សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរនៅថ្ងៃទី០៣ តុលា បានចេញ សេចក្ដីថ្លែងការណ៍សម្ដែងការខកចិត្តដែលសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យយុវជនចលនាមាតាធម្មជាតិទៅទទួលពានរង្វាន់កម្រិតអន្តរជាតិនៅប្រទេសស៊ុយអែត (Sweden)។ ប្រតិកម្មនេះបន្ទាប់ពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ កាលពីថ្ងៃទី២ តុលា បដិសេធសំណើសុំទៅទទួលពានរង្វាន់រ៉ាយ ឡាយលីហូដ (Right Livelihood) នៅក្រៅប្រទេសរបស់យុវជនចលនាមាតាធម្មជាតិ ។
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាព និងលើកទឹកចិត្តដល់យុវជនដែលខិតខំការពារធនធានធម្មជាតិឱ្យមានឱកាសទៅទទួលពានរង្វាន់លំដាប់អន្តរជាតិនៅក្រៅប្រទេស។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ តុលា ថា គោលបំណងនៃការចេញសេចក្ដីថ្លែងការណ៍នេះគឺដើម្បីបង្ហាញដល់រដ្ឋាភិបាលគួរតែមានមោនភាពនៅពេលដែលយុវជនខ្មែរមានឆន្ទៈការពារធនធានធម្មជាតិរហូតទទួលបានពានរង្វាន់លំដាប់អន្តរជាតិ។ លោកបន្តថា ការរឹតត្បិតសិទ្ធិសេរីភាពក្រុមយុវជនមិនឱ្យចេញក្រៅប្រទេសគឺកាន់តែធ្វើឱ្យអន្តរជាតិមើលឃើញពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជារឹតតែធ្ងន់ធ្ងរ។
លោក កើត សារ៉ាយ៖ « ចំណុចទី២វាបង្ហាញទៅអន្តរជាតិថាតុលាការ នៅកម្ពុជានៅតែគ្មានភាពឯករាជ្យនៅតែគ្មានឆន្ទៈក្នុងការស្វែងរកភាពត្រឹមត្រូវ និងយុត្តិធម៌ដល់សកម្មជនបរិស្ថាននោះទេដូច្នេះហើយនេះជាភាពខាតដែលធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាកាន់តែអាក្រក់ ធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាមិនល្អដែលវាផ្ទុយពីរដ្ឋាភិបាលកន្លងមកដែលកំពុង ខិតខំបានព្យាយាមបង្កើតទំនាក់ទំនងល្អឡើងវិញជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យ » ។
សេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី០៣ តុលា សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញដើម្បីផ្ដល់ឱកាសដល់យុវជនបរិស្ថាន អាចទៅទទួលពានរង្វាន់លំដាប់សាកលលោក ក្នុងការបង្ហាញពីឆន្ទៈរបស់តុលាការចូលរួមគិតគូរពីបញ្ហាបរិស្ថាន និងផ្ដល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ ។ លើសពីនេះគឺជាការបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលថ្មី ក្នុងការគោរពសិទ្ធិមនុស្ស និងផ្សះផ្សាជាតិតាមរយៈការអត់ឱនឱ្យគ្នាទៅវិញទៅមក ។
តុលាការបានដោះលែងក្រុមយុវជនចលនាមាតាធម្មជាតិ ៦នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នក្រោមបទចោទ«ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងបម្រាមមួយចំនួន ក្នុងនោះក៏មានការមិនអនុញ្ញាតឱ្យចេញទៅក្រៅប្រទេសដោយគ្មានការយល់ព្រមពីតុលាការផងដែរ។
សេចក្ដីថ្លែងការណ៍ដដែលបង្ហាញថា ការរឹតត្បិតសិទ្ធិសេរីភាពរបស់យុវជនចលនាមាតាធម្មជាតិមិនឱ្យទៅទទួលពានរង្វាន់ រ៉ាយ ឡាយលីហូដ (Right Livelihood) គឺជាការរំលោភមាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលចែងថា សេរីភាព និងសន្តិសុខរបស់មនុស្សគ្រប់រូបមិនត្រូវបានបង្កឱ្យមានរបួសស្នាមទាំងផ្នែករាងកាយ និងផ្លូវចិត្តឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី០៣ ខែតុលា។
យុវជនចលនាមាតាធម្មជាតិដែលបានដាក់ញត្តិទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសុំការអនុញ្ញាតទៅទទួលពានរង្វាន់នៅក្រៅប្រទេសរួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ ប៉ុន្តែមិនត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាត និងចារដោយខ្លីថាមិនមានភាពចាំបាច់។
ទាក់ទិនបញ្ហានេះប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា លោកគាំទ្រចំពោះសេចក្ដីថ្លែងការណ៍ និងសោកស្ដាយដែលរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះធនធានយុវជនដែលមានស្រាប់។ លោកបន្តថារដ្ឋាភិបាលអនុវត្តច្បាប់លំអៀងរវាងក្រុមយុវជនមានមនសិការជាតិ និងក្រុមអ្នកមានលុយមានអំណាចដែលតែងទទួលបានការអនុគ្រោះពីរដ្ឋាភិបាល។
លោក នី សុខា៖ « ទី១គឺគាត់ពិតជាមានការប៉ះទង្គិចទៅនឹងអារម្មណ៍របស់គាត់ខ្លាំងណាស់ដោយសារតែគាត់យល់ថាហេតុអ្វីបានជាគាត់ជាអ្នកការពារផលប្រយោជន៍សម្រាប់សង្គមបែរជាត្រូវរងទណ្ឌកម្មមួយដែលមិនសាកសមបែបនេះទៅវិញ ផ្ទុយទៅវិញគាត់គួរណាស់តែទទួលបានការលើកទឹកចិត្តការគាំទ្រពីរដ្ឋាភិបាល » ។
ពានរង្វាន់រ៉ាយ ឡាយលីហូដ (Right Livelihood) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨០ នៅប្រទេសស៊ុយអែត(Sweden) ។ គិតមកទល់បច្ចុប្បន្នមានអ្នកទទួលបានពានរង្វាន់ចំនួន ១៩៤នាក់ មកពីបណ្ដាប្រទេសចំនួន៧៦ ។ ពានរង្វាន់ រ៉ាយ ឡាយលីហូដ (Right Livelihood) ត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់ឱ្យអ្នកអ្នកការពារសិទ្ធិមនុស្ស ការពារសិទ្ធិជនជាតិដើមភាគតិច និងអ្នកការពារធនធានធម្មជាតិជាដើម។ ការផ្ដល់ពានរង្វាន់នេះ ក្រោយពីគណៈកម្មាធិការ របស់ស្ថាប័ន Right Livelihoodបានវាយតម្លៃ លើភាពក្លាហាន និងការច្នៃប្រឌិតក្នុងការតស៊ូមតិប្រឆាំងនឹងអំពើអយុត្តិធម៌ក្នុងសង្គមរបស់ក្រុមចលនាមាតាធម្មជាតិ ក្នុងការការពារធនធានធម្មជាតិដែលស្ថិតក្នុងស្ថានភាពរឹតត្បិតសិទ្ធិសេរីភាពធ្ងន់ធ្ងរ ការយាយីតាមផ្លូវច្បាប់ និងការគំរាមកំហែងជាដើម។ ក្នុងឆ្នាំ២០២៣នេះមានមនុស្សចំនួន៤ក្រុមប៉ុណ្ណោះដែលទទួលបានពានរង្វាន់កម្រិតអន្តរជាតិ ក្នុងនោះក៏មានក្រុមមកពីប្រទេសកម្ពុជាផងដែរ គឺក្រុមចលនាមាតាធម្មជាតិ ដែលពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ វិច្ឆិកា ក្នុងទីក្រុងស្តុកហូម (Stockholm)។
កាលពីចុងឆ្នាំ២០២១ សកម្មជនចលនាមាតាធម្មជាតិ ក៏ទទួលបានពានរង្វាន់សកម្មជនជួរមុខពីអន្តរជាតិ Frontline Defenderចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
ពាក់ព័ន្ធនឹងរឿងនេះដែរអង្គការ(Livelihood)ចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៣ តុលាសំដែងការសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការហាមឃាត់មិនឲ្យតំណាងសកម្មជនចលនាមាតាធម្មជាតិអាចមកទទួលពានរង្វាន់នៅប្រទេសស៊ុយអែត។ អង្គការនេះបញ្ជាក់ថាខ្លួនមានមោទនភាពចំពោះកិច្ចការរបស់ចលនាមាតាធម្មជាតិ ហើយបន្តឈរជាសាមគ្គីភាពនឹងសកម្មជនចលនាមាតាធម្មជាតិចំពោះកិច្ចខំប្រឹងប្រែងជាបន្តដើម្បីការពារបរិស្ថាននិងការរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរក្នុងជំនាន់បច្ចុប្បន្ននិងអនាគត។ អង្គការ(Livelihood)សំណូមពរជាថ្មីឲ្យតុលាការពិចារណាឡើងវិញចំពោះការហាមឃាត់យុវជនសកម្មជនបរិស្ថានដើម្បីពួកគេអាចទទួលយកពានរង្វាន់ការពារបរិស្ថានដោយផ្ទាល់។អង្គការនេះចាត់ទុកវិធានការរបស់រដ្ឋាភិបាលថាជាភស្តុតាងថ្មីមួយទៀតដែលបង្ហាញឲ្យឃើញថា ការចាប់ឃុំខ្លួនសកម្មជន១១នាក់កន្លងទៅគ្មានភាពយុត្តិធម៌ និងបង្ខំបណ្ដេញចេញអតីតស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក (Alejandro Gonzalez-Davidson) ពីកម្ពុជានិងការបន្តធ្វើទុក្ខបុកម្នេញដោយប្រើប្រាស់តុលាការប្រឆាំងសកម្មជនចលនាមាតាធម្មជាតិ។
អង្គការ(Livelihood)ប្រកាសនឹងផ្ដល់ពានរង្វាន់ឲ្យចលនាមាតាធម្មជាតិនៅថ្ងៃទី២៩ វិច្ឆិកាទោះបីមានវត្តមានឬគ្មានវត្តមានតំណាងសកម្មជនបរិស្ថានក្ដី៕