដាល​ឲ្យ​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន ត្អូញត្អែរ​ពី​ការ​លំបាក និង​ព្រួយ​បារម្ភ អំពី​ការ​ប្រឈម​ទោស​ទណ្ឌ ពេល​ចុះ​យក​ព័ត៌មាន។

អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) លោក ស៊ុន ណារិន យល់​ថា ការ​ហាមឃាត់​ការ​យក​ព័ត៌មាន​នេះ មាន​ភាព​មិន​ច្បាស់លាស់ ដែល​អាច​ធ្វើ​ឲ្យ​អាជ្ញាធរ​បកស្រាយ​ដើម្បី​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន​បាន។ លោក​បន្ត​ថា ការ​​តម្រូវ​ឲ្យ​សុំ​អនុញ្ញាត​ មុន​នឹង​យក​ព័ត៌មាន​​បាន ជា​ការ​បង្ហាញ​រូបភាព​មិន​ល្អ ក្នុង​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា៖ « ធម្មតា ប្រសិន​បើ​វា​មាន​ភាព​មិន​ច្បាស់លាស់ អាជ្ញាធរ​បក​ស្រាយ​ដើម្បី​គាប​សង្កត់​លើ​សេរីភាព​អ្នក​សារព័ត៌មាន។ អ៊ីចឹង កាល​ណា យើង​ត្រូវ​យល់​ដែរ ថ្នាក់​ដឹកនាំ ត្រូវ​មាន​ការ​បក​ស្រាយ​ឲ្យ​ច្បាស់​ថា ទី​កន្លែង​សាធារណៈ គឺ​អ្នក​សារ​ព័ត៌មាន​អាច​ចូល​បាន ដោយ​មិន​បាច់​សុំ​ការ​អនុញ្ញាត។ សុំ​ការ​អនុញ្ញាត ចង់​និយាយ​ថា​អ៊ីចេះ ប្រសិន​បើ​យើង​ជា​អ្នក​សារ​ព័ត៌មាន យើង​ទៅ​ដល់ យើង​បង្ហាញ​កាត យើង​ថា សុំ​ចូល​រួម មក​ពី ​ ( ស្ថាប័ន ) នេះ បាន​ហើយ។ សុំ​ការ​អនុញ្ញាត​ហ្នឹង មិន​មែន​បាន​ន័យ​ថា ទាល់​តែ​គេ​អនុញ្ញាត​យល់​ព្រម​ជា​ក្រដាស បាន​យើង​អាច​ចូល​បាន គ្រាន់​ថា យើង​អាច​បង្ហាញ​ខ្លួន ណែនាំ​ខ្លួន យើង​អាច​ចូលរួម​បាន​ហើយ»។

ស្រដៀង​គ្នា​នេះ ចាងហ្វាង​សារ​ព័ត៌មាន​ទូរទស្សន៍​អនឡាញ​ព័ត៌មាន​ប្រជាជន​កម្ពុជា (CPN) លោក ហ៊ុន សុខា ដែល​ធ្លាប់​រង​បណ្ដឹង​ក្នុង​បទ​ព្រហ្មទណ្ឌ ពេល​ចុះ​យក​ព័ត៌មាន​យល់​ថា បម្រាម​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ខ្លះ ខ្លាចរអា​ក្នុង​ការ​ចុះ​ទៅ​យក​ព័ត៌មាន​អំពី​ភាព​អសកម្ម​នានា របស់​សមត្ថកិច្ច។ លោក​បន្ត​ថា ការ​តម្រូវ​ឲ្យ​សុំ​ការ​អនុញ្ញាត​ជាមុន នឹង​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ខក​ខាន​រាយការណ៍​ព័ត៌មាន​​មួយ​ចំនួន។

មិន​តែ​ប៉ុណ្ណោះ លោក​បារម្ភ​​​ថា អ្នក​សារព័ត៌មាន​ខ្លះ​អាច​ប្រឈម​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សុខា សង្កេត​ឃើញ​ថា អ្នក​សារព័ត៌មាន​មួយ​ចំនួន ដែល​មិន​បាន​ឆ្លង​កាត​វគ្គ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ ពិត​ជា​បាន​បំពាន និង​ធ្វើ​ខុស​វិជ្ជាជីវៈ​មែន ប៉ុន្តែ​ លោក​ចង់​ឲ្យ​អាជ្ញាធរ​ប្រើ​ច្បាប់ ​ស្ដីពី​របប​សារ​ព័ត៌មាន ជា​ជាង​ការ​ចាត់​វិធានការ​ព្រហ្មទណ្ឌ៖ « ច្បាប់​ស្ដីពី​របប​សារព័ត៌មាន គឺ​ហាមឃាត់​តែ​កន្លែង​ណា ដែល​រដ្ឋ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ព័ត៌មាន ដូចជា រឿង​យោធា រឿង​អ្វី​អ៊ីចឹង​ទៅ អា​ហ្នឹង យើង​មិន​អាច​ធ្វើ​បាន​ដែរ ក៏​ប៉ុន្តែ​បើ​រឿង​ ឧទាហរណ៍​ថា មន្ត្រី​អនុវត្ត​ច្បាប់ អនុវត្ត​ហើយ ចុះ​បើ​សិន​ជា​យើង​អ្នក​សារ​ព័ត៌មាន​មិន​ថត ឬ​មាន​ក្រុម​ណា​មួយ ដែល​ក្លែង​ជា​មន្ត្រី​សាធារណៈ ស្រាប់​តែ​អ្នក​សារ​ព័ត៌មាន​មិន​ថត អត់​យក​អ៊ីចឹង​ទៅ ហើយ​គេ​ទៅ​ព្រូសៗ បាត់​ទៅ យើង​ទៅ​រក​តម្រុយ​ឯ​ណា ? អា​ហ្នឹង ជា​ការ​លំបាក​មួយ​ដែរ»

ប្រតិកម្ម​នេះ ធ្វើឡើង​ដោយ​សារ​ក្រសួង​ព័ត៌មាន នៅ​តែ​មិន​ទាន់​បង្ហាញ​ភាព​ច្បាស់លាស់ ក្នុង​ការ​ហាម​ឃាត់​សកម្មភាព​​​ចុះ​យក​ព័ត៌មាន ឬ​ផ្សាយ​ផ្ទាល់ ក្នុង​ដែន ដែល​សមត្ថកិច្ច​ហាមឃាត់។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បាន​រំលឹក​អ្នក​សារព័ត៌មាន នៅ​ពេល​ថ្មីៗ នេះ​ថា កុំ​ឲ្យ​ធ្វើ​សកម្មភាព​យក​ព័ត៌មាន នៅ​ទីតាំង​ដែល​មាន​ការ​ហាម​ឃាត់​ ព្រោះ​នេះ​ជា​ការ​អនុវត្ត​ខុស​វិជ្ជាជីវៈ។ លោក​អះអាង​ថា សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ឃាត់​ខ្លួន​អ្នក​សារ​ព័ត៌មាន​នៅ​នឹង​កន្លែង បើ​មិន​ព្រម​ស្ដាប់​តាម​ការ​ហាម​ឃាត់​នេះ។

Khieu_Kanharith_Min_of_Info_FB_011821_1.jpg
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក្នុង​ពេល​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​អគ្គនាយកដ្ឋាន​ទាំង៥ របស់​ក្រសួង នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០២១ ដែល​រម្លឹក​អ្នក​សារព័ត៌មាន​ថា កុំ​ទៅ​ថត​យក​ព័ត៌មាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ហាមឃាត់ កំពុង​បំពេញ​ការងារ។ រូប៖ ហ្វេសប៊ុក​ក្រសួង​ព័ត៌មាន

ជុំវិញ​ករណី​នេះ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃ​ទី​៣ កុម្ភៈ។ តែ​​អ្នក​​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ធ្លាប់​ប្រាប់​អាស៊ី​សេរីថា ​វិធានការ​​​នេះ មិន​ប៉ះពាល់​ដល់​សេរីភាព​អ្នក​សារព័ត៌មាន​ទេ។

លោក​បញ្ជាក់ថា វិធាន​ការ​នេះ ជា​ការ​បង្ការ​កុំ​ឲ្យ​អ្នក​សារ​ព័ត៌មាន​​ខ្លះ បំពាន​សិទ្ធិ​នគរបាល​ និង​​រំខាន​ដល់​កិច្ចការ​របស់​​សមត្ថកិច្ច​ ព្រោះ​កន្លង​មក មាន​អ្នក​សារព័ត៌មាន​ខ្លះ បាន​​ចូល​ទៅ​ផ្សាយ​ផ្ទាល់ ​​ដល់​ក្នុង​ការិយាល័យ​ប៉ូលិស ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​សំណុំ​រឿង ​ដែល​សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ ជា​ដើម។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​យល់​ស្រប​ក្នុង​ការ​ទម្លាក់​កំហុស​រឿង​នេះ ទៅ​លើ​អ្នក​យក​ព័ត៌មាន​តែ​ម្ខាង​នោះ​ទេ។

ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ លោក សុខ សុវណ្ណ យល់​ថា ករណី​ខ្លះ អ្នក​កាសែត ​ពិត​ជា​ត្រូវ​ស្នើសុំ​ពី​នគរបាល​មែន តែ​ករណី​សាធារណៈ​ខ្លះ អាជ្ញាធរ​មិន​គួរ​ដាក់​កម្រិត​ទាល់​តែ​មាន​ការ​យល់​ព្រម​ពី​នគរបាល​ទេ ព្រោះ​ជា​ការ​បំបិទ​សេរីភាព​សារ​ព័ត៌មាន​។ អ្នក​ជំនាញ​រូប​នេះ យល់​ថា ក្រសួង​ព័ត៌មាន​គួរ​តែ​បើក​វគ្គ​បណ្ដុះ​បណ្ដាល ឬ​ចែង​ឲ្យ​ច្បាស់​លាស់​ ពី​ករណី​ហាម​ឃាត់​ទាំង​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​សារ​ព័ត៌មាន៖ « យើង​ចង់​និយាយ​ថា សមត្ថកិច្ច​ចុះ​អនុវត្ត​ជា​សាធារណៈ តែ​រឿង​ហ្នុង វា​ពេល​ខ្លះ ការ​អនុវត្ត​ជា​សាធារណៈ​ ឬ​ក៏​ទៅ​ធ្វើ​អ្វី ជា​សាធារណៈ យើង​ហាម​ឃាត់​អ្នក​កាសែត មិន​ឲ្យ​ថត​ជា​ហ្វីក ថត​ជា​អ្វី​ ដើម្បី​យក​មក​ចុះ​ផ្សាយ អា​ហ្នឹង​វា​ប៉ះពាល់​ដល់​សេរីភាព​អ្នក​សារព័ត៌មាន​ហើយ។ អ៊ីចឹង ពេល​ហ្នុង វា​ធ្វើ​ឲ្យ​អ្នក​មួយ​ចំនួន ដែល​ខូច​ខិល​ហ្នឹង យក​អ្វី ដែល​ក្រសួង​ព័ត៌មាន យក​ទៅ​អនុវត្ត​ ផ្ទុយ​នូវ​សេរីភាព​សារ​ព័ត៌មាន។ អា​ហ្នឹង វា​មាន​ភាព​អវិជ្ជមាន​ច្រើន និង​មាន​ភាព​វិជ្ជមាន​ដែរ»

កាល​ឆ្នាំ២០២០ នគរបាល​បាន​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន ចំនួន ៣នាក់ គឺ​ចាងហ្វាង​គេហទំព័រ​ TVFB លោក សុវណ្ណ រិទ្ធី អ្នក​កាសែត​ជាតិ​ខ្មែរ លោក រស់ សុឃិត និង​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ជា​ម្ចាស់​គេហទំព័រ​រិទ្ធិ​សែន លោក សុខ ឧត្ដម ដាក់​ពន្ធនាគារ ដោយ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ។ ក្រោយ​ពេល​បញ្ជូន​ទៅ​តុលាការ ក្រសួង​ព័ត៌មាន បាន​លុប​ចោល​អាជ្ញាប័ណ្ណ​របស់​ពួក​គេ ដោយ​មិន​រង់​ចាំការ​សម្រេច​ពី​តុលាការ​ថា តើ​ពួក​គេ​មាន​កំហុស ឬ​ក៏​អត់​នោះ​ឡើយ។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporter without border) បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា មាន​ស្ថានភាព​សេរីភាព​សារ​ព័ត៌មាន​អាក្រក់​ដោយ​ស្ថិត​នៅ​លេខ ១៤៤ ក្នុង​ចំណោម​ប្រទេស​សរុប ១៨០។ អង្គការ​នេះ​រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន នៅ​ឆ្នាំ២០២០ នៅ​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ការ​គំរាម​កំហែង​ ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្ម​ទណ្ឌ និង​ការ​បង្កើត​ច្បាប់​ថ្មី ដែល​មាន​ចរិត​រឹតត្បិត​សេរីភាព​សារព័ត៌មាន ដូចជា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។