ខ្មែរក្រោមក្នុង និងក្រៅប្រទេសទាមទារទៅអាជ្ញាធរវៀតណាម ខេត្តក្រមួនស ឱ្យដោះលែងពលរដ្ឋខ្មែរក្រោមម្នាក់ឱ្យមានសេរីភាពឡើងវិញ ក្រោយអាជ្ញាធរវៀតណាម បានចាប់ និងឃុំខ្លួនមិនទាន់ដោះលែងពាក់ព័ន្ធករណីជម្លោះដីធ្លីក្នុងខេត្តនេះ។ ប្រធានអន្តរសាសនា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្រៅប្រទេសថា អង្គការលោកនឹងប្ដឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិ បើវៀតណាមមិនព្រមដោះលែងពលរដ្ឋខ្មែរក្រោមរូបនោះទេ។
សាច់ញាតិបុរសខ្មែរក្រោម ដែលត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន និងសមាគមខ្មែរក្រោមមួយចំនួនកំពុងរៀបចំធ្វើញត្តិដាក់ទៅអាជ្ញាធរ និងរដ្ឋាភិបាលវៀតណាម ស្នើឱ្យដោះលែងលោក លោក ហ្វិន យ៉ាងដៀប ដែលកំពុងជាប់ឃុំនោះមកវិញ។ ក្រៅពីនេះ ពួកគេក៏ស្វះស្វែងរកអ្នកច្បាប់ ឬមេធាវីដើម្បីតតាំងតាមផ្លូវច្បាប់ផងដែរ។
លោកស្រី ហ្វិន ធី ហូវ ដែលត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន ប៉ុន្តែត្រូវដោះលែងមកវិញ និងជាប្អូនស្រីលោក វិន វ៉ាងឌៀប ឱ្យអាស៊ីសេរីដឹងថ្ងៃទី៩ ខែមិថុនាថា អាជ្ញាធរវៀតណាមបានវាយ និងប្រើដំបង ឆក់ពួកលោកស្រី ឱ្យដួលទៅនឹងដីរួចទើបវាយខ្នោះបញ្ជូនឡើងឡាន យកទៅសាលាឃុំប៉ប្រក់ នៃខេត្តក្រមួនស ដែលវៀតណាមហៅថា កៀង ញ៉ាង (Kien Giang)។ លោកស្រីបន្តថា បើទោះលោកស្រី យំអង្វរសុំកុំចាប់ខ្លួនលោកស្រីដែលជាមានកូនខ្ចីក៏អាជ្ញាធរមិនស្ដាប់ដែរ៖ «ប្ដីខ្ញុំហ្នឹងគេដាក់ស្លាបសេក ហើយជាន់នៅហ្នឹងថ្នល់គេដំបងឆកគេគ្នាគេប្រាំនាក់សង្កត់ប្ដីខ្ញុំ រូបខ្ញុំទើបសម្រាលកូនបានមួយខែកន្លះគេប្រាំនាក់មកសង្កត់ខ្ញុំហើយខ្ញុំសូមអង្វរទៀតថា កុំចាប់ខ្ញុំអីព្រោះអីខ្ញុំកូនខ្ចី»។
អាជ្ញាធរវៀតណាមជាង ៥០នាក់ កាលពីយប់ទី៧ មិថុនា បានចុះចាប់ខ្លួនពលរដ្ឋខ្មែរក្រោមមួយគ្រួសារ ដែលមានសមាជិក ៦នាក់ ក្នុងមានស្ត្រីម្នាក់ទើបសម្រាលកូនជាងខែផង ដោយចោទប្រកាន់ថា ពួកគេដឹកនាំបះបោរធ្វើការទន្ទ្រានយកដីដែលកំពុងមានជម្លោះទំហំជាង ៣.០០០ហិកតារ។
លោកស្រី ហ្វិន ធី ហូវ រៀបរាប់ទៀតថា ពេលបញ្ជូនដល់សាលាឃុំ ក្រោយការសាកសួរជាង ២ម៉ោង អាជ្ញាធរ វៀតណាម បានដោះលែង លោកស្រី ប្ដីលោកស្រី សាច់ញាតិទាំងអស់៥នាក់ឱ្យមកផ្ទះវិញ ដោយឡែកចំពោះបងប្រុសរបស់លោកស្រី គឺ លោក វិន វ៉ាងឌៀប អាជ្ញាធរ វៀតណាម មិនដោះលែងទេ។ ស្ត្រីខ្មែរក្រោមរូបនេះបន្តទៀតថា ក្រោយការចាប់ខ្លួនបងប្រុសលោកស្រី និងសាច់ញាតិលោកស្រីបានព្យាយាមទៅសួរដំណឹង ប៉ុន្តែ អាជ្ញាធរវៀតណាមព្យាយាមលាក់បាំងទីកន្លែងឃុំដោយដោយម្ដងប្រាប់ថា ឃុំខ្លួននៅសាលាស្រុក ម្ដងថា ឃុំខ្លួននៅសាលាខេត្ត៖ «ពួកឃុំពួកស្រុកគេចោទគាត់ ( លោក វិន វ៉ាងឌៀប ) ដឹកនាំប្រជារាស្ត្រទៅយកដីហ្នឹង ប៉ុន្តែគាត់ជាអ្នកស៊ីឈ្នួលទេ គាត់មិនមែនជាម្ចាស់ដីទេ ម្ចាស់ដីគេជួលគាត់ សងសេរីភាពឱ្យបងខ្ញុំនឹកឃើញតូចចិត្តអស់ទាស់ដែរ»។
ពលរដ្ឋខ្មែរក្រោមដែលរងគ្រោះដោយសារតែការបណ្ដេញចេញពីដីធ្លី លោក សឺន ចាំង ប្រាប់ថា មូលហេតុដែលអាជ្ញាធរវៀតណាម ចាប់ លោក ហ្វិន យ៉ាងដៀប ដោយសារលោក បានបើកត្រាក់ទ័រឈូសឆាយលើដីរបស់លោក មុនអាជ្ញាធរវៀតណាមរឹបអូសយក។ លោកឱ្យដឹងទៀតថា លោក វិន វ៉ាងឌៀប គ្រាន់តែជាអ្នកស៊ីឈ្នួល ឈូសឆាយដីធ្វើភ្លឺស្រែឱ្យពលរដ្ឋក្នុងភូមិប៉ុណ្ណោះ។ ពលរដ្ឋខ្មែរក្រោមរូបនេះ ស្នើទៅអាជ្ញាធរវៀតណាមដោះលែង លោក វិន វ៉ាងឌៀប ហើយបើចង់ដាក់ទោសគឺដាក់ទោសពលរដ្ឋខ្មែរក្រោមជាង ១០០គ្រួសារដែលជាអ្នកជួល លោក វិន វ៉ាងឌៀប ឱ្យឈូសឆាយដីនេះ៖ «ម្នាក់គេចាប់ទៅហ្នឹងអត់មានដីនៅក្នុងទេ ប៉ុន្តែគ្នាក្រហើយម៉ែឈឺទៀត ហើយគ្នាស៊ីឈ្នួលកនខ្ញុំទាំងអស់គ្នាមួយភូមិស្រុកហ្នឹងណា បើមានទោសអីឱ្យរដ្ឋាភិបាលគេដោះស្រាយជាមួយកនខ្ញុំទៅ»។
ពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃទី៨ ខែមិថុនា ក៏បាននាំគ្នាទៅតវ៉ានៅសាលាឃុំប៉ប្រក់ទាមទារឲ្យដោះលែង លោក វិន វ៉ាងឌៀប ប៉ុន្តែ សមត្ថកិច្ចវៀតណាម មិនបានស្ដាប់តាមការទាមទារនោះទេ។
លោក សឺន ចាំង ឱ្យដឹងថា ពេលនេះក្រុមពលរដ្ឋក្នុងឃុំកំពុងប្រមូលស្នាមមេដៃធ្វើញត្តិដាក់ទៅអាជ្ញាធរខេត្តក្រមួនស ទាមទារឱ្យដោះលែង លោក វិន វ៉ាងឌៀប។ លោកថា ក្រៅពីការដាក់ញត្តិពលរដ្ឋកំពុងស្វះស្វែងរកមេធាវី ឬអ្នកច្បាប់ដើម្បីជួយតតាំងផ្លូវច្បាប់ផងដែរ។
មូលហេតុដែលបណ្ដាលឲ្យអាជ្ញាធរវៀតណាម ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនេះ ដោយសារតែ កាលពីថ្ងៃទី៥ ខែឧសភា អាជ្ញាធរវៀតណាមបានចុះទៅរឹបអូសយកដីជាង ៣.០០០ធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ពីពលរដ្ឋខ្មែរក្រោមចំនួន ១៤៥គ្រួសារកំពុងប្រើប្រាស់ បណ្ដាលឱ្យពលរដ្ឋខ្មែរក្រោមជាង ១០នាក់រងបួសធ្ងន់និងស្រាល។ ពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ១៩៧៣ មកម៉្លេះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ។
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន ដែលតាមដានដំណើររឿងនេះ ឱ្យអាស៊ីសេរីដឹងថា ក្រុមលោកកំពុងជជែករកវិធីសាស្ត្រទាមទារទៅរដ្ឋាភិបាល វៀតណាម ឱ្យដោះលែងពលរដ្ឋខ្មែរក្រោមកំពុងជាប់ឃុំ និងទាមទារឱ្យទៅរដ្ឋាភិបាល វៀតណាម ប្រគល់ដីមានជម្លោះមកឱ្យពលរដ្ឋខ្មែរក្រោមគ្រប់គ្រង និងអាស្រ័យផល៖ «ផែនការហ្នឹងអាចចេញជាសេចក្ដីថ្លែងការណ៍ផងអាចមានជាញត្តិស្នើទៅរដ្ឋាភិបាលវៀតណាមផង យើងរៀបចំជារបាយការណ៍សង្ខេបមួយដែលទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន »។
រីឯប្រធានអន្តរសាសនា សហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខ្មែរក្រោម ប្រទេសកាណាដា ព្រះតេជព្រះគុណ ធីធី ធម្មោ ថ្កោលទោសអាជ្ញាធរវៀតណាមដែលចាប់ខ្លួនពលរដ្ឋខ្មែរបែបនេះ។ ព្រះតេជព្រះគុណ ជំរុញទៅមន្ត្រីសង្ឃក្នុងខេត្តក្រមួនស និងទឹកដីកម្ពុជាក្រោម គួរធ្វើអន្តរាគមន៍ទៅអាជ្ញាធរវៀតណាមឱ្យដោះលែងពលរដ្ឋខ្មែរក្រោមរូបនោះដោយព្រះអង្គយល់ថា មន្ត្រីសង្ឃមានឥទ្ធិពលក្នុងជជែកជាមួយអាជ្ញាធរវៀតណាម៖ «គណៈសង្ឃ ឬមន្ត្រីសង្ឃប្រចាំខេត្តមានអំណាចសមគួរណាស់បើយើងគិតទៅអំណាចហ្នឹងអាចជួយសម្រួលក្នុងករណីអីម៉្យាងឬអាចអន្តរាគមន៍បានទៀតនៅក្នុងរឿងហ្នឹង»។
ទាក់ទងករណីបណ្ដេញចេញនេះ ស្ថានទូតវៀតណាម ប្រចាំទីក្រុងភ្នំពេញ មិនទាន់ ឆ្លើយតបសំណួរ អាស៊ីនៅឡើយទេ នៅថ្ងៃទី៩ មិថុនានេះ។
ព្រះតេជព្រះគុណ ធីធី ធម្មោ ព្រមានថា បើអាជ្ញាធរវៀតណាម មិនដោះលែងលោក វិន វ៉ាងឌៀប នោះទេ អង្គការព្រះអង្គ នឹងប្ដឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិឱ្យដឹងលឺឬធ្វើអន្តរាគមន៍ពីករណីនេះ។ សមាគមខ្មែរក្រោមសង្កេតឃើញនៅរយៈពេលចុងក្រោយនេះអាជ្ញាធរវៀតណាម បានធ្វើទុក្ខបុកម្នេញលើពលរដ្ឋកម្ពុជាក្រោមជាបន្តបន្ទាប់ដូចជាការចោទប្រកាន់ថា ករណីបង្ហោះព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក និងការបណ្ដេញពលរដ្ឋខ្មែរក្រោមចេញពីដីធ្លីដោយហិង្សាដែលនេះជាការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមជាជនជាតិដើម ផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។