អាជ្ញាធរ​ខេត្ត​កំពត​​ដោះលែង​ពលរដ្ឋ​៩​នាក់​និង​ព្រះ​សង្ឃ​មួយ​អង្គ​ក្រោយ​ពី​ឃាត់​ខ្លួន​សួរ​នាំ​ជិត​២០​ម៉ោង

អភិបាលខេត្ត​កំពត លោក ម៉ៅ ធនិន ថ្លែងនៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
អភិបាលខេត្ត​កំពត លោក ម៉ៅ ធនិន ថ្លែងនៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ (រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តកំពត)

0:00 / 0:00

អាជ្ញាធរ​ក្រុង​កំពត​សម្រេច​ដោះ​លែង​ពលរដ្ឋ ៩​នាក់​ និង​ព្រះ​សង្ឃ​មួយ​អង្គ ក្រោយ​ពី​ឃាត់​ខ្លួន​សួរ​នាំ​ជិត​២០​ម៉ោង​ពាក់ព័ន្ធ​នឹង​ការ​ជួប​ជុំ​គ្នា​ផ្សាយ​ផ្ទាល់​ពី​អត្ថន័យ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ក្នុង​ខួប​៣៣​ឆ្នាំ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣ តុលា។

ទោះ​ជា​យ៉ាង​ណា​ក្តី​ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ។

អាជ្ញាធរ​ក្រុង​កំពត​បាន​តាក់​តែង​លិខិត​មួយ​ច្បាប់​ឲ្យ​ពលរដ្ឋ​ និង​ព្រះសង្ឃ​មួយ​អង្គ​ផ្ដិត​មេដៃ សន្យា​ឈប់​ធ្វើ​សកម្ម​ផ្សព្វផ្សាយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ច្បាប់​ផ្សេងៗ​ទៀត ​រួម​ទាំង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ផង ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន។

នេះ​បើ​យោង​តាម​លិខិត​របស់​អាជ្ញាធរ​ក្រុង​កំពត​ ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​តាមរយៈ​ពលរដ្ឋ​ដែល​អាជ្ញាធរ​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី២៣ តុលា។

ពលរដ្ឋ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​បន្ទាប់​ពី​អាជ្ញាធរ​ដោះលែង​ថា ​ពួក​គាត់​ព្រម​ផ្ដិត​មេដៃ​នេះ​ទាំង​បង្ខំ​ចិត្ត​ ព្រោះ​ពួក​គាត់​មិន​មាន​កំហុស​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ទេ​ដែល​អនុវត្ត​ខុស​ច្បាប់ និង​តួនាទី លើ​ពួក​គាត់​ ព្រម​ទាំង​ រំលោភ​សិទ្ធិ​ពលរដ្ឋ​ និង​រំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «បើ​និយាយ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​អី​ខុស​ទេ​ ឬ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខាត​ប្រយោជន៍​ដល់​បុគ្គល​ណា ​ឬ​បង្ក​ភាព​ចលាចល​ដល់​សង្គម​គឺ​អត់​មាន​ទេ​ រដ្ឋធម្មនុញ្ញ​គឺ​បាន​ចែង​អំពី​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ»។

អាជ្ញាធរ​ក្រុង​កំពត​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៩​ នាក់​និង​ព្រះសង្ឃ​មួយ​អង្គ ​ដែល​បាន​ជួប​ជុំ​គ្នា​ផ្សាយ​ផ្ទាល់​អត្ថន័យ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​ត្រង់​ម្តុំ​សួន​ច្បារ​ក្រុង​ ជាប់​មាត់​ព្រែក​កំពត ​ក្បែរ​រូប​សំណាក​ព្រះ​អង្គឌួង​ កាល​ពី​ម៉ោង​ជាង​៨​ព្រឹក។ បន្ទាប់​មក​បាន​បញ្ជូន​ពួក​គាត់​ទៅ​សួរ​នាំ​នៅ​សាលា​ក្រុង​កំពត រួច​ហើយ​បន្ត​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ក្រុង​កំពត​ រហូត​ដល់​ម៉ោង​ជិត ១០​យប់​ថ្ងៃ​ដដែល​នេះ​។
ពលរដ្ឋ​ទាំង​នោះ​មួយ​ចំនួន​រស់​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប និង​ចំណែក​យុវជន​មួយ​រូប និង​ព្រះសង្ឃ​មួយ​អង្គ​ និមន្ត​ពី​ខេត្ត​ព្រៃវែង។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អាជ្ញាធរ​ក្រុង​កំពត ដើម្បី​បក​ស្រាយ​អំពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក (Adhoc) ប្រចាំ​ការិយាល័យ​ខេត្ត​កំពត លោក យន់ ផល្លី ដែល​បាន​តាម​ដាន​រឿង​នេះ ​យល់​ឃើញ​ថា ​ពលរដ្ឋ​បាន​យល់​ដឹង​ នឹង​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួក​គាត់​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់។

លោក យន់ ផល្លី៖ «អ៊ីចឹង​ពលរដ្ឋ​ទាំង​អស់​គាត់​អាច​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​មជ្ឈដ្ឋាន​ទូទៅ​មាន​ការ​យល់​ដឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង...»។

ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ អាជ្ញាធរ​រដ្ឋាភិបាល​លោក ​ហ៊ុន ម៉ាណែត កាល​ខែ​កក្កដា បាន​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ចំនួន ៤នាក់ ​គឺ​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ និង​លោក ចក់ ប៊ានមុន្នី។ មក​ដល់​ពេល​នេះ​អ្នក​ទាំង​៤​នោះ ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។