អាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួនសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស រឿងចុះបង្រៀនពលរដ្ឋ

0:00 / 0:00

សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស៍​លោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភឹង សោភា នៅ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ នេះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពី ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលា​ស្រុក​គងពិសី​ពេល​អ្នក​ទាំង​ពីរ ចុះ​បង្រៀន​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ប៉ុន្តែ​បាន​ដោះលែង​វិញ ក្រោយ​ពី​សាកសួរ​។

ពលរដ្ឋ​ដែល​ចូលរួម​រៀន​សូត្រ​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស៍​ជាមួយ​លោក ស្រ៊ុន ស្រ៊ន នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី ១១ កុម្ភៈ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន​នេះ ដោយសារ លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ចុះ​ទៅ​បង្រៀន​ពលរដ្ឋ ​អំពី​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ដោយ​មិន​បាន​សុំ​អាជ្ញាធរ​ជា​មុន។

ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា មាន​ពលរដ្ឋ​ច្រើន​នាក់​ចូល​រៀន ហើយ​លោក​ងឿង​ឆ្ងល់​ថា គ្រាន់​តែ​ពលរដ្ឋ​ជួយ​បង្រៀន​ច្បាប់​សោះ ហេតុ​អ្វី​បែរជា​ត្រូវ​សុំ​ច្បាប់ និង ត្រូវ​ឃាត់​ខ្លួន?

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «អត់​ដឹង​ចង់​និយាយ​ថា ម៉េច​ដែរ? អត់​យល់ថា ហេតុ​អី​គ្រាន់​តែ​ពលរដ្ឋ​បង្រៀន​ច្បាប់​ក៏​ឃាត់​ខ្លួន​អ៊ីចឹង​។ ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​ប៉ុណ្ណឹង​ទេ។ ចង់​ដឹង​ថា ហេតុ​អី​ពលរដ្ឋ​បង្រៀន​បែរជា​ឃាត់ខ្លួន?»។

សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន នៅ​ល្ងាច​ថ្ងៃទី១១ ខែកុម្ភៈ បាន​សរសេរ​សារ​ខ្លី​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ភ្ជាប់​នឹង​ក្រដាស​មួយ​សន្លឹក​គ្មាន​កាល​បរិច្ឆេទ ដែល​មាន​ស្នាម​មេដៃ​របស់​លោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភឹង សោភា ថា បងប្អូន​កុំ​បារម្ភ អាជ្ញាធរ​ស្រុក​គង​ពិសី គ្រាន់​តែ​ហៅ​សួរ​ព័ត៌មាន​ប៉ុណ្ណោះ។

ប៉ុន្តែ​នៅ​លើ​លិខិត​ដែល​បង្ហោះ​នោះ គេ​ឃើញ​សរសេរ​តម្រូវ​ឱ្យ​សកម្មជន​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ត្រូវ​ជូន​ដំណឹង​ដល់​ម្ចាស់​ផ្ទះ ឱ្យ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​អំពី​ការ​រៀន​ច្បាប់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ ច្បាប់​សិទ្ធិ​មនុស្ស​កម្ពុជា និង​ច្បាប់​ភូមិបាល​ជា​ដើម​។ បន្ថែម​ពី​នេះ ពួកគេ​ក៏​មិន​ត្រូវ​ជាប់​និន្នាការ​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​លោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភឹង សោភា បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ​។ យ៉ាង​ណា កញ្ញា ភឹង សោភា បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ហ្វេសប៊ុក បន្ទាប់​ចេញ​ពី​សាលា​ស្រុក​គង​ពិសី ថា រឿង​នេះ​ជា​ការ​អញ្ជើញ​របស់​អាជ្ញាធរ ឱ្យ​ទៅ​ពិភាក្សា​ដោយសារ​អាជ្ញាធរ​ចង់​ដឹង​ព័ត៌មាន​មួយ​ចំនួន។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​ស្រុក​គងពិសី​លោក ចែម ភីនរឹម វុទ្ធី និង​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែកុម្ភៈ​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​(LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១១ ខែកុម្ភៈ ថា ការ​បង្រៀន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស៍ ២៣ តុលា ១៩៩១ ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​មិន​ខុស​ច្បាប់​ទេ។

លោក អំ សំអាត​៖ «ដើម្បី​រំឭក និង​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​អំពី​អ្វី​ទៅ​ជា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស៍ វា​មាន​សារសំខាន់​សម្រាប់​កម្ពុជា​យើង។ ខ្ញុំ​ថា​ វា​អត់​មាន​អ្វី​ខុស​ច្បាប់ ហើយ​អាជ្ញាធរ​គួរ​មាន​ការ​បើក​ទូលាយ​សម្រាប់​លោក ស្រ៊ុន ស្រ៊ន ក៏​ដូច​ជា​សហការី​របស់​គាត់​ក្នុង​បង្រៀន និង​ផ្សព្វផ្សាយ​អំពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស៍​នេះ»។

លោក អំ សំអាត ថា ប្រទេស ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ គឺ​គេ​ចង់​ឱ្យ ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស និងច្បាប់ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ចំណេះ​ដឹង​ខាង​ផ្លូវ​ច្បាប់ ដើម្បី​រស់​នៅ​ចេះ​គិត​ថ្លឹង​ថ្លែង ​ប្រកប​ដោយ​សុខដុមរមនា និង​សន្តិវិធី ពីព្រោះ​រាល់​ដំណោះស្រាយ​ត្រូវ​ប្រើ​ច្បាប់​ និង​សន្តិវិធី​។

កាល​ពី​រសៀល​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២៣ លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ធ្លាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ៣ នាក់ ព្រួត​វាយ​បណ្ដាល​ឱ្យ​លោក ស្រ៊ុន ស្រុន របួស​ហូរ​ឈាម​ក្បាល​បែក​ខាង​ក្រោយ ក្រោយ​ពេល​ពួកគេ​បង្រៀន​កិច្ច​ព្រមព្រៀង ​សន្តិភាព​ទី​ក្រុង​ប៉ារីស​ដល់​ពលករ​ខ្មែរ នៅ​ខេត្ត​សមុទ្រ​ប្រាកាន (​Samut Prakan​) ជាប់​ទី​ក្រុង​បាងកក (​Bangkok​) ប្រទេស​ថៃ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។