ប្រពន្ធសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ចូលបំភ្លឺតុលាការភ្នំពេញ ពាក់ព័ន្ធនឹងរឿងប៉ូលិស វាយធ្វើទារុណកម្មកូនប្រុសរបស់ខ្លួនគឺកុមារា កាក់ សុវណ្ណច្ឆ័យ ក្នុងពេលចាប់ខ្លួនកាលពីដើមខែតុលា។ លោកស្រីស្នើសុំឱ្យតុលាការចាប់វិធានការលើរឿងនេះឱ្យបានធ្ងន់ធ្ងរតាមច្បាប់។
ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ លោកស្រី ព្រុំ ចាន់ថា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៣ វិច្ឆិកាថា ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ លោក សេង ហៀង បានសាកសួរលោកស្រី និងកូនប្រុសរបស់គាត់ គឺកុមារ កាក់ សុវណ្ណច្ឆ័យ អំពីដំណើររឿង ដែលប៉ូលិសសង្កាត់ចក្រអង្រែលើវាយធ្វើបាប ក្នុងពេលចាប់ខ្លួន កាលពីថ្ងៃទី៤ តុលា។ លោកស្រី ចាត់ទុករឿងនេះថា ជាការធ្វើទារុណកម្មកុមារដោយអយុត្តិធម៌ និងទាមទារឱ្យតុលាការចាប់ជនល្មើសផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដោយមិនមានការលើកលែងឡើយ៖ «គាត់ធ្វើប៉ូលិស គឺការពារប្រជាពលរដ្ឋ និងមើលការខុសត្រូវប្រជាពលរដ្ឋដល់ពេលហើយ មកធ្វើលើប្រជាពលរដ្ឋអីចឹង ហើយកូនខ្ញុំអត់ដែលមានគំនុំអីជាមួយពួកគាត់ផង ហើយគាត់ចាប់អីចឹង។ ត្បិតតែគាត់ថាចូលកន្លែងហាមឃាត់ចុះ ក៏ប៉ុន្តែយើងគួរប្រាប់គាត់ថា អូនឯងចូលហ្នឹងខុសហើយតំបន់គេហាមឃាត់ ហើយដោះលែងគ្នាវិញមក ព្រោះគ្នាអត់មានខុសអីផង។ ហើយគាត់ចេះតែចាប់ដាក់ខ្នោះគេតាមអំពើចិត្តក្មេងសោះវាអត់ត្រូវទេ វាអយុត្តិធម៌ ) ណាស់សម្រាប់ក្មេង។ កូនខ្ញុំនិយាយពាក្យត្រង់ណាស់ទៅមុខទៅក្រោយនៅតែពាក្យប៉ុណ្ណឹង ឈរលើគោលការណ៍ពិតប្រាកដ វាយគាត់ពិតមែនតែអត់មានស្លាកស្នាមតែគាត់ឈឺគាត់និយាយអ៊ីចឹង » ។
លោកស្រីឱ្យដឹងថា ប៉ូលិសសង្កាត់ចក្រអង្រែលើបានដាល់លើផ្ទៃមុខ និងលើដើមទ្រូងកូនរបស់លោកស្រីជាច្រើនដៃ ខណៈដែលដៃរបស់គេកំពុងជាប់ខ្នោះ។ បន្ថែមពីនេះ ក្រោយពេលចាប់ខ្លួននោះ ប៉ូលិស ខណ្ឌមានជ័យ បានថតរូប កុមារា កាក់ សុវណ្ណឆៃ ទាំងដៃទាំងពីជាប់ខ្នោះ និងកាន់ទង់គណបក្សសង្គ្រោះជាតិមានរូបព្រះអាទិត្យ ហើយត្រូវបានចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក។
លោកស្រី ព្រុំ ចាន់ថា និងកូនប្រុសបានវិលត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី៣ វិច្ឆិកា បន្ទាប់ពីចូលបំភ្លឺតុលាការអស់ប្រមាណ ២ម៉ោង។
កាលពីថ្ងៃទី១៦ តុលា លោកស្រី ព្រុំ ចាន់ថា បានប្ដឹងទៅតុលាការក្រុងភ្នំពេញឱ្យចាត់វិធានការនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ គឺលោក ជា រតនា និងបក្សពួក ដោយចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា ធ្វើឱ្យប៉ះពាល់ដល់សេរីភាពបុគ្គល និងបទឃុំខ្លួនអនីតិជនដោយខុសច្បាប់។
អាស៊ីសេរីមិនអាចទាក់ទងអធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣ វិច្ឆិកា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ធ្លាប់មានប្រសាសន៍ថាប៉ូលិសពុំបានវាយធ្វើបាបកុមារកាក់ សុវណ្ណច្ឆ័យដូចការចោទប្រកាន់នោះឡើយ។
កុមារា កាក់ សុវណ្ណច្ឆ័យ អាយុ ១៥ឆ្នាំ ជាកូនប្រុសសកម្មជនគណបក្សប្រឆាំងលោក កាក់ កុម្ភារ ដែលតុលាការចាប់ខ្លួន កាលថ្ងៃទី៣១ ខែឧសភា ហើយបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ កុមារារូបនេះមានជំងឺអូទីហ្សឹម (Autism) តាំងពីកំណើត និងមានខួរក្បាលខុសប្រក្រតីជាញឹកញាប់ ដែលនិយាយប៉ប៉ាច់ប៉ប៉ោចទៅតាមអារម្មណ៍របស់ខ្លួន។ ប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើ បានឃុំខ្លួន កុមារកាក់ សវណ្ណច្ឆ័យ មួយយប់ និងបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមួយយប់ទៀត ហើយបង្ខំឲ្យធ្វើកិច្ចសន្យា និងថតវីដេអូសុំទោសមុននឹងដោះលែងវិញ។ ការចាប់ខ្លួននេះក្នុងពេល ដែលកុមាររូបនេះចូលទៅប្រមូលទង់គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្ដាលគណបក្សនេះ កាលពីរសៀលថ្ងៃទី៤ តុលា។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការដាក់ខ្នោះដៃ និងវាយធ្វើទារុណកម្មលើកុមារជាអំពើខុសច្បាប់ និងអសីលធម៌។លោកបញ្ជាក់ថា តុលាការគួរតែចាត់ការរឿងនេះឱ្យបានឆាប់ និងឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីធ្វើមេរៀនកុំឱ្យសមត្ថកិច្ចចេះតែវាយធ្វើបាបកុមារតាមអំពើចិត្តបន្តទៀត៖ «ពីព្រោះយើងដឹងហើយ ដើម្បីកុំឱ្យមាននិទ្ទណ្ឌភាព ពីព្រោះថាបើសិនជាសមត្ថកិច្ចក៏ប្រព្រឹត្តិខុសច្បាប់ គាត់ប្រព្រឹត្តរំលោភទៅលើច្បាប់ហើយ បែរជាគាត់រួចខ្លួនពីសំណាញ់ច្បាប់អាហ្នឹងហើយ គេហៅនិទ្ទណ្ឌភាព។ បើយើងនិយាយថា នីតិរដ្ឋអត់មាននិទ្ទណ្ឌភាពទេ មានន័យថា មនុស្សទាំងអស់ត្រូវតែស្មើភាពគ្នា ចំពោះមុខច្បាប់ បើសិនជាមានការប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលទោសដូចគ្នា។ ដូច្នេះ បើសិនជាសមត្ថកិច្ចគាត់ប្រព្រឹត្តខុសហើយគ្រាន់តែដាក់វិន័យឬក៏មិនមានការផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយផ្ដន្ទាទោសដូចពលរដ្ឋធម្មតា អាហ្នឹងគេហៅថា អំពើនិទ្ទណ្ឌភាពហើយ » ។
ក្រមព្រហ្មទណ្ឌមានត្រា ៩៦ ចែងថា ការឃាត់ខ្លួនបុគ្គលជាអនីតិជនមិនអាចពន្យារពេលបានទេ ចំពោះបទមជ្ឈិមវិញ កុមារដែលមានអាយុចាប់ពី ១៤ឆ្នាំ ដល់ក្រោយ ១៦ឆ្នាំ សមត្ថកិច្ចមិនអាចឃាត់ខ្លួនលើសពី ២៤ម៉ោងបានឡើយ។ តាមក្រមព្រហ្មទណ្ឌមាត្រា ២១០ ចែងថា ទារុណកម្ម ឬអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំដល់ ១៥ឆ្នាំ។ លើសពីនេះ ប្រសិនបើការប្រព្រឹត្តអំពើទារុណកម្ម និងអំពើឃោរឃៅបែបនេះ លើបុគ្គលទន់ខ្សោយដោយមូលហេតុនៃអាយុ លើស្ត្រីមានគភ៌ ឬលើបុគ្គលទន់ខ្សោយ ពិសេសដោយហេតុនៃជំងឺ ឬពិការភាព អាចផ្ដន្ទាទោសចាប់ពី ១០ឆ្នាំទៅ ២០ឆ្នាំ។ ពាក់ព័ន្ធនឹងករណីចាប់ឃុំខ្លួន និងធ្វើទារុណកម្មលើកុមារា កាក់ សុវណ្ណច្ឆ័យ នេះដែរ ប្រធានផ្នែកទំនាក់ទំនងនៃអង្គការយូនីសេហ្វ ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិកុមារ អ្នកស្រី រូឌីណា វ៉ូចវ៉ូដា (Rudina Vojvoda) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថ្មីៗ នេះថា កុមារគ្រប់រូបមិនត្រូវប្រឈមនឹងអំពើទារុណកម្ម ឬលក្ខខណ្ឌនៃការឃុំឃាំងបែបអមនុស្សធម៌ឡើយ។ អ្នកស្រីពន្យល់ថា ការឃុំខ្លួនកុមារ មានន័យថា ជាការដកសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេ ហើយអាចបំផ្លាញដល់សុខភាព និងការអភិវឌ្ឍន៍របស់កុមារ។ អ្នកស្រីបន្តថា ផលវិបាកនៃទង្វើនេះ ធ្វើឲ្យកុមារបាត់បង់កុមារភាពរបស់ពួកគេ ហើយអាចបន្សល់ទុកនូវស្លាកស្នាមជ្រាលជ្រៅនៅក្នុងជីវិតរបស់កុមារ និងប៉ះពាល់ដល់គ្រួសារ និងសង្គមទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។